Tuesday, October 28, 2014
សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ៖ បញ្ហាថ្មីៗនិងដំណោះស្រាយ
ទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤
- ឯកឧត្តម Thach Du ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គម
និយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម Prasith Sayasith ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
- សាស្ត្រាចារ្យ Byung-Wook Lee អតីតប្រធានវិទ្យាស្ថានបរិស្ថានកូរ៉េ KEI
- សាស្ត្រាចារ្យ Nguyen Xuan Thang ប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមវៀតណាម
- សាស្ត្រាចារ្យ Chaleum Yiapaoher ប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមឡាវ
- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ភ្ញៀវកិត្តិយស
ជាតិ-អន្តរជាតិ ក្មួយនិស្សិតជាទីមេត្រី!
ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ៖ បញ្ហាថ្មីៗនិងដំណោះស្រាយ និងពិធីបិទសិក្ខាសាលា កសាងសមត្ថភាព ស្តីពីចីរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតងក្នុងអនុតំបន់ទន្លេមេគង្គ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំសន្និសីទ និងសិក្ខាសាលាដ៏មានសារៈសំខាន់ទាំងពីរនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិទ្យាស្ថានបរិស្ថានកូរ៉េ ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការរៀបចំសិក្ខាសាលាកសាងសមត្ថភាព និងសូមអរគុណចំពោះវត្តមានរបស់វាគ្មិន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលញ៉ាំងឱ្យវេទិកាវិទ្យាសាស្រ្តនៃការពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ ទទួលបានជោគជ័យ និងផ្លែផ្កាគួរឱ្យកត់សម្គាល់។
តាមរយៈសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ កាលពីម្សិលមិញ វាគ្មិនបានធ្វើបទបង្ហាញអំពីប្រធានបទសំខាន់ៗជាច្រើន ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មតាមតំបន់ព្រំដែន បរិស្ថាននិងធនធានធម្មជាតិ ទេសចរណ៍ ព្រមទាំងសង្គមនិងវប្បធម៌។ ទន្ទឹមនឹងនេះដែរ សន្និសីទនេះបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរួមដៃគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដែលប្រជាជននៃប្រទេសទាំងបីកំពុងជួបប្រទះ។ ខ្ញុំមានជំនឿថា លទ្ធផលនៃសន្និសីទនឹងចូលរួមជាទស្សនាទានដ៏សំខាន់ សម្រាប់ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការត្រីភាគីនេះ ឱ្យទទួលបានការអភិវឌ្ឍកាន់តែប្រសើរឡើង ប្រកបដោយសុខដុមរមនា និងសមធម៌។
ភាពជាដៃគូដ៏ពិតប្រាកដនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងចំណោម រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសហគមន៍នៃអ្នកសិក្សាស្រាវជ្រាវ គឺពុំមែនត្រឹមតែជាទស្សនាទាន ប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តជាក់ស្តែង និងប្រកបដោយផ្លែផ្កាក្នុងតំបន់របស់យើង។ យើងទាំងអស់គ្នាមានតួនាទីថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍរបស់សង្គមជាតិរៀងៗខ្លួន និងរបស់តំបន់យើងទាំងមូល ក្នុងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ដោយសារបច្ចុប្បន្ននេះ ខណៈពេលដែលយើងកំពុងរស់នៅក្នុងពិភពលោកមួយ នៃសកលភាវូបនីយកម្ម យើងជួបប្រទះនូវបញ្ហាស្មុគស្មាញ និងភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ ដែលតម្រូវឱ្យប្រទេសនិងរដ្ឋាភិបាលទាំងអស់ ជាពិសេស ប្រទេសជិតខាងជាមិត្ត ត្រូវធ្វើការរួមគ្នា។
នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកបច្ចុប្បន្ន មានការប្រឈមថ្មីៗជាច្រើន ដែលកើតចេញពីកត្តាមនុស្ស និងធម្មជាតិ។ ភាពក្រីក្រ គម្លាតនៃការអភិវឌ្ឍយ៉ាងធំ និកម្មភាព ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ នៅតែជាបញ្ហាប្រឈមជាចម្បងយ៉ាងសំខាន់ដែលត្រូវដោះស្រាយ ដើម្បីសម្រេចបាននូវសង្គមមួយ ដែលមានសន្តិសុខស្បៀង សន្តិសុខថាមពល សន្តិសុខធនធានទឹក ការងារសមរម្យ យុត្តិធម៌សង្គម ការការពារបរិស្ថាន និងអភិបាលកិច្ចល្អ។
ខ្ញុំសូមលើកឡើងផងដែរថា យើង ជាប្រជាជនកម្ពុជា ឡាវ វៀតណាម មានសំណាងដោយបានឃើញការអភិវឌ្ឍជាវិជ្ជមានដ៏ខ្លាំងក្លានៃប្រទេសទាំង៣ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងនិម្មាបនកម្មក្នុងតំបន់អាស៊ីទាំងមូល។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់នេះ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ យ៉ាងហោចណាស់ចំនួនបីធំៗ រួមមាន សន្តិភាព ស្ថេរភាព និងទំនាក់ទំនងសេដ្ឋកិច្ច។ ទន្ទឹមនឹងមោទនភាព ដែលយើងមានចំពោះសមិទ្ធផលដែលយើងសម្រេចបាន យើងត្រូវតែខិតខំឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសល់។ យើងត្រូវកែលម្អ និងថែរក្សាវប្បធម៌នៃភាពជាដៃគូ និងទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងបី ដើម្បីរួមគ្នាបន្តអភិវឌ្ឍតំបន់នេះប្រកបដោយជោគជ័យ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់!
