Thursday, June 03, 2021

ទស្សនៈមិត្តអ្នកអាន៖ វិបត្តិកូវីដ១៩ បកស្បែកសត្វចៀមចេញពីតួអង្គសត្វខ្លា

វិបត្តិជំងឺកូវីដ១៩ ដែលកម្ពុជា បាននិងកំពុងជួបប្រទះ គិតមកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំមកហើយ, ហើយរាជរដ្ឋាភិបាល មិនទាន់អាចបិទបញ្ចប់បាននៅឡើយទេ ដោយសារអ្នកឆ្លងថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃហើយមានចំនួនច្រើនទៀតផង។ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ គេមិនឃើញសោះឡើយអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិ បានធ្វើអ្វីមួយឲ្យមានប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្រៅពីបន្ទុចបង្អាក់ដល់ដំណើរការដាក់ចេញវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ធំធេង និងការញុះញង់ពលរដ្ឋឲ្យងើបឡើងតវ៉ាបះបោរប្រឆាំងរាជរដ្ឋាភិបាលក្រោមលេសបិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។


អ្វីដែលគេបានមើលឃើញ គឺអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិមួយតំបរស្វារនោះ បានរិះរកគ្រប់មធ្យោបាយដោយធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពមួយដែលគេចង់បាន ពោលគឺបង្ករភាពវឹកវរ ចលាចលសង្គម ដែលជាផ្នែកមួយស្ថិតក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល។ សកម្មភាពទាំងនោះរួមមាន កាលពីអំឡុងដើមឆ្នាំ២០២០ គេបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពីមនុស្សដួលសន្លប់នៅតាមដងផ្លូវសាធារណៈថា ស្លាប់ដោយសារវីរុសកូវីដ១៩ ខណៈកម្ពុជាពុំទាន់កើតមានករណីអ្នកឆ្លងជំងឺកូវីដ១៩ សូម្បីមួយករណី។ 


ក្រុមប្រឆាំងជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល អ្នកវិភាគមួយចំនួនតូចនោះ បានចោទប្រកាន់ថា រដ្ឋាភិបាលនាំយកជំងឺកូវីដ១៩ មកកម្ពុជា តាមរយៈមិនបានបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជា។ គេចោទថា រាជរដ្ឋាភិបាលបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននិងច្បាប់វិធានការកូវីដ១៩ ជាការគាបសង្កត់ប្រជាពលរដ្ឋ ខណៈពេលដែលប្រទេសនានាក្នុងពិភពលោកក៏មានច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះដែរ ហើយបានអនុវត្តទៀតផង ដោយឡែកសម្រាប់កម្ពុជាគ្រាន់តែធ្វើច្បាប់ទុកប៉ុណ្ណោះការពារក្រែងមានហេតុការណ៍ណាមួយដែលមិនអាចគ្រប់គ្រងបាន គឺរដ្ឋអំណាចមានច្បាប់អាចយកមកប្រើប្រាស់បានទាន់ពេលវេលា។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ កម្ពុជានៅមិនទាន់យកច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នមកប្រើនៅឡើយទេ ទោះជាស្ថិតក្នុងវិបត្តិជំងឺឆ្លងរាតត្បាតសកលកូវីដ១៩ក្តី។


