Monday, March 02, 2020

ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប


ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០

#ហ៊ុនសែន #កម្ពុជា #អរគុណសន្តិភាព #ពិធីប្រគល់សញ្ញាបត្

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅអ្នកបំផុសព័ត៌មានតាមហ្វេសប៊ុកពីការដួលសន្លប់បណ្តាលមកពីជំងឺកូរ៉ូណានោះ គឺជាជនទុច្ចរិត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការបំផុសព័ត៌មានមិនពិតដោយសារការផ្សព្វផ្សាយនៅតាមបណ្តាញហ្វេសប៊ុកនាពេលប៉ុន្មាន ថ្ងៃនេះពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាជនខ្មែរដោយសារជំងឺកូរ៉ូណានោះគឺជាអំពើបំពុលព័ត៌មានរបស់ក្រុមទុច្ចរិតតែប៉ុណ្ណោះ។ ការបំភ្លៃព័ត៌មានគឺក្រុមទុច្ចរិតមានបំណងបំភិតបំភ័យប្រជាពលរដ្ឋទូទៅផង និងបំភិតបំភ័យ ក្រុមគ្រួសាររបស់ខ្លួនផងប៉ុណ្ណោះ ព្រោះការពិតនៅកម្ពុជា មិនមានករណីជំងឺ កូវីដ 19 នេះ កើតឡើងទេរហូតមកដល់ពេលនេះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានជនទុច្ចរិតខ្លះគ្រាន់តែគេដើរដួលសន្លប់ដោយសារប្រការផ្សេងៗបែរជាយកមកបង្ហោះផ្សាយថាដោយសារជំងឺកូរ៉ូណា ហើយនេះគឺជាការប្រឌិតព័ត៌មានក្លែងក្លាយក្នុងបំណងទុច្ចរិតបង្កចលាចលសង្គមដែលមិនខុសពីពួកភេរវករនោះឡើយ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានជំនឿថាប្រជាជនកម្ពុជានឹងមិនតក់ស្លុតដែលរហូតដល់មិនអាចគ្រប់គ្រងខ្លួនឯងបានទេ ហើយការផ្សព្វផ្សាយបំផ្លើសណាមួយមិនបានជួយអ្វីឱ្យប្រសើរក្រៅពីបង្កការភ័យខ្លាចដល់ប្រជាជននិងក្រុមគ្រួសារតែប៉ុណ្ណោះ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងឱកាសនៃពិធីបុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបងលោកនឹងអញ្ជើញចូលរួមវិញដោយសារមូលហេតុកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកត្រូវបានប្រកាសពន្យារពេលដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កាលពីមុនលោកធ្លាប់ចាត់តាំងលោកឧបនាយករដ្ឋមន្រ្តី ស ខេង ធ្វើជាតំណាងឱ្យចូលរួមជាអធិបតីប៉ុន្តែដោយសារការប្រកាសពន្យារពេលកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិកលោកត្រូវអញ្ជើញទៅចូលរួមវិញ។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០នេះ នឹងត្រូវធ្វើឡើងនៅខេត្តបាត់ដំបងក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋខ្មែរធ្វើដំណើរកំសាន្តក្នុងស្រុកជំនួសឱ្យក្រៅប្រទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជំរុញឱ្យប្រជាពលរដ្ឋខ្មែរដែលពីមុនធ្លាប់ចំណាយដើម្បីធ្វើដំណើរកំសាន្តទៅក្រៅប្រទេសនោះ គួរងាកមកធ្វើដំណើរស្វែងយល់នៅក្នុងស្រុកវិញម្តងស្របពេលដែលមានការរីករាលដាលនៃជំងឺកូរ៉ូណាថ្មីនោះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើដំណើរទេសចរណ៍ក្នុងស្រុកក៏ជាការជួយសម្រួលដល់វិស័យទេសចរណ៍ផងដែរ ហើយជាការប្រសើរគួររកមគ្គុទេសក៏ទេសចរណ៍ដើម្បីជួយទៅដល់ពួកគេឱ្យបន្តទទួលបានការងារធ្វើពីព្រោះថាកន្លងមកមានតែទេសចរបរទេសតែប៉ុណ្ណោះដែលជួយពួកគេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការធ្វើដំណើរក្នុងស្រុកនៅតាមតំបន់ប្រាសាទនានាដូចជា ប្រាសាទអង្គរវត្ត ប្រាសាទសំបូរព្រៃគុក ប្រាសាទបាក់ខែង ប្រាសាទនានាដែលមានការជួយណែនាំដោយមគ្គុទេសក៏ទេសចរណ៍នោះ គឺជាការទទួលបាននូវចំណេះដឹង និងការយល់ដឹងថែមទៀតពីប្រវត្តិសាស្រ្តផងដែរ៕