Tuesday, May 31, 2016

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យឯកអ​គ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំក​ម្ពុជា ចូលជួប សម្ដែងការ​គួរសម និងពិភាក្សា​ការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណា​ចក្រ​កម្ពុជា​ នាសៀល ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ២០១៦នេះ បានអនុញ្ញាត​ឲ្យឯកឧត្ដម ដាតូ ស្រ៊ី ហាសាន ម៉ាលីក (Dato Sri Hasan Mal​ek) ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំព្រះរា​ជាណាច​ក្រកម្ពុជា ចូល​ជួប​សម្ដែង​ការគួ​រសម និងពិភាក្សា​​កា​រ​ងា​​រនៅវិមានសន្ដិភាព ទីស្ដីការ​នាយក​រដ្ឋមន្រ្ដី។
បន្ទាប់ពី​ជំនួបបាន​បញ្ចប់​ឯកឧត្ដមបណ្ឌិត កៅ គឹម​ហួន រដ្ឋមន្រ្ដីប្រតិភូ​អមនាយ​ករដ្ឋមន្រ្ដី បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ឯកឧត្ដម ដាតូ ស្រ៊ី ហាសាន ម៉ា​លីក បាន​គោរព​ជម្រាប​ជូន​សម្ដេច​​អគ្គម​ហាសេនា​បតីតេ​ជោ​នាយក​រដ្ឋមន្រ្ដីថា កាលពីព្រឹក​មិញនេះ ឯកឧត្ដម​បានចូល​គាល់​ព្រះ​មហាក្សត្រ ដើម្បីថ្វាយ​សារ​តាំង ដែល​ឯកឧត្ដមបា​នក្លាយ​ជាអគ្គរដ្ឋទូត​ម៉ាឡេ​​ស៊ី​ថ្មី​ប្រចាំ​​ព្រះរាជាណា​ច​ក្រ​​កម្ពុ​ជា​​ជា​ផ្លូវការ។
ឯកឧត្ដម ដាតូ បានគោរព​ជម្រាបជូន​សម្ដេច​តេជោបន្ដ​ថា ក្រោយ​ជំនួប​ជាមួយ​សម្ដេច​តេជោ​រួច ឯកឧត្ដ​ម​ធ្វើ​​ដំណើរទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​វិញ ដើម្បី​រង់ចាំស​ម្ដេច​តេជោ​អញ្ជើញទៅ​បំពេញ​​ទស្សន​​កិច្ច​ផ្លូវ​ការ​នៅម៉ាឡេស៊ីផង និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្ដីពី​អាស៊ានផង។ នៅ​ក្នុ​ងជំនួប​ដដែលនេះ ឯក​ឧត្ដម​ឯកអគ្គរដ្ឋ​ទូតម៉ាឡេស៊ីថ្មី បាន​ប្ដេជ្ញាចិ​ត្ដថា នឹងប​ន្ដ​ពង្រឹង ពង្រីក​ទំនាក់​ទំ​នងទ្វេ​ភាគី​រ​វាង​ប្រ​ទេស​​ទាំងពីរប​ន្ថែម​ទៀត  ហើយកា​រ​​ពង្រឹងទំ​នាក់​ទំនងនេះ ដោយ​សារតែ​ម៉ាឡេស៊ី និង​កម្ពុជាមានទំ​នា​​ក់​ទំនងល្អ ជាពិសេស​​​ទំនាក់ទំនងល្អ​នេះ​គឺរវាង​នា​យ​ករដ្ឋមន្រ្ដី នៃប្រទេសទាំងពីរ។
