Wednesday, July 03, 2019

ផ្សាយបន្តផ្ទាល់ (Live) សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម – វប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ៧ចំណុច ដល់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀតដល់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យរបស់កម្ពុជាគឺការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅនេះ ក៏ដូចជាជួយដល់ប្រទេសអភិវឌ្ឍតិចតួចឱ្យចាកចេញពីភាពក្រីក្របានឆាប់រហ័ស ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ លោកបានអំពាវនាវ៧ចំណុចដល់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀតដល់កម្ពុជា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ចំណុចទាំង៧ដែលជាការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅតាមវិស័យសំខាន់ៗមួយចំនួនមានដូចខាងក្រោម៖
ទី១- ការពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសអភិវឌ្ឍតិចតួច និងជួយគាំទ្រដល់កម្មវិធី និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច
ទី២- ការបន្តនិងបង្កើនការផ្តល់ភាពអនុគ្រោះនានា តាមរយៈប្រព័ន្ធសេដ្ឋកិច្ចពហុភាគី ឬឯកតោភាគី ហើយសូមធ្វើការពិចារណាឱ្យបានដិតដល់ មុននឹងដាក់វិធានការព្យួរឬដកចេញនូវ ភាពអនុគ្រោះពីប្រទេសអភិវឌ្ឍតិចតួច ពីព្រោះការព្យួរឬដកនោះមិនអាចឱ្យប្រទេសទាំងនោះ ជួយពិភពលោក សម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងមិនអាចជួយពួកគេឱ្យ ចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចបានឡើយដែលចលនានេះផ្ទុយទាំងស្រុងទៅនឹង គោលការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក។
ទី៣- ការកសាងសមត្ថភាពដើម្បីទាញយកប្រយោជន៍ពីប្រភពកំណើនថ្មីជាពិសេស ផ្នែកសេវា និងការទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ និងដើម្បីទាញយកផលប្រយោជន៍ដែលអាចទទួលបានពីសេដ្ឋកិច្ចឌីជីថល។
ទី៤- ការរៀបចំយុទ្ធសាស្រ្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងផលិតផលចម្រុះ សំដៅបង្កើនការនាំចេញដែលជាប្រភពសម្រាប់លើកកម្ពស់សុខុមាលភាពនិងការងារដល់ស្រ្តី។
ទី៥- ការតភ្ជាប់គោលនយោបាយយុទ្ធសាស្រ្ត និងចក្ខុវិស័យនានារបស់ប្រទេសអភិវឌ្ឍតិចតួច ជាមួយនឹងការវិវត្តសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ទី៦- ការបង្កើននវានុវត្តន៍និងជំរុញលើកកម្ពស់ ការអនុវត្តថ្មីៗតាមរយៈការកៀរគរហិរញ្ញប្បទានបន្ថែមពីដៃគូអភិវឌ្ឍនានា និងវិស័យឯកជនក្រោមក្របខណ្ឌនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំផ្សេងៗទៀត។
ទី៧- ការបន្តផ្តល់ជំនួយនានាសម្រាប់ការកែទម្រង់ និងសម្រាប់ការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ពិសេសលើការកែទម្រង់លិខិតបទដ្ឋានគតិយុត្តនានា៕

កម្ពុជានឹងរៀបចំកម្មវិធី Side Event ដើម្បីបង្ហាញពីយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្ម កម្ពុជា ឆ្នាំ២០១៩-២០២៣

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងរៀបចំកម្មវិធី Side Event ដើម្បី បង្ហាញពីយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្ម កម្ពុជា ឆ្នាំ២០១៩-២០២៣ នៅល្ងាចនេះ ពីម៉ោ ង១៦ និង៣០នាទី ដល់ម៉ោង ១៧ និង៣០នាទី ម៉ោងនៅប្រទេសស្វ៊ីស ក្រោមអធិបតីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី សួងពាណិជ្ជកម្មកម្ពុជា ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមលើកទឹកចិត្តដល់សមាជិកកិច្ចប្រជុំទាំងអស់ចូលរួមកម្មវិធីនេះ ដើម្បីសិក្សាពីការតាមដានចែករំលែកបទពិសោធន៍ និងជោគជ័យនានារបស់កម្ពុជា ក្នុងការអនុវត្តគម្រោងយុទ្ធសាស្រ្តថ្មី។ ជាមួយនឹងការជូនដំណឹងលោកក៏បានប្រកាសដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្រ្តសមាហរណកម្មកម្ពុជា ឆ្នាំ ២០១៩-២០២២ ចាប់ពីពេលនេះតទៅ។ លោកក៏សង្ឃឹមថា ឯកសារយុទ្ធសាស្រ្តកម្ពុជា នឹងក្លាយទៅជាការត្រឹះរឹះពិចារណារបស់បណ្តាប្រទេសនានាដើម្បីកែទម្រង់និងអភិវឌ្ឍប្រទេសរៀងៗខ្លួន៕



