Wednesday, November 12, 2014
សម្តេចតេជោនាយករដ្ឋមន្រ្តីជួបសន្ទនាជាមួយឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ពិភាក្សាអំពីថវិការសម្រាប់បុគ្គលិកនៃសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម
AKP |
ក្នុងជំនួនពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជំរាបជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយនូវថវិកាចំនួន១លាន១សែន៥ម៉ឺនដុល្លាអាមេរិក ក្នុងការដោះស្រាយប្រាក់បៀវត្សជូនដល់បុគ្គលិកនៃសាលាក្តីខ្មែរក្រហមនៃភាគីកម្ពុជាសំរាប់ខែតុលាវិច្ឆិកា និងខែធ្នូឆ្នាំ២០១៤។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធានាអះអាងនៅចំពោះមុខឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តដោះស្រាយប្រាក់បៀវត្សសំរាប់បុគ្គលិកភាគីកម្ពុជា នៃសាលាក្តីខ្មែរក្រហមសំរាប់រយៈពេល៦ខែក្នុងឆ្នាំ២០១៥ ខាងមុខបន្តទៀត។
ជាការឆ្លើយតបឯកឧត្តមបាន គីមូន អគ្គលេខាធិការអង្គការសប្រជាជាតិ មានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជាចំពោះការខិតខំដោះស្រាយដល់ការលំបាក់របស់បុគ្គលិកនៃសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បើកកិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ាន និងរង្វាន់ ធុរៈ កិច្ចអាស៊ានឆ្នាំ២០១៤
នៅរសៀលថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៤ មុន១ថ្ងៃនៃពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ាន និងការរង្វាន់ធុរៈកិច្ចអាស៊ានឆ្នាំ២០១៤ ដែលប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក អធិកអធម នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិណៃពីដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។
ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីសេដ្ឋកិច្ច ឧត្តមមន្រ្តីអាស៊ាន និងផ្នែកធុរៈកិច្ចនៃ បណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ានជាច្រើនរូប។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ាន និងការរង្វាន់ធុរៈកិច្ចអាស៊ានឆ្នាំ២០១៤ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ មានប្រសាសន៍ថា ឥឡូវនេះ គឺដល់ពេលវេលាដ៏សំខាន់ សំរាប់ការកសាងសហគមន៍អាស៊ាន តាមរយៈការខិតខំរួមគ្នានិងឆន្ទៈនយោបាយ ហើយអ្វីដែលសំខាន់ជាងនោះទៅ ទៀត គឺការឯកភាពក្នុងចំណោមផ្ទៃក្នុងអាស៊ាន ជាកម្លាំងរួមក្នុងការកសាងសេដ្ឋកិច្ចមួយដែលមានថាមពល និងដើម្បីឲ្យអាស៊ានមានការប្រកួតប្រជែង ដើម្បីធ្វើយ៉ាងណាធ្វើឲ្យមានឱកាសដូចៗគ្នា ក្នុងទិសដៅជំរុញនិង លើកកម្ពស់កំណើនសេដ្ឋកិច្ចនៃប្រទេសផងខ្លួន ពិសេសប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល។
ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍បន្តថា តំបន់អាស៊ានត្រូវតែបើកទូលាយនូវប្រព័ន្ធទូរគមនាគមន៍ ធ្វើយ៉ាងណាឲ្យប្រព័ន្ធអ៊ីនធើណែតមានល្បឿនលឿន ដើម្បីឲ្យរដ្ឋាភិបាលនិងរដ្ឋាភិបាល ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ និងផ្នែកឯកជនអាចធ្វើទំនាក់ទំនងជាមួយគ្នាកាន់តែទូលំទូលាយ។
ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា កន្លងមកអាស៊ានបានឆ្លងកាត់នូវការលំបាកជាច្រើន ពោលគឺក្នុងរយៈពេល៤៧ឆ្នាំនៃការបង្កើតអាស៊ាននេះ ពិសេសវិបត្តិសេដ្ឋកិច្ច គ្រោះធម្មជាតិ និងជម្ងឺរាតត្បាតនានា ប៉ុន្តែផ្ទុយទៅវិញបញ្ហាទាំងអស់នោះ បានធ្វើឲ្យអាស៊ានកាន់តែមានកម្លាំងខ្លាំងក្លាជាងមុន និងមានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នសេដ្ឋកិច្ចអាស៊ានមានកំណើនរហូតដល់២៥០ពាន់លានដុល្លារ ស្ថិតក្នុងចំណាត់ថ្នាក់ទី៧នៃសេដ្ឋកិច្ចពិភពលោក ការធ្វើបនីយកម្មក្នុងតំបន់អាស៊ានមានការកើនឡើងជាលំដាប់ ក្នុងនោះកាលពីឆ្នាំ២០១៣កន្លងទៅ ការធ្វើពាណិជ្ជកម្មក្នុងចំណោមប្រទេសអាស៊ាន មានអាត្រា៦០២ពាន់លានដុល្លារ ដូចនេះការប្រមើលមើលក្នុងឆ្នាំ២០៥០ខាងមុខ សេដ្ឋកិច្ចអាស៊ាននឹងមានការកើនឡើងរហូតដល់ចំណាត់ថ្នាក់ទី៤ នៃសេដ្ឋកិច្ចពិភពលោក។ ឯកឧត្តមក៏បានគួសបញ្ជាក់ពីការបន្តខិតខំចរចារជាមួយដៃ គូសេដ្ឋកិច្ចបើកចំហ ក្នុងកំរិតតំបន់ ពិសេសការផ្សារភ្ជាប់សេដ្ឋកិច្ចអាស៊ាន ជាមួយនិងសេដ្ឋកិច្ចក្រៅតំបន់ ដូចជាឥណ្ឌា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ណូវែលសេឡង់ជាដើម។ ឯកឧត្តមមានប្រសាសន៍ សង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់អាស៊ាន និងប្រទេស៦ផ្សេងទៀតរបស់អាស៊ាន និងមានប្រជាពលរដ្ឋរហូតដល់ ប្រមាណ៣ពាន់លាននាក់ និងមានផលទុនសរុប GDP រហូតដល់១៧រយពាន់លានដុល្លា ពោល គឺស្មើនឹង ៤០%នៃពាណិជ្ជកម្មពិភពលោក។ នៅក្នុងសុន្ទរកថាគន្លឹៈនោះដែរ បទអន្តរាគមន៍ ក៏បានធ្វើការទាមទារឲ្យអាស៊ានមានការឯកភាពផ្ទៃក្នុងឲ្យកាន់តែខ្លាំងជាមុន និងមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតជាមុន ក្នុងចំណោមថ្នាក់ដឹកនាំនយោបាយ រដ្ឋាភិបាល អ្នកដឹកនាំពាណិជ្ជកម្ម និងប្រជាពលរដ្ឋក្នុងអាស៊ាន ដើម្បីធ្វើយ៉ាងណាឲ្យរបត់ថ្មីនៃការតភ្ជាប់កាន់តែទទួលបានជោគជ័យទ្វេឡើងថែមទៀត។ បទអន្តរាគមន៍ក៏បានគូសបញ្ជាក់ផងដែរថា ថ្វីត្បិតតែសេដ្ឋកិច្ចអាស៊ានមានលក្ខណៈល្អប្រសើរក៏ពិតមែន ប៉ុន្តែសេដ្ឋកិច្ចអាស៊ាននៅតែជួបប្រទះនូវការប្រឈមមួយចំនួន ពិសេសត្រូវបន្តខិតខំជំរុញបន្ថែមទៀត ក្នុងការកាត់បន្ថយនិងលុបបំបាត់នូវភាពក្រីក្រ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងចំណោមប្រទេសអាស៊ាន។ ជាមួយគ្នានេះមេដឹកនាំផ្នែធុរៈកិច្ចក៏បានលើកឡើង ពីការផ្តល់អាទិភាពក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ពិសេសជួយជំរុញដល់ជីវភាព របស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង និងបង្កើនឱកាសសម្រាប់ការងារ ព្រមទាំងចំណូលមានការកើនឡើងក្នុងចំណោមប្រជាពលរដ្ឋ ដែលមានភាពទន់ខ្សោយ ពោលគឺកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រឲ្យមកនៅកៀកគ្នា។