ឯកឧត្ដម​បានកោត​សរសើរ​ ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋ​មន្រ្ដីជា​ច្រើន​ចំណុច ជាពិ​សេស​ចាត់​ទុក​​ស​ម្ដេចតេជោ ហ៊ុន សែនជាកំពូល​មេដឹកនាំ​កម្ពុជា ដែលមាន​លក្ខណៈ​សាមញ្ញ  ហើយ​មាន​ការគំាទ្រ និង​មានភាព​ជិតស្និតជាមួយ​ប្រជាពលរដ្ឋ។ ជាមួយ​គ្នានេះ​ឯកឧត្ដម​បានចាប់​អារម្មណ៍ ពីភាព​សាមញ្ញ​រ​ប​ស់​​ស​ម្ដេចតេជោ ពេល​ធ្វើ​ដំណើរ​តាម​រថភ្លើង​ជាមួយ​ប្រជាពល​រដ្ឋ​ពីរាជ​ធានីភ្នំពេញ ទៅកាន់​ខេត្ដព្រះ​សី​ហ​នុ​​កាល​ពីពេ​​លថ្មី​ៗ​​នេះ។ លើស​ពីនេះ​ទៅ​ទៀត ទាក់ទង​នឹងវិស័យ​សាសនាវិញ​​សម្ដេចតេ​ជោ ​​ហ៊ុន សែន បាន​​បើក​​​ទូលាយ​​ចំ​ពោះ​ការ​គោរពសាសនា​របស់​ប្រជាពលរដ្ឋ ជាពិសេស​សម្ដេច​តេជោ បា​នជួប​ប្រា​ស្រ័​​​យ​​ទាក់​ទង​ជាមួយ​​ប​ងប្អូនប្រ​ជាពល​រដ្ឋខ្មែរ កាន់សាសនា​អ៊ីស្លាមជា​បន្ដ​បន្ទាប់ផ​ងដែរ ហើ​យ​សកម្ម​ភា​ព​នេះ គឺមិនងាយ​​មាន​​មេដឹក​នាំណាអាច​ធ្វើបានឡើយ។  
នៅក្នុង​ជំនួប​នោះឯកឧត្ដម ដាតូ បានជម្រាបជូន​សម្ដេច​តេជោ​បន្ដទៀត​ថា បច្ចុប្បន្ន​នេះ​​ប្រជាជ​ន​​ ម៉ា​ឡេ​ស៊ី កាន់តែមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ទៅលើការ​វិនិយោគនៅ​កម្ពុជា ហើយ​ឯកឧត្ដម និងជំរុញ​​ឲ្យ​មា​​នអ្នក​វិនិយោគ​ម៉ាឡេស៊ី មកកាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ធ្វើយ៉ាង​ឲ្យវិស័យ​សេដ្ឋកិច្ច និងពា​ណិ​ជ្ជ​កម្មរវា​ង​ប្រទេស​ទាំងពីរ កាន់តែ​មានការ​រីកចំរើន​បន្ថែម​ទៀត។ 
ជាការ​ឆ្លើយតប​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី បានមាន​ប្រសាសន៍​ថា ក្នុងការ​ពង្រឹង​ទំនា​ក់​ទំ​ន​ង​រវាងព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ម៉ាឡេស៊ីនេះ​ គឺសម្ដេច​តេជោ​បាន​ផ្ដល់​អនុសាសន៍​ដល់ឯ​​កឧត្ដ​ម ​ដា​តូ ឯកអគ្គរដ្ឋ​ទូតម៉ា​ឡេស៊ី ត្រូវ​ធ្វើការ​ទំនាក់​ទំនង​ជាមួយ​សមាជិក​រាជរ​ដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​​ការ​ងារ​នេះបាន​រលូន និង​​មាន​ប្រសិទ្ធភាព។ សម្ដេច​តេជោ ហ៊ុន​ សែន បានមានប្រសា​សន៍បន្ដ​ថា សម្ដេច​​តែងមាន​ការយក​​ចិត្ដទុ​ក​ដាក់​ចំពោះ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ម៉ាឡេស៊ី ជាពិសេស​ពិនិត្យ​លើការ​​វិវត្ដិ​​របស់​ប្រទេស​​ម៉ាឡេ​ស៊ី ដោយ​សារតែ​ការ​អ​ភិវ​ឌ្ឍន៍​ខ្លះ ប្រហាក់ប្រហែល​នឹងប្រទេស​កម្ពុជាដែរ។ ក្រៅពី​ពិ​ភា​ក្សា​អំពី​ការ​ពង្រឹង​ទំ​នាក់​ទំនង​រវាងប្រទេស​ទាំងពីរ​កម្ពុជា-ម៉ាឡេស៊ី ភាគីទាំ​ងពីរ ក៏បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរយោ​បល់គ្នា អំពី​​បញ្ហាអ​ន្ដរជាតិ​ផងដែរ៕




សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ, ទិវាកុមារ កម្ពុជា ១ មិថុនា និងខួបលើកទី ១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា

[ចាប់ផ្តើមអត្ថាធិប្បាយ]
សរសើរកុមារចូលរួមដោយស្ងប់ស្ងាត់ តែសប្បាយរីករាយ ស្តាប់សេចក្តីថ្លែងការណ៍

មុននឹងចាប់ផ្តើមកម្មវិធី ដោយសារតែក្មួយៗ ចៅៗ មាឌល្អិតៗពេក មើលពីលើទៅ ឃើញតែកៅអី អញ្ចឹងសូម​ចៅៗ ងើបឈរឡើងទាំងអស់គ្នា។ ​ដោយសារថ្ងៃនេះ គឺជាថ្ងៃបុណ្យរបស់យើងទាំងអស់គ្នា សូមចៅៗស្រែក​ តាម​តា។ ទីមួយ «សូមកុំធ្វើបាបខ្ញុំ» (២ ដង) «សូមកុំប្រើប្រាស់គ្រឿងញៀន» (២ ដង) «ខ្ញុំនឹងប្រឹងឲ្យ​ទៅជា​មនុស្ស​ល្អ» ទះដៃមួយ។

ការពិតទៅ ថ្ងៃនេះ គឺជាថ្ងៃដែលយើងធ្វើពិធី ២ គួបផ្សំគ្នា៖ ទី ១ ទិវាអន្តរជាតិ ១ មិថុនា និងទី ២ ខួបទី ១៥ នៃទិវាពិភពលោកប្រឆាំងនឹងកុមារ ១២ មិថុនា ហើយ​ត្រូវធ្វើថ្ងៃស្អែកឯណោះទេ ប៉ុន្តែ ដោយសារថ្ងៃស្អែក តា យាយ ត្រូវចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន និងទស្សនកិច្ចផ្លូវ​ការនៅប្រទេសម៉ាឡេស៊ី។ ដូច្នេះ បានជាជ្រើសរើសថ្ងៃនេះ ដើម្បីជួបជុំអបអរសាទរទិវាទាំង ២ នេះតែម្តង។

ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ដែលកុមាររាប់ពាន់នាក់នៅទីនេះ បានស្ងាត់ស្ងៀម ហើយស្តាប់នូវសេចក្តីថ្លែង​ការណ៍នានា មានសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯក​ឧត្តម វង សូត្រ ក៏ដូចជាលោកជំទាវតំនាង UNICEF និងតំណាងកុមារខ្លួនឯងអម្បាញ់មិញ។ កាលពីប៉ុន្មាន ៥០ ឆ្នាំ មុននោះ ខ្លួនតាផ្ទាល់ធ្លាប់បានស្តាប់ចាស់ៗ និយាយថា ពេលអញងាប់ទៅ កុំ​យកទៅកប់ក្បែរក្មេង ដោយ​សារគាត់គិតថា ក្មេងៗគឺចូលចិត្តប្រឡែងគ្នា អញ្ចឹងទេ គាត់ភ្លេចគិតថា មុននឹង​គាត់ដល់វ័យចំណាស់ គឺ​គាត់​ឆ្លងកាត់ជាវ័យកុមារដូចគ្នាដែរ។ សព្វថ្ងៃនេះ យើងមានចៅរហូតទៅដល់ ១៧ កន្លះ ប៉ុន្តែ មានតែ ៥ មក​លេង គឺចាប់ផ្តើមចាប់មិនឈ្នះហើយ។ ដូចចាប់ក្តាមដាក់ចង្អេរអញ្ចឹង។ ប៉ុន្តែ ថ្ងៃនេះ ជាភ័ព្វសំណាងល្អ ដែល​ចៅៗ ​មកជួបជុំគ្នានៅទីនេះ នៅក្នុងបរិយាកាសមួយស្ងាត់ស្ងៀម ប៉ុន្តែ ពោរពេញទៅ​ដោយការរីករាយ។

[ចប់អត្ថាធិប្បាយ]
– ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ
– លោកគ្រូ អ្នកគ្រូ ក្មួយៗកុមារា កុមារីទាំងអស់ ជាទីស្រឡាញ់ !

ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងឱកាស អបអរសាទរខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើហិង្សា និងការ​ប្រើ​ប្រាស់គ្រឿងញៀន» និងខួបលើកទី ១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «រួមគ្នាបញ្ចប់ពលកម្មកុមារនៅក្នុងចង្វាក់ផលិតកម្ម» ដែលត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរចំពោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង ស្ថាប័ន, ឤជ្ញាធរពាក់ព័ន្ធ, អង្គការជាតិ អន្តរ​ជាតិ និងបណ្តាដៃគូអភិវឌ្ឍនានា ដែលបានសហការរៀបចំទិវានេះឡើង ដោយបានបង្កលក្ខណៈគ្រប់យ៉ាង​កាន់តែអំណោយផលដល់កុមារ មកពីមជ្ឈដ្ឋាននានា ឱ្យមានឱកាសបានចូលរួមសប្បាយរីករាយនាពិធីនេះ និងបានស្វែងយល់ពីគោលនយោបាយ, វិធានការការងារពាក់ព័ន្ធការលើកកម្ពស់សុខុមាលភាពកុមារ និង កាលានុវត្តភាពនានាសម្រាប់កុមារ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញ នូវការស្រឡាញ់ និងស្មារតីយកចិត្ត​ទុកដាក់ខ្ពស់ចំពោះកុមារនៅកម្ពុជា ។

ពិតណាស់ថា ការយកចិត្តទុកដាក់ចំពោះកុមារ មិនមែនជាកិច្ចការថ្មីដែលយើងទើបចាប់ផ្តើមនាថ្ងៃនេះនោះទេ ជាក់ស្តែង កិច្ចការនេះ គឺកម្ពុជាបានចាប់ផ្តើមយកចិត្តទុកដាក់អនុវត្តតាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក ដែលបានធ្វើឱ្យកុមារកម្ពុជាត្រូវបានការពារ, ទទួលបានការឧបត្ថម្ភគាំទ្រ, ចិញ្ចឹមបីបាច់ថែរក្សា ហើយសិទ្ធិ​របស់កុមារត្រូវបានលើកតម្កើងជាបន្តបន្ទាប់។

