ដោយផ្អែកទៅលើជោគជ័យដែលកីឡាករ កីឡាការិនី ប៊ូល និងប៉េតង់កម្ពុជា ទទួលបាននាពេលកន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ ឲ្យសហព័ន្ធកីឡាប៉េតង់កម្ពុជា សហការជាមួយស្ថាប័នផ្សេងៗ ដើម្បីរកការគាំទ្រ និងពង្រឹងការងារគ្រប់គ្របផ្ទៃក្នុង ជាពិសេសជ្រើសរើសគ្រូបង្វឹកឲ្យបានល្អ ក៏ដូចជា ជំរុញឲ្យកីឡាករ កីឡាការិនី ខិតខំហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំបង្កើនសមត្ថភាព ដើម្បីដណ្តើមជ័យលាភីថ្មីទៀតនៅ ក្នុងការប្រកួតលក្ខណៈអន្តរជាតិជូនជាតិមាតុភូមិក្នុងអំឡុងឆ្នាំ២០១៥ ខាងមុខនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ដណ្ដើមពានរង្វាន់ឯកឧត្តម សុខ អាន លើកទី០៥ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅពហុកីឡដ្ឋានជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលជាប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជាផងដែរ បានមានប្រសាសន៍ឲ្យដឹងថា កីឡាប៉េតង់កម្ពុជាតែងតែទទួលបានជោគជ័យ ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាច្រើន ទាំងក្របខណ្ឌពិភពលោក អាស៊ី និងតំបន់ ក្នុងនោះកម្ពុជាទទួលបានមេដាយមាសចំនួន៣៥ ប្រាក់ចំនួន៥៥ និងសំរិទ្ធចំនួន៥៩។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្តមនឹងរៀបចំឲ្យមានការប្រកួតច្រើនថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពកីឡាប៉េតង់កម្ពុជា ពីព្រោះមានតែការប្រកួតទេ ដែលអាចវាស់ស្ទង់ និងបង្កើនសមត្ថភាពកីឡាករ កីឡាការិនីបានល្អ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អំពាវនាវសុំឲ្យសប្បុរសជន ដែលស្រឡាញ់ចូលចិត្តកីឡាប៊ូល និងប៉េតង់ មេត្តាបន្តជួយឧបត្ថម្ភគាំទ្រផងដែរ។
លោក មាស សារិន អគ្គលេខាធិការសហព័ន្ធប៉េតង់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្តើមពានរង្វាន់ឯកឧត្តម សុខ អាន លើកទី០៥ ឆ្នាំ២០១៤នេះ មានសមាគម និងក្លឹបចូលរួមចំនួន២៨ ដែលមានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន២៣២នាក់ ប្រៀបនឹងការប្រកួតលើកទី៤ ឆ្នាំ២០១២ មានក្លឹប និងសមាគម ចំនួន២៤ និងកីឡាករ កីឡាការិនី ចំនួនតែ ១៨២នាក់ ប៉ុណ្ណោះចូលរួម។ វិញ្ញាសាដែលដាក់ឱ្យប្រកួតក្នុងរយៈពេលបីថ្ងៃ ២៥-២៧ ខែតុលា ឆ្នាំ២០១៤ រួមមានប្រកួត០៣នាក់ទល់០៣នាក់បុរស ដែលត្រូវប្រកួតដណ្ដើមយកពានរង្វាន់ធំសរុបមាន ២៩ក្រុម ដោយធ្វើការប្រកួតតាមរូបមន្តវិលជុំ និងជម្រុះមានចំនួន៤៩ ប្រកួត។ វិញ្ញាសានារី២នាក់ ទល់០២នាក់ មាន១៣ក្រុម ប្រកួតវិលជុំជម្រុះចំនួន៣៩ប្រកួត។ ផ្នែកយុវជនអាយុក្រោម១៧ឆ្នាំ០២នាក់ទល់០២នាក់ មាន២០ក្រុមប្រកួតវិលជុំជម្រុះចំនួន៣៧ប្រកួត។ ផ្នែកនារីអាយុក្រោម១៧ឆ្នាំ វិញ្ញាសា០២នាក់ទល់០២នាក់ មាន០៥ក្រុមប្រកួតវិលជុំជម្រុះចំនួន១០ប្រកួត ផ្នែកយុវជន០១នាក់ ទល់០១នាក់មាន៣០ក្រុម ត្រូវជា៥៤ប្រកួត ផ្នែកយុវនារី១នាក់ទល់០១នាក់ មាន១០ក្រុមស្មើនឹង៣២ប្រកួត។ ផ្នែកពានសមាគមបុរស៣នាក់ទល់ ០៣នាក់ មាន៣២ប្រកួត និង ផ្នែកពានសមាគមនារី០២នាក់ ទល់០២នាក់មានចំនួន០៨ប្រកួត, ០៣នាក់ទល់០៣នាក់មាន១២ក្រុម និងវិញ្ញាសា០២នាក់ទល់០២នាក់នារី មាន១៣ក្រុម ដោយប្រកួតតាមរូប មន្តចាញ់០២ដង។
ចំពោះលទ្ធផលចំណាត់ថ្នាក់លេខ០១ពានធំផ្នែកបុរស បានទៅលើក្រុមយោធភូមិភាគពិសេស។ ផ្នែកនារី០២នាក់ទល់០២នាក់ ចំណាត់ថ្នាក់លេខ០១ក្រសួងការពារជាតិ ។ ផ្នែកយុវជនអាយុក្រោម១៧ឆ្នាំ ម្នាក់ទល់ម្នាក់ចំណាត់ថ្នាក់លេខ០១មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កណ្តាល។ ផ្នែកយុវជនអាយុក្រោម១៧ឆ្នាំ០២នាក់ទល់០២នាក់ លេខ ០១ទីស្ដីការគណៈរដ្ឋមន្ត្រី ផ្នែកនារីអាយុក្រោម១៧ឆ្នាំ ប្រកួតម្នាក់ទល់ម្នាក់ លេខ០១ក្រុមនាគរាជ០១ ផ្នែកយុវនារីអាយុក្រោម១៧ឆ្នាំ ប្រកួតពីរនាក់ទល់ពីរនាក់លេខ០១ ទីស្ដីការគណៈរដ្ឋមន្ត្រី។
ចំពោះពានសមាគមបុរស ចំណាត់ថ្នាក់លេខ០១បានទៅក្រសួងមហាផ្ទៃ និងពានសមាគមនារី០២នាក់ទល់០២នាក់ លេខ០១បានក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា នៅក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ដណ្ដើមពានរង្វាន់ឯកឧត្តម សុខ អាន លើកទី០៥ ឆ្នាំ២០១៤នេះ ក៏មានវត្តមានលោក អេឌី លីម ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាប៉េតង់អាស៊ី និង ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាកិត្តិយសផងដែរ៕






No comments:
Post a Comment