Wednesday, July 03, 2024

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត


ក្នុងឱកាសនៃជំនួប លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះរូបលោក និងគណៈប្រតិភូ ERIA បានជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈដំណើរទស្សនកិច្ចនេះ ERIA នឹងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេស ERIA នឹងបន្តផ្ដោតលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ លោកសាស្ត្រចារ្យ Tetsuya Watanabe ក៍បានជម្រាបជូនអំពីបំណងក្នុងការគោរពអញ្ជេីញសម្តេចតេជោ ធ្វេីជាវាគ្មិនពិសេស នៅERIA School of Government ដេីម្បីចំណែករំលែកនូវបទពិសោធន៍ជោគជ័យ នៃដំណេីរស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា ដល់សិក្ខាកាមដែលជាមន្ត្រីសាធារណៈ។ ជោគជ័យរបស់កម្ពុជា ក៏ជាការចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ 


ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ និងសម្តែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក សាស្ត្រចារ្យ និងគណៈប្រតិភូនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាម រយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជាដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ការកែទម្រង់ក្នុងវិស័យអាទិភាពផ្សេងៗទៀត និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ និងការត្រៀមលក្ខណៈចំពោះកត្តាប្រឈមដែលអាចកើតមានឡើងខណៈដែលកម្ពុជាត្រៀមចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩។ ទន្ទឹមនឹងនេះ  សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការអភិវឌ្ឍសមត្ថភាពផលិតរបស់ពលរដ្ឋ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់កម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សលើវិស័យឧស្សាហកម្ម។


ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ERIA  ឱ្យទទួលបានជោគជ័យក្នុងការ បំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តដល់ERIA បន្ដកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា៕






សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ



មានការភាន់ច្រឡំឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ(ឬមតិរិះគន់) និងសកម្មភាពបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះ សូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។ 


ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ ខ្ញុំសូមលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖ 


មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។


មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។


មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ 


មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ៕

ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត



ក្នុងឱកាសនៃជំនួប ឯកឧត្តម Shaharuddin Bin Onn បានថ្លែងអំណរគុណយ៉ងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា ឯកឧត្តមពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Shaharuddin Bin Onn និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato' Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ីផងដែរ។


ក្នុងជំនួបនេះដែរ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យនយោបាយ, សន្ដិសុខ និង​ការពារជាតិ, សេដ្ឋកិច្ច, ទេសចរណ៍ , អប់រំនិង​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។  បន្ថែមលើនេះ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការជំរុញនូវកិច្ច សហប្រតិបត្តិការលើការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ 


ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការ បំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឱ្យឯកឧត្តម ឯកអគ្គរាជទូត បន្តធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា៕





ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបសម្តែងការគួរសមពីសាស្ត្រាចារ្យ Tetsuya Watanabe

 



នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសម្រាប់សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia - ERIA) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ។  


ក្នុងជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានទទួលស្គាល់ពីផលប៉ះពាល់នៃការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័សលើខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងបានផ្លាស់ប្តូរទស្សនៈលើវិស័យដែលកម្ពុជា និង ERIA អាចធ្វើការជាមួយគ្នាក្នុងបរិបទនេះ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី តាមរយៈវេទិកាអាស៊ាន ដូចជាពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចចក្រា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស។ ឯកឧត្តម គង់ ភោគ  បានគូសបញ្ជាក់អំពីការត្រៀមខ្លួនដ៏ល្អរបស់  ERIA ក្នុងការចូលរួមទាំងក្នុងវិស័យសាធារណៈ និងឯកជននៅក្នុងប្រទេសកម្ពុជា លើកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។


ឯកឧត្តម គង់ ភោគ  ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ ERIA ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ជាពិសេសការគាំទ្រកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ានឆ្នាំ២០២២៕


His Excellency KUNG Phoak, Secretary of State and ASEAN SOM Leader of Cambodia, received a courtesy call from Professor Tetsuya Watanabe

---


On the morning of 2 July, 2024, H.E. KUNG Phoak, Secretary of State of the Ministry of Foreign Affairs and International Cooperation and ASEAN SOM Leader of Cambodia, received Professor Tetsuya Watanabe, President of the Economic Research Institute for ASEAN and East Asia (ERIA) at the Ministry of Foreign Affairs and International Cooperation.


During the courtesy call, the two sides acknowledged the impact of the rapid technological changes on regional supply chain and exchanged views on areas in which Cambodia and ERIA can work together in that context, both bilaterally and multilaterally through the ASEAN platform, such as trade and investment, digital economy, green economy, circular economy, sustainable development, artificial intelligence, and human resource development. H.E. KUNG Phoak highlighted that ERIA is well placed to engage both public and private sectors in Cambodia on these important areas of cooperation which underpin the development goals of Cambodia.


H.E. KUNG Phoak also took the opportunity to thank ERIA's contribution to ASEAN Community building efforts, in particular, for Cambodia's ASEAN Chairmanship in 2022.


#Cambodia #ERIA