ឯកឧត្តមឧត្តមសេនីយ៍ ត្រាន់ ដុង សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសចូលជួបសម្ដែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិ គ្រឹះទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីនារសៀលថ្ងៃទី ០៧មេសា ឆ្នាំ២០១៤ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ នៃកងទ័ពប្រជាជនវៀតណាម ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំមមីឆស័កពុទ្ធសករាជ ២៥៥៨ ប្រពៃណីខ្មែរ នឹងឈានចូលមកដល់នៅពេលខាងមុខ ដោយបានជូនពរឲ្យសម្តេចតេជោ ជួបប្រទះនឹងពុទ្ធពរជ័យបវរមហាប្រសើរ ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងជោគវាសនាអនាគតប្រទេសកម្ពុជា ឲ្យកាន់តែសម្បូររុងរឿង និងរីកចម្រើនតរៀងទៅ។
ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានគណៈប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផល ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាមសម្រេចបាន ពិសេសក្រោយពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាម និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមកកាន់ប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ កន្លងទៅនោះ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមឧត្តមសេនីយ៍ ត្រាន់ ដុង ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់នាយទាហាន និងពលទាហាននៃកងទ័ពប្រជាជនវៀតណាម ក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ និងកងយោធពលខេមរភូមិន្ទ ពិសេសអនុវត្តន៍នូវកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាសដាក់ចេញក្នុងការជំរុញកិច្ចសប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលថ្មីមួយទៀតនោះ៕
No comments:
Post a Comment