Tuesday, March 28, 2023
វិភាគអន្តរជាតិ៖ តើឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ធំប៉ុនណា ហើយនរណាជាអ្នកគ្រប់គ្រង?
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការ CAPDI
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ
ឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី។
ក្នុងជំនួបនោះ ឯកឧត្តម Jusuf Kalla បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃដែលបាននាំកម្ពុជាមកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេសនាំមកនូវសុខដុមបនីយកម្មរវាងសាសនា។
ឯកឧត្តមJusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា ឯកឧត្តមបាននាំសាសនិកអ៊ីស្លាមមកកម្ពុជាចំនួនជាង១០០នាក់ មកចូលរួមស្រាយបួស ហើយអ្វីដែលឯកឧត្តមបានឃើញកាលពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមដែលបានដឹកនាំសាសនិកអ៊ីស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមថា កម្ពុជារៀបចំកម្មវិធីស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនានៅកម្ពុជាគឺមានសុខដុមភាពណាស់ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ៕
សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា-ម៉ាឡេស៊ី ឯកភាពបន្តធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងរឹងមាំលើគ្រប់វិស័យ
អតីតមេដឹកនាំកោះតៃវ៉ាន់និយាយថា «យើងសុទ្ធតែជាចិនដូចគ្នា» ខណៈកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន
(ប៉េកាំង)៖ អតីតមេដឹកនាំតៃវ៉ាន់ លោក ម៉ា យីងជីវ (Ma Ying Jeou) នៅថ្ងៃអង្គារនេះ ដែលជាការចាប់ផ្តើមនៃដំណើរទស្សនកិច្ចរបស់លោកនៅឯប្រទេសចិន បានលើកឡើងថា ប្រជាជនទាំងអស់ដែលនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺសុទ្ធតែមានពូជអម្បូរជាចិន ហើយមានបុព្វបុរសរួមគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។
កំលុងការធ្វើទស្សនកិច្ចនៅទីក្រុងណានជីង (Nanjing) នៃប្រទេសចិន លោក ម៉ា បាននិយាយថា ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាចិនដូចគ្នា និងមានដូនតាតែមួយ។ យ៉ាងណាក្តី ការប្រើប្រាស់ពាក្យពេចន៍ក្នុងការធ្វើអត្ថាធិប្បាយរបស់លោក គឺលោក ម៉ា ហាក់ចង់សំដៅលើពូជអម្បូរដើមជាជនជាតិចិន ជាជាងសំដៅទៅលើសញ្ជាតិជាចិន។ យោងតាមការស្ទង់មតិប៉ុន្មានឆ្នាំចុងក្រោយ ប្រជាជនតៃវ៉ាន់ភាគច្រើន គឺលែងចាត់ទុកខ្លួនឯងជាជនជាតិចិនទៀតហើយ។
លោក ម៉ា យីងជីវ គឺជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន គិតចាប់តាំងពីរដ្ឋាភិបាលជាតិនិយម របស់លោក ចាង កៃជាក បានរត់ភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ កាលពីឆ្នាំ១៩៤៩ ក្រោយចាញ់សង្រ្គាមស៉ីវិល ក្រោមដៃបក្សកុម្មុយនិស្ត។ ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ គឺប្រព្រឹត្តទៅ ចំពេលភាពតានតឹងបានកើនឡើងខ្លាំង ខណៈដែលទីក្រុងប៉េកាំងកំពុងបន្តប្រើប្រាស់វិធីសាស្រ្តតាមផ្លូវនយោបាយនិងយោធា ដើម្បីព្យាយាមដាក់សម្ពាធឱ្យតៃវ៉ាន់ ទទួលយកអធិបតេយ្យរបស់ចិន។
