គណបក្សសង្គ្រោះជាតិ
កាលពីថ្ងៃទី០២ ខែកញ្ញាកន្លងទៅ បានស្នើសុំទៅសាលារាជធានីភ្នំពេញ ដើម្បីសុំដង្ហែញត្តិទៅដាក់ស្ថានទូតនានាក្នុងរាជធានីភ្នំពេញ
នៅថ្ងៃ០៥ ខែកញ្ញានេះ គឺ៣ថ្ងៃបន្ទាប់ពីការស្នើសុំ។
ប៉ុន្តែសំណើរនេះត្រូវបានសាលាក្រុងភ្នំពេញបដិសេធ ព្រោះការស្នើសុំនេះមិនបានគោរពលក្ខខណ្ឌ
និងនីតិវិធីនៃច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធីនោះឡើយ។ នៅក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី
ត្រង់ ជំពូកទី២
ស្តីពីនីតិវិធីនៃការជូនដំណឹងអំពីការធ្វើបាតុកម្មដោយសន្តិវិធី មាត្រា ៧
បានចែងថា លិខិតជូនដំណឹងត្រូវដាក់នៅសាលារាជធានី
ឬសាលាខេត្តយ៉ាងហោចណាស់ប្រាំ(៥)ថ្ងៃ នៃថ្ងៃធ្វើការងារមុនពេលកំណត់
នៃបាតុកម្មដោយសន្តិវិធី។ ដូច្នេះបក្សប្រឆាំងពិតជាបានធ្វើខុសនីតិវីធីនៃការជូនដំណឹងនេះពិតមែន
ហើយតំណាងសាលារាជធានីភ្នំពេញក៏បានពន្យល់នូវមូលហេតុនេះផងដែរប្រាប់ទៅតំណាងបក្សប្រឆាំង។
ទោះដឹងនូវកំហុសនេះហើយក្តី ក៏គណបក្សប្រឆាំងមិនកែរតម្រូវការស្នើសុំរបស់ខ្លួន
ដើម្បីដាក់ស្នើសុំសារជាថ្មីទៅសាលារាជធានីភ្នំពេញដែរ ថែមទាំងមានះរំលោភច្បាប់
ដឹកនាំការហែរញត្តិដោយគ្មានការអនុញ្ញាតិ ទើបនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា
ឆ្នាំ២០១៦នេះ សមត្ថកិច្ចរាជធានីភ្នំពេញបានបិទផ្លូវជាតិលេខ២
រារាំងមិនឲ្យគណបក្សសង្រ្គោះជាតិដង្ហែរញត្តិទៅដាក់តាមបណ្តាស្ថានទូតនោះទេ។
តើគណបក្សសង្គ្រោះជាតិមិនចេះច្បាប់ ឬធ្វើមិនចេះក្នុងគោលបំណងទុច្ចរិតអ្វីមួយ?
អ្នកវិភាគសង្គមបានលើកឡើងថា
ទង្វើរបស់គណបក្សប្រឆាំងនាពេលនេះ ធ្វើឡើងដោយមានចេតនារំលោភលើច្បាប់យ៉ាងពិតប្រាកដ
ដើម្បីឲ្យសមត្ថកិច្ចចេញមករក្សាសន្តិសុខ សណ្តាប់ធ្នាប់រារាំងបិទផ្លូវ ក្នុងគោលបំណងបី៖
ទី១
ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ដោយគណបក្សសង្គ្រោះជាតិដឹងមុនហើយថា
កាលដែលខ្លួនប្រព្រឹត្តរំលោភទៅលើច្បាប់ រាជរដ្ឋាភិបាលប្រាដកជាអនុវត្តច្បាប់
ដោយបញ្ជាឲ្យសមត្ថកិច្ចចុះមករក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ដោយរារាំង
ឬបិទផ្លូវជាដើម ដែលការបិទផ្លូវរារាំង គឺជៀសមិនផុតឡើយនូវការកកស្ទះចរាចរណ៍ ដែលជាលទ្ធផល
មិនមែនមានតែសមាជិកគណបក្សប្រឆាំងមួយក្តាប់តូចនោះទេដែលត្រូវរារាំង គឺប្រជាពលរដ្ឋដែលត្រូវការប្រើប្រាស់ផ្លូវដែរនោះ នឹងខាតបង់ពេលវេលា
ខាតបង់ឱកាសនានា
