ភ្នំពេញ៖ នៅទីបំផុត បញ្ហានយោបាយ ដែលអូសបន្លាយជិតមួយឆ្នាំ ក្រោយការបោះឆ្នោត តំណាងរាស្ត្រ ២៨កក្កដា២០១៣ បានបញ្ចប់នៅថ្ងៃនេះ បន្ទាប់ពីជំនួបកំពូល រវាងថ្នាក់ ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅឯវិមានព្រឹទ្ធសភា ចំការមន ។ អ្វីដែលគណបក្សទាំងពីរ បានព្រមព្រៀងគ្នានោះ ផ្អែកលើមូលដ្ឋាន នៃការព្រមព្រៀងគ្នា ជាគោលការណ៍ នៃជំនួបកំពូលតាមទូរស័ព្ទ រវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមេសាឆ្នាំ២០១៤ ។
ជាចំណុចសំខាន់ គឺអ្នកតំណាងរាស្ត្រ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នឹងចូលសភា ដើម្បីធ្វើការ បន្ទាប់ពីស្បថ បំពេញអភ័យឯកសិទ្ធិ ក្នុងពេលឆាប់ៗនេះ ។
អ្នកតាមដានសភាពការណ៍នយោបាយ និងមហាជននានា បានកត់សំគាល់ថា បញ្ហាជាប់គាំង ខាង នយោបាយ នៅប្រទេសកម្ពុជា តែងតែកើតឡើង ស្ទីលដដែលៗ ក្រោយការបោះឆ្នោត តំណាងរាស្ត្រ ប៉ុន្មានអាណត្តិមកហើយ មិនមានអ្វីត្រូវឆ្ងល់ទេ! ជាពិសេសអ្នកចាញ់ឆ្នោត តែងតែឡាំប៉ាជាដរាប ប៉ុន្តែមហាជន ដឹង! ហើយហ៊ានទាយ ទុកមុនថា ចុងបញ្ចប់នៃរឿង វាទៅជាយ៉ាងម៉េច! ។
ចំណែកបញ្ហាអូសបន្លាយពេលជិតមួយឆ្នាំនោះ ក្នុងការត្រូវគ្នាឬមិនត្រូវគ្នា របស់គណបក្សជាប់ឆ្នោត ត្រូវបានសន្និដ្ឋានថា គ្រាន់តែជាការពន្យារពេល ដើម្បី សម្រន់ កំដៅពុះកញ្ជ្រោល របស់អ្នកគាំទ្រមួយចំនួន ដែលងប់នឹងល្បែងនយោបាយ ប៉ុណ្ណោះ ឬក៏ថានឹងត្រូវគ្នាភ្លាម ក្រែងមើលទៅមិនសមភ្នែកញាតិ ព្រោះធ្លាប់ជេរប្រមាថគ្នា កប់ៗមាត់ ដោយពេលខ្លះថែមទាំងបង្ហាញនូវជំហរដាច់ខាត ថាយ៉ាងណាៗនោះទៅទៀត ដូច្នេះហើយបើនឹងត្រូវគ្នាឆាប់ពេក ខ្មាសគេ! អ៊ីចឹង អូសពេលឱ្យយូរ ធ្វើឱ្យមានឆាកល្អមើល ច្រើនបន្តិចសិន សឹមបញ្ចប់រឿង! ។ ទោះយ៉ាងណាក៏ដោយ មហាជន ក៏បន់ស្រន់ ឱ្យបញ្ហា ត្រូវបានបញ្ចប់ឆាប់ៗទៅ ដើម្បីបញ្ចៀសរឿងផ្សេងទៀតដែលអាចជះឥទ្ធិពល ប៉ះពាល់ ដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម ឬមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
ជារួមជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ ជាតិ នៅព្រឹកថ្ងៃ អង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ បានដោះស្រាយ ទាំងស្រុង នូវបញ្ហានយោបាយ ដែលអូសបន្លាយជិតមួយឆ្នាំកន្លងមក ក្រោយការបោះឆ្នោតសភា តំណាងរាស្ត្រ ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ ។
