Monday, April 27, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណកូនក្មួយនៅម៉ាឡេស៊ីដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា


មកទល់ថ្ងៃនេះ កម្ពុជា និងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងក្នុងទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០ នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជាកាលពីពេលថ្មីៗក្នុងពេលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។

ប៉ុន្តែនៅពេលនេះបម្រាមការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយកូនក្មួយពលករខ្មែរជាង២០០នាក់អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលាអោយខាងអាជ្ញាធរម៉ាឡេស៉ីគេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថាកូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩ ។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។

ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិនរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ៕

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០







សន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ»



សន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ បន្ទាប់​ពី​ឈប់​សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ» ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០

សន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ - ១៩ នៅព្រះរាជាណាចក្រកម្ពុជា



សន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ - ១៩ នៅព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ ចន្ទ ទី ២៧ ខែ មេសា ឆ្នាំ ២០២០

ក្រសួងឧស្សាហកម្ម ប្រកាសផ្អាកការប្រឡងជ្រើសរើសមន្រ្ដី ចូលបម្រើការងារក្នុងក្របខណ្ឌ សម្រាប់ឆ្នាំ២០២០ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹង ផ្អាកការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្រ្ដីរាជការឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០២០ ដោយសារផលប៉ះពាល់ ដែលបណ្ដាលមកពីជំងឺកូវីដ១៩៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ខាងក្រោម៖

ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ស្របតាមរដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆន្ទថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាល ហើយត្រូវបានអនុម័តដោយរដ្ឋសភា និងគាំទ្រដោយព្រឹទ្ធសភា គឺស្របទៅតាមរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសុំពិនិត្យធម្មនុញ្ញភាពច្បាប់ ស្តីពីការការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានឆ្លងផុតព្រឹទ្ធសភាហើយ ក្រោមការអនុម័តគាំទ្រ ដោយសំឡេង៥៤ លើ៥៤ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ដើម្បីបើកផ្លូវឱ្យសេចក្តីព្រាងច្បាប់នេះ ឈានទៅដល់ការប្រកាសឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ៕

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានាដែលក្រសួងសុខាភិបាលបានណែនាំ

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន លោកឧប​នា​យករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានាដែលក្រសួងសុខាភិបាលបានណែ​នាំ ជាពិសេសបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «ពិតហើយថា វត្តមាននៃមេរោគ COVID-19 បានធ្វើ​ឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរប​ស់ប្រជាពលរដ្ឋយើង តែសូមបងប្អូនបន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ជាពិសេស បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 នេះ ដើម្បីភាពប្រសើរឡើងសម្រាប់យើងទាំងអស់គ្នា»៕

លោក ផាន់ ចាន់ធុល៖ មានផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវគឺមានក្តីសង្ឃឹម

ប៉ៃលិន៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ព្រមទាំងក្រុមការងារ បានពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ចូលសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលស្ថាបនាជិតរួចរាល់១០០%ហើយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
លោក ផាន់ ចាន់ធុល បានលើកឡើងថាផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅមកសាលារៀន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ១០០% ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទៈ និងជំនន់ទឹកភ្លៀង ដែលងាយបង្កគ្រោះថ្នាក់។ បើបងប្អូនមានបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយបងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ ផ្លូវក្រាលកៅស៊ូ ១ខ្សែរ ដែលអាជ្ញាធរខេត្តប៉ៃលិន ធ្វើការស្ថាបនា ជិតរួចរាល់នាពេលនេះ គឺមានប្រវែង ៣២០ម៉ែត្រ ទទឹង១៦ម៉ែត្រ សំណង់ប្រព័ន្ធលូសងខាងផ្លូវ ចាប់ពីផ្លូវជាតិលេខ ៥៧ រហូតដល់វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕



ក្រសួងសុខាភិបាលជូនព័ត៌មាននៅថ្ងៃនេះថា អ្នកជំងឹកូវីដ១៩ ចំនួន២នាក់ថ្មីទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះដែលកំពុងបន្តព្យាបាល ហើយមិនមានករណីឆ្លងថ្មីទេ


(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកជំងឹកូវីដ១៩ ចំនួន២នាក់ថ្មីទៀតបានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលបន្ត មិនមានករណីឆ្លងថ្មីទេ។
សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលទាំងស្រុងដូចខាងក្រោម៖