ជាមួយនេះ យើងពិតជាមិនឤចបំភ្លេចបានទេ នូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជន និងកុមារកម្ពុជា និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចខ្ទេចខ្ទីស្ទើរគ្មានសល់។ នៅពេលនោះ កុមារកម្ពុជាជាច្រើនបានស្លាប់ដោយសារកង្វះឤហារ និងគ្មាន​ថ្នាំព្យាបាល, កុមារខ្លះទៀតរស់នៅដោយក្តីលំបាកវេទនា ទាំងផ្លូវកាយ ផ្លូវចិត្ត, ញ្រត់ប្រាស់ឪពុកម្តាយ, រងការ​ធ្វើទារុណកម្ម, អំពើហិង្សា និងបង្ខំឱ្យធ្វើការដូចជាទាសករ។ ប៉ុន្តែ ចាប់តាំងពីថ្ងៃ ៧ មករា ១៩៧៩ មក ប្រទេសកម្ពុជាត្រូវបានរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ហើយបានខិតខំកសាងប្រទេស​ជាតិឡើងវិញពីបាតដៃទទេ។ ព្រមជាមួយនេះ សិទ្ធិរបស់ប្រជាជន ពិសេសសិទ្ធិរបស់កុមារកម្ពុជា​ត្រូវបាន​លើក​កម្ពស់ និងត្រូវបានគិតគូរដោយការយកចិត្តទុកដាក់ខ្ពស់។

យ៉ាងណាម៉ិញ ការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារក្នុងរយៈកាលជាង ៣០ ឆ្នាំកន្លងទៅនេះ បានបង្ក​លក្ខណៈធ្វើឱ្យយុវជនជំនាន់ក្រោយៗនេះ ទទួលបានការសិក្សាពេញលេញ រហូតទទួលបានសញ្ញាបត្របរិញ្ញា​បត្ររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ, មានឱកាសការងារ និងមានមុខរបរដូចនឹងបណ្តាប្រជាជាតិ​ក្នុង​តំបន់ ហើយ​បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុង​រយៈពេលពីរទសវត្សរ៍ ហើយនឹងឤចរួមចំណែកកាត់បន្ថយអត្រា នៃភាពក្រីក្ររបស់ប្រជាជនជាង ១% ក្នុង​មួយឆ្នាំ។

[ចាប់ផ្តើមអត្ថាធិប្បាយ]
បើមិនបានយកចិត្តទុកដាក់លើកុមារ ប្រហែលជាមិនមានកំណើនប្រជាជនដល់ជិត ១៥ លាននាក់ទេ
យើងត្រូវមើលឲ្យឃើញថា ប្រសិនបើមិនបានយកចិត្តទុកដាក់កុមារ នៅក្រោយពេលរំដោះឆ្នាំ ១៩៧៩ ជា​ពិ​សេស ក្នុងទសវត្សរ៍ ៨០ តើមកដល់ពេលនេះ មានមនុស្សឯណាដែលបានកើនឡើងពីចំនួន ក្នុងរង្វង់ ៥ លាន​នាក់ ឡើងទៅដល់ ១៥ លាននាក់ បូកបន្ថែមដោយបញ្ញាវ័ន្តជាច្រើនដែលបានចេញពីមហាវិទ្យាល័យក្នុង និង​ក្រៅ​ប្រទេស។ នេះជាការយកចិត្តទុកដាក់របស់យើងតាំងពីដើមរៀងមក។

[ចប់អត្ថាធិប្បាយ]
ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗកុមារទាំងអស់ !
ពាក់ព័ន្ធនឹងប្រធានបទ ទិវាកុមារកម្ពុជា ១ មិថុនា ឆ្នាំនេះ គឺ «រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើ​ប្រាស់ គ្រឿងញៀន» ដែលជារួមយើងបានដឹងហើយថា បញ្ហានេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស, ផលប្រយោជន៍សង្គម និងសុខុមាលភាពប្រជាជន ជាពិសេសកុមារ។ លើសពីនេះទៀត បញ្ហានេះបានធ្វើឱ្យ​ចុះខ្សោយនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលកុមារត្រូវការដើម្បីរស់រានមានជីវិត ប្រកបដោយសុខុមាលភាព, ប្រាជ្ញា​វៀងវៃ និងផលិតភាពខ្ពស់ និងជាការរំលោភបំពានទៅលើសិទ្ធិជាមូលដ្ឋានទាំងបួនរបស់កុមារផងដែរ។

