នៅសល់តែប៉ុន្មានថ្ងៃ ទៀតតែប៉ុណ្ណោះ ថ្ងៃបោះឆ្នោតនឹងមកដល់ គឺថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣។
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង ១ម៉ឺននាក់ មកពីបណ្តាសង្កាត់ ខ័ណ្ឌ នានាក្នុងក្រុងដូនកែវ បានអញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សមាជិកអចិន្រ្តៃយ៏ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នាព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៣ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានពាំនាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចទាំងបី ដែលជានិច្ចជាកាល ទោះបីប្រជាពលរដ្ឋនៅទីណាក្តី ក៏សម្តេច តែងតែ នឹករលលឹក និងគិតគូជានិច្ច អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែរ។
មានប្រសាសន៏នៅក្នុងពិធីសំណេះសំណាលនេះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានខេត្តតាកែវ ជាខេត្តមួយដែលមានអាសនៈ ៨ នៅក្នុងរដ្ឋសភា ហើយការបោះឆ្នោតនៅក្នុងខេត្តតាកែវ នេះមានការកើនឡើងនៅជានិច្ចតាំងពី ៤កៅអី រហូតដល់ ៦កៅអី នៅក្នុងអាណត្តិទី ៤ នៅក្នុងអាណត្តិទី៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សង្ឃឹមថា ខេត្តតាកែវ នឹងកើនឡើងដល់ទៅ ៧កៅអី ដោយឯកឧត្តមបានមានប្រសាសន៍ថា នេះជាការងាយស្រួលទេ ដើម្បីឈានឡើងដល់ ៧កៅអី គឺគ្រាន់តែ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនដែលមានរូបសញ្ញាទេវតា នៅលេខរៀងទី ៤ នៅថ្ងៃទី ២៨ ខែ កក្កដាខាងមុខនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានចាត់ទុកការឃោសនារបស់គណបក្សប្រឆាំងអំពីវិធីរកថវិកាដើម្បី តម្លើងប្រាក់បៀរវត្សរ៍ដល់កម្មករ មន្ត្រីរាជការ គឺជាការភូតកុហក់ គ្មានលក្ខណៈវិទ្យាសាស្ត្រទាល់តែសោះ។ បញ្ហាប្រាក់ខែកម្មករកម្ពុជាមធ្យមជាង ១៣០ ដុល្លារអាមេរិក ដែលបច្ចុប្បន្នខ្ពស់ជាងប្រទេសមួយចំនួនរួចទៅហើយ នឹងកើនឡើងនៅពេលដែលការវិនិយោគរោងចក្រកាន់តែច្រើនក្រោមការទាក់ ទាញដោយរាជរដ្ឋាភិបាល សម្តេចតេជោ និងដោយសារតែប្រទេសមានសុខសន្តិភាព ហើយកម្មករកាន់តែមានសមត្ថភាពផលិត។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបដិសេធថា ការប្រកាសយកចំណូលពីទេសចរចូលមើលរមណីយដ្ឋានអង្គរវត្ត ដើម្បីតម្លើងប្រាក់បៀរវត្សរ៍ គឺមិនអាចធ្វើបាន ព្រោះចំណូលនេះមិនគ្រប់គ្រាន់សម្រាប់ថែរក្សា និងអភិរក្សតំបន់រមណីយដ្ឋានអង្គរផងទេ ហើយដៃគូអន្តរជាតិដែលបច្ចុប្បន្នកំពុងជួយជួសជុលប្រាសាទនានា មិនគាំទ្រឡើយ។ ឯការប្រកាសលុបចោលបំណុលរបស់ប្រជាពលរដ្ឋក្នុងពេលដែលប្រទេសកម្ពុជា អនុវត្តសេដ្ឋកិច្ចទីផ្សារសេរី គឺមិនអាចធ្វើបាន ហើយជាការភូតកុហក់។ រដ្ឋគ្រាន់តែជាអ្នកសម្របសម្រួល តែមិនអាចចាប់បង្ខំឲ្យធនាគារឯកជនណាមួយលុបចោលបំណុលបានឡើយ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋណាជឿតាមបក្សប្រឆាំង ហើយទៅខ្ចីលុយធនាគារ ដោយសង្ឃឹមថា គេនឹងលុបបំណុលនោះ អាចនឹងជួបផលវិបាកជាមិនខាន។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោត ជាពិសេសកំណើនអសនៈមណ្ឌលខេត្តតាកែវជាបន្តបន្ទាប់ គឺដោយសារការដឹកនាំដ៏ល្អរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាមានសសរស្តម្ភពីរសំខាន់ គឺទី១,រំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ហើយបច្ចុប្បន្នមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហមកំពុងទទួល ការកាត់ទោសដោយតុលាការ ដោយមានការចូលរួមពីចៅក្រមបរទេស។ ទី២, កសាងបានសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា ការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជាយើងសព្វថ្ងៃ គឺដោយសារប្រទេសយើងមានសុខសន្តិភាព ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន។ អ្នកដែលធ្លាប់ឆ្លងកាត់សង្គ្រាមបានដឹងថា សុខសន្តិភាពមានតម្លៃប៉ុណ្ណា?។ បច្ចុប្បន្ន គំរូរបស់កម្ពុជាក្នុងការកសាងសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ការអភិវឌ្ឍន៍ប្រទេសទទួលបានការចាប់អារម្មណ៍នៅក្នុងពិភពលោក។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានពន្យល់ថា ការតម្លើងថ្លៃស្រូវជូនកសិករ ក្រៅពីការដាក់ចេញគោលនយោបាយនាំអង្ករចេញ១លានតោន ក្នុងឆ្នាំ២០១៥ គឺត្រូវទាក់ទាញការវិនិយោគរោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃអង្ករនាំចេញឲ្យមានស្តង់ដារអន្តរជាតិ និងការស្វែងរកទីផ្សារ ទើបធ្វើឲ្យតម្លៃស្រូវរបស់កសិករកើនឡើង មិនមែនគ្រាន់តែសន្យានោះទេ។ ម្យ៉ាងវិញទៀតនោះគឺមិនមាននរណាម្នាក់អាចកំណត់តម្លៃស្រូវបានស្រេចតែចិត្តដូចគណបក្សប្រឆាំងដែលតែងតែឃោសនាបោកប្រាស់នោះទ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានរំលឹក និងផ្តាំដោយមានប្រសាសន៏ថា បើស្រឡាញ់,បើអាណិត, បើពេញចិត្ត, បើជឿទុកចិត្ត សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេរៀងទី៤ ដែលមានសញ្ញា ទេវតាបាចផ្កាជាសំគាល់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ឲ្យបានគ្រប់ៗគ្នាកុំបីខាន។
ប្រជាពលបានប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី៤ ដោយសារគណបក្សប្រជាជនកម្ពុជាមានគុណសម្បត្តិដែលជាសសរស្តម្ភពីរ សំខាន់ គឺការរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ និងការកសាងសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ ជាពិសេសគណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ មិនសន្យាចោលទេ។