ក្នុងសកម្មភាពប្រកបរបរកស៊ីចិញ្ចឹមជីវិតរាល់ថ្ងៃរបស់ខ្លួន។ ចំពោះប្រជាពលរដ្ឋ
ដែលមិនបានយល់ដឹងច្បាស់នូវមូលហេតុនោះ ឃើញសមត្ថកិច្ចបិទផ្លូវ ជៀសមិនផុតឡើយនូវភាពខឹងសម្បារបន្ទោស
ឬស្អប់រាជរដ្ឋាភិបាល ដែលបិទផ្លូវរារាំងដំណើររបស់ពួកគេ។
ប៉ុន្តែចំពោះប្រជាពលរដ្ឋមួយចំនួនធំតាមដានស្ថានការណ៍នយោបាយ
នឹងដឹងច្បាស់ពីចរិតបក្សប្រឆាំងមួយនេះ។
ទី២
លាបពណ៌ប្រជាពលរដ្ឋដែលកកស្ទះចរាចរណ៍៖ នេះជាវិធីរបស់គណបក្សសង្គ្រោះជាតិ
ប្រើប្រាស់ជាយូរយាណាស់មកហើយ នៅរាល់ពេលធ្វើសកម្មភាពដង្ហែរញត្តិ ឬបាតុកម្មម្តងៗ។ បក្សប្រឆាំងបានប្រើប្រាស់សកម្មជនរបស់ខ្លួនជិះម៉ូតូ
បើកឡាន ឬដើរ ពាំងផ្លូវមិនឲ្យអ្នកដំណើរវ៉ាឆ្លងកាត់ក្បួនរបស់គេបានឡើយ
ដែលធ្វើឲ្យចំនួនអ្នកកកស្ទះនៅពីក្រោយក្បួនកើនឡើងកាន់តែច្រើនទៅៗ
ហើយក្រុមខ្លួន ដែលមានដូចជា អ្នកសារព័ត៌មានប្រឆាំង និងសកម្មជនខ្លួន
នឹងចេញមកបកស្រាយ និងផ្សាយបន្លំថាមានអ្នកចូលរួមច្រើន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បក្សប្រឆាំងមិនអាចបោះបង់ចោលវិធីស៊ីឡាកនេះបាននោះទេ
ប្រសិនបើបើកផ្លូវឲ្យអ្នកធ្វើដំណើរជិះវ៉ាវិញនោះ
អ្នកចូលរួមនឹងមានចំនួនតិចបំផុត
ហើយសុទ្ធតែជាថ្នាក់ដឹកនាំគណបក្សប្រឆាំងតែប៉ុណ្ណោះ។
ទី៣ ឲ្យបរទេសមើលមកថាប្រទេសខ្មែរយើងខ្មៅងងឹត ក្រុមសារព័ត៌មានដែលជាដៃគូជាមួយគណបក្សប្រឆាំងមួយនេះ
នឹងផ្សព្វផ្សាយអវិជ្ជមានបំផុតអំពីប្រទេសកម្ពុជា
បន្ទាប់ពីមានការរារាំងពីសមត្ថកិច្ចបែបនេះ។ ជាទម្លាប់
ពួកគេមិនដែលចុះផ្សាយព័ត៌មានទាំងស្រុងនោះទេ
ពួកគេតែងតែផ្សព្វផ្សាយតែមួយជ្រុងនៃព័ត៌មាន
ជាមួយនឹងការសរសេរបន្ថែមនូវទស្សនៈប្រឆាំងរបស់ខ្លួនទៀតផង ដោយបំភ្លេចចោលនូវគោលបំណងពិតរបស់សមត្ថកិច្ចក្នុងការថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅរាជធានីភ្នំពេញ។
ក្រុមនោះ ធ្វើមិនឃើញនូវមូលហេតុពិតប្រាកដ ឬល្បិចខូចរបស់គណបក្សសង្គ្រោះជាតិនោះទេ
គឺព្យាយាមនិពន្ធយ៉ាងណាឲ្យមជ្ឈដ្ឋានបរទេសមើលមកកម្ពុជាថា ជាប្រទេសខ្មៅងងឹតជាទីបំផុត។
មូលហេតុដែលបញ្ជាក់កាន់តែច្បាស់ថា
បក្សប្រឆាំងពិតជាមានចេតនារំលោភច្បាប់ ហើយឲ្យសមត្ថកិច្ចចុះមករារាំងនោះ
គឺក្រុមប្រឆាំងអាចយកញត្តិរបស់ពួកគេទៅដាក់នៅតាមស្ថានទូតនានាតាមបំណងរបស់ពួកគេដោយសន្តិវិធីដូចសព្វមួយដង
ដោយមិនមានការរារាំងពីសមត្ថកិច្ចនោះឡើយ
ក៏ប៉ុន្តែលើកនេះបក្សប្រឆាំងបានបំបះបំបោ ឲ្យសកម្មជនខ្លួនមកពីបណ្តារខេត្ត
និងនៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យចូលរួមក្នុងទង្វើរំលោភច្បាប់មួយនេះ
ដែលអាចនឹងហុចផលអវិជ្ជមានដល់ប្រជាពលរដ្ឋខ្មែរជាង
៣លាននាក់ក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀត ក្រោយពេលស្ថានការណ៏ដើរទៅតាមអ្វីដែលពួកចង់បាននោះ
ពោលគឺបន្ទាប់ពីសមត្ថកិច្ចចុះរារាំង ការហែរញត្តិរំលោភច្បាប់នេះ តំណាងរាស្ត្រគណបក្សមួយនេះបានយកញត្តិទាំងនោះទៅដាក់នៅតាមបណ្តាស្ថានទូតចំនួន
១៥ នៅក្នុងរាជធានីភ្នំពេញ ដោយគ្មានការហែក្បួន
និងដោយគ្មានការរារាំងអ្វីបន្តិចឡើយពីសមត្ថកិច្ច។
ទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលជាប់នៅក្នុងការបិទផ្លូវនោះបានចោទជាសំនួរថា
ប្រសិនបើអាចយកញត្តិទៅដាក់បានយ៉ាងស្រួលបែបនេះ
ហេតុអ្វីចាំបាច់ប្រមូលសកម្មជនគ្រប់ទិសទីឲ្យមកពពាក់ពពូន
នាំឲ្យកើតភាពវឹកវរដល់សង្គមធ្វើអ្វី? ហេតុអ្វីមិនយកទៅដាក់តែម្តងទៅ?
នីតិវិធីនៃការដាក់ញត្តិមិនមែនមានន័យថា «បើមិនហែរគេមិនទទួលយកឯណា»?
សំនួរខាងលើត្រូវបានមន្ត្រីជំនិតរបស់លោក
កឹម សុខា ក្នុងលក្ខណសុំមិនបញ្ចេញឈ្មោះ បានទម្លាយថា ទង្វើនេះគឺជាល្បិចស្ទង់ចំនួនអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ
ដែលនៅសេសសល់ពីការអស់ជំនឿរកន្លងមកតែប៉ុណ្ណោះ។ មន្ត្រីជំនិតរូបនោះបានបន្តទៀតថា
ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលកំពុងពួនសំងំក្នុងទីស្នាក់ការបក្សបាននិយាយបញ្ជាទៅថ្នាក់ក្រោមដែលដឹកនាំការហែរញត្តិនេះថា
ទោះជាត្រូវបង្ហូរឈាម
លះបង់ជីវិតសកម្មជនគណបក្សសង្គ្រោះជាតិប៉ុន្មាននាក់ក៏ដោយ ធ្វើយ៉ាងណាដើម្បីបង្វែសារការចាប់អារម្មណ៍អំពីរឿងខ្លួនប្រព្រឹត្តិល្មើសច្បាប់
រឿងអាស្រូវផ្លូវភេទ ឲ្យទៅគិតរឿងសម្ថកិច្ចបង្រ្កាបបាតុករ
ឲ្យទៅជារឿងនយោបាយវិញ។
បើនិយាយពីគិតពីទង្វើដែលនាំឲ្យមានមនុស្សស្លាប់
មនុស្សរបួស ប្រាកដជាកើតចេញពីព្រឹត្តិការណ៍ហឹង្សាណាមួយជាមិនខាន
ដែលជាបទពិសោធន៍កន្លងមក ដូចជាព្រឹត្តិការណ៍ហិង្សានៅលើផ្លូវ វេងស្រេង នៅលើស្ពានអាកាសក្បាលថ្នល់ ជាដើម គឺកើតឡើងចេញពីប្រធាន
និងអនុប្រធានគណបក្សប្រឆាំង ជូនដំណឹងថាដឹកនាំបាតុកម្មអហិង្សា
ដោយសន្តិវិធី ប៉ុន្តែការប្រព្រឹត្តវិញគឺ ញុះញង់ដុតបញ្ឆេះកំហឹង
ឲ្យទៅជាព្រឹត្តិការណ៍ហិង្សា ដែលមានដូចជា ដុតហាងសាំង វាយកំទេចមន្ទីរពេទ្យ វាយកំទេចហាងកែសម្ផស្សន៍
ដែលធ្វើឲ្យរបួសធ្ងន់ និងស្លាប់ជាច្រើននាក់។