នៅក្នុងសុន្ទរកថានោះដែរឯកឧត្តមប្រធានាធិបតី និងមេដឹកនាំធុរកិច្ចអាស៊ាន ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញធ្វើយ៉ាងណា ឲ្យមានការអភិវឌ្ឍនៅក្នុងកម្រិតជាតិ ពោលគឺការពង្រឹងដល់យន្តការនៃស្ថាប័នអាស៊ានទាំងអស់ ពិសេសការធានានូវធនធានគ្រប់គ្រាន់ដើម្បីដល់ការអនុវត្តនិងការកសាងសហគមន៍អាស៊ានឲ្យបាននៅឆ្នាំ២០១៥។ ជាមួយគ្នានេះអាស៊ាននឹងចេញ នូវសេចក្តីថ្លែងការណ៍ទីក្រុងណៃពីដោ ក្នុងការធ្វើយ៉ាងជំរុញដល់ការកសាងសហគមន៍អាស៊ានឲ្យបានសំរេចក្នុងឆ្នាំ២០១៥ ដោយសង្កត់ធ្ងន់ដល់ការពង្រឹង និងយកចិត្តទុកដាក់ចំពោះការអនុវត្ត នៃកត្តាអាទិភាពសំខាន់ៗ ក្នុងសហគមន៍ទាំងបី គឺសហគមន៍នយោបាយ សន្តិសុខ អាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម វប្បធម៌អាស៊ាន។ នៅក្នុងបទអន្តរាគមន៍នោះដែរ មេដឹកនាំផ្នែកធុរៈកិច្ចក៏បាន ខិតខំជំរុញដល់មេដឹកនាំអាស៊ានទាំងអស់ ធ្វើឲ្យមានការប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកតែទៅលើ ធនធានធម្មជាតិ ឲ្យទៅក្លាយជាសេដ្ឋកិច្ចបើកចំហនិងទូលាយជាងមុន ដែលផ្តោតទៅលើបច្ចេកវិទ្យា និងមានលក្ខណៈផលិតតាមបែបទំនើប។ ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីនិងថ្នាក់ដឹកនាំផ្នែកធុរៈកិច្ច បានប្តេជ្ញារួមគ្នាក្នុងការខិតខំក្នុងកាត់បន្ថយការអភិវឌ្ឍ ក្នុងចំណោមប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម ពិសេសនៅក្នុងការផលិត ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ សេវាកម្ម ដើម្បីឲ្យប្រទេសទាំងបួន មានការរីកចំរើន។
ឯកឧត្តមបន្តថា ពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម ក្នុងឆ្នាំ២០១៣កន្លងមានទឹកប្រាក់ប្រមាណ ៣១២ពាន់៤០០លានដុល្លា គឺមានការកើនឡើងប្រមាណ ៥% បើប្រៀបធៀបនឹងឆ្នាំ២០១២ ដោយឡែកការវិនិយោគចូលទៅក្នុងប្រទេសទាំង៤ មានប្រមាណ១៣ពាន់២០០លានដុល្លារ ពិសេសការវិនិយោគលើវិស័យសំណង់ និងការផលិត។
នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញប្រគល់ពានរង្វាន់ជូនដល់ក្រុមហ៊ុនឆ្នើមមួយចំនួនរបស់ប្រទេសអាស៊ាន ដែលបានចូលរួមអនុវត្តយ៉ាងពេញលេញ ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្នុងចំណោមបណ្តាប្រទេសអាស៊ានក្នុងឆ្នាំ២០១៤៕
សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលជួបសាមណនិស្សិត ‑ និស្សិតកម្ពុជា ដែលគង់ និងបន្តកម្មសិក្សានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ
នៅរសៀលថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៤ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបសាមណ និស្សិត និងនិស្សិតកម្ពុជាចំនួន១១អង្គ-នាក់ ដែលនិមន្តមកគង់និងបន្តកម្មសិក្សានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។ ឯកឧត្តម សៀន ប៊ុនវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ារ មានប្រសាសន៍ឲ្យដឹងថា សាមណនិស្សិត និងនិស្សិតទាំង១១អង្គ-នាក់នេះ បាននិមន្តមកគង់ និងបំពេញការសិក្សាសាកលវិទ្យាល័យពុទ្ធសាសនទូតថេរវាទអន្តរជាតិ ក្នុងទីក្រុងរ៉ង់ហ្គោនថ្នាក់បណ្ឌិតឆ្នាំទី៣ មានចំនួន២អង្គ សាមណនិស្សិតសិក្សាថ្នាក់អនុបណ្ឌិត ឆ្នាំទី៣ មានមាន២អង្គ សាមណនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២មានចំនួន២អង្គ សាមណនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ មានចំនួន៤អង្គ និងសមាជិកសិស្ស សិក្សាបរិយត្តិធម៌ខាងក្រៅសាកលវិទ្យាល័យមានចំនួន១រូបក្រោមការផ្តល់អាហាររូបករណ៍ពីសំណាក់រដ្ឋាភិបាលមីយ៉ានីម៉ារ។ ឯកឧត្តមឯកអគ្គរាជទូតមានប្រសាសន៍បន្តថា ក្រោមការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ារ និងការទំនាក់ទំនងជាមួយនិង មន្រ្តីស្ថានទូតកម្ពុជា សាមណនិស្សិតទាំង១អង្គ-នាក់នេះ បានធ្វើការសិក្សាប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។
សម្តេចតេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍កោតសរសើរ ប្រគេនចំពោះសាមណនិស្សិតទាំងអស់ ដែលបានចំណាយកាយពល និងពេលវេលា និមន្តមកគង់ប្រថាប់ដើម្បីបន្តការសិក្សាថ្នាក់ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសា សន៍ក្រើនរលឹកដល់សាមណនិស្សិត និស្សិតកម្ពុជាទាំងអស់ ត្រូវបន្តការសិក្សាក្រេបជញ្ជក់នូវចំណេះដឹងដ៏ល្អៗ ពីវប្បធម៌ក៏ដូចជាចំណេះដឹងខាងជំនឿសាសនា ដើម្បីយកទៅបណ្តុះបណ្តាលជូនដល់សាមណសិស្ស សាមណនិស្សិត និងនិស្សិតកម្ពុជា ដែលមិនបាននិមន្តនិងមកសិក្សានៅទីនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់សាមណនិស្សិត និងនិស្សិតកម្ពុជាទាំងអស់ ដែលគង់ស្នាក់នៅរៀនសូត្រនៅ ក្នុងប្រទេសមីយ៉ាន់ម៉ារនៅពេលនេះ ត្រូវមានមនសិកាគោរពស្រឡាញ់ក្នុងជួរសាមណនិស្សិត និងនិស្សិតទាំងអស់ ពិសេសត្រូវចូលរួមក្នុងកិច្ចការសង្គម និងដើរឲ្យទាន់ពីសន្ទុះនៃការរីកចំរើនរបស់ពិភពលោក ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមសហការគ្នាដើម្បីពិភពលោកឲ្យមានការរីកចំរើននិងការអភិវឌ្ឍ ពិសេសការរស់នៅក្នុងភាពសុខដុមរមនា និងសុខសន្តិភាព។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ប្រគេន សាមណនិស្សិត និងនិស្សិតទាំង១១អង្គ‑ នាក់ នៅពេលបញ្ចប់ការសិក្សានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារហើយនោះ សម្តេចនឹងចំណាយថវិកាផ្ទាល់របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការទិញសំបុត្រយន្តហោះវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ។
ព្រះភិក្ខុ កុន សុគាម ប្រធានសមាគមសាមណនិស្សិតខ្មែរ មានសង្ឃដិកាថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតំលៃ ក្នុងការ ផ្តល់នូវឱកាសឲ្យសាមណនិស្សិតទាំង១១អង្គ‑ នាក់ បានចូលជួបសំដែងការគួរសម ពិសេសបានទទួលនូវ ការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាប្រទីបនៅក្នុងការសិក្សារៀនសូត្រឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ថែមទៀត ពិសេសទៅទៀតនោះ គឺដើម្បីដឹងគុណដល់រូបសម្តេចដែលតែងតែផ្តល់នូវ ទំនុកបំរុង ឧបត្ថម្ភ និងជួយសំរួលដល់សាមណនិស្សិតគ្រប់អង្គ បានបន្តមកសិក្សាក្នុងប្រទេសមីយ៉ាន់ម៉ារ។
Subscribe to:
Posts (Atom)