រាជរដ្ឋាភិបាលកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ជាមួយនឹងការខិតខំបំពេញភារកិច្ចក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៃគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ខិតខំរក្សាសន្តិសុខ សន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តទូលំទូលាយជាអាទិ៍ យុទ្ធសាស្រ្តចតុកោណ ដែលជារបៀបវារៈ គោលនយោបាយរួម សម្រាប់អភិវឌ្ឍសង្គមសេដ្ឋកិច្ច ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងយុទ្ធសាស្រ្តតាមវិស័យសំខាន់ៗដទៃទៀត។
លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយ សម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងវិស័យពាណិជ្ជកម្ម កម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជាពីឆ្នាំ២០០១ ហើយបានកែលម្អ ជាបន្តបន្ទាប់ដើម្បីឆ្លើយតប ទៅនឹងកម្រិតនៃការអភិវឌ្ឍន៍របស់កម្ពុជា៕


កម្ពុជាធ្វើពិពិធកម្មពីការផ្តោតលើទីផ្សារអាមេរិកទៅផ្តោតលើទីផ្សារអឺរ៉ុប ជប៉ុន និងតំបន់អាស៊ាន និងប្រទេសដទៃទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គោលដៅនាំចេញត្រូវបានធ្វើពិពិធកម្ម ពីការផ្តោតលើទីផ្សារអាមេរិក ទៅផ្តោតលើទីផ្សារអឺរ៉ុប ជប៉ុន និងតំបន់អាស៊ាន និងប្រទេសដទៃទៀតដើម្បីពង្រីក និងបង្កើនការនាំចេញរបស់ខ្លួន។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីជាការតបស្នងដល់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាការជួយទ្រទ្រង់ដល់ការចរចា ក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក និងពង្រឹងតួនាទីរបស់អង្គការនេះ ក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកកំពុងតែទទួលរងពីនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម ទោះបីកម្ពុជាត្រូវប្រឈមនឹងកង្វះធនធានមនុស្ស និងធនធានថវិកានៅមានកម្រិតនៅឡើយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានសម្រេចឱ្យបង្កើតស្ថានបេសកកម្មប្រចាំអង្គការនេះនៅឆ្នាំ២០១៧ ហើយបានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអគ្គរាជទូតកម្ពុជានៅទីនេះ ខិតខំបំពេញតួនាទីធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឆ្នាំ ២០១៧-២០១៨ ឱ្យបានជោគជ័យ និងបន្តបំពេញតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិកផ្លូវការដើម្បីជួយដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋឆាតក្នុងការដឹកនាំសម្រប សម្រួល ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចទាំង៣៦ប្រទេស ដើម្បីចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកឱ្យបានជោគជ័យជាបន្តទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជោគជ័យចម្បងមួយទៀតនោះ គឺកម្ពុជាត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការនាយក គម្រោងក្របខណ្ឌពង្រឹងសមាហរណកម្ម ឆ្នាំ២០១៨ បន្ថែមលើសនេះទៀត កម្ពុជាក៏បានខិតខំ ប្រឹងប្រែង និងម្ចាស់ការលើការអនុវត្តកាតព្វកិច្ចនានា រួមទាំងកាតព្វកិច្ចនៃការជូនដំណឹង និងការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្ម បានចំនួនពីរលើករួចមកហើយក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៧ ព្រមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់សច្ចាប័នចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងបានអនុវត្តបទប្បញត្តិប្រមាណជាជាង៧០% រួចមកហើយផងដែរ៕



សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើកទី៧ «ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម»



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​បើក​កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើកទី៧ «ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម» នៅ​ទី​ស្នាក់​ការអង្គការពាណិជ្ជកម្មពិភពលោក
ទីក្រុងហ្សឺណែវ, ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើកទី៧ «ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម»


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​បើក​កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើកទី៧ «ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម» នៅ​ទី​ស្នាក់​ការ​អង្គការពាណិជ្ជកម្មពិភពលោក
ទីក្រុងហ្សឺណែវ, ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញ​ជាសកល


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ទៅ​ដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញ​ជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩
ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩

រដ្ឋសភា កំណត់បើកសម័យប្រជុំ នៅព្រឹកស្អែក ដោយកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺផ្ទាល់មាត់

បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋសភា បានកំណត់ពេលបើកសម័យប្រជុំ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ស្អែកនេះ ដោយមានរបៀបវារៈតែមួយប៉ុណ្ណោះ នោះគឺការឆ្លើយបំភ្លឺរបស់ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅតាមការចោទសួររបស់រដ្ឋសភា។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នានា របស់រដ្ឋសភា។ កិច្ចប្រជុំ ក៏បានពិភាក្សា ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈ សម្រាប់សម័យប្រជុំរដ្ឋសភា លើកទី២ នាពេលខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលរដ្ឋសភា នីតិកាលទី៦ បានកោះហៅរដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាល ទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការអនុវត្តការងារ ចាប់តាំងពីចូលកាន់តំណែងសម្រាប់អាណត្តិថ្មី រយៈពេល១ឆ្នាំ កន្លងមក ៕
ខាងក្រោមនេះជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា៖


ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារនិងផលិតភាពសៀមរាបលើកទី៣ ឆ្នាំ២០១៩ (Career and Productivity Fair-Siem Reap 2019)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពសៀមរាប លើកទី៣ ឆ្នាំ២០១៩ (Career and Productivity Fair-Siem Reap 2019) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ ក្រោមកិច្ចគាំទ្រ ពីសាលាខេត្ដសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (ស.ស.យ.ក) និងអង្គការអន្ដរជាតិខាងការងារ (ILO)។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពាវនាវដល់អង្គការអន្តរជាតិនានាបន្តផ្តល់ជំនួយ និងគម្រោងនានាដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា

នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការអញ្ជើញរបស់លោកស្រី អារ៉ាញ់ឆា ហ្កន់ហ្សាឡេស (Arancha Gonzalez) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៥៣ (53rd Joint Advisory Group Meeting) ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងកិច្ចប្រជុំនេះ មានការធ្វើសេចក្តីថ្លែងការណ៍ដោយអគ្គទីប្រឹក្សាកូស្តារីកាជាប្រធានអង្គប្រជុំចាស់ អគ្គរដ្ឋទូតហ្វាំងឡង់ជាប្រធានអង្គប្រជុំថ្មី អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក អគ្គលេខាធិការនៃអង្គការ UNCTAD នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អនុរដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងប្រធានអង្គការអន្តរជាតិ និងឥស្សរៈជនជាន់ខ្ពស់ដទៃទៀតផងដែរ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះបានរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨ និងថ្លែងដោយផ្តោតសំខាន់លើទំនាក់ទំនង និងការរួមចំណែករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការ UNCTAD ក្នុងការជួយគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងទន់ខ្សោយ តាមរយៈការផ្តល់គម្រោងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ និងជួយឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០។ អង្គការទាំងនេះ បានបញ្ជាក់ពីជំហរក្នុងបន្តសកម្មភាព និងគម្រោងនានា ក្នុងការបន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួចដើម្បីជួយជំរុញការអភិវឌ្ឍ និងវិស័យពាណិជ្ជកម្ម តាមរយៈការផ្តល់អនុសាសន៍ និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានធ្វើសេចក្តីថ្លែងការណ៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការ និងជំនួយដែលបានផ្តល់ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជំនួយដូចជា ការចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាកន្លងមក ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញ ការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងការជួយដល់សហគ្រាសកម្ពុជាមួយចំនួនចូលរួមក្នុងពិព័រណ៍នាំចេញនាំចូលចិនលើកទី២ នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ២០១៩។
ជាមួយនោះដែរ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អង្គការអន្តរជាតិទាំងនេះបន្តផ្តល់ជំនួយ និងគម្រោងនានាដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជាក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មដែលអាចបង្កើនចំណូលជួយកាត់បន្ថយភាពក្រក្រី និងបង្កើតការងារសម្រាប់ប្រជាជនទាំងអស់គ្នា។
នៅក្នុងព្រឹកថ្ងៃដដែលនោះដែរ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោក រ៉ូប៊ែតូ អាហ្សែវ៉េដូ (Roberto Azevedo) អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក ដោយក្នុងនោះ លោក និងលោកអគ្គនាយក បានពិភាក្សាពីភាពចាំបាច់ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួចដោយក្នុងនោះរួមមានជំនួយសម្រាប់ពាណិជ្ជកម្មផងដែរ៕