ដែលការបង្ករហិង្សាអសន្តិសុខនេះនៅពេលរដ្ឋាភិបាលបង្ក្រាប
ក្រុមប្រឆាំងនឹងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលថាបិទសិទ្ធិសម្តែងមតិ
ហើយបើមិនបង្ក្រាបពួកគេនឹងបង្ករភាពវឹងវរដល់សង្គម ដែលអាចផ្តួលរំលំរាជរដ្ឋាភិបាលតែម្តង។
ជារឿងចម្លែក
ប្រហែលជាផែនការទុច្ចរិតរបស់បក្សប្រឆាំង លេចលឺទៅដល់ស្ថានទូតសហរដ្ឋអាមេរិក
ប្រចាំនៅកម្ពុជាហើយ ទើបប៉ុន្មានម៉ោងមុននេះ ស្ថានទូតអាមេរិកបានប្រកាសមិនឲ្យប្រជាពលរដ្ឋអាមរិក ដែលស្នាក់នៅ ឬកំសាន្តនៅក្នុងប្រទេសកម្ពុជាធ្វើដំណើរទៅ
ឬ ឆ្លងកាត់ទីស្នាក់ការគណបក្សសង្គ្រោះជាតិឲ្យសោះ
ដែលសេចក្តីប្រកាសនោះបានបន្តថា ក្នុងនាមស្ថានទូតអាមេរិកប្រចាំកម្ពុជា
សូមរំលឹកដល់ជនជាតិអាមេរិកទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុកម្មសន្តិវិធី
(ដែលគណបក្សសង្គ្រោះជាតិមានបំណងដឹកនាំ) ដែលអាចប្រែក្លាយទៅជាបាតុកម្មហិង្សា
ប្រសិនបើជនជាតិអាមេរិកកំពុងស្ថិតនៅក្នុងតំបន់បាតុកម្ម
ឬនៅក្នុងហ្វូងបាតុកម្ម ត្រូវតែចាកចេញឲ្យលឿនបំផុតតាមតែអាចធ្វើបាន។
ការប្រកាសនេះ គឺជាការបង្ហាញថាទង្វើល្មើសច្បាប់របស់គណបក្សប្រឆាំងគឺពិតជាគ្រោះថ្នាក់
និងអាចបង្ករមហន្តរាយដល់អ្នកចូលរួមហែរញត្តិនោះដែលទាមទារឲ្យសមត្ថកិច្ចរបស់កម្ពុជា
ត្រូវតែទប់ស្កាត់ជាដាច់ខាត នូវទង្វើទុច្ចរិតនេះ។
ដូច្នេះការហែរញត្តិទៅដាក់តាមទូត គ្រាន់តែជាល្បិចទុច្ចរិតសម្រាប់ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
នេះប្រហែលជាល្បិចថ្មីរបស់បក្សប្រឆាំងមួយនេះ
ក្រោយពេលដែលបក្សរបស់ខ្លួនធ្លាក់ប្រជាប្រិយ
ដោយមេបក្សរបស់ខ្លួនប្រព្រឹត្តរំលោភលើច្បាប់ ម្នាក់មានរឿងអាស្រូវផ្លូវភេទលាក់ខ្លួនក្នុងទីស្នាក់ការមិនហ៊ានទៅណា
និងម្នាក់ទៀតមិនហ៊ានប្រឈមមុខចំពោះមុខច្បាប់ រត់ទៅក្រៅប្រទេស
បាត់បង់សិទ្ធិនយោបាយ។ ក្រោយពីមានព្រឹត្តិការណ៍កើតឡើងជាហូហែ
គួបផ្សំនឹងហេតុការណ៍ថ្ងៃនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនមើលឃើញថា
ធនធានមនុស្សនៅក្នុងបក្សប្រឆាំងមួយនេះ តាំងពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោម
សុទ្ធតែជាជនដែល មិនគោរពច្បាប់ បំពានច្បាប់ និងបំភ្លៃច្បាប់។ ជនល្មើសតែងតែបំពានច្បាប់
រីឯ សមត្ថកិច្ច មានតួរនាទីអនុវត្ត ថែរក្សាច្បាប់ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរ
មេត្តាគិតឲ្យបានស៊ីជុំរៅបន្តិចមុននឹងវិនិច្ឆ័យលើអ្វីមួយ៕
ដោយ៖ ខេមរៈ ជន