Thursday, February 16, 2017

បារំាងព្រមានរុស្ស៊ីប្រឆាំងនឹងការជ្រៀតជ្រែកការបោះឆ្នោត

ប្រទេសបារាំងបានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងមិនទទួលយកការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ី ឬប្រទេសណាមួយនោះទេ នៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួន ហើយនឹងវាយបកវិញប្រសិនបើចាំបាច់។
ការសន្យារបស់រដ្ឋមន្ត្រីការបរទេសលោក Jean-Marc Ayrault បានធ្វើឡើងបន្ទាប់ពីមានការតវ៉ារបស់បេក្ខជននាំមុខក្នុងការបោះឆ្នោតលោក Emmanuel Macron ដែលយុទ្ធនាការរបស់គាត់គឺដាក់ទិសដៅលើ «ព័ត៌មានក្លែងក្លាយ» ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ     រុស្ស៊ី ព្រមទាំងការវាយប្រហារតាមអ៊ីនធឺណិតលើមូលដ្ឋានទិន្នន័យរបស់ខ្លួន។
លោក Ayrault បានប្រាប់សភាថា «យើងនឹងមិនទទួលយកការជ្រៀតជ្រែកណាមួយនៅក្នុងដំណើរការបោះឆ្នោតរបស់យើង មិនថា ពីប្រទេសរុស្ស៊ី ឬក៏មកពីបណ្តាប្រទេសផ្សេងទៀតណាមួយនោះឡើយ។ នេះគឺជាការលើកឡើងនៃលទ្ធិប្រជាធិបតេយ្យរបស់យើង អធិប តេយ្យភាពរបស់យើង និងឯករាជ្យភាពជាតិរបស់យើង»។
គាត់បាននិយាយថា បារាំងនឹងកំណត់ពេលវេលាច្បាស់លាស់ «រួមទាំងវិធានការវាយបកនៅពេលដែលចាំបាច់ ព្រោះគ្មានប្រទេសណាមួយអាចមានឥទ្ធិពលលើការជ្រើសរើសរបស់បារាំងនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចជ្រើសរើសប្រធានាធិបតីនាពេលអនាគតនៃសាធារណរដ្ឋនោះឡើយ»។
វិមានក្រឹមឡាំងបានឱ្យដឹងកាលពីថ្ងៃអង្គារថា ការចោទប្រកាន់ធ្វើឡើងដោយចលនាលោក Macron គឺគ្មានន័យ។ ពួកប្រកាន់និយមកណ្តាលមានការពេញចិត្តឱ្យមានការបោះឆ្នោតខែមេសា និងខែឧសភា មុនក្រុមប្រកាន់ស្តាំនិយមដែលមានមេដឹកនាំលោកស្រី Marine Le Pen និងគណបក្សអភិរក្សនិយមលោក Francois Fillon ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក បានបញ្ចប់ការវាយតម្លៃមួយនៅក្នុងខែមករាថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យជួយផ្តល់ឱកាសការបោះឆ្នោត ដល់លោក Donald Trump តាមរយៈការបង្ខូចឈ្មោះលោកស្រី Hillary Clinton ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន រួមមានទាំងការលួចចូលតាមប្រព័ន្ធអ៊ីម៉េលពីគណៈកម្មាធិការជាតិប្រជាធិបតេយ្យ។
ខណៈដែលប្រទេសរុស្ស៊ីបានបដិសេធការចូលរួម អាមេរិកបានជំរុញឱ្យទីភ្នាក់ងារ   សន្តិសុខរបស់ខ្លួនបង្កើនការយាមកាមរបស់ពួកគេ ប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតខណៈដែលអឺរ៉ុបប្រឈមនឹងការបោះឆ្នោតដ៏ធំនៅឆ្នាំនេះក្នុងប្រទេសអាល្លឺម៉ង់ ហូឡង់ ព្រមទាំងប្រទេសបារាំងផងដែរ។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកបានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក Francois Hollande បានអំពាវនាវឱ្យមានកិច្ចប្រជុំនៃប្រមុខការពារជាតិនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ហើយទាមទារឱ្យមាន «វិធានការការពារ និងគ្រប់គ្រងឱ្យបានជាក់លាក់» ដែលត្រូវបានគេប្រកាន់យកនៅក្នុងយុទ្ធនាការបោះឆ្នោត ។ កិច្ចប្រជុំនេះត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ៕
​​​ ​ប្រភព: Reuters

រដ្ឋសភានឹងប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីគណបក្សនយោបាយ នៅថ្ងៃទី២០ កុម្ភៈ ខាងមុខនេះ

នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ អគ្គលេខាធិការរដ្ឋសភាបានចេញសេក្តីជូនដំណឹង ជម្រាបជូនសាធារណជនថា នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខ វេលាម៉ោង ៨ព្រឹក រដ្ឋសភាជាតិ នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រៀងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ៕
សូមអានខ្លឹមសារលិខិតទាំងស្រុង៖

ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ បញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់គឺជាក្រុមហ៊ុនឯកជន

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ​ជាតិ​នៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម ដើម្បីធ្វើការឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការលើកឡើង​ថា​​គ្រឹះ​​ស្ថាន​​មីក្រូ​ហិរញ្ញវត្ថុទាំងអស់ គឺជាគ្រឹះស្ថានរបស់រដ្ឋ។
សេចក្តីថ្លែងការរួមនោះ បានបញ្ជាក់ថា នាពេលកន្លងមកនេះ រាជរដ្ឋាភិបាល បានសង្កេត​ឃើញ​ថា ប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទ តែងតែមានការយល់ច្រឡំថា ធនា​គារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើ គ្រឹះស្ថានមីក្រូហិ​រ​ញ្ញវត្ថុ​មិន​ទទួលប្រាក់បញ្ញើ និងប្រតិបត្តិការឥណទានជនបទ គឺជាគ្រឹះស្ថានរបស់រដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ក៏បានបញ្ជាក់ថា គ្រឹះស្ថានទាំងនោះ គឺជាក្រុមហ៊ុនឯកជន ដែល ត្រូវតែស្វែងរកប្រាក់ចំណេញសម្រាប់ទ្រទ្រង់និរន្តរភាពប្រតិបត្តិការរបស់ខ្លួន៕
សូមអានសេចក្តីថ្លែងការណ៍រួមខាងក្រោម៖



និស្សិតសាកលវិទ្យាល័យតិចណូចុះកម្មសិក្សាស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទឹកនៅតំបន់អង្គរ

