Thursday, July 08, 2021

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣២ (១១ កក្កដា) ក្រោមប្រធានបទ “សិទ្ធិ និងជម្រើស គឺជាចម្លើយ: មិនចំពោះថាក្នុងដំណាក់កាលបន្ទុះ ឬសម្រុតទារកនោះទេ ដំណោះស្រាយ គឺស្ថិតនៅលើការផ្តល់អាទិភាពដល់សិទ្ធិ និងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប

 

សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការ UPF ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានអង្គការសហព័ន្ធសន្តិភាពសកល ហៅកាត់ថា UPF ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» បន្ទាប់ពីអង្គការមួយនេះពិនិត្យឃើញថា សម្តេចជាឥស្សរជនមួយរូបដែលបានប្រឹងប្រឹងក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកក្នុងកសាងសន្តិភាពនៅក្នុងតំបន់ផងដែរ។
សំណើនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំអង្គការ UPF តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។
ជំនួបនេះ បានពិភាក្សាទៅការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការ UPF ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានស្តីពីសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រៅតែពីការជជែកលើការងាររៀបចំកិច្ចប្រជុំនេះទៅ អង្គការ UPF ក៏បានស្នើសុំការអនុញ្ញាតសម្តេចតេជោ អញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះផងដែរ។

បន្ថែមពីលើនោះអង្គការ UPF ក៏បានស្នើសុំដាក់បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពទៅលើប្រធានបទស្តីពីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាប្រធានបទមួយដ៏មានសារសំខាន់សម្រាប់ឆ្លើយតបស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមនឹងសំណើអញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំ និងការដាក់សម្តេចជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ផងដែរ។

សូមបញ្ជាក់ថា ពាំនរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត Hak Ja Han Moon ភរិយារបស់លោក Sun Myung Moon ដើម្បីបន្តមរតកនៃការលះបង់អស់មួយជីវិតរបស់ស្វាមីលោកស្រីចំពោះសន្តិភាព។ ពានរង្វាន់នេះ ផ្តល់ជូនរៀងរាល់២ឆ្នាំម្តងដល់បុគ្គល ដែលមានស្នាដៃលេចធ្លោលើផ្នែកអភិវឌ្ឍន៍មនុស្សប្រកបដោយចីរភាព ដោះស្រាយជម្លោះ និងការអភិរក្សអេកូឡូស៊ី ហើយមានតម្លៃជាទឹកប្រាក់ ១លានដុល្លារ។

មានបុគ្គលចំនួន៩រូបរួចមកហើយដែលទទួលបានពានរង្វាន់នេះចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៥។ បុគ្គលទាំង៩រូបនោះរួមមាន៖ ប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall, លោក បាន គី ម៉ូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងបុព្វជិតប៉ាឡេស្ទីន Bishop Muhib Younan, លោកបណ្ឌិត Akinwumi Ayodeji Adesina ប្រធានធនាគាអភិវឌ្ឍន៍អាហ្វ្រិក, លោកស្រី Waris Dirie អ្នកសិល្បៈ និងជាសកម្មជនសង្គមនៅសុម៉ាលី, លោកបណ្ឌិត Gino Strada ស្ថាបនិកអង្គការវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់អន្តរជាតិ និងលោកស្រីបណ្ឌិត Sakena Yacoohi ស្ថាបនិកកម្មវិធីអប់រំជនភៀសខ្លួន និងសាលារៀនក្រោមដី, លោក Anote Tong ប្រធានាធិបតី Kiribati និងលោកបណ្ឌិត M. Vijay Gupta អ្នកជីវវិទូ និងជលផលឥណ្ឌា។

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៩កន្លងទៅអង្គការសហព័ន្ធសន្តិភាពសាកល បានផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ៕







រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រៀមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រៀមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ត្រូវបានធ្វើនារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់ លោក ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុកលោកលោកស្រីប្រធានអង្គភាពជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរ ZOOm។

