Thursday, June 03, 2021

ពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីលើកព្រះបដិមា ឧមាមហេស្វរ នៅរង្វង់មូល និងរូបសំណាកសីហរាជមុខបី

 ព្រះសីហនុ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ប្រារព្ធពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីលើកព្រះបដិមា ឧមាមហេស្វរ នៅរង្វង់មូល មានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមជម្រាបជូនថា រង្វង់មូលនេះស្ថាបនាអស់រយៈពេល ៦ខែ ហើយថ្ងៃនេះរដ្ឋបាលខេត្តបានរៀបចំក្រុងពលីបួងសួងសុំសេចក្តីសុខ លើកព្រះបដិមា ឧមាមហេស្វរ សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រ និងរូបសំណាកសីហរាជមុខបី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់១០.៩៤ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៦.៣៦ ម៉ែត្រ ហើយរូបសំណាកនេះផលិតដោយស្នាដៃកូនខ្មែរ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវធ្វើកែសម្រួលសួនច្បារមុខរោងចក្រស្រាបៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្ត បានចូលមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត៕






No comments:

Post a Comment