និស្សិតមហាវិទ្យាល័យទេពកោសល្យជនបទ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា ហៅសាលាតិចណូ បានចុះកម្មសិក្សាស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទឹកនៅតំបន់អង្គររយៈពេល៤ថ្ងៃ។ និស្សិតទាំងនោះបានទៅស្វែងយល់នៅទីតាំងផ្សេងៗគ្នា ដោយមានការពន្យល់ និងបង្ហាញដោយអ្នកបច្ចេកទេសទឹករបស់អាជ្ញាធរជាតិអប្សរា។
នៅរសៀលថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយនៃដំណើរចុះកម្មសិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងទឹក និស្សិតសាលាតិចណូបានទៅស្វែងយល់អំពីអាងស្ទាក់ខ្សាច់នៅកសិណខាងជើងប្រាសាទអង្គរវត្ត។ ពួកគេបានស្តាប់អ្នកជំនាញទឹកពន្យល់ពីដំណើរការមួយៗនៃអាងស្ទាក់ខ្សាច់ ដែលដាក់ស្ទាក់នៅទ្វារទឹកអូរសំពៅលូនចូលកសិន្ធុអង្គរវត្ត។
លោក ទឹម ឆោម បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងធានទឹករបស់អាជ្ញាធរជាតិអប្សរា បានពន្យល់ពីចរន្តនៃការរៀបចំអាងស្ទាក់ខ្សាច់នេះថា វាត្រូវបានបែងចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺការរៀបចំជាជញ្ជាំងពេញ ដោយមានចោះប្រហោង ហើយតួនាទីរបស់វាសម្រាប់ស្ទាក់សំរាមធំៗ មានដូចជាមែកឈើ ថង់ផាស្ទិក សំបកដូង។ល។ ហើយតួនាទី២ វាជួយបន្ថយល្បឿនទឹក កុំឲ្យគួចយកខ្សាច់ទៅក្រៅ។
ចំណែកដំណាក់កាលទី២ លោក ទឹម ឆោម រៀបរាប់បន្តថា គេបានរៀបចំជាធ្មេញរណារ ឬភាសាបច្ចេកទេសហៅថា ជញ្ជាំងឡាប៊ឺរីន ដែលគេប្រើវានៅទីតាំងតូចតែចង់បានប្រវែងទឹកហូរវែង។ ជាក់ស្តែងនៅជញ្ជាំងនេះវាមានប្រឡោះ១៥ម៉ែត្រតែប៉ុណ្ណោះ តែបត់ចុះបត់ឡើងមានប្រវែងសរុប ៤៥ម៉ែត្រ។ ក្នុងអាងនេះ វាធ្វើឲ្យផ្ទៃទឹកខាងលើស្ងប់ និងធ្វើឲ្យខ្សាច់មានលទ្ធភាពធ្លាក់ចុះទៅក្រោមបានលឿន។
សម្រាប់ដំណាក់កាលទី៣វិញ ក៏ទឹកមានភាពស្ងប់ដែរ វាធ្វើឲ្យខ្សាច់ធ្លាក់ចុះ ទើបទឹកហូរចូលទៅក្នុងកសិន្ធុ។ តាមការបញ្ជាក់ពីអ្នកបច្ចេកទេសខាងលើ ក្នុងចំណោមអាងស្ទាក់ខ្សាច់ទាំង៣ដំណាក់កាល គឺមានតែអាងទី២ប៉ុណ្ណោះ ដែលអាចស្ទាក់ខ្សាច់បានច្រើនជាងគេ។
សាស្រ្តាចារ្យដឹកនាំកម្មសិក្សា លោក ឈួន គង់ បានឲ្យដឹងថា និស្សិតដែលចុះកម្មសិក្សានេះ គឺជានិស្សិតដែលទទួលបានអាហារូបករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB។ ហើយនិស្សិតទាំងនេះមានចំនួន២៩នាក់ ដែលក្នុងគោលបំណងដើម្បីយល់ដឹងពីប្រព័ន្ធគ្រប់គ្រងទឹកនៅតំបន់អង្គរ។
លោកសាស្រ្តាចារ្យបន្តទៀតថា ក្នុងរយៈពេល៤ថ្ងៃនេះ មន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា បាននាំនិស្សិតទៅមើលការងារគ្រប់គ្រងទឹកនៅតំបន់មួយចំនួនរួមមាន នៅប្រាសាទនាគព័ន្ធ ដែលទីនោះនិស្សិតបានដឹងពីការរៀបចំប្រព័ន្ធច្រោះទឹកតាមបែបបុរាណ និងស្គាល់ទីតាំងនោះថាធ្លាប់ជាមន្ទីរពេទ្យសម័យបុរាណ ដែលលោកពុំធ្លាប់ដឹងពីមុនមក។ លោកបន្ថែមថា និស្សិតក៏បានចុះទៅបារាយណ៍ទឹកថ្លា ដើម្បីយល់ដឹងពីការរៀបចំបង្វែរទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ ការបង្កើតប្រព័ន្ធធារាសាស្រ្ត ការបង្កើតប្រព័ន្ធលូទឹក និងរំដោះទឹកជំនន់។ល។
ក្នុងនោះដែរលោក សាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ជាពិសេសឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ ដែលបានផ្តល់អ្នកជំនាញដើម្បីដឹកនាំពន្យល់ក្នុងកម្មសិក្សារបស់និស្សិតទាំង៤ថ្ងៃនេះ។
និស្សិតឆ្នាំទី៥ នៃមហាវិទ្យាល័យទេពកោសល្យជនបទ កញ្ញា ម៉េង សោភ័ណ្ឌ បានឲ្យដឹងថា ក្នុងដំណើរចុះកម្មសិក្សាអំពីការគ្រប់គ្រងទឹកនៅតំបន់អង្គរនេះ ធ្វើឲ្យនាងបានយល់ដឹងជាច្រើនអំពីការងារទាំងនេះ។ កញ្ញាបន្ថែមថា វាពិតជាមានភាពអស្ចារ្យណាស់ ក្រោយពីដឹងអំពីការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា។
អ្វីដែលពិសេស និងធ្វើឲ្យកញ្ញា ម៉េង សោភ័ណ្ឌ ភ្ញាក់ផ្អើលនោះ គឺការច្រោះទឹកបែបធម្មជាតិ ការវាស់កម្ពស់ទឹកនៅប្រាសាទនាគព័ន្ធ។ ក្រៅពីនេះនាងក៏បានយល់ពីប្រព័ន្ធបញ្ជៀសទឹក អាងស្ទាក់ខ្សាច់ និងបានទៅដល់ទ្វារទឹកប្រាសាទតាសោម ដែលគេសង់ឡើងដើម្បីបង្ការគ្រោះទឹកជំនន់នៅតំបន់អង្គរ ក៏ដូចជាក្រុងសៀមរាបទាំងមូល។
គួរបញ្ជាក់ថា អាងស្ទាក់ខ្សាច់នៅចំណុចទ្វារទឹកអូរសំពៅលូន ត្រូវបានសង់ឡើងនៅអំឡុងឆ្នាំ២០១៥។ អាងនេះមានសារសំខាន់ណាស់ ក្នុងការស្ទាក់ខ្សាច់មិនឲ្យហូរចូលក្នុងកសិន្ធុអង្គរ ដែលតាមការព្រួយបារម្ភរបស់អ្នកជំនាញ គឺវាអាចបណ្តាលឲ្យកសិន្ធុទាំងមូល រាក់ទៅថ្ងៃខាងមុខ៕



ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ទទួលស្វាគមន៍ព្រះរាជដំណើររបស់ព្រះករុណាព្រះមហាក្សត្រ និងព្រះមហាក្សត្រី

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ទទួលស្វាគមន៍ព្រះរាជដំណើរយាងមកដល់ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បានយាងមកដល់ទឹកដីអង្គរខេត្តសៀមរាបហើយ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ។
តាមគម្រោង ព្រះរាជវត្តមានរបស់ព្រះអង្គទាំងទ្វេនៅលើទឹកដីអង្គរខេត្តសៀមរាបនេះ ព្រះអង្គនឹងយាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីកាត់ឫសសីមាព្រះវិហារវត្តស្វាយដង្គំ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងយាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធខ្សែភាពយន្តខ្នាតអន្តរជាតិរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” នៅព្រះលានជល់ដំរីនៃទីក្រុងអង្គរធំដែលជាអតីតរាជធានីដ៏ឧត្តុង្គឧត្តម នាកំឡុងសតវត្សទី៩ដល់ទី១៥ ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ឆ្មាំ កម្មករ នៃអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋគ្រប់រូប សូមថ្វាយព្រះពរ សូមព្រះអង្គទាំងទ្វេ មានព្រះសុវត្ថិភាពក្នុងព្រះរាជដំណើរបំពេញបេសកកម្មនៅលើទឹកដីអង្គរខេត្តសៀមរាប និងសូមប្រសិទ្ធពរចំពោះព្រះអង្គទាំងទ្វេ សូមមានព្រះរាជសុខភាពមាំមួន ដើម្បីគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គទូទាំងព្រះនគរ៕





ហ្វេសប៊ុក ចៅចាក់ស្មុក៖ លោក គឹម សុខ នេះមិនមែនជាអ្នកវិភាគទេ តែជាអ្នកឃោសនានយោបាយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Chaksmok Chao ចៅចាក់ស្មុក» បានបង្ហោះផ្សាយនូវអត្ថបទមួយពាក់ព័ន្ធនឹងបញ្ហា ក៏ដូចជាប្រវត្តិ​របស់​លោក គឹម សុខា ដែលបានអះអាងខ្លួនឯងថាជាអ្នកវិភាគនោះ។
ហ្វេសប៊ុក Chaksmok Chao ចៅចាក់ស្មុក បានបង្ហោះថា៖ គ្មានការពន្យាពេលណាមួយសម្រា​ប់អ្នកឃោសនានយោបាយ គឹម សុខ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញទេ។ អ្នកឃោសនានយោបាយរូបនេះ ត្រូវបានព្រះរាជអាជ្ញារង សៀង សុខ កោះឱ្យចូលបង្ហាញខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ព្រឹក។
តាមលោកបណ្ឌិត សុខ ទូច លោក គឹម សុខ នេះមិនមែនជាអ្នកវិភាគទេ តែជាអ្នកឃោសនានយោបាយ។ ពិតជាត្រឹមត្រូវ! លោក គឹម សុខ ជាអតីតសកម្មជនគណបក្សហ្វ៊ុនស៊ិនប៉ិចតាំងពីឆ្នាំ ១៩៩៨ មក និងក្រោយមកបានចូលរួមជាមួយសម្តេចក្រុមព្រះ ក្នុងគណបក្ស នរោត្តម រណឬទ្ធិ។ បើមិនច្រឡំទេ លោក គឹម សុខ ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់លោក មុត ចន្ថា នៅក្នុងក្រុមការងារព័ត៌មានរបស់គណបក្ស នរោត្តម រណឬទ្ធិ។
សំឡេងលោក គឹម សុខ ត្រូវបានគេប្រើដើម្បីអានព័ត៌មាន ឬវិចារណកថាផ្សេងៗនៅក្នុងកម្មវិធីវិទ្យុគណបក្ស នរោត្តម រណឬទ្ធិ។ តើលោក គឹម សុខ អាចត្រូវបានលោក មុត ចន្ថា សមា​ជិកគណបក្សសង្គ្រោះជាតិ ក្រុមលោក កឹម សុខា ប្រើប្រាស់ដើម្បីឃោសនានយោបាយឱ្យគណបក្សសង្គ្រោះជាតិដែរឬទេ? នេះជាចម្ងល់មួយ៕

ហ្វេសប៊ុក សីហា៖ ការបែកធ្លាយរឿងសម រង្ស៊ី ចុះកិច្ចព្រមព្រៀងជាមួយយួនជារឿងគួរឱ្យព្រឺក្បាល!