គួរបញ្ជាក់ថា គណបក្សកាន់អំណាចតៃវ៉ាន់ បានចោទជាសំណួរថា ហេតុអ្វីបានជាលោកនៅតែមកបំពេញទស្សនកិច្ចនៅចិនទៀត ស្របពេលដែលទីក្រុងប៉េកាំង ទើបតែបានឆក់យកសម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ គឺហុងឌូរ៉ាស ទៅបាត់មួយទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលប្រការនេះធ្វើឱ្យតៃវ៉ាន់នៅមានទំនាក់ទំនងការទូតផ្លូវការ តែជាមួយប្រទេសចំនួន១៣ប៉ុណ្ណោះ។
លោក ម៉ា ដែលមកពីគណបក្សប្រឆាំងធំបំផុតរបស់តៃវ៉ាន់ គឺបក្សគួមីនតាង បាននិយាយថា ទស្សនកិច្ចរបស់លោក មានគៅលដៅព្យាយាមជួយកាត់បន្ថយភាពតានតឹង។ តាំងពីដើមមកគណបក្សគួមីនតាង ចង់ឱ្យតៃវ៉ាន់មានទំនាក់ទំនងកក់ក្តៅជាងមុនជាមួយចិន ប៉ុន្តែបដិសេធយ៉ាងរឹងមាំថា ខ្លួនមិនមែនគាំទ្រចិននោះទេ។ កាលនៅជាមេដឹកនាំតៃវ៉ាន់ លោក ម៉ា ក៏ធ្លាប់ជួបមុខប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅសិង្ហបុរី កាលពីឆ្នាំ២០១៥ ផងដែរ។ ដោយឡែក សម្រាប់ការបំពេញទស្សនកិច្ចនៅប្រទេសចិន នាពេលនេះ ដែលនឹងមានរយៈពេលសរុប១២ថ្ងៃ រូបលោកមិនត្រូវបានគ្រោងជួបជាមួយមន្រ្តីជាន់ខ្ពស់ ឬថ្នាក់ដឹកនាំចិនណាមួយឡើយ៕
សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញដល់សមត្ថកិច្ចត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋ
(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាប ត្រូវបង្ក្រាបរាល់ល្បែងស៉ីសងគ្រប់ប្រភេទ ជាពិសេសការជួញដូរគ្រឿងញៀន និងត្រូវផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស ស្រទាប់យុវវ័យ ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតករបំបាំងមុខដ៏សាហាវបំផុត។
ការជំរុញបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវការគ្រប់គ្រងដើម្បីឆ្លើយតបនៃវិបត្តិ បញ្ហាប្រឈមនានាប្រកបដោយសុខភាព ដើម្បីស្ដារផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដែលបណ្ដាលមកពីជម្ងឺកូវីដ១៩ គ្រោះទឹកជំនន់ និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើន ៧.២% នៅឆ្នាំ២០២២។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នៅក្នុងឆ្នាំ២០២២ កម្ពុជាក៏សម្រេចបានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ប្រកបដោយលក្ខណៈ សេរីត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងបទបញ្ជា ពីការបោះឆ្នោត ព្រមទាំងរក្សាការពារ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតយ៉ាងល្អប្រសើរ។ លើសពីនេះទៅទៀត ប្រទេសយើងមានតួនាទីជាប្រធានអាស៊ាន ដែលបានសម្រេចដោយជោគជ័យ និងជាប្រវត្តិសាស្ត្រ នៃការរៀបចំ ប្រជុំសភាអាស៊ាន លើកទី ៤០,៤១។
សម្ដេចពិជ័យសេនា បានថ្លែងថា ទន្ទឹមនឹងសមិទ្ធផលខាងលើនេះក៏បានកត់សម្គាល់ អំពីបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមទាំងកិច្ចការជាច្រើន ដែលត្រូវបន្តខិតខំពុះពារ និងអនុវត្តឱ្យបានល្អជាបន្តទៀត។ ក្នុងនោះដែរសម្ដេចពិជ័យសេនា ក៏បានកោតសរសើរ និងឯកភាព តាមរបាយការណ៍របស់អភិបាលខេត្តសៀមរាប ដែលបានគូសបញ្ជាក់អំពីខ្លឹមសារសំខាន់ៗ ដែលសន្និបាតយកទៅពិភាក្សាចំណុចទាំងនេះ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការរៀបចំក្រុងសៀមរាប ក្នុងការចូលរួម អនុវត្តគម្រោង ទីក្រុងវៃឆ្លាត និងការងារវឌ្ឍនភាព នៃការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ តាមទីប្រជុំជន និងក្រុង ស្រុក