បន្ថែមពីលើនេះ មេឧទ្ទាមប្រឆាំងក្រៅច្បាប់បានផ្សព្វផ្សាយថា ប្រជាជនខ្មែរមានហ្សែនពូជអង្គរមិនឆ្លងវីរុសកូវីដ១៩ ដែលធ្វើឲ្យប្រជាពលដ្ឋខ្វះការប្រុងប្រយ័ត្ន ឬមានអំនួតជ្រុលអាចឆ្លងជំងឺកូវីដ១៩ ដោយការភ្លេចខ្លួនធ្វេសប្រហែស។ មេឧទ្ទាមក្រៅច្បាប់ថា វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសចិន គ្មានគុណភាព និងថា រដ្ឋាភិបាលយកវ៉ាក់សាំងរបស់ចិនមកចាក់សម្លាប់ប្រជាជនខ្លួនឯង ឬចាត់ទុកជាប្រជាជនកម្ពុជា ជាសត្វកណ្តុរ ឬសត្វទន្សាយសម្រាប់ធ្វើការពិសោធន៍វ៉ាក់សាំងចិនជាដើម។ បន្ទាប់មកទៀត ក៏ស្រាប់តែមេឧទ្ទាមក្រៅច្បាប់ដដែល ប្រកាសថា វ៉ាក់សាំងចិនមានគុណភាពអាចទទួលយកបាន ហើយអះអាងថា គ្មានអ្នកណាម្នាក់បានស្លាប់ដោយសារតែវ៉ាក់សាំងរបស់ចិននេះឡើយនៅទូទាំងសកលលោក។


ជាក់ស្តែងការប្រកាសថា វ៉ាក់សាំងចិនមានសុវត្ថិភាព ហើយជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមើលឃើញនិងចាត់ទុកថា នេះជាវិធីរុញទូកបណ្តោយទឹក មិនមែនដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែជាគោលបំណងធំបំផុតរបស់គេ គឺជំរុញឲ្យប្រជាជនមកដណ្តើមវ៉ាក់សាំងក្នុងពេលតែមួយដែលជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិ។


ថ្មីៗនេះទៀតសោត ទំនងជាមានការរិៈគន់ច្រើនក្នុងរយៈពេលចុងក្រោយនេះថា ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ មិនបានជួយដល់សកម្មជនខ្លួនអំឡុងពេលវិបត្តិកូវីដ១៩នេះ កុំថាឡើយជួយដល់ពលរដ្ឋកម្ពុជានោះ គេឃើញមេឧទ្ទាមក្រៅច្បាប់ បានធ្វើយុទ្ធនាការលក់ប័ណ្ណនាឡិការតម្លៃ៥ដុល្លារ ដែលគេអះអាងថា ថវិកាបានមកពីយុទ្ធនាការនេះ នឹងយកទៅជួយដល់ពលរដ្ឋក្រីក្រក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែបើមើលពីរូបភាពនៃយុទ្ធនាការលក់ប័ណ្ណនាឡិកានេះ គេអាចដឹងបានយ៉ាងច្បាស់ក្រឡែតថា គឺជាវិធីបោកប្រាស់យកថវិកាពីសកម្មជនដ៏ងប់ងល់របស់ខ្លួននៅក្រៅប្រទេសដាក់ហោប៉ៅចែកគ្នាចាយប៉ុណ្ណោះ បន្ទាប់ពីប្រមូលលុយពីមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងយុទ្ធនាការមាតុភូមិនិវត្តន៍។


អ្វីដែលជាការកត់សម្គាល់គេនៅចាំមើលថា តើមេឧទ្ទាមក្រៅច្បាប់នឹងបកស្រាយយ៉ាងណាចំពោះសកម្មជនមួយតំបរស្វារបស់ខ្លួននៅឯបរទេសនោះ បន្ទាប់ពីទទួលបានថវិកាពីការលក់ប័ណ្ណនាឡិកា។ តើយកថវិកានោះទៅណា ហើយចំណាយលើអ្វីខ្លះ? តែទោះជាយ៉ាងណា គេគ្មានសង្ឃឹមបន្តិចសោះថា មេឧទ្ទាមក្រៅច្បាប់ នឹងយកថវិកានោះមកជួយដល់ពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជាដូចការសន្យារបស់ខ្លួនឡើយ។ អ្វីដែលគេបានមើលឃើញ គឺថវិកាដែលទទួលបានពីការលក់ប័ណ្ណនាឡិកានឹងបាត់ស្រមោលឈឹងក្រោយបញ្ចប់យុទ្ធនាការ ដូចមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងយុទ្ធនាការមាតុភូមិនិវត្តន៍ដែរ។