ដោយឡែក ឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀន កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ស្តីពី​ការត្រួត​ពិនិត្យគ្រឿងញៀនឆ្នាំ ២០១២ និងអនុក្រឹត្យលេខ ១៦២ ស្តីពីការបង្កើតមណ្ឌលជាតិព្យាបាល និង ស្តារនីតិ​សម្បទាអ្នកញៀនគ្រឿងញៀន ឆ្នាំ ២០១០ ហើយទន្ទឹមនោះ ឤជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក៏តែង​បានធ្វើការអប់រំ, ផ្សព្វផ្សាយ, បង្ការទប់ស្កាត់, ការស្តារនីតិសម្បទា, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការធ្វើ​សមា​ហរណកម្មចូលក្នុងសង្គមជាតិ និងបានប្រឹងប្រែងអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងខ្លាំងក្លា។
ចំពោះប្រធានបទ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា គឺ «រួមគ្នាបញ្ចប់ពលកម្មកុមារក្នុងចង្វាក់ ផលិតកម្ម» ដែលបញ្ហានេះ កន្លងមករាជរដ្ឋាភិបាលតែងបានខិតខំប្រឹងប្រែងអនុវត្តការងារ ដោយផ្អែកលើ​គោលការណ៍ចម្បង ៣ គឺ៖ (១) ការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឱ្យកុមារទទួលបានការ​អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មកុមារទៅក្នុងសង្គម (២) កិច្ចសហការជាមួយសង្គម​ស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្ត្រី និងកុមារ និង (៣) លើកកម្ពស់ការងារសមរម្យ និង សុវត្ថិភាព​ការងារ​កុមារ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំ ផែនការសកម្មភាពជាតិ​ស្តីពីការកាត់បន្ថយ​ពល​កម្ម​កុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ (២០១៦-២០២៥) ដើម្បីលើកកម្ពស់ការ​យល់ដឹង​ឱ្យ​កាន់តែប្រសើរស្តីពីបញ្ហាពលកម្មនៅកម្ពុជា។

ក្នុងស្មារតីរួមចំណែកជំរុញការចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ចំពោះការអភិវឌ្ឍសិទ្ធិ កុមារ ខ្ញុំសូមលើកឡើងនូវគំនិតមួយចំនួនដូចតទៅ៖

ទី១ ជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ ដើម្បីរួមចំណែកក្នុងការ សម្រេចបានចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល។

ទី២ ជំរុញការរៀបចំផែនការសកម្មភាពស្តីពីការទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឱ្យបានឆាប់ និងអនុវត្តផែនការសកម្មភាពនេះ ឱ្យមានប្រសិទ្ធភាព។

[ចាប់ផ្តើមអត្ថាធិប្បាយ]

អំពើហិង្សាលើកុមារនៅលាក់កំបាំងនៅឡើយ ត្រូវរួមគ្នាប្រែក្លាយឲ្យទៅជារូបភាពមើលឃើញ
និយាយទៅដល់ចំណុចនេះ ខ្ញុំសូមឯកភាពទាំងស្រុងចំពោះលោកស្រី (Natascha) Paddison តំណាងឲ្យ​អង្គការ UNICEF ដែលលើកឡើងថា អំពើហិង្សាលើកុមារកើតឡើងនៅគ្រប់ទីកន្លែង និងគ្រប់ប្រទេស​ទូទាំង​សកល​លោក។ ប៉ុន្តែ ជាញឹកញាប់ អំពើហិង្សាត្រូវបានលាក់បាំងនៅក្នុងរូបភាពធម្មតា ដោយវាកើត​ឡើងក្នុង​សហ​គមន៍ ក្នុងផ្ទះ ក្រោយខ្នងអ្នកដទៃ ដែលធ្វើឲ្យខូចខាតដល់សុខុមាលភាពកុមាររងផលប៉ះពាល់។ បញ្ហា​នេះ មិនចាំបាច់ត្រូវកើតឡើងបែបនេះឡើយ។ អំពើហិង្សា​លើកុមារ គឺជារឿងដែលអាចបង្ក្រាបបាន​ទាំងស្រុង នៅ​ពេលដែលមនុស្សគ្រប់គ្នា រួបរួមគ្នា និងនិយាយថា គ្រប់គ្រាន់ គឺគ្រប់គ្រាន់ហើយ។​ រូបភាពដែល​មើល​មិន​ឃើញ​គឺត្រូវតែប្រែក្លាយឲ្យទៅជារូបភាព ដែលអាចមើលឃើញ។ នេះជាចំណុចពិតប្រាកដដែលអាច​កើតមាន​នៅ​ក្នុង​​គ្រប់សង្គម ហើយជាពិសេស កើតមាននៅក្នុងសង្គមកម្ពុជាយើងតែម្តង។ មិនចាំបាច់ថាពេល​បច្ចុប្បន្ន​នេះ​ទេ សូម្បីតែនៅក្នុងរឿងបុរាណខ្មែរ រឿង «មរណៈមាតា» គឺនៅចំពោះមុខប្តី (មាណពហ្នឹងមាន​ប្រពន្ធទៅ ២ ប៉ុន្តែ ម្តាយមរណៈមាតាបានស្លាប់ទៅហើយ) តែនៅចំពោះមុខប្តី ​ប្រពន្ធចុងហ្នឹង ហាក់ដូចជា​យកចិត្តទុក​​ដាក់​ខ្លាំង​ណាស់ ថែទាំខ្លាំងណាស់ជាមួយនឹងកូនស្រីនេះ។ ប៉ុន្តែ ក្រោយខ្នងគឺធ្វើបាប។ រឿង​បែបនេះមិន​មែន​គ្មាន​ក្នុង​(សង្គម)បច្ចុប្បន្ននោះទេ។ នៅចំពោះមុខ គឺតែងធ្វើអំពើល្អ តែនៅពីក្រោយខ្នង តែងធ្វើ​ទារុណកម្ម​ចំពោះ​កុ​មារ។ អ្វីដែលជាអាថ៌កំបាំងនៅក្រោយខ្នង គប្បីត្រូវបញ្ចេញមកនៅទីភ្លឺទាំង​អស់ ដើម្បី​​ធានា​ថា កុមាររបស់​យើង​មិនទទួលនូវទារុណកម្ម និងការធ្វើបាបណាមួយនោះទេ។