នៅទូទាំងខេត្តសៀមរាប។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានចូលរួមគាំទ្រ និងឯកភាពតាមស្មារតីនៃអង្គសន្និបាតបានលើកឡើង ហើយសម្ដេចបានសង្ឃឹម និងជឿជាក់ថា បញ្ហាខាងលើនេះ រដ្ឋបាលគ្រប់ថ្នាក់តាំងពីថ្នាក់ខេត្ត ស្រុក ក្រុង ឃុំសង្កាត់ និងបន្តខិតខំអនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់ដោយច្បាប់បទដ្ឋានគតិយុត្តិ ដែលរដ្ឋបាលនីមួយៗ មានការទទួលខុសត្រូវទៅតាមច្បាប់ជាធរមាន ហើយក៏ដូចជាចូលរួមគាំទ្រ ដល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីការងាររបស់រដ្ឋបាលខេត្ត ហើយក៏ជឿជាក់លើក្រុមការងារ របស់យើង ក្នុងការគាំទ្របញ្ហានេះ។ សម្តេចក៏បានលើកផងដែរ អំពីបញ្ហាការឯកភាពគ្នា លើព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដោយខេត្តសៀមរាប បានត្រូវកាត់ប្រជាពលរដ្ឋមួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងដែនសមត្ថកិច្ចដល់រដ្ឋបាលខេត្តឧត្តរមានជ័យ។
សម្ដេចក៏បានលើកនូវចំណុចសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ លើកការអនុវត្តចំពោះមុខក្នុងឆ្នាំ២០២៣ មានទាក់ទងទៅនឹងការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នឹងត្រូវបន្តខិតខំថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបន្តលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋជាដើម។ ម៉្យាងទៀតការរៀបចំទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋាន នៅរមណីដ្ឋានអង្គរ ព្រមទាំងការងារកាត់ឆ្វៀលដីតំបន់៣ បឹងទន្លេសាប សំខាន់លើកិច្ចសហការល្អជាមួយអាជ្ញាធរអប្សរា ក្នុងការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ សម្រាប់បងប្អូនស្ម័ត្រចិត្តចាកចេញពីតំបន់រមនីយដ្ឋានអង្គរ ទៅរស់នៅទីនោះ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជៀសការដកចេញសម្បតិ្តបេតិកភណ្ឌជាតិចេញពីបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់អំពីភារកិច្ចចំពោះមុខរបស់រដ្ឋបាលខេត្ត លើការទទួលស្វាគមន៍នូវខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម ២០២៣។
ជាមួយនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសការបរិច្ឆេទ ឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងមូលដ្ឋានខ្លួន ដើមី្បត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃឆ្នើមលើការងារស្នូលប្រចាំឆ្នាំ២០២២ ចំនួន ១១៦រូបផងដែរ៕
ASEAN launched its call for nominations for ASEAN Prize 2023.
ពានរង្វាន់អាស៊ាន ឆ្នាំ២០២៣
ការជ្រើសរើសម្ចាស់ពានរង្វាន់អាស៊ានឆ្នាំ ២០២៣ បានចាប់ផ្តើម។
ជ័យលាភី នឹងទទួលបានពានរង្វាន់ ASEAN Prize អមដោយទឹកប្រាក់រង្វាន់ចំនួន ២ម៉ឺនដុល្លារអាមេរិក។
ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌចូលរួម ចៅក្រមវិនិច្ឆ័យ និងរបៀបផ្ញើបេក្ខភាព ចូលរួមរបស់អ្នក សូមចូលទៅកាន់គេហទំព័រ៖ http://www.asean.org/asean-prize
សូមផ្ញើបេក្ខភាពរបស់អ្នកមកកាន់៖ mfaic.asean@mfaic.gov.kh
Call for Nominations: ASEAN Prize 2023
ASEAN launched its call for nominations for ASEAN Prize 2023.
The winner will be honoured with ASEAN Prize Trophy and rewarded a US$20,000 cash prize.