ដោយឡែក សិក្ខាសាលាថ្ងៃនេះ គឺជាវេទិកាវិទ្យាសាស្រ្តដ៏សំខាន់មួយទៀត ផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ បានពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងបង្ហាញនូវរបកគំហើញថ្មីៗនានា ពាក់ព័ន្ធនឹងសន្តិសុខថាមពល និងកំណើនបៃតងក្នុងអនុតំបន់ទន្លេមេគង្គ។ ជាពិសេស សិក្ខាសាលាបានផ្តោតការយកចិត្តទុកដាក់លើប្រធានបទដ៏មានសារៈសំខាន់ ដូចជា សន្តិសុខថាមពលប្រកបដោយចីរភាពដែលនាំឱ្យមានការអភិវឌ្ឍជានិរន្តរ៍ យុទ្ធសាស្ត្រថាមពលប្រកបដោយចីរភាពដើម្បីទ្រទ្រង់កំណើនបៃតង បច្ចេកវិទ្យាបៃតងនៃថាមពលកកើតឡើងវិញ និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងប្រទេសទាំង៣ បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការប្រើប្រាស់ថាមពល។ ដើម្បីធានាបាននិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បញ្ហាសន្តិសុខថាមពល និងកិច្ចការពារបរិស្ថាន ត្រូវតែមានដំណោះស្រាយសមស្របដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិទាំងអស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងឡាយលើបរិស្ថាន កសិកម្ម ផលិតកម្មសត្វ ព្រៃឈើ និងជលផល ដោយបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០។
ដូច្នេះ សិក្ខាសាលានេះ ពិតជាបានផ្តល់នូវគំនិតថ្មីៗ និងអនុសាសន៍ល្អៗជាច្រើន សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងអស់ក្នុងអនុតំបន់ទន្លេមេគង្គ ដែលអាចបម្រើដល់ការកសាងយន្តការ ឬវិធានការចាំបាច់នានា សំដៅធានាសន្តិសុខថាមពលប្រកបដោយចីរភាព ដែលជាសមាសភាគដ៏ចាំបាច់មួយនៃការអភិវឌ្ឍប្រកបដោយចីរភាព។
មុននឹងបញ្ចប់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានរៀបចំសន្និសីទ និងសិក្ខាសាលានេះ ដោយទទួលបានលទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថានបរិស្ថានកូរ៉េ និងអង្គការជាដៃគូនានា ដែលបានឧបត្ថម្ភគាំទ្រដល់ការរៀបចំសិក្ខាសាលា។
ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ។ ខ្ញុំសូមប្រកាសបិទសន្និសីទ និងសិក្ខាសាលានៅពេលនេះ!
សូមអរគុណ !
ឯកឧត្តម សុខ អាន អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៉េតង់កម្ពុជា
ដោយផ្អែកទៅលើជោគជ័យដែលកីឡាករ កីឡាការិនី ប៊ូល និងប៉េតង់កម្ពុជា ទទួលបាននាពេលកន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ ឲ្យសហព័ន្ធកីឡាប៉េតង់កម្ពុជា សហការជាមួយស្ថាប័នផ្សេងៗ ដើម្បីរកការគាំទ្រ និងពង្រឹងការងារគ្រប់គ្របផ្ទៃក្នុង ជាពិសេសជ្រើសរើសគ្រូបង្វឹកឲ្យបានល្អ ក៏ដូចជា ជំរុញឲ្យកីឡាករ កីឡាការិនី ខិតខំហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំបង្កើនសមត្ថភាព ដើម្បីដណ្តើមជ័យលាភីថ្មីទៀតនៅ ក្នុងការប្រកួតលក្ខណៈអន្តរជាតិជូនជាតិមាតុភូមិក្នុងអំឡុងឆ្នាំ២០១៥ ខាងមុខនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ដណ្ដើមពានរង្វាន់ឯកឧត្តម សុខ អាន លើកទី០៥ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅពហុកីឡដ្ឋានជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលជាប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជាផងដែរ បានមានប្រសាសន៍ឲ្យដឹងថា កីឡាប៉េតង់កម្ពុជាតែងតែទទួលបានជោគជ័យ ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាច្រើន ទាំងក្របខណ្ឌពិភពលោក អាស៊ី និងតំបន់ ក្នុងនោះកម្ពុជាទទួលបានមេដាយមាសចំនួន៣៥ ប្រាក់ចំនួន៥៥ និងសំរិទ្ធចំនួន៥៩។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្តមនឹងរៀបចំឲ្យមានការប្រកួតច្រើនថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពកីឡាប៉េតង់កម្ពុជា ពីព្រោះមានតែការប្រកួតទេ ដែលអាចវាស់ស្ទង់ និងបង្កើនសមត្ថភាពកីឡាករ កីឡាការិនីបានល្អ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អំពាវនាវសុំឲ្យសប្បុរសជន ដែលស្រឡាញ់ចូលចិត្តកីឡាប៊ូល និងប៉េតង់ មេត្តាបន្តជួយឧបត្ថម្ភគាំទ្រផងដែរ។
លោក មាស សារិន អគ្គលេខាធិការសហព័ន្ធប៉េតង់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្តើមពានរង្វាន់ឯកឧត្តម សុខ អាន លើកទី០៥ ឆ្នាំ២០១៤នេះ មានសមាគម និងក្លឹបចូលរួមចំនួន២៨ ដែលមានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន២៣២នាក់ ប្រៀបនឹងការប្រកួតលើកទី៤ ឆ្នាំ២០១២ មានក្លឹប និងសមាគម ចំនួន២៤ និងកីឡាករ កីឡាការិនី ចំនួនតែ ១៨២នាក់ ប៉ុណ្ណោះចូលរួម។ វិញ្ញាសាដែលដាក់ឱ្យប្រកួតក្នុងរយៈពេលបីថ្ងៃ ២៥-២៧ ខែតុលា ឆ្នាំ២០១៤ រួមមានប្រកួត០៣នាក់ទល់០៣នាក់បុរស ដែលត្រូវប្រកួតដណ្ដើមយកពានរង្វាន់ធំសរុបមាន ២៩ក្រុម ដោយធ្វើការប្រកួតតាមរូបមន្តវិលជុំ និងជម្រុះមានចំនួន៤៩ ប្រកួត។ វិញ្ញាសានារី២នាក់ ទល់០២នាក់ មាន១៣ក្រុម ប្រកួតវិលជុំជម្រុះចំនួន៣៩ប្រកួត។ ផ្នែកយុវជនអាយុក្រោម១៧ឆ្នាំ០២នាក់ទល់០២នាក់ មាន២០ក្រុមប្រកួតវិលជុំជម្រុះចំនួន៣៧ប្រកួត។ ផ្នែកនារីអាយុក្រោម១៧ឆ្នាំ វិញ្ញាសា០២នាក់ទល់០២នាក់ មាន០៥ក្រុមប្រកួតវិលជុំជម្រុះចំនួន១០ប្រកួត ផ្នែកយុវជន០១នាក់ ទល់០១នាក់មាន៣០ក្រុម ត្រូវជា៥៤ប្រកួត ផ្នែកយុវនារី១នាក់ទល់០១នាក់ មាន១០ក្រុមស្មើនឹង៣២ប្រកួត។ ផ្នែកពានសមាគមបុរស៣នាក់ទល់ ០៣នាក់ មាន៣២ប្រកួត និង ផ្នែកពានសមាគមនារី០២នាក់ ទល់០២នាក់មានចំនួន០៨ប្រកួត, ០៣នាក់ទល់០៣នាក់មាន១២ក្រុម និងវិញ្ញាសា០២នាក់ទល់០២នាក់នារី មាន១៣ក្រុម ដោយប្រកួតតាមរូប មន្តចាញ់០២ដង។
ចំពោះលទ្ធផលចំណាត់ថ្នាក់លេខ០១ពានធំផ្នែកបុរស បានទៅលើក្រុមយោធភូមិភាគពិសេស។ ផ្នែកនារី០២នាក់ទល់០២នាក់ ចំណាត់ថ្នាក់លេខ០១ក្រសួងការពារជាតិ ។ ផ្នែកយុវជនអាយុក្រោម១៧ឆ្នាំ ម្នាក់ទល់ម្នាក់ចំណាត់ថ្នាក់លេខ០១មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កណ្តាល។ ផ្នែកយុវជនអាយុក្រោម១៧ឆ្នាំ០២នាក់ទល់០២នាក់ លេខ ០១ទីស្ដីការគណៈរដ្ឋមន្ត្រី ផ្នែកនារីអាយុក្រោម១៧ឆ្នាំ ប្រកួតម្នាក់ទល់ម្នាក់ លេខ០១ក្រុមនាគរាជ០១ ផ្នែកយុវនារីអាយុក្រោម១៧ឆ្នាំ ប្រកួតពីរនាក់ទល់ពីរនាក់លេខ០១ ទីស្ដីការគណៈរដ្ឋមន្ត្រី។
ចំពោះពានសមាគមបុរស ចំណាត់ថ្នាក់លេខ០១បានទៅក្រសួងមហាផ្ទៃ និងពានសមាគមនារី០២នាក់ទល់០២នាក់ លេខ០១បានក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា នៅក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ដណ្ដើមពានរង្វាន់ឯកឧត្តម សុខ អាន លើកទី០៥ ឆ្នាំ២០១៤នេះ ក៏មានវត្តមានលោក អេឌី លីម ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាប៉េតង់អាស៊ី និង ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាកិត្តិយសផងដែរ៕
Subscribe to:
Posts (Atom)