សារៈមន្ទីវាយនភណ្ឌប្រពៃណីអាស៊ីនៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គគង្គា មានទីតាំងស្ថិតនៅផ្លូវ៦០ ក្នុងបុរីវប្បធ័ម៌និងទេសចរណ៍ក្រុងសៀមរាបត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម អានិល វ៉ាត់វាអនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសារធារណៈរដ្ឋឥណ្ឌាព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ក្រោមគំនិតផ្តូចផ្តើមរបស់រាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា និងក្រោមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាសារៈមន្ទីវាយនភណ្ឌប្រពៃណីអាស៊ី នៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គគង្គាត្រូវបានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១០ និងបានបញ្ចប់ក្នុងអំឡុងខែធ្នូឆ្នាំ២០១១កន្លងមកនេះក្នុងតម្លៃជាង ១លានពីរសែនដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏ចាត់ទុកសារមន្ទីវាយភណ្ឌប្រពៃណីអាស៊ីដែលដាក់ឲ្យដំណើការជាផ្លុវការនេះ គឺជាសារមន្ទីដំបូងដែលដាក់តាំងនូវពិព័រណ៏ វាយនភណ្ឌមកពីប្រទេសជាច្រើនគឺក្រៅពីឥណ្ឌា រួមមានកម្ពុជា ឡាវ វៀតណាម ថៃ និងភូមា ដែលមានន័យថា បណ្តាប្រទេសនៅតាមដងទន្លេមេគង្គដែលប្រៀបដូចជាទន្លេគង្គាថ្មី មួយដូច្នេះដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានមានប្រសាសន៏ថា តាមរយៈពិព័រណ៏នេះ យើងអាចឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និតនេះ ដែលមានប្រទេសឥណ្ឌាជាប្រភពនៃកម្លាំងជំរុញ ហើយយើងក៏និងបានឃើញនូវគំនិតច្នៃប្រឌិតជាច្រើនទំរង់របស់បណ្តាប្រទេសនានានៅតាមបណ្តោយដងទន្លមេគង្គផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៏ឲ្យដឹងថា សម្រាប់ប្រជាជនកម្ពុជាជាអ្នកទទូលមរតកពីអរិយធម៌ខ្មែរដ៏រុងរឿងបានរីកចំរើនយ៉ាងខ្លាំងជាច្រើនសតវត្យ នៅចន្លោះប្រទេសឥណ្ឌា និងប្រទេសចិន យើងពិតជាស្គាល់នូវតំលៃដ៏ធំធេង នៃអរិយធម៌ឥណ្ឌាតាមប្រវត្តិសាស្រ្ត។ ជាបឋម គឺគំនិតនិងជំនឿសាសនា នៅជុំវិញការគោរពប្រណិប័តន៏ព្រះឥសូរ និងព្រះនរាយណ៏មុននឹងសម្រេចចុងក្រោយ គោរពប្រណិប័តន៏ ព្រះពុទ្ធសាសនា ហើយវាក៏ជាមូលដ្ឋាននៃសិល្បៈស្ថាបត្យកម្មផងដែរ។
ទាក់ទងនឹងការសាងសង់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីឆ្នាំ២០១០លោកជំទាវ Pratibha Devisingh Patilអតីតប្រធានាធិបតីឥណ្ឌាបានមកចូលរួមបញ្ចុះបឋមសិលា ដើម្បីចាប់ផ្តើមសាងសង់អាគានេះ។
ដោយឡែកឯកឧត្តម អានិល វ៉ាត់វា អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសារធារណៈរដ្ឋឥណ្ឌា បានវាយតម្លៃខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងឥណ្ឌា និងកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា សារៈមន្ទីវាយនភណ្ឌប្រពៃណីអាស៊ីនៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា នៅក្នុងខេត្តសៀមរាបនេះ នឹងរួមចំណែកជាមួយកម្ពុជា ក៏ដូចជាពិភពលោកក្នុងការអភិវឌ្ឍន៍វិស័យវាយនភណ្ឌប្រពៃណីអាស៊ីឲ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តម អានិល វ៉ាត់វា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចាប់ផ្តើមដំណើរការសារៈមន្ទីវាយនភណ្ឌប្រពៃណីអាស៊ីនៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា គឺជាទូកញ្ចក់បង្ហាញនូវឥទ្ធិពលវាយនភណ្ឌ ដែលបានឆ្លងមកកាន់តំបន់អាស៊ី តាមរយៈទន្លេមេគង្គដែលមានប្រទេសចំនួន៦ គឺកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។ ជាមួយគ្នានេះដែរប្រជាជាតិនៅភូមិភាគអាស៊ីអាគ្នេយ៍ មានដូចជា ម៉ាឡេស៊ី ឥណ្ឌា សិង្ហបុរី និងហ្វីលីពីន ក៏បានចូលរួមសហប្រតិបត្តិការនៅក្នុងវិស័យវាយនភណ្ឌនេះផងដែរ។
សូមបញ្ជាក់ថា សារមន្ទីនេះនឹងបើកជូនសាធារណជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរណ៏ចូលទស្សនាក្រោយពីការសម្ពោធ។ នៅក្នុងសារមន្ទីនេះ ក្រៅពីតាំងពិព័រណ៏នៅមានការបង្ហាញម៉ូដ ដែលនឹងជួយលើកស្ទូយ សិប្បកម្មបូរាណ ផ្នែកសូត្រ និងកម្បាស ដែលនិងផ្តល់ប្រយោជន៏សំខាន់ក្នុងការទាក់ទាញចំណាប់អារម្ម៏របស់មនុស្សគ្រប់គ្នា ហើយយើងសង្ឃឹមថា នឹងជួយជំរុញឲ្យមានការវិលត្រឡប់ទៅរកការអនុវត្តតាមបែបប្រពៃណីបុរាណ និងការប្រើប្រាស់ផលិតផលធម្មជាតិវិញ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធ័ម៌ និងវិចិត្រសិល្បះដែលអញ្ជើញចូលរួមក្នុងពិធីសម្ពោធបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងវប្បធ័ម៌និងវិចិត្រសិល្បះបានចូលរួមដោយបាននាំយកហូលពិដានពីសារះមន្ទីជាតិ មកដាក់តាំងបង្ហាញក្នុងសារៈមន្ទីវាយនភណ្ឌប្រពៃណីអាស៊ីនៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គគង្គានេះ ដើម្បីរួមចំណែកផ្តល់ការយលដឹងអំពីផលិតផលខ្មែរផងដែរ។
ដោយឡែកឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាប់អារម្មណ៍អំពីការរួមចំណែកជួយជំរុញឲ្យមានកំណើនទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងថា នឹងកើនដល់ ៧លាននាក់ក្នុឆ្នាំ២០២០ ខាងមុខនេះ៕