Learn more about the eligibility, judges, and how to send your submission at: www.asean.org/asean-prize
Send your nomination to: mfaic.asean@mfaic.gov.kh
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីជំនួបរវាង ប្រមុខការទូតកម្ពុជា និងម៉ារ៉ុក
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រម៉ារ៉ុក នៅថ្ងៃទី ២៧ និង២៨ ខែមីនា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម បាន បញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយលោក Rachid TALBI ALAMI ប្រធានសភាម៉ារ៉ុក ផងដែរ។
ក្នុងឱកាសជំនួបទ្វេភាគី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់គ្នាប្រកបដោយផ្លែផ្កា និងបានសម្តែងនូវទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ជាកម្លាំងជម្រុញថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការស្វែងរកនូវ កិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ Mohammed VI និងបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសម៉ារ៉ុក ក៏ដូចជាគោលនយោបាយដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ ដែលព្រះអង្គមានគោលបំណងធានានូវភាពរីកចម្រើន រុងរឿង និងស្ថិរភាពនៃព្រះរាជាណាចក្រ និងប្រជាជនម៉ារ៉ុក។
ដូចគ្នានេះដែរ លោក Nasser BOURITA បានលើកឡើងពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ដែលកើតមានក្នុងប្រទេសកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញតួនាទីយ៉ាងសំខាន់អស់ជាច្រើន ទសវត្សរ៍ក្នុងការធានា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អប្រសើរ ដែលបានចងភ្ជាប់ ព្រះរាជាណាចក្រទាំងពីរ ឈានដល់កម្រិតខ្ពស់បំផុត ដែលត្រូវបានកត់សម្គាល់ឡើងតាមរយៈ ចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក ការពិគ្រោះយោបល់ជាបន្តបន្ទាប់ និងការសម្រប សម្រួលលើបញ្ហាផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ ទៅវិញទៅមក។
ក្នុងន័យនេះ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរៀបចំឱ្យមានជំនួបតាមប្រព័ន្ធ វីដេអូ កម្រិតថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ និងកិច្ចប្រជុំ ពិគ្រោះយោបល់នយោបាយលើកទី៣រវាងម៉ារ៉ុក-កម្ពុជា ថ្នាក់អគ្គនាយក កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ និងបានសម្តែងការចាប់អារម្មណ៍ក្នុងការជំរុញកិច្ចសន្ទនានយោបាយការទូត ទ្វេភាគី។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ និងបានលើកឡើងពីសក្តានុពលនៃការបង្កើតកិច្ចសហប្រតិបត្តការ សេដ្ឋកិច្ច ដោយឈរលើទីតាំងរៀងៗខ្លួននៅក្នុងតំបន់អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។
ក្នុងន័យនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែខ្លាំង។
ក្នុងទិសដៅនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការរៀបចំវេទិកាធុរកិច្ចដ៏សំខាន់ មួយនៅប្រទេសម៉ារ៉ុក ឬ នៅកម្ពុជា នាពេលអនាគត។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានលើកឡើងអំពីទស្សនៈរួមគ្នារវាងម៉ារ៉ុក និងកម្ពុជាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ព្រមទាំងបានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ពហុភាគី និយម និងរួមចំណែកក្នុងរបៀបវារៈពិភពលោកសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។
លោក Nasser BOURITA បានកោតសរសើរចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា នៅឆ្នាំ២០២២ និងភាពលេចធ្លោនូវលទ្ធផលនៃកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ នានាដែលបានធ្វើឡើងនៅកម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំមុននេះ។
ចំពោះសំណើរបស់ម៉ារ៉ុកសុំចូលជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មី ដល់សមភាគីម៉ារ៉ុកអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា សម្រាប់ការវាយតម្លៃឡើងវិញដោយ លេខាធិការដ្ឋានអាស៊ានលើសំណើម៉ារុក ដោយគោរពតាម ដំណើរការនីតិវិធី និងកុងសង់ស៊ីសអាស៊ាន។
