Thursday, July 08, 2021

ខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំការងារលើកគម្រោងសាងសង់ និងជួសជុលមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-១៩

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ  បានរៀបចំកិច្ចប្រជុំការងារលើកគម្រោងសាងសង់  និងជួសជុលមណ្ឌលចត្តាឡីស័ក  និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-១៩   ក្រោមការដឹកនាំរបស់  លោក  ឌី  រ៉ាដូ  អភិបាលរងខេត្ត  និងជាប្រធានអនុគណ:កម្មការសាងសង់  និងជួសជុល នៃគ.ប.ក១៩.ឧជ នៅសាលប្រជុំ(សាលគ្រញូង)  សាលាខេត្តឧត្តរមានជ័យ   ដោយមានការចូលរួមពី    ប្រធានមន្ទីររ៉ែ  និងថាមពលខេត្ត  អភិបាលរងក្រុង-ស្រុកទាំង៥  អនុប្រធានមន្ទីរធនធានទឹក  និងឧតុនិយម  អនុប្រធានមន្ទីរអប់រំ  យុវជន  និងកីឡា  ប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត  នាយកទីចាត់ការផែនការវិនិយោគសាលាខេត្ត  និងអ្នកពាក់ព័ន្ធទាំងអស់  នៅថ្ងៃទី៧  ខែកក្កដា  ឆ្នាំ២០២១  ។ 

ប្រធានអង្គប្រជុំ  បានមានប្រសាសន៍លើកឡើងពីគោលបំណងក្នុងកិច្ចប្រជុំនេះ  គឺដើម្បីប្រមែប្រមូលនូវធាតុចូល  ដើម្បីរៀបចំផែនការ បម្រុងទុកជាមុន ការសាងសង់    ទីតាំង  និងដំណើរការមណ្ឌលចត្តាឡីស័ក  និងមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺ  ដោយធានាឱ្យមានសណ្ដាប់ធ្នាប់ មានអនាម័យ ទឹកស្អាត  បង្គន់អនាម័យ  ប្រព័ន្ធភ្លើងអគ្គិសនី  និងឆាប់បានប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុកដែលមានកំណើនជាលំដាប់ពីប្រទេសថៃ  និងទុកជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩  ក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍។  

គិតត្រឹមពេលនេះ  ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.០៩៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៩៧៣ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១២២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២០១ នាក់ កំពុងសម្រាកព្យាបាលចំនួន ៨៩១ នាក់ និងស្លាប់ចំនួន ៣នាក់។

ឆ្លៀតក្នុងឱកាសនោះផងដែរ  លោកក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវគ្រោងរៀបចំបន្ទប់ មានគ្រែ មានកង្ហារ មានខ្យល់ចេញចូលត្រឹមត្រូវ មានភ្លើងគ្រប់គ្រាន់ អោយអ្នកជំងឺសម្រាកបានស្រួលបួល ព្រមទាំងមានបន្ទប់ទឹកស្អាត មានអនាម័យល្អ ឱ្យអ្នកជំងឺងាយស្រួលប្រើប្រាស់ ដើម្បីអោយពួកគាត់ឆាប់បានជាសះស្បើយ។ និងត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការ «បីកុំ និង បីការពារ»  ដែល  មានដូចខាងក្រោម៖  ត្រូវអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំ៖

១- ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។

២- ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។

៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

ត្រូវអនុវត្តវិធានការ ៣កុំ៖

១- កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក។ 

២-កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។ 

៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ៕





No comments:

Post a Comment