សរុបមកវិញ ពាក្យចាស់ពោលថា «ភូតនៅហោរ ចោរនៅជាង» គឺពិតជាត្រឹមត្រូវណាស់បើយើងធៀបនឹងមេឧទ្ទាមក្រៅច្បាប់ដែលបានធ្វើសកម្មភាពនយោបាយអស់រយៈពេលជាង២០ឆ្នាំមកនេះ។ បើតាមសេចក្តីពន្យល់នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ចំពោះពាក្យថា ក្បួនហោរ ឬទំនាយហោរនោះ បញ្ជាក់ថា បានជាបុរាណលោកពោលតៗគ្នានូវពាក្យនេះឡើងដោយសារ ហោរតែងតែភូត កុហកផ្សំខ្លះ។ ចំណែកចោរនៅជាង គឺចង់សំដៅទៅលើជាងធ្វើគ្រឿងមាសប្រាក់ តែងតែលបគៃកិបយកមាសប្រាក់ពីអ្នកដែលគេយកមកឲ្យធ្វើអលង្ការនោះ ប៉ុន្តែមិនសុទ្ធតែអ៊ីចឹងទាំងអស់គ្នានោះទេ៕


ដោយ៖ សុខ សុវណ្ណ




ពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីលើកព្រះបដិមា ឧមាមហេស្វរ នៅរង្វង់មូល និងរូបសំណាកសីហរាជមុខបី

 ព្រះសីហនុ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ប្រារព្ធពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីលើកព្រះបដិមា ឧមាមហេស្វរ នៅរង្វង់មូល មានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមជម្រាបជូនថា រង្វង់មូលនេះស្ថាបនាអស់រយៈពេល ៦ខែ ហើយថ្ងៃនេះរដ្ឋបាលខេត្តបានរៀបចំក្រុងពលីបួងសួងសុំសេចក្តីសុខ លើកព្រះបដិមា ឧមាមហេស្វរ សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រ និងរូបសំណាកសីហរាជមុខបី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់១០.៩៤ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៦.៣៦ ម៉ែត្រ ហើយរូបសំណាកនេះផលិតដោយស្នាដៃកូនខ្មែរ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវធ្វើកែសម្រួលសួនច្បារមុខរោងចក្រស្រាបៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្ត បានចូលមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត៕






លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ កម្ពុជាអនុញ្ញាតតាមសំណើ ឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិល

 លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន។

ការអនុញ្ញាតនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកតាមរយៈ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានស្នើសុំលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចុះពិនិត្យមើលកំពង់ផែនេះ ក្នុងពេលជំនួបជាមួយលោក អំឡុងលោកស្រីមកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្តី ប្រមុខក្រសួងការពារជាតិកម្ពុជា មិនទាន់បញ្ជាក់អំពីពេលវេលាពិតប្រាកដ ដែលអនុព័ន្ធយោធាអាមេរិក នឹងទៅកាន់តំបន់កំពង់ផែរាមនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឡើយទេ ដោយលោកបញ្ជាក់ថា ពួកគេអាចមកពិនិត្យកំពង់ផែរាម នៅពេលឆាប់ៗខាងមុខនេះ។

សំណើចុះពិនិត្យតំបន់រាមនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានមួយចំនួនរបស់សហអាមេរិក នៅតែបន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ។

ពាក់ព័ន្ធករណីកំពុងផែរាមនេះ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បញ្ជាក់ឱ្យដឹងថា កម្ពុជាគ្រាន់តែទទួលបានជំនួយពីចិនដែលជាមិត្តដែកថែប ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមានលក្ខណៈធំទូលាយ និងទំនើបជាងមុនប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហាអំណាចដទៃទេ។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីសាងសង់រួច កម្ពុជាទេជាអ្នកប្រើប្រាស់នូវកំពង់ផែទំនើបនេះ ដោយមិនបានប្រគល់ឱ្យចិនផ្តាច់មុខ ដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ។ សម្តេចអះអាងថា បើសិនជាពឹងលើលទ្ធភាពរបស់កម្ពុជាខ្លួនឯង ប្រហែលជាសាងសង់មិនទាន់រួចទេ ដោយសារតែកំពង់ផែនេះទំនើប និងធំទូលាយទាន់សម័យ ដូច្នេះមានតែស្វែងរកដៃគូផ្តល់ជំនួយប៉ុណ្ណោះ។

