គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា
និងវៀតណាម បានបើកកិច្ចប្រជុំចង្អៀត រយៈពេលពីរថ្ងៃ ចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី៨
ខែកក្កដា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនោះ រួមមានមន្ត្រីជំនាញព្រំដែនកម្ពុជា
ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង និងភាគីវៀតណាម ដឹកនាំដោយលោក ហូ
ស្វឹនសឺន ( Ho Xuan Son ) អនុរដ្ឋមន្ត្រីទី១
និងជាប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនវៀតណាម។
កិច្ចប្រជុំរយៈពេល ពីរថ្ងៃនេះ ដើម្បីពិភាក្សាលើបញ្ហាព្រំដែន
ដែលមិនទាន់ដោះស្រាយចប់ និងបាតុភាពដែលបានកើតឡើងតាមបណ្តោយព្រំដែននាពេលថ្មីៗនេះ។
នៅពេលបើកកិច្ចប្រជុំ តំណាងភាគីកម្ពុជា
និងវៀតណាម បានចាត់ទុកកិច្ចប្រជុំរវាងគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរ
នាពេលនេះ ថាជាកិច្ចប្រជុំ ដែលមានសារៈសំខាន់ជាទីបំផុតដើម្បីរក្សាបាននូវសុខសន្តិភាពនៃប្រទេសទាំងពីរ។
របៀបវារៈ នៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការចម្រុះខណ្ឌសីមា
និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី៧
និងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ បានបង្ហាញនូវចំណុច ដែលត្រូវពិភាក្សា រួមមាន៖
ស្តាប់របាយការណ៍របស់ប្រធានក្រុមការងារពិសេស ដែលបានចុះអនុវត្តន៍លើដីជាក់ស្តែង
នៅ ៥ តំបន់ ( ៣០-៤០, ៤០-៤៥, ១៣៨-១៤៧,
២៤៧-២៥៣ និង២៩៥-៣០២ ) កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ តាមខ្លឹមសារដូចមានក្នុងចំនុច
១.១ និង១.២ នៃកំណត់ហេតុកិច្ចប្រជុំរវាងគណៈកម្មការចម្រុះទាំងពីរនៅទីក្រុងហាណូយនាថ្ងៃទី២២ដល់ថ្ងៃទី២៧ខែមេសាឆ្នាំ២០១៥។
កិច្ចប្រជុំ ក៏អនុម័តយកកំណត់ហេតុទាំង៥ របស់ក្រុមការងារពិសេស
ដែលបានចុះអនុវត្តន៍លើដីជាក់ស្តែង កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥។ក្នុងនោះ
កិច្ចប្រជុំ ក៏និយាយពីដំណើរការបោះបង្គោលព្រំដែនបន្តទៀត និងពិភាក្សាពីចំណែកដី
ដែលនៅបន្តគ្រប់គ្រងដោយភាគីទាំងពីរ បន្ទាប់ពីឯកភាពលើខ្សែព្រំដែន។
កិច្ចប្រជុំក្រុមជំនាញ លើកទី២៣ គឺដើម្បីបន្តការងារបច្ចេកទេសដែលនៅសេសសល់។
សំណើរបស់ប្រធានក្រុមបច្ចេកទេសចម្រុះ ស្នើបន្ថែមបង្គោលបំពេញបន្ថែមចំនួន ១៥ ទៀត
នៅខេត្តព្រៃវែង-ដុងថាប់។
របៀបវារៈក៏បានបង្ហាញថា កិច្ចប្រជុំ នឹងពិភាក្សាស្តីពីតំបន់បង្គោលព្រំដែនលេខ
១៣៧ ( ១.២ ) ការកំណត់កាលបរិច្ឆេទសម្ពោធបង្គោលព្រំដែនបំពេញបន្ថែម និងតម្រុយបង្គោលព្រំដែន
នៅខេត្តត្បូងឃ្មុំ-ប៊ិនភឿក ដោយប្រធានទាំងពីរ ព្រមទាំងការអនុវត្តគោលការណ៍ទាំងឡាយ
ដែលបានឯកភាពគ្នាកន្លងមក។
ក្នុងបញ្ហាផ្សេងៗ កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា
និងវៀតណាម រយៈពេលពីរថ្ងៃនេះ ក៏ត្រូវពិភាក្សា ស្តីពី តំបន់បាតុភាពដែលកើតមាននៅតាមបណ្តោយព្រំដែន
ការសាងសង់ប៉ុស្តិ៍យាម និងផ្លូវយុទ្ធសាស្ត្រនៅតាមបណ្តោយព្រំដែនដោយវៀតណាម និងបាតុភាពនៅទីតាំងបង្គោលព្រំដែនលេខ២០២និង២០៣នៅខេត្តស្វាយរៀង-តៃនិញ។
សូមរម្លឹកថា ដំបូងឡើយ កិច្ចប្រជុំរវាងគ
គណៈកម្មការចម្រុះព្រំដែនកម្ពុជា និងវៀតណាម ត្រូវបើកកិច្ចប្រជុំចង្អៀត នៅទីរួមខេត្តសៀមរាប
ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់
និងដោះស្រាយបាតុភាពទាំងឡាយ ដែលបានកើតឡើង កាលពីពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
ក៏ប៉ុន្តែ កិច្ចប្រជុំនោះ ត្រូវផ្លាស់ប្តូរទីកន្លែង
មកធ្វើនៅភ្នំពេញវិញ។ មូលហេតុ ត្រូវបានលោកជំទាវ កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនរបស់រដ្ឋាភិបាល
លើកឡើងថា ដើម្បីកាត់បន្ថយការចំណាយពេលធ្វើដំណើររបស់ថ្នាក់ដឹកនាំ៕