ជំនួបកំពូលនេះ បានចាប់ផ្ដើមពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត២រសៀល។ សមាសភាពដែលចូលរួមតុចរចា ម្ខាងៗមាន ៨រូប ក្នុងនោះ ខាងគណបក្សប្រជាជនកម្ពុជា ,ថ្នាក់ដឹកនាំគណបក្សចំនួន៣រូប រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , ឯកឧត្តម សាយ ឈុំ, ឯកឧត្តម ស ខេង និងជំនួយការ៥រូប គឺ ឯកឧត្តម ប្រាក់ សុខុន, កឧត្តម ព្រុំ សុខា, ឯកឧត្តម សោម សឿន,ឯកឧត្តម សក់ សេដ្ឋា, និង ឯកឧត្តម កើត រិទ្ធ។
ខាងគណបក្សសង្រ្គោះជាតិ ថ្នាក់ដឹកនាំគណបក្ស មាន ឯកឧត្តម សម រង្ស៊ី , ឯកឧត្តម កឹម សុខា និង ឯកឧត្តម ប៉ុល ហំម , រីឯជំនួយការ មាន ឯកឧត្តម យឹម សុវណ្ណ, ឯកឧត្តម យ៉ែម បុញ្ញាឫទ្ធិ, ឯកឧត្តម សុន ឆ័យ, ឯកឧត្តម គួយ ប៊ុនរឿន, និង ឯកឧត្តម អេង ឆៃអ៊ាង។
បន្ទាប់ពីបញ្ចប់ជំនួបកំពូលនេះ កិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនោយបាយ រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានចុះហត្ថលេខា តំណាង គណបក្សប្រជាជនកកម្ពុជា មាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , ឯកឧត្ដម សាយ ឈុំ, ឯកឧត្ដម ស ខេង ហើយ តំណាងខាងគណបក្សសង្គ្រោះជាតិ មាន ឯកឧត្ដម សម រង្ស៊ី , ឯកឧត្ដម កឹម សុខា និង ឯកឧត្ដម ប៉ុល ហំម ។
កិច្ចព្រមព្រៀងនេះ មាន៧ប្រការ ដោយមានខ្លឹមសារជាអាទិ៍ថា ៖
-ដោយយល់ឃើញថា ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ជាមធ្យោបាយ ដ៏ល្អតែមួយគត់ ក្នុងការដោះស្រាយបញ្ហានយោបាយដែលកើតមាន ក្រោយ ការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣
-ដោយគោរពតាម ឆន្ទៈរបស់ប្រជាពលរដ្ឋ និងដើម្បី ជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសជាតិ ។
ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួប ប្រជុំពិភាក្សាគ្នា នាថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤នេះ នៅវិមានព្រឹទ្ធសភា បានព្រម ព្រៀងគ្នា លើដំណោះស្រាយ នយោបាយដែលមានខ្លឹមសារដូចខាងក្រោម៖
ប្រការ១.គណបក្សទាំងពីរបានឯកភាពគ្នាលើដំណោះស្រាយ នយោបាយដោយចូល រួមធ្វើការ ជាមួយគ្នានៅក្នុងស្ថាប័ន រដ្ឋសភា ដើម្បីឈានទៅដោះស្រាយ បញ្ហានានារបស់ ប្រទេសជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ប្រការ២.ផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃជំនួបកំពូលរវាងគណបក្សទាំងពីរនាថ្ងៃទី ១៦កញ្ញា ឆ្នាំ២០១៣ គណបក្សទាំងពីរបានឯកភាពលើកំណែទម្រង់ការបោះឆ្នោតដោយ រៀបចំស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័ន ដែលមានឯករាជ្យពេញលេញដោយមានចែង ក្នុងជំពូកមួយដោយឡែកក្នុងរដ្ឋធម្មនុញ្ញ ហើយសមាសភាពនៃស្ថាប័ននេះ ត្រូវជ្រើសតាំង ដោយរដ្ឋសភា តាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សមាស ភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន៩រូប