«សូមកុំធ្វើបាបខ្ញុំ» មានន័យថា មិនធ្វើបាបទាំងកាយ ទាំងផ្លូវចិត្ត និងកម្លាំងពលកម្ម
អម្បាញ់មិញ ខ្ញុំស្នើឲ្យចៅៗនិយាយថា «សូមកុំធ្វើបាបខ្ញុំ»។ ពាក្យនេះ មានន័យទូលំទូលាយ ដែលមិនសំដៅ​តែ​លើការធ្វើបាបចំពោះការវាយដំច្រំធាក់នោះទេ ក៏ប៉ុន្តែ ការធ្វើបាបលើផ្នែកដទៃទៀត ទាក់ទង​ជាមួយនឹង​ទា​រុណ​កម្មខាងផ្លូវចិត្ត ឬក៏ការប្រើប្រាស់ទៅក្នុងបញ្ហាពលកម្មកុមារជាដើម។ នេះទាក់ទិនជាមួយនឹងភាសានោះ​ឯង។ ខ្ញុំក៏សូមយល់ស្របជាមួយនឹងអ្វី ដែលកុមាររបស់យើងបានលើកឡើង អំពីយុទ្ធនាការមួយចំនួនជាសំ​ណើ​​​ឲ្យរាជរដ្ឋាភិបាល។ សូមចៅៗរួមចំណែកទាំងអស់គ្នា មិនមែនតែកិច្ចការរបស់រាជរដ្ឋាភិបាលធ្វើ​ប៉ុណ្ណោះ​ទេ គឺចៅៗទាំងអស់ជាអ្នកបន្តវេននៅជំនាន់​ក្រោយ ដែលទាមទារឲ្យចៅៗចូលរួមនៅទីនេះ ឬក៏ចៅៗទាំង​ឡាយ​នៅ​​ខាងក្រៅ ក្នុងប្រទេសទាំងមូល រួមចំណែកធ្វើការងារនេះ។ ឧទាហរណ៍ បញ្ហាគ្រឿងញៀន បើសិនជា​កុមារ និងយុវជនរបស់យើង បដិសេធចោលគ្រឿងញៀនទាំងអស់ វាគ្មានអ្នកណាជក់គ្រឿងញៀនទេ។ ក៏ប៉ុន្តែ អ្វី​ដែល​ចោទឡើងនោះ គឺនៅត្រង់ថា កុមារមួយចំនួន និងយុវជនរបស់យើង សេពគ្រឿងញៀន ហើយក្លាយទៅ​ជា​ទីផ្សាររបស់ពួកជួញដូរគ្រឿងញៀននេះតែម្តង។

កែប្រែស្ថានភាពគ្រួសារឲ្យប្រសើរ ដើម្បីកាត់បន្ថយការយកកូនទៅដាក់នៅមណ្ឌល
ខ្ញុំក៏យល់ស្របជាមួយនឹង លោកស្រី តំណាងឲ្យ UNICEF ដែលលើកឡើងពាក់ព័ន្ធជាមួយនឹងបញ្ហាការលើក​ទឹកចិត្តទៅចិញ្ចឹមតាមមណ្ឌល និងការលើកទឹកចិត្តឲ្យមកនៅតាមគ្រួសារវិញ។ នេះជាវិធីដែលល្អជាងគេ។ ស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ បានបង្ខំឲ្យគ្រួសារមួយចំនួន យកកូនទៅផ្ញើនៅមណ្ឌលចិញ្ចឹមកុមារ។ ដូច្នេះ ចំណុចនេះ ទាមទារឲ្យធ្វើសកម្មភាពព្រមៗគ្នា គ្រប់ផ្នែក គ្រប់វិស័យ ដើម្បីឲ្យក្រុមគ្រួសារនីមួយៗ មានជីវភាព​កាន់តែប្រសើរ ហើយពួកគេមិនចាំបាច់យកកូនទៅផ្ញើនៅទីកន្លែង ដែលចិញ្ចឹមកុមារនោះទេ។

ពិនិត្យមណ្ឌលព្រៃស្ពឺ ដែលតែងមានបញ្ហា បើសិនជាបិទបាន គួរបិទចោល
ម្យ៉ាងទៀត ខ្ញុំក៏​សូមយកឱកាសនេះ ដើម្បីរំលឹកចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏​ដូចជាអាជ្ញាធរ​រាជធានីភ្នំពេញ ចំពោះ​មណ្ឌលមួយដែលធ្លាប់លឺល្បីឈ្មោះ ហើយមិនព្រមកែប្រែទាល់តែសោះ គឺមណ្ឌលព្រៃស្ពឺ នៅទីក្រុងភ្នំពេញ។ ហេតុអ្វីបានជាប៉ុន្មានឆ្នាំហើយ កែវាមិនឡើងនេះជាចំណុចដែលខ្ញុំចង់​សួរ។ តើក្រុងគ្រប់គ្រង ឬក្រសួងរាជធានីភ្នំពេញ។ ឯណា អភិបាលរាជធានីភ្នំពេញ គួរតែកែលម្អវា។ ល្មម​ហើយ។ គេនិយាយច្រើនណាស់។ បើត្រូវបិទ ក៏បិទទៅ មិនចាំបាច់ទុកគ្រាន់តែចិញ្ចឹមរឿងទេ។ បើថាបន្ត គឺ​ត្រូវ​បន្ត​ឲ្យស្អាត កុំឲ្យមានបញ្ហា។ យើងខិតខំធ្វើនូវសេវា ដើម្បីធានាសិទ្ធិរបស់មនុស្ស ប៉ុន្តែ ផ្ទុយទៅវិញ មណ្ឌល​មួយ​នេះ តែងរងនូវការទិតៀន ដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល …។ អញ្ចឹង ក្រសួងសង្គម​កិច្ច និងអាជ្ញាធររាជធានី ត្រូវចុះទៅដោះស្រាយ​បញ្ហានេះ។ បើថាត្រូវបិទ ក៏បិទចោលតែម្តងទៅ បើសិនខ្វះ​សមត្ថ​ភាពគ្រប់​គ្រងសូម្បីតែមណ្ឌលតូចតាចប៉ុណ្ណឹង។ តើយើងមានលទ្ធភាពធ្វើអីបន្ថែមទៀតអញ្ចឹងសូមឲ្យ​បញ្ឈប់ ព្រោះរឿង​នេះប្រហែលជា ៤-៥ ឆ្នាំហើយ …។

[ចប់អត្ថាធិប្បាយ]   

ទី៣ បន្តអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ និងពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយពីបញ្ហា​ផល​ប៉ះ​ពាល់នៃការប្រើប្រាស់គ្រឿងញៀន តាមប្រព័ន្ធផ្សព្វផ្សាយនានា រួមទាំងទូរទស្សន៍, វិទ្យុ និងបណ្តាញសង្គម។

ទី៤ ជំរុញការរៀបចំផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃ ពលកម្មកុមារ (ឆ្នាំ២០១៦-២០២៥) និងចាត់វិធានការឱ្យមានប្រសិទ្ធភាពដល់ការបង្ការ ទប់ស្កាត់, ការដក​ហូត, ការផ្តល់ជំនាញវិជ្ជាជីវៈ និងការស្តារនីតិសម្បទា និង ការលើកកម្ពស់ការងារសមរម្យដល់កុមារ ដែលគ្រប់​ឤយុធ្វើការងារបាន។

ទី៥ បន្តពង្រឹង និងពង្រីកប្រព័ន្ធការពារកុមារឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិកុមារឱ្យ ប្រព្រឹត្តទៅប្រកបដោយរលូន និងមានប្រសិទ្ធភាព។

ទី៦ ពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលិខិតបទដ្ឋាន, ផែនការ និងយុទ្ធសាស្ត្រ ជាតិ, អនុសញ្ញាស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធស្តីពីការការពារកុមារ, ការកាត់បន្ថយ និង ការលុបបំបាត់ពលកម្មកុមារ, កុមារប្រើប្រាស់សារធាតុញៀន, អំពើជួញដូរកុមារ, អំពើហិង្សា, ការកេងប្រវ័ញ្ច​គ្រប់រូបភាព និងការស្មូមកូនអន្តរប្រទេស ជាដើម។