បើតាមលោកឧបនាយករដ្ឋមន្រ្តី រហូតដល់ពេលនេះ កំពង់ផែរាម កំពុងស្ថិតនៅក្នុងការរៀបចំស្ថាបនានៅឡើយ ដោយដៃគូផ្តល់ជំនួយបានបញ្ជូនសម្ភារៈ និងឧបករណ៍ប្រើប្រាសដើម្បីសាងសង់ជាបណ្តើរៗផងដែរ ៕








មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ

 សកម្មភាពក្រុមគ្រូពេទ្យយើងកំពុងបង្រៀនប្អូនៗកុមារ❤️

យើងនឹងផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ ការយកចិត្តទុកដាក់ខ្ពស់ចំពោះប្អូនៗកុមារ និងអ្នកនៅជុំវិញខ្លួនរបស់យើង។
ប្រភព៖ TYDA










រដ្ឋបាលខេត្តបាត់ដំបង ប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៦៩ និងករណីព្យាបាលជាសះស្បើយចំនួន ១២នាក់

បាត់ដំបង៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៦៩ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ មកពីខេត្តប៉ៃលិន ចំនួន ៦០នាក់ ស្រុកសំពៅលូន ចំនួន ១នាក់ ក្រុងបាត់ដំបង ចំនួន ៣នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៥នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ១២នាក់។

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ដូចខាងក្រោម៖






ក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នល្បិចបោកប្រាស់ ឆ្លើយសំណួរ និងចែក ចាយបន្ត Link តាម Facebook Messenger និង WhatsApp ដើម្បីឈ្នះរង្វាន់២០ម៉ឺនរៀល

 នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុង ប្រយ័ត្នចំពោះល្បិចបោកប្រាស់ របស់ជនខិលខូច ដែលបង្កើតកម្មវិធីមួយឈ្មោះថា «និធិសុខុមាល ភាពកូកា-កូឡា» ដោយបង្កើតឲ្យមានការឆ្លើយ សំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ ទៅកាន់មិត្តភក្តិ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ ២០ម៉ឺនរៀល។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារបច្ចេកទេសខ្លួន បានសង្កេតឃើញនូវសារចែករំលែក បន្តក្នុង កម្មវិធីបណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធី ឈ្នះរង្វាន់ប្រាក់ ២០០០០០រៀល ពីក្រុមហ៊ុន កូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។

ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តា ជ្រាបថា កម្មវិធីខាងលើ គឺជាល្បិចបោកប្រាស់ របស់ជនខិលខូច ក្នុងគោលបំណងខាងក្រោម៖

  • ធ្វើការអូសទាញជនរងគ្រោះចូល ទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ
  • ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់
  • ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅ កាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសារ របស់ជនរងគ្រោះ តួយ៉ាង កម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែកតំណភ្ជាប់ខាង លើ ដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់ របស់ជនរងគ្រោះ (Contact List)។

លើសពីចំណុចដែលបានរៀបរាប់នេះ ជនខិលខូច ក៏អាចប្រើប្រាស់យុទ្ធនាការនេះ ក្នុងគោលបំណង ផ្សេងៗ ដូចជា ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោក លួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ) និងប្រើប្រាស់ គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។

ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួង មហាផ្ទៃ បានអំពាវនាវ សូមបងប្អូនមេត្តា បញ្ឈប់ ការចែករំលែក ការចុចលើតំណភ្ជាប់ ជៀសវាង នូវបញ្ហា៕