ក្នុងនោះសមាសភាព៤ រូប ជ្រើសដោយគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ហើយសមាសភាព១រូបទៀត គឺត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ត្រូវដំណើរ ការរៀបចំ ឱ្យមានការជ្រើសរើសដោយបើកចំហរ និងតម្លាភាព នូវសមាសភាព គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតដែលមានស្រាប់ ត្រូវបន្តការងារ របស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាមច្បាប់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានថវិកាស្វយ័តសម្រាប់ដំណើរការ។
គណបក្សទាំងពីរឯកភាពគ្នា ឱ្យគណៈកម្មការចម្រុះដែលមានស្រាប់ បន្តពិភាក្សា គ្នា រៀបចំ ក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតការបោះឆ្នោតនាពេលខាងមុខ ស្របតាម សេចក្តី ប្រកាសរួមរវាងក្រុមការងារ គណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងនោះ ដោយរួមទាំងការរៀបចំ បញ្ជីឈ្មោះបោះ ឆ្នោតជាថ្មី។
ប្រការ៣៖ គណបក្សទាំងពីរឯកភាពគ្នាកំណត់ឡើងវិញ នូវកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ។
ប្រការ៤៖ គណបក្សទាំងពីរឯកភាពគ្នា ក្នុងការរៀបចំ ឱ្យមានការបែងចែកអំណាចដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ ។
តាមរយៈសន្និសីទពត៌មាន ក៏បានធ្វើឡើងក្រោយជំនួបបញ្ចប់ ឯកឧត្ដម ព្រំ សុខា តំណាងគណបក្សប្រជាជនកម្ពុជា និង លោក យឹម សុវណ្ណ តំណាងគណបក្សសង្គ្រោះជាតិ បានពន្យល់បន្ថែមទៅលើ កិច្ចព្រមព្រៀងដែលគណបក្សទាំងពីរបានសម្រេច ហើយក៏បាន ឆ្លើយតបនឹងសំណួរមួយចំនួន របស់បណ្ដាញពត៌មានជាតិ អន្តរជាតិ ដោយក្នុងនោះ ពាក់ព័ន្ធនឹងការកែទម្រង់ការបោះឆ្នោត ដែលគណបក្សទាំងពីរឯកភាពគ្នា កំណត់ឡើងវិញ នូវកាលបរិច្ចេទសម្រាប់ការបោះឆ្នោតនាពេលខាងមុខនោះ មិនមែនមានន័យថា រៀបចំការបោះឆ្នោតឡើងវិញមុនអាណត្តិទេ ។ ចំពោះសំណួរពាក់ព័ន្ធ នឹងតំណែង របស់ឯកឧត្ដម សម រង្ស៊ី ដែលមិនមែនជាតំណាងរាស្ត្រ ជាប់ឆ្នោតនោះ , លោក យឹម សុវណ្ណ បានឆ្លើយថា គណបក្សសង្គ្រោះជាតិ, មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនដែលខ្វល់ខ្វាយអំពី មានតួនាទីឬគ្មានតួនាទី តំណែងមុខងារអ្វីទាំងអស់ ទោះស្ថិតនៅ ក្នុងស្ថានភាពណាក៏ដោយ ។ ចំពោះមនុស្ស ៨នាក់ ដែលត្រូវឃាត់ខ្លួន ក្នុងនោះ ៧នាក់ ជាតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនោះ គណបក្សទាំងពីរ ព្រមព្រៀង គ្នា ស្នើទៅមេធាវីដើម្បីជំរុញនីតិវិធីឱ្យបានឆាប់ ដើម្បីអនុញ្ញាតឱ្យនៅក្រៅឃុំ ដើម្បីឱ្យពួក គាត់ បានទៅស្បថ បំពេញអភ័យឯកសិទ្ធិជាសមាជិកសភា ៕
អត្ថបទ៖ WWD. សំអាត