Friday, April 22, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៤ និង១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនិងម៉ោង១២និង១៥ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣មេសាស្អែក។ នៅអាកាសយានដ្ឋាន Aso Kumamuto ទីក្រុង Kumamuto ប្រទេសជប៉ុន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ឯកឧត្តម អូនីស៊ិ កាហ្សឺកហ្វូមិ អភិបាល ក្រុងគូម៉ាម៉ូតូ ឯកឧត្តមអនុរដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ខេត្តគូម៉ាម៉ូតូ និងឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។



ដោយឡែកនៅសណ្ឋាគារ Kumamoto Castle វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ប្រមាណ ជាង១០០នាក់។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីសប្បាយរីករាយដោយបានជួបដោយផ្ទាល់ ជាមួយបងប្អូនកូនក្មួយចៅៗ ជាសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ដែលនេះបង្ហាញឲ្យឃើញពីការគោរពស្រឡាញ់ រវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្លួន ដែលកំពុងឃ្លាតឆ្ងាយពីមាតុ ប្រទេស ទៅបំពេញការសិក្សា រកស៊ីទទួលទាន ស្នាក់នៅប្រទេសជប៉ុន។
តាមទូរលេខដែលបញ្ជាក់ដោយក្រសួងការបរទេស បានឲ្យដឹងថា នៅកម្ពុជាមានជនជាតិជប៉ុនស្នាក់នៅប្រទេសកម្ពុជា មានចំនួន ៤ ២១៦នាក់ គិតត្រឹមខែមករាឆ្នាំ២០២១ ដោយឡែកសិស្ស និស្សិត កម្ពុជាសិក្សាអាហារូបករណ៍បង់ថ្លៃ នៅប្រទេសជប៉ុនចំនួន ៦៩៣នាក់ និងមានពលរដ្ឋកម្ពុជារស់នៅ និងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសជប៉ុន មានចំនួន ៥ ២០៣នាក់ គិតត្រឹមខែមិថុនាឆ្នាំ២០២០។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣មេសា ជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។ ជាមួយគ្នានេះ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគី ជាមួយសមភាគីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន ហើយនៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលចុះហត្ថលេខារវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធន ធានទឹក និងឧតុនិយមកម្ពុជា ជាមួយឯកឧត្តម សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ ជាមួយគ្នានេះ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគីជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបសន្ទានជាមួយ ឯកឧត្តមអភិបាលខេត្តគួម៉ាម៉ូតូ និងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗ របស់ប្រទេសជប៉ុនផងដែរ៕










វិភាគអន្តរជាតិ៖ តើ Donbas ជាសមរភូមិសង្រ្គាមផ្ដាច់ព្រ័ត្ររបស់លោក ពូទីន នៅអ៊ុយក្រែន ឬ?

(កៀវ)៖ អភិបាលតំបន់លូហាន់ក៍ (Luhansk) លោក សឺហ៉ី ហៃដៃ (Serhiy Haidai) បាននិយាយថា កងកម្លាំងរុស្ស៊ី នាពេលឥឡូវនេះ បានវាយដណ្ដើមគ្រប់គ្រងបាន ៨០ភាគរយនៃតំបន់នេះហើយ ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួនពីរ ដែលបង្កើតបានជាតំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ រដ្ឋាភិបាលទីក្រុងកៀវគ្រប់គ្រង ៦០ភាគរយនៃតំបន់ Luhansk។ បើតាម ក្រុមអ្នកជំនាញ សមរភូមិសង្រ្គាមក្នុងតំបន់ដុនបាស់ ពិតជាមានសារៈសំខាន់ចំពោះលោក ពូទីន ពីព្រោះថាជ័យជម្នះនៅក្នុងសមរភូមិភាគខាងកើតនេះ នឹងកំណត់ពីជោគជ័យដ៏ធំសម្បើមនៃសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែនដែលអូសបន្លាយពេលអស់ ៥៦ថ្ងៃមកនេះ។ ប៉ុន្តែហេតុអ្វីបានជាតំបន់ដុនបាស់ មានសារៈសំខាន់សម្រាប់លោក ពូទីន?

ទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិកបានឱ្យដឹងថាលោក ពូទីន អាចនឹងយកថ្ងៃទី៩ ខែឧសភាខាងមុខ ដែលជាថ្ងៃបុណ្យជាតិនៃទិវាជ័យជម្នះរបស់ កងទ័ពរុស្ស៉ីលើកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ គឺជាកាលកំណត់នៃសង្រ្គាមនៅអ៊ុយក្រែន។ វាមិនមែនជាកាលកំណត់ដើម្បីឈ្នះ សង្រ្គាមដែលនឹងកើតឡើងនៅពេលបន្ទាប់នោះទេ តែនៅថ្ងៃនោះ លោក ពូទីន ត្រូវតែមានជ័យជម្នះមួយដើម្បីយកមកប្រាប់ប្រជាជនរុស្ស៉ី។ ដុនបាស់ ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាប់ព្រំដែនជាមួយរុស្ស៉ី គឺជាទីដែលមានប្រជាជននិយាយភាសារុស្ស៉ីភាគច្រើនរស់នៅ និងសម្បូរទៅដោយ ធនធានធម្មជាតិ ហើយបើគេចាំមិនភ្លេចទេ នៅក្នុងសុន្ទរកថាប្រកាសសង្រ្គាមលើអ៊ុយក្រែន លោក ពូទីនបានប្រកាសត្រង់ៗថាកងទ័ពរុស្ស៉ីនឹងការពារ ប្រជាជននិយាយភាសាររុស្ស៉ី និងរំដោះតំបន់ដុនបាស់ពីក្រុមអ្នកជាតិនិយមអ៊ុយក្រែនដែលលោកផ្ទាល់ចាត់ទុកថាជា «ពួកណាហ្ស៊ី»។