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក សី ហា បានបង្ហោះផ្សាយនូវអត្ថបទ​ជា​ទ​ស្ស​នវិភាគមួយក្រោមចំណងជើងថា «ការបែកធ្លាយរឿង សម រង្ស៊ី ចុះកិច្ចព្រម​ព្រៀង​ជា​មួយ​យួនជារឿងគួរឱ្យព្រឺក្បាល!»។
ហ្វេសប៊ុក សី ហា បានសរសេរថា៖ គិតៗទៅ អំពើអាក្រក់មិនបាច់រង់ចាំដល់ជាតិក្រោយទេ។ វាអាចផ្តល់ផលទាន់ហន់ក្នុងជាតិនេះតែម្តង។ លោក សម រង្ស៊ី ដែលធ្វើនយោបាយ​អត្តឃាតរហូតដល់អស់ផ្លូវដើរ ហើយគ្មានជម្រើសអ្វី​ក្រៅពីប្រកាសលាលែងចេញពីតំណែងប្រធានបក្សសង្គ្រោះជាតិនោះ គឺជាបាបកម្ម​របស់គាត់ដែលបានសាង។ មេដឹកនាំបក្សប្រឆាំងរូបនេះដែលតែងតែនិយាយបំផុសប្រជាជនឱ្យស្អប់យួន ពូកែលាបពណ៌ឱ្យគេរឿងយួន តែទីបំផុតគឺខ្លួនឯងទេដែលបានចុះហត្ថលេខា​លើ​កិច្ចព្រមព្រមព្រៀងទទួលស្គាល់ជនជាតិភាគតិច យួនដេហ្កាទាំងអស់ដែលរស់នៅភាគខាងជើងប្រទេស​កម្ពុជា ហើយសន្យាកាត់ដីក្នុងខេត្តមួយចំនួនឱ្យពួកគេរស់នៅទៀតផង។ ព័ត៌មាននេះទើបតែបែកធ្លាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ សី ហា ដែលបានចុះផ្សាយរឿងនេះទាំងខ្លឹមសារ និងរូបភាពដែលមិនអាចប្រកែកបាន។ រឿងអាស្រូវដ៏គួរឱ្យព្រឺក្បាលមួយនេះ​មិនអាចឱ្យពលរដ្ឋខ្មែរ​ទទួលយកលោកសម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំងមួយតទៅទៀតបានទេ។ ដូច្នេះ ការលាលែងពីតំណែងរបស់គាត់ជាដំណឹងដ៏ល្អបំផុតសម្រាប់​ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស។
មកដល់ត្រឹមនេះ ខ្ញុំសូមវិភាគបន្តិចអំពីការលាលែងចេញពីតំណែងរបស់លោក សម រង្ស៊ី។ ការលាលែងនេះគឺជាលទ្ធផលនៃនយោបាយអត្តឃាតដែលមេដឹកនាំបក្សប្រឆាំងរូបនេះតែងតែ​ធ្វើជារៀងរហូតមក។ នរណាក៏ស្គាល់ដែរថាទណ្ឌិត សម រង្ស៊ី ជាមនុស្សដែលធ្វើនយោ​បាយគ្មានយុទ្ធសាស្ត្រ គ្មានទស្សនៈវិស័យវែងឆ្ងាយ គឺធ្វើតែតាមអារម្មណ៍នឹកឃើញ។ មួយថ្ងៃៗ គិតតែពីរុកគួន រករឿងគណបក្សកាន់អំណាចឥតឈប់ឈរ។ មួយថ្ងៃៗគិតតែពីបំផុសបំផុលឆ្កឹះឆ្កៀលលចង់ឱ្យមានចលាចលសង្គម។ គាត់ដុតកម្តៅនយោបាយឱ្យឆេះក្តៅរហូតដោយមិនឱ្យអ្នកណាបានសុខ​ឡើយ។
ដោយសារតែគំនិតអាក្រក់ជួរជាតិនេះហើយបានជាលោក សម រង្ស៊ី ជាប់បណ្តឹងរាប់មិនអស់នៅតុលាការរហូតដល់រើខ្លួនមិនរួច។ ពេលនៅក្រៅស្រុក គាត់គិតតែពីលោតរហូត ជួនកាលលោត មិនដឹងទិសខ្យល់​ក៏ត្រូវដួលបាក់ចង្កេះជាញឹកញាប់។ ទោះជាយ៉ាងនេះក៏ដោយ ក៏លោក សម រង្ស៊ី ដែលប្រៀបបាននឹងសត្វមមាចមិនស្គាល់ភ្លើង នៅតែសប្បាយនឹងការធ្វើនយោបាយមិនដឹងខ្យល់របស់ខ្លួនតែរហូត។ ទីបំផុត គាត់​បានដឹកនាំគណបក្សសង្គ្រោះជាតិ​ទៅដល់មាត់ជ្រោះមរណៈ។ គាត់អស់ផ្លូវ រឹងថ្គាម គ្មានជម្រើស​ក្រៅពីការប្រកាសលាលែងពីតំណែងជាប្រធានគណបក្សយ៉ាងអាម៉ាស់ពីព្រោះបើគាត់មិនលា​លែងទេ លោក សម រង្ស៊ី ខ្លាចជាប់ឈ្មោះថាជាអ្នកបំផ្លាញគណបក្សសង្គ្រោះជាតិឱ្យ​រលាយ​ដូចអំបិលត្រូវទឹក។
ទោះជាគាត់លាចេញពីតំណែងយ៉ាងអាម៉ាស់បែបនេះក៏ដោយ ក៏ទណ្ឌិតសម រង្ស៊ី នៅឆ្លៀតកេងចំណេញពីការលាចេញពីតំណែងនេះដែរ។ គាត់បានខិតខំប្រែក្លាយភាពអាម៉ាស់នេះដើម្បីទាក់ទាញសមានចិត្តអ្នកគាំទ្រផ្កាប់មុខមួយចំនួន រាប់ទាំងអ្នកវិភាគផ្កាប់មុខ​ខ្លះផងដោយខំធ្វើឱ្យគេអាណិតអាសូរ ហើយចាត់ទុកការលាលែងយ៉ាងអាម៉ាស់នេះថាជា​ការ​លះបង់ទៅវិញ​។ តើលោក សម រង្ស៊ី ឯណាទៅហ៊ានលះបង់តំណែងងាយៗបែបនេះ? គាត់ធ្វើនយោបាយដោយតាំងខ្លួនជាតួឯករហូតមក ដោយគ្មានអ្នកណាហ៊ានប្រឆាំងតវ៉ាទេ។ បើអ្នកណាហ៊ានបញ្ចេញមតិរិះគន់លោកប្រធាន អ្នកនោះច្បាស់ជានឹងត្រូវបណ្តេញចេញពីបក្ស ហើយនឹងត្រូវគេលាបពណ៌ថា លក់ក្បាលឱ្យបក្សផ្សេងជាមិនខាន។
ទោះបីជាពេលនេះ លោក សម រង្ស៊ី លាចេញពីតំណែងប្រធានបក្សសង្គ្រោះជាតិ ក៏គាត់មិនប្រាកដថាអាចសង្គ្រោះបក្សខ្លួនឯងឱ្យរស់រានមានជីវិត​បាននោះដែរពីព្រោះអំពើអាក្រក់ដែលគាត់បានសាងមានច្រើនរាប់មិនអស់។ មានតែអ្នកផ្កាប់មុខមួយចំនួនប៉ុណ្ណោះ​ដែលនៅតែជឿលោក សម រង្ស៊ី ហើយនៅតែខិតខំលាបក្រែម ថែម​ម្យៅឱ្យលោក សម រង្ស៊ី ពីភាពអាម៉ាស់មកជាភាពគួរឱ្យអាណិតអាសូរនោះ។ ក្រៅពីនោះ គេបាន​មើលឃើញគ្រប់គ្នាថា គឺជាភាពទាល់ច្រករបស់លោក សម រង្ស៊ី យ៉ាងពិតប្រាកដ ដោយសារតែគាត់សាងអំពើអាក្រក់ច្រើនពេក។
ជាក់ស្តែង រឿងអាស្រូវក្បត់ជាតិមួយដែលទើបត្រូវបានគេទម្លាយតាម​ហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ គឺពាក់ព័ន្ធនឹងការឃុបឃិតជាមួយយួន ទទួលស្គាល់ជនជាតិភាគតិចយួនថាជា​ជនជាតិខ្មែរ ហើយថែមទាំងអនុញ្ញាតឱ្យអ្នកទាំងអស់នោះរស់នៅលើទឹកដីខ្មែរដោយកាត់ដីខ្មែរឱ្យយួនថែមទៀត។ នេះឬអ្នកដែលអះអាងមិនដាច់ពីមាត់ថាស្អប់យួននោះ? រឿងអាស្រូវក្បត់ជាតិចុងក្រោយរបស់គាត់នេះ បានធ្វើឱ្យគេនឹកឃើញ​ដល់អតីតកាលរបស់គ្រួសារគាត់ដែលមិនខុសពីសុភាសិតខ្មែរបានចារទុកថា ” ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន “។ នេះជាទណ្ឌកម្មរបស់ដូនតាខ្មែរដែលបានដាក់ទៅលើទណ្ឌិតសម រង្ស៊ី ឱ្យជ្រុះពីតំណែង​ប្រធានគណបក្សប្រឆាំងដើម្បីកុំឱ្យគាត់មានឱកាសប្រព្រឹត្តអំពើក្បត់ជាតិដែលគាត់កំពុងធ្វើនេះតទៅទៀតបានឡើយ៕
ដោយ៖ សាស្ត្រចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម


