មន្ត្រីកំពូលៗរបស់ក្រសួងធម្មការ និងសាសនា
បានចូលទៅឆ្លើយបំភ្លឺផ្ទាល់មាត់ចំពោះមុខគណៈកម្មការជំនាញរដ្ឋសភា
នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤នេះ ។
ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា
ទីតាំងវិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យសព្វថ្ងៃ ស្ថិតនៅជាប់វិមានរដ្ឋសភា
មិនមានការរុះរើ ឬដោះដូរនោះទេ។
ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីដូច្នេះ ត្រូវបានឯកឧត្តម យ៉ែម
បុញ្ញឫទ្ធិ ប្រធានអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌
និងទេសចរណ៍ នៃរដ្ឋសភា បានទទួលយក ហើយលើកឡើងថា ក្រុមអ្នកតំណាងរាស្ត្រ
នឹងតាមឃ្លាំមើល ហើយគណៈកម្មការ
នឹងធ្វើលិខិតទៅកាន់សម្តេចប្រធានរដ្ឋសភា ដើម្បីចុះទៅពិនិត្យ
ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
អ្នកតំណាងរាស្ត្រ យ៉ែម បុញ្ញឫទ្ធិ ក៏បានថ្លែងទៅកាន់លោករដ្ឋមន្ត្រី
និងថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដោយស្នើឲ្យក្រសួងធម្មការ
និងសាសនា តម្រូវឲ្យក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូ ណាហ្គាវើល
រុះរើចេញរាល់ការដ្ឋានសំណង់ណាមួយ នៅលើដីទីតាំងពុទ្ធសាសនបណ្ឌិត្យ
ជាបន្ទាន់។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី មិន ឃិន ក៏បានបន្ថែមថា
ដីមួយផ្នែកដែលណាហ្គាវើល បើកការដ្ឋាននោះ មានកិច្ចសន្យាសុំខ្ចី
ដោយក្រសួងធម្មការ និងសាសនា មិនទទួលបានកំរ៉ៃអ្វីពីណាហ្គា វើលទេ ហើយថា
ក្រសួង កំពុងតែឲ្យណាហ្គាវើល រុះរើចេញវិញហើយ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រាបទៅគណៈកម្មការជំនាញរដ្ឋសភាថា
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក៏បានទូលថ្វាយលិខិត ទៅព្រះករុណា ព្រះមហាក្សត្រ ដោយសម្តេច
បានបញ្ជាក់ទូលថ្វាយព្រះអង្គថា ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
មិនមានការលក់ដោះដូរអ្វីទេ។
ក្នុងកិច្ចប្រជុំនោះ ក៏មានវត្តមានរបស់ប្រធាន អនុប្រធាន
និងសមាជិកគណៈកម្មការ ទាំង ១០ របស់រដ្ឋសភា ចូលរួមស្តាប់
និងចោទជាសំណួរផងដែរ។ ចំណែកអ្នកកាសែត
ត្រូវបានគេអនុញ្ញាតឲ្យចូលថតរូបមួយភ្លែតប៉ុណ្ណោះ
នៅពេលបើកកិច្ចប្រជុំ។

កិច្ចប្រជុំ ដែលរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
ត្រូវចូលឆ្លើយបំភ្លឺនោះ បានធ្វើឡើង តាមលិខិតកោះអញ្ជើញរបស់លោក យ៉ែម
បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា
វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា
អះអាងថាឯកឧត្តមនឹងស្នើទៅកាន់ប្រធានរដ្ឋសភាដើម្បីចុះទៅ
ពិនិត្យផ្ទាល់
មើលការសាងសង់ដែលកំពុងតែកើតមាននៅក្បែរវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
។
ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌
និងទេសចរណ៍ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងបែបនេះ
នៅក្នុងការសាកសួររដ្ឋមន្ត្រីក្រសួងធម្មការ
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ
ទាក់ទិននឹងព័ត៌មាននៃការលក់ដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទៅឲ្យ
ក្រុមហ៊ុនណាហ្គាវើល ។
ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ព្រមានថា
ប្រសិនបើលោករកឃើញថាមានសំណង់របស់ក្រុមហ៊ុនណាហ្គា
នៅលើដីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នោះលោកនឹងបញ្ជាឲ្យផ្អាក
និងធ្វើការរុះរើចេញភ្លាម ។
ព័ត៌មាននៃការលក់ទិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះកើតឡើង
ខណៈក្រុមហ៊ុនណាហ្គាកំពុងសាងសង់ផ្លូវ Naga Walk
តាមបណ្ដោយមហាវិថីព្រះសីហនុ មុខវិទ្យាស្ថាននេះ និងកំពុងសាងសង់Naga2
ដែលធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យស្ថិតនៅចំកណ្ដាលNaga និង
Naga2 ៕
ថ្មីៗនេះ ក្រុមព្រះសង្ឃ និងពលរដ្ឋមួយក្រុម បានតវ៉ាជាច្រើនលើកមកហើយ
ចំពោះព័ត៌មានដែលលិចឮថា មានការពុះជ្រៀកដីមួយផ្នែក
នៅទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅជាប់របងវិមានរដ្ឋសភា
ដែលជួលឲ្យក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារណាហ្គាវើល។ ក្រុមព្រះសង្ឃ
និងប្រជាពលរដ្ឋព្រួយបារម្ភថា ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
នឹងត្រូវប្រគល់ឲ្យណាហ្គាវើល ធ្វើជាសណ្ឋាគារកាស៊ីណូ ទៅថ្ងៃខាងមុខ
ប៉ុន្តែ ការតវ៉ាទាំងនោះ
ក្នុងមានសង្ឃមួយចំនួនបានជាប់ពាក់ព័ន្ធជាមួយនឹងចរិតហិង្សាផងដែរ
ជាមួយនឹងការមានទំនាក់ទំនងជាមួយគណបក្សប្រឆាំង។