
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ឯកឧត្ដម Mohamad អតីតប្រធានាធិបតីនៃប្រទេសម៉ាល់ឌីវ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា នេះជាលើកទីមួយហើយដែលឯកឧត្ដមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយបានមើលឃើញពីការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម Mohamad បានចូលរួមអបអរសាទចំពោះការចូលរួមចំណែកយ៉ាងសកម្មដ៏ធំធេងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការស្វែងរកសន្តិភាព ស្ថេរភាព ក្នុងការអភិវឌ្ឍន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម Mohamad បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្ដមមានមហាកិត្តិយសណាស់ដែលបានជួបថ្នាក់ដឹកនាំដ៏អស្ចារ្យ ដូចជាសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានអញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវផងដែរ។
ទាក់ទងនឹងការកសាង និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍រំលឹកឡើងវិញថា កាលពី ៣៥ឆ្នាំមុននៅទីនេះ ពុំមានមនុស្សរស់នៅទេ កម្ពុជាបានប្រឹងប្រែងស្វែងរកសន្តិភាពការបង្រួបបង្រួមជាតិដើម្បីជំរុញការអភិវឌ្ឍន៍។ ដោយឡែកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងម៉ាល់ឌីវត្រូវបានសម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា នៅមានកម្រិតនៅឡើយ ដូច្នេះគប្បីណាគួរជំរុញកិច្ចសហប្រតិបត្តិការនេះ ហើយសព្វថ្ងៃកម្ពុជាកំពុងស្ថិតក្នុងសភាពការណ៍បែរមុខទៅក្រៅ ដើម្បីជំរុញការនាំចេញ ជាពិសេសលើវិស័យកសិកម្មដោយកម្ពុជាមានលទ្ធភាពនាំអង្ករចេញ ដែលមានបរិមាណជាស្រូវជាង ៥លានតោន ហើយអ្វីដែលជាសេចក្តីត្រូវការរបស់កម្ពុជានោះ គឺអ្នកវិនិយោគលើវិស័យកសិកម្មនេះ ក្នុងការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការបង្កើតឃ្លាំងប្រមូលទិញដើម្បីធ្វើការនាំចេញ។ ជាងនេះទៀតអ្វីដែលកម្ពុជាចង់បាននោះ គឺចង់បានឲ្យមានការកែច្នៃផលិតផលកសិកម្មនៅក្នុងស្រុកដើម្បីបានទទួលនូវតម្លៃបន្ថែមផង និងជាការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាផង។ ដោយឡែកអំពីវិស័យទេសចរណ៍ ដែលជាវិស័យខ្លាំងមួយរបស់កម្ពុជា សម្ដេចតេជោក៏បានស្នើឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះផងដែរជាមួយប្រទេសម៉ាល់ឌីវ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវ ដោយជ្រើសរើសយកពេលវេលាសមស្របណាមួយនោះ។ ពាក់ព័ន្ធនិងវិស័យទេសចរណ៍ ឯកឧត្ដម Mohamad បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ប្រទេសម៉ាល់ឌីវបានអភិវឌ្ឍន៍លើវិស័យទេសចរណ៍នេះ ជាពិសេសទេសចរខ្នាតខ្ពស់ ដែលបញ្ហានេះប្រទេសទាំងពីរពិតជាអាចសហការគ្នាលើវិស័យនេះ៕
No comments:
Post a Comment