នៅក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងជៀសផុតពីជំងឹកូវីដ១៩អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ ទាំងអស់ក្នុខេត្តត្រូវរួមសហការគ្នា ទប់ស្កាត់ជំងឺកូវីដ១៩ ដោយពង្រឹងការអនុវត្តតាមដានត្រួតពិនិត្យប្រចាំនូវជនបរទេសដែលទើបធ្វើដំណើរចូលមកក្នុងខេត្តថ្មីៗនេះ បន្តការផ្សព្វផ្សាយ អប់រំណែនាំ តាមរោងចក្រ សហគ្រាស ក្រុមហ៊ុនសាលារៀនឱ្យមានអនាម័យជាប់ជាប្រចាំ ចាត់ចែងក្រុមការងារចុះពិនិត្យ និងតាមដានសភាពការណ៍តាមបណ្ដាក្រុង ស្រុកដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាបើមានប្រជាពលរដ្ឋណាម្នាក់មានអាការៈមិនប្រក្រតីពាក់ព័ន្ធនឹងរោគសញ្ញា កូវីដ១៩ ត្រូវពិនិត្យព្យាបាលអោយបាន់ទាន់ពេលវេលា និង ចាត់វិធានការចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បំភិតបំភ័យប្រជាពលរដ្ឋបំភ្លៃការពិតពីមេរោគ កូវីដ១៩ និងព័ត៌មានដែលបង្កឱ្យមានអស្ថេរភាពសង្គមជាដើម។

លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានដាក់ផែនការដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់ ពិសេស អាជ្ញាធរក្រុង ស្រុកត្រូវ មានការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ចំណូលថ្មី ដោយអប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្ត សម្រាកនៅនឹងកន្លែងក្នុងផ្ទះរយៈពេល ១៤ថ្ងៃ ។ 

លោកអភិបាលខេត្ត ក៏បានជម្រុញដល់អាជ្ញាធរក្រុងស្រុកអង្គភាពពាក់ព័ន្ធត្រូវរៀបចំផែនការឆ្លើយតបចំពោះជំងឺ កូវីដ១៩នេះ ហើយត្រូវតាមដានកំណត់មុខសញ្ញាស្នាក់នៅចំពោះភ្ញៀវជាតិ និងអន្តរជាតិដែល បានចូលមកកម្សាន្ត និងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួននិងធ្វើការណែនាំដល់គ្រប់ផ្នែក សុខា

ភិបាលសាធារណៈ និងគ្លីនិកឯកជននៅតាមបណ្តាមូលដ្ឋានឱ្យចូលរួមប្រយុទ្ធ ប្រឆាំង នឹង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមយុទ្ធសាស្រ្ត៦ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល ៕







ខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំការងារលើកគម្រោងសាងសង់ និងជួសជុលមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-១៩

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ  បានរៀបចំកិច្ចប្រជុំការងារលើកគម្រោងសាងសង់  និងជួសជុលមណ្ឌលចត្តាឡីស័ក  និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-១៩   ក្រោមការដឹកនាំរបស់  លោក  ឌី  រ៉ាដូ  អភិបាលរងខេត្ត  និងជាប្រធានអនុគណ:កម្មការសាងសង់  និងជួសជុល នៃគ.ប.ក១៩.ឧជ នៅសាលប្រជុំ(សាលគ្រញូង)  សាលាខេត្តឧត្តរមានជ័យ   ដោយមានការចូលរួមពី    ប្រធានមន្ទីររ៉ែ  និងថាមពលខេត្ត  អភិបាលរងក្រុង-ស្រុកទាំង៥  អនុប្រធានមន្ទីរធនធានទឹក  និងឧតុនិយម  អនុប្រធានមន្ទីរអប់រំ  យុវជន  និងកីឡា  ប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត  នាយកទីចាត់ការផែនការវិនិយោគសាលាខេត្ត  និងអ្នកពាក់ព័ន្ធទាំងអស់  នៅថ្ងៃទី៧  ខែកក្កដា  ឆ្នាំ២០២១  ។ 