ទី៧ បន្តលើកកម្ពស់គុណភាពវិស័យអប់រំ ដោយខិតខំបង្កើនអត្រាកុមារចូលរៀនឱ្យបានខ្ពស់ថែមទៀត, កាត់ បន្ថយអត្រាត្រួតថ្នាក់ និងអត្រាបោះបង់ការសិក្សា, បង្កើនចំនួនសាលាកុមារមេត្រី, ពង្រឹងកម្មវិធីអប់រំក្រៅ​ប្រព័ន្ធ, កម្មវិធីអប់រំបញ្ចូលគ្នា និងបង្កើនការផ្តល់ឤហារូបករណ៍ដល់សិស្សក្រីក្រ ចំពោះក្រុមកុមារដែល​បាត់​បង់ឱកាសនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ បន្តពង្រឹងតួនាទី និងការទទួលខុស​ត្រូវសហ​គមន៍ ឱ្យ​ចូលរួមលុបបំបាត់អំពើហិង្សា, ការប្រើប្រាស់គ្រឿងញៀន និងពលកម្មកុមារគ្រប់រូបភាព ទាំងនៅក្នុង​សាលា​រៀន, សហគមន៍, គ្រឹះស្ថានសិក្សា និងតាមផ្ទះ។

ទី៨ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវដាក់បញ្ចូលបញ្ហាកុមារទៅក្នុងផែនការសកម្មភាពប្រឆ្នាំ ដើម្បីតាមដានការ អនុវត្តសិទ្ធិកុមារ និងផ្តល់អនុសាសន៍នានា ក្នុងការចាត់វិធានការដោះស្រាយបញ្ហាកុមារ និងធានាជួយដល់​កុមារឱ្យរួចផុតពីការរំលោភបំពាន, ការកេងប្រវ័ញ្ច និងការរើសអើងគ្រប់រូបភាពឱ្យទាន់ពេលវេលា និងមាន​ប្រសិទ្ធភាព។

ទី៩· ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហានានារបស់កុមារ។
អនុវត្តតាមខ្លឹមសារដូចបានលើកឡើងនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្ពុជាឤចនឹងបន្តជំរុញការងារ​លើក​កម្ពស់សុខុមាលភាពកុមារ និងលើកកម្ពស់មនសិការឤណិតស្រឡាញ់កុមារគ្រប់រូប ទាំងនៅតាមសហគមន៍, សាលារៀន និងនៅតាមគ្រួសារ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់ចលនាយុវជនកាកបាទក្រហម និងចលនាយុវជន​កាយរិទ្ធិកម្ពុជា ដែលបាន និងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអប់រំលើកកម្ពស់តួនាទីរបស់កុមារ និង យុវជន តាមគ្រប់រូបភាព និងតាមវិធានការជាច្រើន ដែលធ្វើឱ្យមានការចូលរួមដោយផ្ទាល់របស់កុមារ និងយុវ​ជនកាន់តែសកម្មផុលផុស នៅក្នុងសកម្មភាពមនុស្សធម៌ និងសង្គមកិច្ច។ ខ្ញុំក៏សូមអរគុណ និងកោត​សរសើរ​ដល់ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ ដែលតែងបានឧបត្ថម្ភ និងគាំទ្រដល់ការផ្តល់​សេវា​ជួយ​ដល់កុមារកម្ពុជា។

ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តស្រឡាញ់, ចិញ្ចឹមបីបាច់ថែរក្សា, អប់រំ និង ធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយព្រហ្មវិហារធម៌របស់មាតាបិតាចំពោះបុត្រធីតា, របស់លោកគ្រូ អ្នកគ្រូ ចំពោះសិស្សានុសិស្ស។

ជាទីបញ្ចប់ ជាមួយនឹងឱកាស អបអរសាទរខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា និងខួបលើកទី ១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ខ្ញុំ និងភរិយា សូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗកុមារទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ហើយក៏មិនភ្លេចថ្ងៃនេះ ​ក្មួយៗកុមារបានមកចូលរួម ក្នុងនោះមានយុវជនកាយារិទ្ធិ យុវជនកាកបាទក្រហម និង​កុមាររបស់យើង ចំនួន ២៥៧៨ នាក់ ក្នុងម្នាក់ៗ ជូនក្មួយៗ ចៅៗ ថវិកា ១ ម៉ឺនរៀល។ ​ជូនលោកគ្រូ អ្នកគ្រូ និងបុគ្គលិក ថែទាំកុមារចំនួន ៣៥២ នាក់ ម្នាក់ៗថវិកា ៣ ម៉ឺនរៀល។ ជូនក្រុមត្រែទ័ព ត្រែស្គរកាយារិទ្ធិ​ថវិកា ១ លានរៀល ជូនគណៈកម្មការរៀបចំអង្គពីធី ថវិកាចំនួន ១០ លានរៀល។ សូមក្មួយៗ ចៅ ក្រោកឡើង​ម្តងទៀត ស្រែកថា «កុំធ្វើបាបខ្ញុំ» «កុំប្រើប្រាស់គ្រឿងញៀន» (២ ដង)៕