
Sunday, January 11, 2015
ឯកឧត្តម ស្វាយ ស៊ីថា៖ ៧ មករា ជាសច្ចធម៌ប្រវត្តិសាស្ដ្រ រំលេចនូវវីរភាពគ្មានពីររបស់ឥស្សរជនដែលបានរំដោះប្រជាពលរដ្ឋ ចេញពីរបបប្រល័យពូជសាសន៍
នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៥ នៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ មានប្រារព្ធមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៦ ថ្ងៃ ៧ មករា ១៩៧៩-៧ មករា ២០១៥ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចាត់ទុកជាថ្ងៃកំណើតទីពីររបស់ខ្លួន។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ យុវជន គ្រូបង្រៀន ប្អូនៗសិស្សានុសិស្សប្រមាណជាង ៣០០នាក់ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា បានជម្រាបអំពីឬសគល់ពិតប្រាកដនៃថ្ងៃ ៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្ដ្រ ដែលរំលេចឲ្យឃើញនូវវីរភាពគ្មានពីររបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានរួបរួមគ្នាបង្កើតចលនាតស៊ូកម្លាំងរណសិរ្ស ២ ធ្នូ ១៩៧៨ ដោយមានការចូលរួមពីកងទ័ពស្ម័គ្រចិត្តវៀតណាម ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចាប់ផ្ដើមស្ដារ កសាងប្រទេសពីចំណុចសូន្យ រហូតមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងធានាបាននូវសន្ដិភាពពេញបរិបូរណ៍ ដូចមានក្នុងពេលបច្ចុប្បន្ននេះ។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានឆ្លើយតបទៅនឹងក្រុមអ្នកនយោបាយមួយចំនួនផងដែរ ដែលបាន និងកំពុងបង្កើនល្បឿនក្នុងការឃោសនា បំភ្លៃ ភូតកុហក សាធារណមតិដោយល្បិចកលគ្រប់បែបយ៉ាង តាមរយៈការលើកឡើងដោយខុសឆ្គងថា ថ្ងៃ ៧ មករា ជាថ្ងៃដែលប្រទេសជិតខាងឈ្លានពានទឹកដី ដោយពួកគេព្យាយាមបំភ្លេចចោលទាំងស្រុងនូវទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវបានរបបខ្មៅងងឹតកាប់សម្លាប់អស់ជាង ៣លាននាក់ ការបង្ខំឲ្យធ្វើការងារធ្ងន់ហួសកម្លាំង បំផ្លាញអស់គ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធនានា និងការយកទៅសម្លាប់នូវធនធានមនុស្ស បញ្ញវ័ន្ដជាច្រើន។ ប៉ុន្ដែ ពួកក្រុមប្រឆាំងមិននិយាយមួយម៉ាត់សោះ និងមិនទទួលស្គាល់សោះឡើយ នូវវិរភាពគ្មានពីររបស់ឥស្សរជនដែលបាននាំមកនូវសុខសន្ដិភាពដូចសព្វថ្ងៃ។
ជាការបញ្ជាក់ឡើងវិញ អំពីការពិតនៃប្រវត្តិសាស្ដ្រ ឯកឧត្តម ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា មានថ្ងៃ១៧ មេសា ១៩៧៥ ទើបមាន ២ ធ្នូ ១៩៧៨ មាន ២ ធ្នូ ១៩៧៨ ទើបមាន ៧ មករា ១៩៧៩។ ដូច្នេះ អំពើកាប់សម្លាប់ដ៏សាហាវឃោរឃៅនេះ មានទំហំធំធេងណាស់ ប៉ុន្ដែក្រុមប្រឆាំងបានបន្ដភូតកុហកសាធារណមតិ ហេតុនេះ គេអាចគិតថា បញ្ហាផ្សេងៗជាច្រើនទៀត ពួកប្រឆាំងនឹងបន្ដបោកប្រាស់ប្រជាពលរដ្ឋគ្មានទីបញ្ចប់ ហើយដែលការពិតជាក់ស្ដែងនោះ កងទ័ពស្ម័គ្រចិត្តវៀតណាមបានដកចេញអស់ពីកម្ពុជា តាំងពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ១៩៨៩ មកម្ល៉េះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលឹកផងដែរថា ពីព្រោះតែមានរបបប្រល័យពូជសាសន៍នេះហើយ ទើបមានការបង្កើតនូវអង្គជំនុំជម្រះវិសាមញ្ញកាត់ទោសមេដឹកនាំខ្មែរក្រហម ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ ចំណាយថវិការាប់លានដុល្លារ ក្នុងគោលដៅជាសំខាន់ពីរយ៉ាង៖ ទីមួយ- ឲ្យពិភពលោកស្វែងយល់អំពីរបបប្រល័យពូជសាសន៍ និងទីពីរ- ឲ្យប្រជាពលរដ្ឋខ្មែរមានការចងចាំ និងទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យវិលត្រឡប់មកវិញជាថ្មី។
ក្នុងឱកាសជួបសំណេះសំណាលនៃពិធីនេះដែរ ឯកឧត្តម ស្វាយ ស៊ីថា ក៏បានជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវខិតខំពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងអាជ្ញាធរត្រូវតែខំទប់ស្កាត់ការកើតមាននូវល្បែងស៊ីសង និងការប្រើប្រាស់គ្រឿងញៀន ដើម្បីធានានូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ជាពិសេស ឯកឧត្តម ក៏រំលឹកជូនដល់ប្រជាពលរដ្ឋកុំឲ្យចាញ់បោកការឃោសនាបោកប្រាស់របស់ក្រុមប្រឆាំង ដែលនិយាយបំភ្លើសអំពីមីក្រូហិរញ្ញវត្ថុ ដែលមីក្រូហិរញ្ញវត្ថុនេះសំដៅដល់សេវាធនាគារ ផ្ដល់ប្រាក់កម្ចីមួយចំនួន ដោយពួកគេថា ធនាគារទាំងនេះជារបស់រដ្ឋ ហើយជំរុញឲ្យប្រជាពលរដ្ឋទៅខ្ចីដោយខ្វះការទទួលខុសត្រូវ គឺប្រឈមនឹងការបាត់បង់ដីធ្លី ផ្ទះសម្បែង ពីព្រោះការពិត ធនាគារទាំងនេះ គឺជារបស់ក្រុមហ៊ុនឯកជននោះទេ។ ប៉ុន្ដែក្នុងទិសដៅខាងមុខទៀត ក្រុមការងារថ្នាក់ជាតិក្នុងខេត្តតាកែវ នឹងបង្កើតសហគមន៍កសិកម្មដើម្បីសម្រួលដល់ការលំបាកជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យជៀសផុតពីការបោកប្រាស់របស់ក្រុមប្រឆាំង។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក ក្រុមការងារថ្នាក់ជាតិ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី បានជួបជុំគ្នាពិសាអាហារសាមគ្គី និងច្រៀងរាំកំសាន្ដយ៉ាងសប្បាយរីករាយខុសពីអតីតកាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដ៏ខ្មៅងងឹត ប្រៀបដូចគុកឥតជញ្ជាំងដែលបំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ត្រូវបានកាត់ផ្ដាច់។












Subscribe to:
Posts (Atom)