ក្រសួងការពារជាតិ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសបន្ទាប់

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងទាំងថ្នាក់ដឹកនាំកងរាជអាវុធហត្ថផងដែរ។
បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងឱកាសបូកសរុបលទ្ធផលប្រចាំឆមាសនោះ ក៏មានការបំពាក់ឋានន្តរសក្តិជូន នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និង នាយឧត្តមសេនីយ៍ យន្ត មីន ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ ផងដែរ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសរបស់ក្រសួងការពារជាតិ តែងបានធ្វើឡើងជាទៀងទាត់ ដើម្បីត្រួតពិនិត្យវាយតម្លៃការងារផ្សេងៗក្នុងវិស័យការពារជាតិ។ នៅក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានផ្តល់អនុសាសន៍ផ្សេងៗ ដើម្បីជំរុញ និងពង្រឹងការងារក្នុងវិស័យការពារជាតិជាដើម ៕





រដ្ឋមន្ដ្រីសុខាភិបាលពន្យល់បញ្ហាពីរយ៉ាង ដែលបណ្ដាលឱ្យអ្នកជំងឺគ្រុនឈាមគ្រោះថ្នាក់ដល់ជីវិត

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា បញ្ហាពីរយ៉ាងធ្វើឱ្យអ្នកជំងឺគ្រុនឈាមគ្រោះថ្នាក់ដល់ជីវិត (ស្លាប់) ពេលដែលទទួលការព្យាបាលមិនបានត្រឹមត្រូវ ។
លោក ម៉ម ប៊ុនហេង ថ្លែងបន្ដថា «បញ្ហាពីរយ៉ាងនោះ គឺពេលខ្លួន ឬកូនរបស់ខ្លួនក្ដៅខ្លួន ផ្ដល់ឱសថដោយខ្លួនឯង និងទៅពេទ្យដែលមិនមានជំនាញ ឬមួយទៅកន្លែងលក់ឱសថ ឱ្យគេផ្សំឱ្យលេប ដែលធ្វើឱ្យកើតមានបញ្ហាពីរ គឺទី១៖ ការប្រើប្រាស់សេរ៉ូមទឹកខ្ពស់ ធ្វើឱ្យទឹកលេចសួត និងទី២៖ ប្រើប្រាស់ថ្នាំបញ្ចុះកំដៅ ប៉ារ៉ាសេតាម៉ុល (Paracetamol) ច្រើនលើសចំណុះ ធ្វើឱ្យយើងខូចថ្លើម ឬរលាកថ្លើម ដែលជំរុញឱ្យមានការហូរឈាមចេញមក ដែលបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិតបាន» ។
ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺគ្រុនឈាម» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ នាសណ្ឋាគារភ្នំពេញ។
លោករដ្ឋមន្ដ្រីបន្ដថា «ដោយសារយើងសង្កេតថា ករណីដែលស្លាប់ដោយជំងឺគ្រុនឈាមនៅតាមមន្ទីរ ដែលគេបញ្ជូនមកមន្ទីរពេទ្យយើងនេះ ភាគច្រើន គឺទទួលបានការព្យាបាលរួចហើយដោយខ្លួនឯង ឬជាមួយពេទ្យឯកជនមួយចំនួន ឬតាមឱសថស្ថានដែលផ្សំថ្នាំ តែបានធ្វើឱ្យជំងឺនោះ កាន់តែធ្ងន់ធ្ងរ ដូច្នេះហើយបានជាយើងនៅតែបន្ដពង្រឹងចំណេះដឹងលើផ្នែកនេះ ទៅដល់គ្រូពេទ្យរដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យស្វែងយល់បន្ថែមទៀត ពីការគ្រប់គ្រងថែទាំ ព្យាបាលអ្នកជំងឺគ្រុនឈាមនេះ ដើម្បីធ្វើយ៉ាង ឱ្យអត្រាស្លាប់ក្រោម ០.២%»។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ គ្រូពេទ្យេឯកជន និងអ្នកលក់ថ្នាំនៅតាមឱថសការីទាំងអស់ សូមកុំចេះតែលក់ថ្នាំ ដោយគ្មានវេជ្ជបណ្ឌិតត្រឹមត្រូវ និងផ្សំថ្នាំផ្ដេសផ្ដាស ព្រោះជំងឺគ្រុនឈាមនេះ វាខុសប្លែកពីជំងឺដទៃទៀត ដែលត្រូវមានការពិនិត្យតាមដាន វិនិច្ឆ័យឱ្យបានច្បាស់លាស់។
សូមជម្រាបថា ជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ដែលគិតចាប់ពីខែមករា-មិថុនា (គិតត្រឹមសប្ដាហ៍ទៅ២១) មានចំនួនសរុប ១៣.៨៤៣ករណី ស្លាប់ ២៤នាក់ (អត្រាស្លាប់០,២) មានន័យថា ប្រហែល៥ដងកើនឡើងច្រើនជាងឆ្នាំ២០១៨ ដែលមានតែ ២.៥៣០ករណី ស្លាប់៧នាក់ ៕