ប្រធានអង្គប្រជុំ  បានមានប្រសាសន៍លើកឡើងពីគោលបំណងក្នុងកិច្ចប្រជុំនេះ  គឺដើម្បីប្រមែប្រមូលនូវធាតុចូល  ដើម្បីរៀបចំផែនការ បម្រុងទុកជាមុន ការសាងសង់    ទីតាំង  និងដំណើរការមណ្ឌលចត្តាឡីស័ក  និងមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺ  ដោយធានាឱ្យមានសណ្ដាប់ធ្នាប់ មានអនាម័យ ទឹកស្អាត  បង្គន់អនាម័យ  ប្រព័ន្ធភ្លើងអគ្គិសនី  និងឆាប់បានប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុកដែលមានកំណើនជាលំដាប់ពីប្រទេសថៃ  និងទុកជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩  ក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍។  

គិតត្រឹមពេលនេះ  ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.០៩៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៩៧៣ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១២២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២០១ នាក់ កំពុងសម្រាកព្យាបាលចំនួន ៨៩១ នាក់ និងស្លាប់ចំនួន ៣នាក់។

ឆ្លៀតក្នុងឱកាសនោះផងដែរ  លោកក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវគ្រោងរៀបចំបន្ទប់ មានគ្រែ មានកង្ហារ មានខ្យល់ចេញចូលត្រឹមត្រូវ មានភ្លើងគ្រប់គ្រាន់ អោយអ្នកជំងឺសម្រាកបានស្រួលបួល ព្រមទាំងមានបន្ទប់ទឹកស្អាត មានអនាម័យល្អ ឱ្យអ្នកជំងឺងាយស្រួលប្រើប្រាស់ ដើម្បីអោយពួកគាត់ឆាប់បានជាសះស្បើយ។ និងត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការ «បីកុំ និង បីការពារ»  ដែល  មានដូចខាងក្រោម៖  ត្រូវអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំ៖

១- ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។

២- ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។

៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

ត្រូវអនុវត្តវិធានការ ៣កុំ៖

១- កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក។ 

២-កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។ 

៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ៕





សម្តេចតេជោ ហ៊ុន សែន អបអរសាទរថ្ងៃដាក់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (មានវីដេអូ)

(ភ្នំពេញ)៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាខួប៤ឆ្នាំ ដែលប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

តាមទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការអបអរសាទរចំពោះថ្ងៃដ៏រីករាយរបស់ប្រជាជាតិកម្ពុជាមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចថា ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។

សម្តេចតេជោបន្ថែមថា «រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។

សូមរំលឹកថា ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ប្រទេសជាសមាជិក និង ២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។

នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នាទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ការដាក់សម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់របស់កម្ពុជាមួយនេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១២។

ឯកសារស្នើសុំនោះ បានផ្ញើជូនទៅអង្គការយូណេស្កូ ដែលមានស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង នាដើមឆ្នាំ២០១៦។ រយៈពេល៩ខែ បន្ទាប់ពីបញ្ជូនឯកសាររួច អ្នកឯកទេសរបស់អង្គការ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យឯកសារស្នើមានទិន្នន័យគ្រប់គ្រាន់ស្របតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក។

ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យមួយធំធេងសម្រាប់បេសកកម្មការពារប្រាសាទបុរាណ និងជាការលើកតម្កើងសម្បត្តិវប្បធម៌របស់ខ្មែរ ដែលបន្សល់ទុកដោយបុព្វបុរស។ ដើម្បីអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រនៃសមិទ្ធផលក្នុងកិច្ចគាំពារសម្បត្តិវប្បធម៌ខ្មែរក្នុងយុគ្គសម័យនៃសុខសន្តិភាពនេះ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិ នៃការចងចាំថ្ងៃដាក់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀតផង។

សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីគូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។ តំបន់ប្រាសាទសំបូរព្រៃគុក មានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ។

តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡា ក្នុងចន្លោះចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទឦសានវរ្ម័ន្មទី១។ សំណង់ប្រាសាទសាងអំពីឥដ្ឋ ទួលបុរាណ សិលាចារិក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាផ្សេងដទៃទៀត។