ជាការពិតណាស់, មកទល់នឹងពេលនេះសង្រ្គាមរបស់លោក ពូទីននៅអ៊ុយក្រែន ត្រូវបានគេមើលឃើញថាដំណើរការផ្ទុយពីអ្វីដែលលោកចង់បាន ពោលគឺ មិនអាចវាយចូលកាន់កាប់រដ្ឋធានីកៀវ, សង្រ្គាមកាន់តែជួយពង្រឹងគំនិតស្នេហាជាតិនៃកងទ័ព និងប្រជាជនអ៊ុយក្រែន ហើយកាន់តែធ្វើឱ្យ NATO និងបណ្ដាប្រទេសលោកខាងលិចរួបរួមគ្នាជាថ្មី។ ដូច្នេះហើយ ទើបថាសមរភូមិសង្រ្គាមដុនបាស់មានសារៈសំខាន់ ដ្បិតវាអាចឱ្យលោក ពូទីន ប៉ះប៉ូវការខកបំណងទាំងនេះជាមួយការប្រកាសប្រាប់ប្រជាជនរុស្ស៉ីថាលោកមិនដែលចង់គ្រប់គ្រងទីក្រុងកៀវទេ ដោយលោកផ្ដោតលើតំបន់ដុនបាស់ ប៉ុណ្ណោះ។

នៅថ្ងៃទី៩ ខែឧសភា, លោក ពូទីនអាចនឹងឈរលើវេទិកានៅឯទីលានក្រហមក្នុងទីក្រុងមូស្គូ ដើម្បីថ្លែងសារស្ដីពីតំបន់ដុនបាស់ នោះគឺលោកអាចនឹង ប្រកាសពីការរំដោះតំបន់ដុនបាស់បានទាំងស្រុងពីកណ្ដាប់ដៃពួកណាហ្ស៊ី ហើយមិនតែប៉ុណ្ណោះ លោកក៏ទំនងជាអនុញ្ញាតឱ្យតំបន់មួយនេះរៀបចំ ការបោះឆ្នោតប្រជាមតិចូលរួមជាមួយរុស្ស៉ី ដូចជាតំបន់គ្រីមៀកាលពីឆ្នាំ២០១៤។ គេនៅចាំបានថា នៅក្រោយការប្រារព្ធទិវាជ័យជម្នះកាលពីឆ្នាំ២០២១ លោក ពូទីនបានចេញផ្សាយអត្ថបទមួយដោយលើកឡើងថាប្រជាជនរុស្ស៉ី និងអ៊ុយក្រែនគឺជាប្រជាជនតែមួយ។ ដោយឡែក ជ័យជម្នះដែលអាចនឹង ធ្លាក់ក្នុងដៃលោក ពូទីនដែរនោះ គឺទីក្រុងកំពង់ផែម៉ារីយូប៉ូល។ ប្រសិនបើរុស្ស៉ីកាន់កាប់ទីក្រុងនេះបាន នោះកងទ័ពរុស្ស៉ីអាចនឹងបង្កើតច្រករបៀងមួយ រវាងទឹកដីដែលពួកគេគ្រប់គ្រងក្នុងតំបន់ដុនបាស់ និងតំបន់គ្រីមៀ ដែលអាចនឹងជួយពង្រឹងការគ្រប់គ្រងទឹកដីអ៊ុយក្រែនមួយផ្នែកធំរបស់ទីក្រុងមូស្គូ ហើយនេះអាចសំខាន់ជាងយកបានទីក្រុងកៀវទៅទៀត។ ពីព្រោះថាវាចំណេញដល់យុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់រុស្ស៉ីផង និងធ្វើឱ្យប៉ះពាល់ដល់ យុទ្ធសាស្ត្រ, សេដ្ឋកិច្ច និងអធិបតេយ្យភាពរបស់អ៊ុយក្រែនផងដែរ។

ម្លោះហើយ ដើម្បីអាចយកជ័យជម្នះឱ្យបានមុនថ្ងៃទី៩ ខែឧសភា, អំណេះតទៅ សង្រ្គាមក្នុងតំបន់ដុនបាស់នឹងក្លាយជាសង្រ្គាមយ៉ាងបង្ហូរឈាម ដោយ កងទ័ពរុស្ស៉ីនឹងប្រើកម្លាំងពេញទំហឹងវាយផ្ដាច់ព្រ័ត្រយកតំបន់មួយនេះ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីបានបញ្ជាក់ថាអ៊ុយក្រែននឹង មិនបោះបង់ទឹកដីក្នុងតំបន់ភាគខាងកើត ជាថ្នូរនឹងការបញ្ចប់សង្រ្គាមជាដាច់ខាត។ ដ្បិតលោកជឿថាប្រសិនបើរុស្ស៉ីយកបានតំបន់ដុនបាស់ នោះលោក ពូទីន អាចនឹងត្រឡប់ទៅរកទីក្រុងកៀវសាជាថ្មី៕

ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២)

ដោយ ៖ Fresh News