ពាក្យ​បណ្តឹង​ទី២ ប្តឹងលោ​ក គឹម សុខ របស់​លោក ហ៊ុន សែន បាន​ដាក់​ចូល​ទៅ​កាន់​​សាលា​ដំ​បូង​រាជធានីភ្នំ​ពេញជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃនេះ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក គី តិច មេធាវីតំណាងដោយអាណត្តិ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទី២ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាផ្លូវហើយ ដោយប្តឹងលោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយពីបទ «បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឱ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រកមុខឃាតកមិនឃើញ»។
លោកមេធាវី គី តិច បានបញ្ជាក់ថា «ពាក្យបណ្តឹងទី២ សម្តេចតេជោ ហ៊ុន សែន សម្រេចប្តឹងទាមទារសំណងចំនួន១០លានរៀល បន្ថែមលើករណីទី១ បណ្តឹងទី២ប្តឹងពីបទបរិហាកេរ្តិ៍ ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឱ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ»។
សូមជំរាបថា នាពេលថ្មីៗព្រះរាជអាជ្ញាបានចេញដីកាកោះហៅ លោក គឹម សុខ អ្នកវិភាគមួយរូប ដែលចោទគណបក្សកាន់អំណាចជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ឱ្យចូលខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ វេលាម៉ោង៩៖០០នាទីព្រឹក និងបង្គាប់ឱ្យសមត្ថកិច្ចត្រួតពិនិត្យច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហាមឃាត់ឈ្មោះ គឹម សុខ ជាជនសង្ស័យមិនឱ្យទៅក្រៅប្រទេស៕



ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី សេ្តចយាងដល់ទឹកដីអង្គរខេត្តសៀមរាប

(ភ្នំពេញ)៖ នៅថ្ងៃទី​ ១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​នេះ ព្រះ​ករុណាជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គ​ទាំង​ទ្វេ​ ស្ដេច​យាង​ដល់​ ទឹក​ដី​អង្គរខេត្ត​សៀមរាប​ហើយ។
នៅ​ព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែក​នេះ ​ព្រះករុណាជាអម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ ព្រះ​អង្គ​ នឹងស្តេច​យាង​ក្នុង​ព្រះ​រាជ​ពិធី​កាត់​ឫស​សីមា​វត្ត​ស្វាយ​ដង្គុំ​ ក្រុង​សៀម​រាប​ ហើយ​នៅ​ថ្ងៃ​ខាន​ស្អែក​ទី​១៨​ ខែកុម្ភៈ​ ព្រះ​អង្គ​ទាំង​ទ្វេ ​នឹងស្តេច​យាង​សម្ពោធ​ខ្សែ​ភាពយន្ត​រឿង​ មុន​ដំបូង​គេ​សម្លាប់​ឪពុក​របស់​ខ្ញុំ​ ដោយ​លោក​ស្រី​អ៊ែន​ជេលីណា​​ ជូលី។
ក្នុង​ឱកាស​ព្រះ​រាជ​ដំណើរស្ដេច​យាង​ដល់នៃ​ ព្រះ​អង្គ​ទាំងទ្វេ​មាន​ការ​ថ្វាយ​ព្រះ​រាជ​វនន្ទកិច្ចពី​ នាម៉ឺន​សព្វ​មុខ​មន្ត្រី​ សិស្សានុសិស្ស​ ប្រជានុរាស្ត្រខ្មែរ​ យ៉ាង​ច្រើន​កុះករ​ផងដែរ​៕



ព្រះរាជអាជ្ញាមិនអនុញ្ញាតលើកាស្នើសុំចូលបំភ្លឺរបស់លោក គឹម សុខទេ

តបទៅនឹងពាក្យសុំពន្យាការចូលបំភ្លឺរបស់លោក គឹម សុខ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធចំពោះការពន្យាពេលចូលបំភ្លឺនេះ។
ការបដិសេធនេះធ្វើឡើងភ្លាមៗដោយ លោក សៀង សុខ បានចារលើលិខិតសុំព្យាពេលរបស់លោក គឹម សុខ ​ថា «យើង សៀង សុខ មិនអនុញ្ញាតលើការស្នើសុំនេះទេ សាមីខ្លួនត្រូវតែចូលមកកាន់អយ្យការ តាមកាលកំណត់»
គួរំលឹកថា លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ ​ បានចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈនេះ ដើម្បីស្នើសុំពន្យាពេលចូលបំភ្លឺ ដែលអយ្យការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើទីភ្នាក់ងារអង្គការសហប្រជាជាតិនានាធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជានិងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើទីភ្នាក់ងារអង្គការសហប្រជាជាតិនានាធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជានិងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ លោក បានថ្លែងដូចនេះនៅវិមានសន្តិភាព នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុង​ឱកាសអនុញ្ញាតឱ្យ លោក ស្រី Clair Van de Varenតំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជា​​ជាតិ (UNDP) នៅកម្ពុជា និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនទៀត ដែលកំពុងប្រតិបត្តិការងារនៅកម្ពុជាចូលជួបសំណេះសំណាលនិងពិភាក្សាការងារ នៅ​វិមាន​សន្តិ​ភាព
  នៅក្នុងឱកាសជូបសំណេះសំណាលនាពេលនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយ និងមានមោទនៈភាពក្នុងកិច្ចសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងឡាយ ដែលបានសិក្សាច្បាស់លាស់អំពីអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា រួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្ស ដើម្បីបន្តការអភិវឌ្ឍដោយចីរភាពដែលមានការយកចិត្តទុកដាក់ និងប្រឹងប្រែងខ្លាំងជាងមុន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលកំពុងមានប្រតិ​បត្តិការនៅកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ហើយអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ គឺស្របទៅនឹងនិន្នាការ និងស្ថានភាពជាក់ស្តែងរបស់តំបន់ និងពិភពលោកផងដែរ និងបានស្នើទៅទីភ្នាក់ងារអង្គការសហប្រជាជាតិនានាសូមធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជា និងស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។
  ជាការឆ្លើយតប លោកស្រី Clair Van de Varen បានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកម្លាំងកម្ពុជាចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាងនេះទៀត លោកស្រី និងក្រុមប្រតិភូ បានសម្តែងនូវការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យអប់រំ ដែលកន្លងមកបានធ្វើការកែទម្រង់យ៉ាងមានប្រសិទ្ធភាព និងមានគុណភាព។ លោកស្រី Clair Van de Varen ក៏បានជម្រាបពីវឌ្ឍនភាពរបស់ទីភ្នាក់ងារទាំងឡាយរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើការនៅកម្ពុជាកន្លងមក និងកំពុងយកចិត្តទុកដាក់ក្នុងវិស័យមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច កសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព បម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងបញ្ហាសំរាមរឹង និងរាវ ការអភិវឌ្ឍវិស័យសុខាភិបាល និងវិធានការទប់ស្កាត់គ្រោះមហន្តរាយជាដើម។
  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសន្យានឹងរៀបចំកិច្ចប្រជុំសំណេះសំណាលបែបនេះជារៀងរាល់ឆ្នាំ ហើយលោក ក៏បានស្នើដល់តំណាងនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិទាំងអស់ ចូលរួមពិភាក្សាបញ្ចេញយោបល់ឱ្យបានច្រើនក្នុងកិច្ចប្រជុំលើកក្រោយៗទៀត


