Sunday, October 30, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាការប្រណាំងទូកង នៅក្រុងតាខ្មៅ ខេត្តកណ្តាល

នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូកង ដែលរៀបចំនៅទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឆ្នាំនេះខេត្តកណ្តាលបានរៀបចំ ប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។
ជាមួយនិងពិធីប្រណាំងទូកនេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសម័យដែលមានតារាចំរៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ សំរាប់ការប្រណាំងទូកនេះមានទូកទាំងអស់ចំនួន៩២ទូក ក្នុងនោះ៖ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខ សុវត្តិភាព ចំនួន ៧៨៤នាក់។
ភាពសប្បាយរីករាយទាំងនេះកើតមានឡើងដោយសារ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ៕



សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខជាមួយកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការសោកសៅជាខ្លាំងចំពោះឧបទ្ទវហេតុសោកនាដកម្មនៃការរត់ជាន់គ្នារបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង នៅក្នុងខណ្ឌអ៉ីថេវ៉ុន ក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី២៩ ខែខែតុលា។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខជូនប្រធានាធិបតីកូរ៉េខាងត្បូង, សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយ»។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ គ្រាដែលពលរដ្ឋកូរ៉េខាងត្បូង ជាពិសេសយុវវ័យប្រមាណជា ១០ម៉ឺននាក់ កំពុងដើរលេងកម្សាន្តពេលរាត្រី នៃទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween ក៏បានកើតមានហេតុការណ៍រត់ជាន់គ្នានេះកើតឡើង។ ការជួបជុំដើម្បីអបអរសាទរពិធីបុណ្យ Halloween ទើបនឹងត្រូវបានបើកឱ្យមានការជួបជុំឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩។

តួលេខចុងក្រោយពីអាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញថា មនុស្សយ៉ាងហោចណាស់ ១៥៣នាក់បា នស្លាប់ និង ៨២នាក់រងរបួស ក្នុងនោះ ១៩នាក់ របួសធ្ងន់។ ក្នុងចំណោមអ្នកបាត់បង់ជីវិត តួលេខជនបរទេសបានកើនដល់ ២២នាក់ រួមមានជនជាតិចិន ៤នាក់, អ៉ីរ៉ង់៤នាក់, រុស្ស៉ី៣នាក់, អាមេរិក១នាក់, បារាំង១នាក់, អូស្រ្តាលី១នាក់, វៀតណាម១នាក់, អ៊ូសបេគីស្ថាន១នាក់, ន័រវែស១នាក់, កាហ្សាក់ស្ថាន ១នាក់, ស្រីលង្កា១នាក់, ថៃ ១នាក់ និងអូស្រ្តាលី ១នាក់ ខណៈជនបរទេសម្នាក់ចុងក្រោយ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ នៅឡើយទេ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចប្រកាសកាន់ទុក្ខរយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃសៅរ៍ សប្តាហ៍ក្រោយ៕




សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តព្រៃវែង


នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីចែកពូជស្រូវ និងស្បៀអាហារជូនប្រជាកសិករហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃខេត្តព្រៃវែង។ តាមរបាយការណ៍របស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា ការអញ្ជើញសំណេះសំណាលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខទុករបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្ត។ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ខេត្តព្រៃវែង រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងខេត្ត។ 



ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា ខេត្តបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត បាននឹងកំពុងចូលរួមសហការ ក្នុងការបង្កលក្ខណៈល្អប្រសើរ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានរយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ពាក់ព័ន្ធការងារគ្រប់គ្រងមន្ត្រីរាជការស៊ីវិលវិញ លោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រៃវែងមានមន្ត្រីរាជការស៊ីវិលសរុបចំនួន ១១,១៣២នាក់ ស្រីចំនួន ៤,៥៣៣នាក់។ ខេត្តព្រៃវែង មានក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ចំនួន ២៧នាក់ (ស្រី ០៤នាក់), ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៣ ចំនួន ២៤៩នាក់ (ស្រី ៣៤នាក់), ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ចំនួន ៨៩២នាក់(ស្រី១៥៩នាក់)។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តព្រៃវែងសារជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់  ក្នុងខេត្តព្រៃវែងទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជា តាមរយ:យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយកម្ពុជាមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញ  ដែលទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពង្រឹងកិច្ច សហប្រតិបត្តិការតាមច្រកព្រំដែន និងតាមខេត្តរបស់វៀតណាម ជាប់ព្រំដែនរបស់កម្ពុជា ដើម្បីលើកកម្ពស់ធ្វើពាណិជ្ជកម្មរវាងខេត្តនៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តព្រៃវែងដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះអោយទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