Wednesday, September 20, 2023

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក


 FN- (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមថ្លែងសុន្ទករថា ក្នុងពិធីអបអរសាទរ ដល់ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

* សម្តេចធិបតី ហ៊ុន ម៉ាណែត មានមោទនភាព ដែលបានចូលរួមពិធីអបអរសាទរ នាឱកាសនេះ

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសសមិទ្ធផលរបស់កម្ពុជានេះ ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោត និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានគាំទ្រដល់សកម្មភាពរាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់​អង្គការយូណេស្កូ និងភាគីពាក់ព័ន្ធ ដែលបានថែរក្សាប្រាសាទកោះកេរ កន្លងមក

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលតែផ្តល់អាទិភាព លើវិស័យវប្បធម៌ ដូចបាវចនា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីសមិទ្ធផលកម្ពុជា ដែលមានប្រាសាទ និងកេរតំណែលផ្សេងទៀត ដែលបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ នាពេលនេះ បង្ហាញពីបញ្ញាញាណដូនតាខ្មែរ ដែលបានបន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុនបានសន្សល់ទុក

* សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

* សម្តេចធិបតី បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៨៖០៥នាទី,

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុនបន្សល់ទុក

 


FN- (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញបែបនេះ​ ពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានកោតសរសើរក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធ ដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «(សូម) រក្សាការពារឲ្យបានគង់វង្សជារៀងរហូតក្រោមម្លប់នៃសន្តិភាព ដែលជាប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់រាល់សកម្មភាព ដែលបង្កើតភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុងរឿងប្រទេសជាតិយើង ទាំងបច្ចុប្បន្ន និងអនាគត»។

សម្តេចធិបតី ក៏បានអរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះបងប្អូនជនរួមជាតិទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សិស្សនិស្សិត​ ក៏ដូចជាបណ្តាបក្សនយោបាយ សង្គមស៊ីវិល ដែលបានចូលរួមអបអរយ៉ាងសកម្ម ទូទាំងប្រទេស ពីព្រឹកមិញ តាមគ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ និង​ឯកជន បានរួមគ្នាវាយគង ទូងស្គរ ទាំងប៉ោង និងរគាំង ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេច ថែមទាំងបានកោតសរសើរ បណ្តាញព័ត៌មានទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវព្រឹត្តិការណ៍ប្រកបដោយមោទនភាពជាតិ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំ ស្រលាញ់ និងអភិរក្សវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ ស្ថិតក្នុងដួងចិត្តកុលបុត្រកូនខ្មែរគ្រប់រូប ជាអមតៈ។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កន្លងមក ប្រាសាទកម្ពុជា ដែលត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន តំបន់អង្គរ (Angkor Zone) ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជីឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក (Temple Zone of Sambor Prei Kuk) ចុះបញ្ជីនៅឆ្នាំ២០១៧៕