សំណង់បុរាណទាំងនោះបានឆ្លុះបញ្ចាំងពីការរីកលូតលាស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ សំណង់ស្ថាបត្យកម្ម និងសិស្បៈនៅសំបូរព្រៃគុក បានបង្ហាញពីការទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា និងអារ្យធម៌ប្រទេសដទៃទៀត គួបផ្សំជាមួយវប្បធម៌ក្នុងស្រុក បង្កើតបានជាលក្ខណៈពិសេសនៃវប្បធម៌មួយដោយឡែករបស់ខ្មែរ។ ស្ថាបត្យកម្ម និងចម្លាក់ ក្បូរក្បាច់រចនានៅលើប្រាសាទប្រាំបីជ្រុង ដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថាប្រាសាទអណ្តែត និងក្បាច់លម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ ក្នុងប្រវត្តិនៃសិល្បៈខ្មែរ។

ទោះបីមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរនៅសតវត្សរ៍ទី៩ក្តី ក៏តំបន់សំបូរព្រៃគុក នៅតែជាមជ្ឈមណ្ឌលប្រតិបត្តិសាសនាដ៏សំខាន់នាសម័យអង្គរ ដោយមានសំណង់សាសនាបន្ថែម និងជួសជុលសំណង់ដែលមានស្រាប់នៅទីនោះសម្រាប់គោរពបូជាជាបន្តបន្ទាប់។ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានស្ថាបនាឡើងជាហូរហែរអស់រយៈពេលជាច្រើនសម័យកាល ដែលរំលេចឲ្យឃើញតួប្រាសាទ ព្រះបដិមារស្នាដៃសិល្បៈជាច្រើនទៀត ហើយបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលសព្វថ្ងៃនេះ៕

 














ចិននឹងបង្ហាញផ្លូវថ្មីមួយសម្រាប់អនាគតដ៏ទំនើបដល់ពិភពលោក

នៅក្នុងកិច្ចប្រជុំកំពូលនយោបាយអន្តរជាតិប្រធានាធិបតី Xi Jinping បានថ្លែងថា៖ "ការធ្វើទំនើបកម្មរបស់ចិនសព្វថ្ងៃបានបង្ហាញថាប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួនជាជម្រើសមួយដែលអាចជំនួសប្រព័ន្ធរបស់លោកខាងលិច ហើយទីក្រុងប៉េកាំងពេញចិត្តចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយបណ្ដាប្រទេសដទៃទៀត"។

លោកបានបន្ថែមទៀតថា "វាមិនមានគំរូសម្រាប់ការធ្វើទំនើបកម្មដែលសមស្របនៅគ្រប់កាលៈទេសៈទេ។ ប្រទេសនីមួយៗត្រូវតែស្វែងរកអ្វីដែលល្អបំផុតសម្រាប់ពួកគេ។ គ្មានប្រទេសណាមួយអាចកំណត់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសផ្សេងទេ ហើយប្រទេសនីមួយៗគួរតែមានសិទ្ធិ និងស្វ័យភាពជ្រើសរើសដំណោះស្រាយដោយខ្លួនឯង"។

ប្រភព៖ South China Morning Post 



អភិបាលខេត្តកំពត ផ្តល់សម្ភារៈ ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីត-១៩ ក្នុងសហគមន៍ជូនដល់មណ្ឌលសុខភាពទាំង៦៦ ទូទាំងខេត្ត

កំពត៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អញ្ជើញចែកសម្ភារៈ ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីត-១៩ ក្នុងសហគមន៍ ជូនដល់មណ្ឌលសុខភាពទាំង៦៦ ទូទាំងខេត្តកំពត។

ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា សម្ភារ:ដែលបានចែកជូនមណ្ឌលសុខភាពទាំង៦៦ ទូទាំងខេត្ត គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ចែកជូនបម្រើសកម្មភាពប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ជាពិសេសនោះ គឺ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តកំពត។

អំណោយទាំងនោះរួមមាន៖ ម៉ាស់ចំនួន ៣៣០ប្រអប់ ស្មើ ១៦,៥០០សន្លឹក និងទឹកអាល់កុល ៩៩០លីត្រ ជូនដល់មណ្ឌលសុខភាពទាំង៦៦ ក្នុងខេត្តកំពតដោយក្នុងមួយមណ្ឌលសុខភាពទទួលបានម៉ាស់ចំនួន ៥ប្រអប់ និងទឹកអាល់កុលចំនួន ១៥លីត្រ៕