នៅរសៀលថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៤ មុន១ថ្ងៃនៃពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ាន និងការរង្វាន់ធុរៈកិច្ចអាស៊ានឆ្នាំ២០១៤ ដែលប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក អធិកអធម នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិណៃពីដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។
ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីសេដ្ឋកិច្ច ឧត្តមមន្រ្តីអាស៊ាន និងផ្នែកធុរៈកិច្ចនៃ បណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ានជាច្រើនរូប។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ាន និងការរង្វាន់ធុរៈកិច្ចអាស៊ានឆ្នាំ២០១៤ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ មានប្រសាសន៍ថា ឥឡូវនេះ គឺដល់ពេលវេលាដ៏សំខាន់ សំរាប់ការកសាងសហគមន៍អាស៊ាន តាមរយៈការខិតខំរួមគ្នានិងឆន្ទៈនយោបាយ ហើយអ្វីដែលសំខាន់ជាងនោះទៅ ទៀត គឺការឯកភាពក្នុងចំណោមផ្ទៃក្នុងអាស៊ាន ជាកម្លាំងរួមក្នុងការកសាងសេដ្ឋកិច្ចមួយដែលមានថាមពល និងដើម្បីឲ្យអាស៊ានមានការប្រកួតប្រជែង ដើម្បីធ្វើយ៉ាងណាធ្វើឲ្យមានឱកាសដូចៗគ្នា ក្នុងទិសដៅជំរុញនិង លើកកម្ពស់កំណើនសេដ្ឋកិច្ចនៃប្រទេសផងខ្លួន ពិសេសប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល។
ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍បន្តថា តំបន់អាស៊ានត្រូវតែបើកទូលាយនូវប្រព័ន្ធទូរគមនាគមន៍ ធ្វើយ៉ាងណាឲ្យប្រព័ន្ធអ៊ីនធើណែតមានល្បឿនលឿន ដើម្បីឲ្យរដ្ឋាភិបាលនិងរដ្ឋាភិបាល ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ និងផ្នែកឯកជនអាចធ្វើទំនាក់ទំនងជាមួយគ្នាកាន់តែទូលំទូលាយ។
ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា កន្លងមកអាស៊ានបានឆ្លងកាត់នូវការលំបាកជាច្រើន ពោលគឺក្នុងរយៈពេល៤៧ឆ្នាំនៃការបង្កើតអាស៊ាននេះ ពិសេសវិបត្តិសេដ្ឋកិច្ច គ្រោះធម្មជាតិ និងជម្ងឺរាតត្បាតនានា ប៉ុន្តែផ្ទុយទៅវិញបញ្ហាទាំងអស់នោះ បានធ្វើឲ្យអាស៊ានកាន់តែមានកម្លាំងខ្លាំងក្លាជាងមុន និងមានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នសេដ្ឋកិច្ចអាស៊ានមានកំណើនរហូតដល់២៥០ពាន់លានដុល្លារ ស្ថិតក្នុងចំណាត់ថ្នាក់ទី៧នៃសេដ្ឋកិច្ចពិភពលោក ការធ្វើបនីយកម្មក្នុងតំបន់អាស៊ានមានការកើនឡើងជាលំដាប់ ក្នុងនោះកាលពីឆ្នាំ២០១៣កន្លងទៅ ការធ្វើពាណិជ្ជកម្មក្នុងចំណោមប្រទេសអាស៊ាន មានអាត្រា៦០២ពាន់លានដុល្លារ ដូចនេះការប្រមើលមើលក្នុងឆ្នាំ២០៥០ខាងមុខ សេដ្ឋកិច្ចអាស៊ាននឹងមានការកើនឡើងរហូតដល់ចំណាត់ថ្នាក់ទី៤ នៃសេដ្ឋកិច្ចពិភពលោក។ ឯកឧត្តមក៏បានគួសបញ្ជាក់ពីការបន្តខិតខំចរចារជាមួយដៃ គូសេដ្ឋកិច្ចបើកចំហ ក្នុងកំរិតតំបន់ ពិសេសការផ្សារភ្ជាប់សេដ្ឋកិច្ចអាស៊ាន ជាមួយនិងសេដ្ឋកិច្ចក្រៅតំបន់ ដូចជាឥណ្ឌា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ណូវែលសេឡង់ជាដើម។ ឯកឧត្តមមានប្រសាសន៍ សង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់អាស៊ាន និងប្រទេស៦ផ្សេងទៀតរបស់អាស៊ាន និងមានប្រជាពលរដ្ឋរហូតដល់ ប្រមាណ៣ពាន់លាននាក់ និងមានផលទុនសរុប GDP រហូតដល់១៧រយពាន់លានដុល្លា ពោល គឺស្មើនឹង ៤០%នៃពាណិជ្ជកម្មពិភពលោក។ នៅក្នុងសុន្ទរកថាគន្លឹៈនោះដែរ បទអន្តរាគមន៍ ក៏បានធ្វើការទាមទារឲ្យអាស៊ានមានការឯកភាពផ្ទៃក្នុងឲ្យកាន់តែខ្លាំងជាមុន និងមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតជាមុន ក្នុងចំណោមថ្នាក់ដឹកនាំនយោបាយ រដ្ឋាភិបាល អ្នកដឹកនាំពាណិជ្ជកម្ម និងប្រជាពលរដ្ឋក្នុងអាស៊ាន ដើម្បីធ្វើយ៉ាងណាឲ្យរបត់ថ្មីនៃការតភ្ជាប់កាន់តែទទួលបានជោគជ័យទ្វេឡើងថែមទៀត។ បទអន្តរាគមន៍ក៏បានគូសបញ្ជាក់ផងដែរថា ថ្វីត្បិតតែសេដ្ឋកិច្ចអាស៊ានមានលក្ខណៈល្អប្រសើរក៏ពិតមែន ប៉ុន្តែសេដ្ឋកិច្ចអាស៊ាននៅតែជួបប្រទះនូវការប្រឈមមួយចំនួន ពិសេសត្រូវបន្តខិតខំជំរុញបន្ថែមទៀត ក្នុងការកាត់បន្ថយនិងលុបបំបាត់នូវភាពក្រីក្រ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងចំណោមប្រទេសអាស៊ាន។ ជាមួយគ្នានេះមេដឹកនាំផ្នែធុរៈកិច្ចក៏បានលើកឡើង ពីការផ្តល់អាទិភាពក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ពិសេសជួយជំរុញដល់ជីវភាព របស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង និងបង្កើនឱកាសសម្រាប់ការងារ ព្រមទាំងចំណូលមានការកើនឡើងក្នុងចំណោមប្រជាពលរដ្ឋ ដែលមានភាពទន់ខ្សោយ ពោលគឺកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រឲ្យមកនៅកៀកគ្នា។
នៅក្នុងសុន្ទរកថានោះដែរឯកឧត្តមប្រធានាធិបតី និងមេដឹកនាំធុរកិច្ចអាស៊ាន ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញធ្វើយ៉ាងណា ឲ្យមានការអភិវឌ្ឍនៅក្នុងកម្រិតជាតិ ពោលគឺការពង្រឹងដល់យន្តការនៃស្ថាប័នអាស៊ានទាំងអស់ ពិសេសការធានានូវធនធានគ្រប់គ្រាន់ដើម្បីដល់ការអនុវត្តនិងការកសាងសហគមន៍អាស៊ានឲ្យបាននៅឆ្នាំ២០១៥។ ជាមួយគ្នានេះអាស៊ាននឹងចេញ នូវសេចក្តីថ្លែងការណ៍ទីក្រុងណៃពីដោ ក្នុងការធ្វើយ៉ាងជំរុញដល់ការកសាងសហគមន៍អាស៊ានឲ្យបានសំរេចក្នុងឆ្នាំ២០១៥ ដោយសង្កត់ធ្ងន់ដល់ការពង្រឹង និងយកចិត្តទុកដាក់ចំពោះការអនុវត្ត នៃកត្តាអាទិភាពសំខាន់ៗ ក្នុងសហគមន៍ទាំងបី គឺសហគមន៍នយោបាយ សន្តិសុខ អាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម វប្បធម៌អាស៊ាន។ នៅក្នុងបទអន្តរាគមន៍នោះដែរ មេដឹកនាំផ្នែកធុរៈកិច្ចក៏បាន ខិតខំជំរុញដល់មេដឹកនាំអាស៊ានទាំងអស់ ធ្វើឲ្យមានការប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកតែទៅលើ ធនធានធម្មជាតិ ឲ្យទៅក្លាយជាសេដ្ឋកិច្ចបើកចំហនិងទូលាយជាងមុន ដែលផ្តោតទៅលើបច្ចេកវិទ្យា និងមានលក្ខណៈផលិតតាមបែបទំនើប។ ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីនិងថ្នាក់ដឹកនាំផ្នែកធុរៈកិច្ច បានប្តេជ្ញារួមគ្នាក្នុងការខិតខំក្នុងកាត់បន្ថយការអភិវឌ្ឍ ក្នុងចំណោមប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម ពិសេសនៅក្នុងការផលិត ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ សេវាកម្ម ដើម្បីឲ្យប្រទេសទាំងបួន មានការរីកចំរើន។
ឯកឧត្តមបន្តថា ពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម ក្នុងឆ្នាំ២០១៣កន្លងមានទឹកប្រាក់ប្រមាណ ៣១២ពាន់៤០០លានដុល្លា គឺមានការកើនឡើងប្រមាណ ៥% បើប្រៀបធៀបនឹងឆ្នាំ២០១២ ដោយឡែកការវិនិយោគចូលទៅក្នុងប្រទេសទាំង៤ មានប្រមាណ១៣ពាន់២០០លានដុល្លារ ពិសេសការវិនិយោគលើវិស័យសំណង់ និងការផលិត។
នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញប្រគល់ពានរង្វាន់ជូនដល់ក្រុមហ៊ុនឆ្នើមមួយចំនួនរបស់ប្រទេសអាស៊ាន ដែលបានចូលរួមអនុវត្តយ៉ាងពេញលេញ ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្នុងចំណោមបណ្តាប្រទេសអាស៊ានក្នុងឆ្នាំ២០១៤៕


No comments:
Post a Comment