
Friday, November 28, 2014
ក្រុមហ៊ុនកូកាកូឡា គ្រោងពង្រីករោងចក្រនៅកម្ពុជា ដែលមានទុនប្រមាណជា ១០០ លានដុល្លារអាមេរិក
ក្នុងជំនួបសំដែងការគួរសមជាមួយ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៧ ខែវិច្ឆិកា
ឆ្នាំ២០១៤ លោក Martin Jansen នាយកប្រចាំប្រទេសចិន និងអាស៊ីអាគ្នេយ៍ បានគោរពជំរាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា៖ ក្រុមហ៊ុនរបស់លោក មានគម្រោងពង្រីក រោងចក្រនៅកម្ពុជា ដែលមានទុនរហូតប្រមាណជា ១០០លានដុល្លារនៅ២០១៤ ដល់ឆ្នាំ ២០១៨។
លោក Martin Jansen បានបញ្ជាក់ថា តាមរយៈនៃការពង្រីករោងចក្រនេះ
នឹងអាចបង្កើតការងារ ដល់ប្រជាពលរដ្ឋខ្មែរ
ជាង៣០០នាក់បន្ថែមទៀត ដែលជាការចូលរួមចំណែក ដល់វិស័យ ការងារនៅកម្ពុជា។ លោក Martin បានបន្តថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រុមហ៊ុនរបស់ លោកមានការរីកចំរើនទ្វេជាពីរនៅក្នុងប្រទេសកម្ពុជា ហើយមានបុគ្គលិកសរុប ៦៥០នាក់
ក្នុងនោះ៦៤៨នាក់ជាកម្ពុជា គឺមានតែ២នាក់ទេ ជាជនជាតិបរទេស។ លោក Martin
បានឱ្យដឹងដែរថា ក្រុមហ៊ុនរបស់លោកនៅកម្ពុជា គឺទទួលបានជោគជ័យធំជាងគេនៅក្នុងតំបន់
អាស៊ីនេះហើយមានកំណើន ពី២០ ទៅ៣០% ក្នុង១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០កន្លងមក។
ក្រុមហ៊ុនក៏បាន ប្តេជ្ញា ចិត្ត ធ្វើ យ៉ាង ណាឱ្យមានតម្លាភាព ព្រមទាំងគោរពតាមច្បាប់ទម្លាប់របស់
កម្ពុជា ក៏ដូចជាបានចុះហត្ថលេខា ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ
(ACU)។ ក្រៅពីនោះ ក្រុមហ៊ុននៅបានជួយដល់កិច្ចការ សង្គម ដូចជាវិស័យទឹកស្អាត
វិស័យអប់រំ និង ការពង្រឹង សហគ្រិនសម្រាប់ស្រ្តីផងដែរ ។
លោក Martin Jansen បានបន្តថាក្រុមហ៊ុនរបស់លោក
មានការគោរពច្បាប់យ៉ាងត្រឹមត្រូវ និងបានបង់ពន្ធជូនរដ្ឋ ជាក់ស្តែងក្នុងឆ្នាំ ២០១៣ កន្លងមកនេះបានបង់ពន្ធជូនរដ្ឋចំនួន ១០ លានដុល្លារអាមេរិក និង ឆ្នាំ២០១៤ បានបង់ពន្ធជូនរដ្ឋចំនួន ១២ លាន ដុល្លារអាមេរិក ថែមទៀតផង ។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះជោគជ័យ នៃ អាជីវកម្ម របស់ក្រុមហ៊ុនកូកាកូឡានៅកម្ពុជា និងបានកោតសរសើរដល់ការចូលរួមចំណែក ក្នុងការកសាងអភិវឌ្ឍ ពង្រឹងសហគមន៍ ជាពិសេសសហគមន៍ជាស្ត្រី ដែលនេះគឺជា ប្រធានបទមួយ ដែលបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំនៅទីក្រុង ណៃពិដោ ប្រទេស មីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។ ជាមួយនេះ សម្តេចបានកោតសរសើរដល់ក្រុមហ៊ុន ដែលបានប្រើប្រាស់បុគ្គលិកកម្ពុជារហូតដល់៦៤៨នាក់ ក្នុងចំណោមបុគ្គលិកសរុប៦៥០នាក់។
ជាទីបញ្ចប់ សម្តេចតេជោ បានស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុនបន្តការវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាបន្តទៀត៕
Subscribe to:
Posts (Atom)