ចំពោះបញ្ហានៅតំបន់សាហារ៉ា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រេសិតផ្ទាល់របស់លោកអគ្គលេខាធិការសម្រាប់សាហារ៉ា ដោយអនុលោមតាមវិធានការណ៍ ដែលបានកំណត់ដោយសេចក្ដី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនានា ពាក់ព័ន្ធនឹងបញ្ហានេះ និងកោតសរសើរកិច្ចខំប្រឹងប្រែងដ៏ម៉ុះមុត ជាក់ស្តែង និងគួរឲ្យជឿជាក់របស់ប្រទេសម៉ារ៉ុក។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រម៉ារ៉ុក និងគោរពកិច្ចខំប្រឹងប្រែងរបស់ម៉ារ៉ុក ដើម្បីឈានទៅដល់ការចរចានយោបាយ ចំពោះជម្លោះក្នុងតំបន់នេះ។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានស្វាគមន៍ចំពោះការបោះឆ្នោត និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌអង្គការអន្តរជាតិ។
ក្នុងន័យនេះ លោក Nasser BOURITA បានរំលឹកជាថ្មីម្តងទៀតនូវការគាំទ្ររបស់ប្រទេសម៉ារ៉ុក ចំពោះបេក្ខភាពនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការ ឥស្លាម (OIC)។
ដូចគ្នានេះដែរចំពោះទំនាក់ទំនងមិត្តភាពដែលផ្សារភ្ជាប់ព្រះរាជាណាចក្រទាំងពីរ ក៏ដូចជា ការដឹកនាំរបស់ប្រទេសម៉ារ៉ុក ក្នុងការចូលរួមថែរក្សាសន្តិសុខអន្តរជាតិ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការគាំទ្ររបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះបេក្ខភាពរបស់ប្រទេស ម៉ារ៉ុកជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ឆ្នាំ២០២៨-២០២៩។
ចំពោះការទូតសភាវិញ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានកោតសរសើរនូវការផ្លាស់ប្តូរទស្សនកិច្ច រវាងសភាម៉ារ៉ុក និងរដ្ឋសភាកម្ពុជា ទាំងក្នុងកម្រិតទ្វេភាគី ទាំងក្នុងកម្រិតតំបន់ ពិសេស ក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) និងក្នុងកម្រិតពហុភាគីផងដែរ។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានទទួលស្គាល់ផងដែរនូវកិច្ចសហប្រតិបត្តិការជាវិជ្ជមាននៃសភាទាំងពីរ ហើយបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការបង្កើនបណ្តាញក្រុមសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM-PN) ដើម្បីការពារ ថែរក្សា និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។ រដ្ឋមន្រ្តីទាំងពីរ ក៏បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអន្តរសភាពអាស៊ាន AIPA ដែលម៉ារ៉ុកជាសមាជិកសង្កេតការណ៍។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា រិះរកគ្រប់វិធី និងមធ្យោបាយ ដើម្បីអភិវឌ្ឍនូវ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការផ្តល់នូវអាហារូបករណ៍ ការផ្លាស់ប្តូរការ សិក្សា ស្រាវជ្រាវ ការរៀបចំព្រឹត្តិការណ៍វប្បធម៌។ល។
នៅចុងបញ្ចប់នៃជំនួប រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នា នូវផែនទីបង្ហាញផ្លូវមួយនា ពេលដ៏ខ្លីខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងបង្កើតនូវ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រម៉ារ៉ុក និងបានបង្ហាញពីទំនុកចិត្តថា កិច្ចព្រមព្រៀងនេះនឹងជួយរួមចំណែកដល់ការលើកកម្ពស់វិស័យ ទេសចរណ៍ ធុរកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងស្មារតីដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានឯកភាពធ្វើការពន្លឿនការចរចារបញ្ចប់ និងឈានទៅរក ចុះការ ហត្ថលេខា លើកិច្ចព្រមព្រៀង ដែលមិនទាន់សម្រេចចំនួន ០៣ ផ្សេងទៀត រួមមាន៖
*កិច្ចព្រមព្រៀងស្តីពីការជម្រុញ និងការការពារវិនិយោគទៅវិញទៅមករវាងម៉ារ៉ុក និងកម្ពុជា
*កិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងម៉ារ៉ុក និងកម្ពុជា
*កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។
ឯកសារទាំងបីនេះ នឹងផ្តល់សន្ទុះថ្មីដល់សេដ្ឋកិច្ច ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាមូលដ្ឋានរឹងមាំសម្រាប់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែល ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អប្រសើរដែលភ្ជាប់ប្រទេសទាំងពីរទាំងកម្រិតនយោបាយ និងការទូត។
លើសពីនេះទៅទៀត និងដោយផ្អែកលើគោលដៅ និងគោលបំណងរួមសម្រាប់ការ លើកកម្ពស់ ទំនាក់ទំនងទ្វេភាគី និងកិច្ចការផ្សេងទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក តបតាមការ អញ្ជើញរបស់ លោក Aziz AKHANNOUCH ប្រមុខរាជរដ្ឋាភិបាលម៉ារ៉ុក។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអញ្ជើញ លោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខ។ លោក Nasser BOURITA បានទទួលយកនូវការអញ្ជើញនេះដោយក្តីសោមនស្សរីករាយ៕