កាកបាទក្រហមកម្ពុជាប្រគល់ថវិកាឧបត្ថម្ភ ៤០លានរៀល ដល់អង្គការគ្រួសារថ្មី និងអង្គការសង្គ្រោះជនអស់សង្ឃឹម

ភ្នំពេញ៖ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ភរិយាលោកនាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាឧបត្ថម្ភ ២០លានរៀល ដល់អង្គការគ្រួសារថ្មី និង ២០លានរៀលទៀត ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម ដែលជាថវិកាសម្រាប់ឆ្នាំ ២០១៧។
នៅក្នុងឱកាសប្រគល់ថវិកានោះនៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកស្រី ប្រធានដល់ ចៅៗ និងក្មួយៗទាំងអស់ ដែលកំពុងស្នាក់នៅ និងទទួលការអប់រំនៅក្នុងអង្គការទាំងពីរនេះ ព្រមទាំងបានលើកទឹកចិត្តដល់ក្មួយៗ ឱ្យខិតខំរៀនសូត្រដើម្បីក្លាយ ខ្លួនជាសសរទ្រូងសម្រាប់ ប្រទេសជាតិនៅថ្ងៃអនាគត។
តំណាងអង្គការទាំងពីរ ដែលមកទទួលថវិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ រាល់បញ្ហាដែលប្រជាពលរដ្ឋងាយរងគ្រោះកំពុងជួបប្រទះនូវការលំបាក ពិសេស ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ដី្រមេម៉ាយ និងអ្នករស់នៅជាមួយមេរោគអេដស៍ជាដើម ។ល។ បន្ថែមពីលើការឧបត្ថម្ភថវិកាប្រចាំឆ្នាំនេះ កាកបាទក្រហមកម្ពូជា ក៏បានឧបត្ថម្ភជាស្បៀង សម្ភារប្រើប្រាស់ និងបានរៀបចំអាហារសាមគ្គី ដើម្បីបង្កភាពកក់ក្កៅដល់ ចាស់ៗគ្មានទីពឹង ក្មួយៗកុមារ និងបុគ្គលិករបស់អង្គការថែមទៀតផង ។
សូមរំលឹកផងដែរថា នេះជាឆ្នាំទី៩ ហើយដែលកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់អង្គការគ្រួសារថ្មី និងជាឆ្នាំទី៧ ដែលបានឧបត្ថម្ភ សម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹម៕


រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បង្ហាញ​ពីភាព​ចាំបាច់ និង​សាររៈសំខា​ន់ការអភិរក្ស​ជីវៈ​ចម្រុះ​

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងអំពីភាពចាំបាច់ និងសាររៈសំខាន់នៃការអភិរក្សជីវៈចម្រុះ ដោយផ្តើមចេញពីការយល់ឱ្យបានត្រឹមត្រូវនូវភាពសំបូរបែប សេវាកម្ម មុខងារ និង ប្រព័ន្ធអេកូឡូស៊ី ដែលជាសមាសភាពស្នូលនៃគុណតម្លៃនិងអត្ថិភាពជីវៈចម្រុះ សំដៅធានារក្សាឲ្យបាននូវតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរក្សាបាននូវតល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។
នេះជាការលើកឡើងរបស់លោក សាយ សំអាល់ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងជីវៈចម្រុះ និងយុវជន ដែលរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ក្នងក្របខណ្ឌនៃការអនុវត្តគម្រោង”បង្កើត ទទួលបាន និងប្រើប្រាស់ព័ត៌មាន និងចំណេះដឹង ពាក់ព័ន្ធនឹងអនុសញ្ញារីយ៉ូទាំងបី រួមមាន ១-អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ២-អនុសញ្ញាក្របខណ្ឌស្តីពីការប្រែប្រួលអាកាសធាតុ និង៣-អនុសញ្ញាសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម។
សូមជម្រាបផងដែរថា គោលបំណងសំខាន់នៃសិក្ខាសាលាបណ្តុះបណ្តាលនេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនស្តីពីការគ្រប់គ្រងជីវៈចម្រុះទាំងនៅថ្នាក់ជាតិ តំបន់ពិភពលោក ក៏ដូចជា សមត្ថភាពចូលរួមរបស់យុវជនក្នុងវិស័យនេះ ដែលជាផ្នែកមួយនៃកាតព្វកិច្ចនៃរដ្ឋភា គឺចំពោះអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ៕



ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់យុទ្ធសាស្រ្ដផ្សព្វផ្សាយអប់រំបង្ការការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវ យុទ្ធសាស្រ្ដផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំបន្ថែមទៀតទៅដល់សាធារណជន ជាពិសេសយុវជនកម្ពុជា ឱ្យកាន់តែយល់ច្បាស់ពីគុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន និងការបង្ការការប្រើប្រាស់គ្រឿងញៀន ឱ្យបានកាន់តែទូលំទូលាយ។
ការប្រកាស ដាក់ចេញយុទ្ធសាស្រ្តថ្មីនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការ សកម្មភាពផ្សព្វផ្សាយអប់រំបង្ការការប្រើ ប្រាស់គ្រឿងញៀន ដោយមានការចូលរួមប្រជុំពីសំណាក់មន្ដ្រី ជាប់ពាក់ព័ន្ធគ្រប់ស្ថាប័ន ក្រសួង អង្គការជាសមាជិកព្រមទាំង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលប្រព្រឹត្តិឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យុទ្ធសាស្រ្ដខាងលើនេះ មានទិសដៅបន្ថែមការយល់ដឹងពីផលប៉ះ ពាល់ដែលបណ្ដាលមកពី ការប្រើប្រាស់ គ្រឿងញៀន និងការការពារខ្លួន ការហាមមិនឱ្យសាកល្បងគ្រឿងញៀន និងការលើកទឹកចិត្ត និងបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាលបាល និងស្ដារនីតិសម្បទា និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់អំពីច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ក្នុងការសម្រេចឱ្យបាននូវគោលដៅ និងយុទ្ធសាស្រ្ដលើការផ្សព្វផ្សាយអប់រំនេះ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ កាន់តែមានប្រសិទ្ធភាព អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់នូវគោលការណ៍មួយចំនួនរួមមាន៖
១៖ បន្ថែមការផ្សព្វផ្សាយ យល់ដឹងឱ្យច្បាស់ថាអ្វីជាគ្រឿងញៀន?
២៖ ការផ្សព្វផ្សាយអប់រំតាមរយៈទូរទូស្សន៍ វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម ទស្សនាវដ្ដី អប់រំផ្ទាល់ដល់សមាគមន៍ អប់រំតាមវិស័យសាសនា និងអប់រំតាមរយៈផលិតផលផ្សេងៗ។
៣៖ បង្ហាញពីផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿញៀន។
៤៖ ពន្យល់ណែនាំ ដល់អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជាប់ពាក់ព័ន្ធទាំងអស់យល់ដឹង ភ្ញាក់រលឹក និងឈប់ប្រើប្រាស់ និងឈប់ពាក់ព័ន្ធលើគ្រឿងញៀន។
៥៖ បំផុសឱ្យមានចលនាអប់រំ កូនចៅ និងសមាជិកក្រុមគ្រួសារកុំឱ្យមានការពាក់ព័ន្ធនឹងគ្រឿងញៀនហើយក្នុងករណីមានកូនចៅ ប្រើប្រាស់គ្រឿងញៀនចូលរួមលើកទឹកចិត្ត និងបញ្ជូនទៅទទួលការព្យាលបាល និងស្ដារនីតិសម្បទា។
៦៖ ចូលរួមឱ្យមានការផ្សព្វផ្សាយព័ត៌មានជាសាធារណ និងរាយការណ៍ជូនសមត្ថកិច្ចនូវរាល់បទល្មើសដែលមានការពាក់ព័ន្ធ។
៧៖ បន្ថែមឱ្យយល់ច្បាស់ពីច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ការអនុវត្តច្បាប់ និងបញ្ហានានាដែលត្រូវប្រឈមមុខនឹងច្បាប់៕


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស នឹង​ចូលរួមកិច្ច​ប្រជុំ​ចង្អៀត​​ថ្នាក់រ​ដ្ឋមន្រ្តី​កា​របរទេស​​អាស៊ាន​ នៅ​ប្រទេស​ហ្វីលី​ពីន

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសហ្វីលីពីន នៅដើមសប្តាហ៍ក្រោយនេះ។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ នៅថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលនឹងធ្វើឡើងនៅទីក្រុងប៉ូរ៉ាខាយ ប្រទេសហ្វីលពីន។ នេះតាមសេចក្តីប្ករាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សេចក្តីប្រកាសបានឱ្យដឹងថា ក្នុងឱកាសកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈលើបញ្ហាបន្ទាន់មួយចំនួន ដែលអាចបង្កការគំរាមដល់សន្តិសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ាន ហើយនឹងជំរុញរបៀបវារៈរបស់អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដែលជាដៃគូសន្ទនារបស់អាស៊ាន នៅក្នុងកិច្ចខិតខំថែរក្សាតួនាទីដ៏សំខាន់របស់អាស៊ាននៅចំពោះមុខភាពមិនពិតប្រាកដ ដែលកំពុងតែកើននៅក្នុងនយោបាយ និងសេដ្ឋកិច្ចពិភពលោក ហើយនិងដំណើរការវិវត្តន៍និម្មបនកម្មតំបន់៕


កម្ពុជា-ចិន បង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងទេសចរណ៍ ក្រុមប្រតិភូវិនិយោគចិនចំនួន១៧រូប បានជួបសម្តែងការគួរសមជាមួយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីរាយការណ៍ជូនអំពីគម្រោងវិនិយោគដ៏ធំទាក់ទងនឹងវិស័យទេសចរណ៍នៅកម្ពុជា។
 នៅក្នុងឱកាសនោះផងដែរ លោក ថោង ខុន បានជម្រាបជូនគណៈប្រតិភូចិនអំពីសភាពការណ៍រីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏មានការរីកចម្រើនគួរឱ្យកត់សំគាល់ផងដែរ។
 រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ជាក់ស្តែង ឆ្នាំ២០១៦ កន្លងមកនេះ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួន ៥ លាននាក់ កើន​​​ឡើង ៥%ធៀបនឹងឆ្នាំ២០១៥ ក្នុងនោះទទួលទេសចរណ៍ចិនបានចំនួន ៨៣ម៉ឺននាក់ ស្ថិតក្នុងលំដាប់ទី២ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០។ តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងអាចទទួលទេសចរណ៍អន្តរជាតិបានយ៉ាងតិច ៧ លាននាក់ និងទាក់ទាញទេសចរណ៍ចិនឱ្យបានយ៉ាងតិច ២ លាននាក់។ដើម្បីសម្រេចតាមផែនការនេះ ក្រសួងទេសចរណ៍ បានរៀបចំនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ និងបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍កម្ពុជា ហើយចំពោះទីផ្សារទេសចរចិន ក្រសូងក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលទេសចរចិន និងអ្នកវិនិយោគចិន ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទាក់ទាញទេសចរណ៍ចិន និងសៀវភៅសស្តីពី China Ready
 ជាងនេះទៀត ដើម្បីទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ទាមទារឱ្យមានការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗជាច្រើនទៀត ហើយការងារនេះចាំបាច់ត្រូវមានការវិនិយោគពីបរទេស ពិសេសពីប្រទេសចិន លើវិស័យទេសចរណ៍ មានដូចជា មណ្ឌលកម្សាន្តទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគាររីហ្សត ភោជនីយដ្ឋាន កន្លែងទិញទំនិញ (Shopping) មធ្យោបាយដឹកជញ្ជូនទេសចរណ៍ អាកាសយានដ្ឋានអន្តជាតិ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាច្រើនទៀត។ និយាយរួម ធ្វើយ៉ាងណាទាក់ទាញទេសចរណ៍ឱ្យស្នាក់នៅបានយូរចាយច្រើន និងមកទស្សនាច្រើនដង។ ទេសចរអន្តរជាតិដែលមកកម្ពុជាគាត់ចង់ចាយវាយច្រើន តែកន្លែងខ្លះ គឺយើងនៅពុំទាន់មានលទ្ធភាពទាក់ទាញទេសចរឱ្យចាយច្រើននៅឡើយ។ ក្រសួងទេសចរណ៍ក៏បានបង្ហាញជូនគណៈប្រតិភូចិន អំពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកំពតផងដែរ។
 គណៈប្រតិភូចិនបានស្នើសុំក្រសួងទេសចរណ៍ចំនួន ០៣ចំនុច៖ ទី១-) សូមការគាំទ្រចំពោះគម្រោងវិនិយោគទេសចរណ៍នៅកម្ពុជា ទី២-) សូមអញ្ជើញលោករដ្ឋមន្រ្តី និងប្រតិភូទៅចូលរួមសន្និសីទទេសចរណ៍ពិភពលោកនៅទីក្រុងប៉េកាំងប្រទេសចិន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ និង ទី៣-) សូមអញ្ជើញលោករដ្ឋមន្រ្តី ធ្វើជាប្រធានកិត្តិយសនៃសហព័ន្ធអន្តរជាតិអភិបាលក្រុង។
 ជាកិច្ចឆ្លើយតប លោក ​ថោង​ ខុន បានសម្តែងនូវសេចក្តីរីករាយ និងសូមគាំទ្រចំពោះគម្រោងវិនិយោគដ៏ធំរបស់ចិន ហើយលោក ក៏បានអំពាវនាវដល់ក្រុមវិនិយោគចិនធ្វើការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជម្រុញ និងអនុវត្តគម្រោងវិនិយោគវិស័យទេសចរណ៍នៅកម្ពុជាអោយទទួលបានជោគជ័យ ហើយរាល់គម្រោងវិនិយោគគឺត្រូវធានា និងគោរពឱ្យបាននូវគោលការណ៍បរិស្ថាន ភាពស្អាត និងបៃតង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ប្រកបដោយភាពទាក់ទាញ ភាពស្អាត និងបៃតង។
លោករដ្ឋមន្រ្តី ក៏បានឯកភាពទៅចូលរួមសន្និសីទ ទេសចរណ៍ពិភពលោកនៅទីក្រុងប៉េកាំង នាចុងខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ដោយស្នើឱ្យភាគីចិនផ្តល់លិខិតអញ្ជើញ ដើម្បីក្រសួងស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល




ប្រធានសភាពាណិជ្ជកម្មអាមេរិក៖ លោក ហ៊ុន សែន ជាស្ថាបត្យករទទួលខុសត្រូវខ្ពស់ក្នុងការស្តារប្រទេសកម្ពុជាចេញពីសង្រ្គាម

(ភ្នំពេញ)៖ លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអាមេរិក និងជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា បានថ្លែងចាត់ទុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាឥស្សរជនអន្តរកាលនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា និងជាស្ថាបត្យករទទួលខុសត្រូវខ្ពស់ក្នុងការស្តារប្រទេសកម្ពុជាចេញពីភ្នក់ភ្លើងសង្រ្គាម ឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ និងវិបុលភាពកើនឡើងជាហូរហែរ។
លោក Bretton G. Sciaroni បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០១៧ នៅសណ្ឋាគារ Intercon នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នៅចំពោះមុខអ្នកវិនិយោគ និងធុរជនអន្តរជាតិជាច្រើននាក់ លោក Bretton G. Sciaroni បានរំលឹកថា លោកបានស្គាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អស់រយៈពេល ២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីរូបលោកបានមកប្រទេសកម្ពុជាជាលើកដំបូងនាអំឡុងឆ្នាំ១៩៩៣។
ក្នុងពិធីនាព្រឹកមិញនេះ លោក Bretton G. Sciaroni បានស្នើឱ្យអ្នកវិនិយោគ និងធុរជនអន្តរជាតិចំណាយពេលខ្លី ដើម្បីស្តាប់លោករៀបរាប់ពីគំរូវីរភាព និងសមិទ្ធផល ដែលសម្រេចបានក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ លោក Bretton G. Sciaroni ថ្លែងថា លោកតែងចាត់ទុកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាឥស្សរជនអន្តរកាលនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា បានដឹកនាំប្រទេសចាប់តាំងពីពេលប្រទេសត្រូវញាំញីដោយសង្រ្គាម និងអំពើប្រល័យពូជសាសន៍ រហូតដល់ប្រទេសបានទទួលសន្តិភាពពេញលេញ។
ប្រធានសភាពាណិជ្ជកម្មអាមេរិករូបនេះ បានបញ្ជាក់ដូច្នេះ «សម្តេចតេជោ លើសពីឥស្សរជនណាៗទាំងអស់ គឺជាស្ថាបត្យករទទួលខុសត្រូវក្នុង ការស្តារប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ និងវិបុលភាពកើនឡើងជាហូរហែរ»
លោក Bretton G. Sciaroni បានបន្តថា «នៅពេលដែលខ្ញុំបានមកដល់កម្ពុជាជាលើកដំបូង ទាហានខ្មែរក្រហមនៅឈរជើងនៅក្នុងព្រៃនៅឡើយ។ វិបុលភាពមិនអាចសម្រេចបានឡើយដរាបណាប្រទេសកម្ពុជា នៅជាជំរុំប្រដាប់អាវុធនៅឡើយនោះ ដូច្នេះហើយការកម្ចាត់ក្រុមជ្រុលនិយម នៃរបបកម្ពុជា ប្រជាធិបតេយ្យ និងការចរចាកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមនិយមកណ្តាល នៃរបបនេះ គឺជាកិច្ច ដ៏សំខាន់នាពេលនោះ។ សមិទ្ធផលនេះ គឺជាស្នាដៃដំបូង និងធំបំផុតរបស់សម្តេចតេជោ ហ៊ុន សែន»
លោក Bretton G. Sciaroni បានគូសបញ្ជាក់ដែរថា បើទោះបីសង្រ្គាមនៅមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ លោក ហ៊ុន សែន បានរៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចទំនើបរបស់កម្ពុជា។ ជនជាតិអាមេរិករូបនេះ បានឱ្យដឹងដែរថា ចាប់តាំងពីការបង្កើត រាជរដ្ឋាភិបាលថ្មីនៅក្នុងឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងអនុម័តច្បាប់ទំនើបជាច្រើន និងបានប្តេជ្ញាចិត្តបើកចំហរសេដ្ឋកិច្ចរបស់ប្រទេស។
លោក Bretton G. Sciaroni ទទួលស្គាល់ថា ភាពរីកចម្រើនរបស់កម្ពុជា គឺបានពឹងផ្អែកលើជំនួយបច្ចេកទេស ពីម្ចាស់ជំនួយទ្វេភាគី និងពហុភាគី ប៉ុន្តែភាពជោគជ័យនេះ ក៏ព្រោះតែមានការដឹកនាំប្រកបដោយភាពត្រឹមត្រូវរបស់ប្រមុខដឹកនាំប្រទេស លោក ហ៊ុន សែន ដែលបានបន្តរហូតមកដល់បច្ចុប្បន្ន៕