(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមាបង្កើតរបស់សម្តេច ដែលតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅចំពោះមុខរូបថតនៃមជ្ឈូសតម្កល់សព សម្តេចតេជោ បានលំឱនកាយវាចាចិត្តដោយសេចក្តីគោរពកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ដែលបានធ្វើកម្មកិរិយាលាចាកលោកនេះ ទៅកាន់លោកខាងមុខ ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឧទ្ទិសដល់វិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខនិពាន្ធកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។
តាមជីវប្រវត្តិបានឱ្យដឹងថា លោកតាឧបាសក ឌី បូ ប្រសូត្រនៅឆ្នាំច ថ្ងៃទី៨ ខែមេសា ឆ្នាំ១៩២១ នៅក្នុងគ្រួសារកសិករ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកតា មានឪពុកនាម អ៊ុច ឌី និងម្តាយនាម អ៊ុយ ម៉ប់។
លោកតាឧបាសក ឌី បូ ជាកូនទី៤ ក្នុងចំណោមបងប្អូន ៨នាក់ ដែលរួមមាន លោកយាយ ឌី ប៉ែត លោកតា ឌី សយ លោកយាយ ឌី ប៉ុក លោកតា ឌី បូ លោកតា ឌី ថន លោកយាយ ឌី ថូ លោកយាយ ឌី ម៉ន និងលោកតា ឌី ផាន។ លោកតាឧបាសក ឌី បូ ជាប្អូនប្រុសបង្កើតរបស់មហាឧបាសិកា ឌី ប៉ុក ដែលជាម្តាយបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។
កាលពីកុមារភាពលោកតាឧបាសក ឌី បូ ទទួលបានការសិក្សាបន្តិចបន្តួចនៅតាមវត្តអារ៉ាម និងបានប្រកបមុខរបរជាអ្នកធ្វើស្រែចំការ និងជួញដូរ។ លោកតាមានភរិយាឈ្មោះ ទិន សេង ដែលបានទទួលមរណភាពនៅឆ្នាំ១៩៨៧ និងមានកូនចំនួន ១២ នាក់ ក្នុងនោះមានស្រី ៣នាក់ និងប្រុស ៩នាក់ និងមានចៅសរុបចំនួន ៤៣នាក់ ចៅទួតចំនួន ៦២នាក់ និងចៅលួតចំនួន ៤នាក់។
លោកតាឧបាសក ឌី បូ បានឆ្លងកាត់ជាច្រើនសម័យកាលតាំងពីសម័យអាណានិគមបារាំង រហូតដល់សម័យព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលសបញ្ជាក់ថា លោកតា ពិតជាមានភាពវាងវៃប្រកបដោយការតស៊ូខ្ពស់។ ជាពិសេសនៅសម័យកម្ពុជាប្រជាធិបតេយ្យ (របបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ) លោកតាត្រូវបានគេបង្ខំឱ្យធ្វើការជាទម្ងន់ បែកបាក់ក្រុមគ្រួសារ កូនចៅ ដូចប្រជាជនទូទៅនៅក្នុងប្រទេសទាំងមូលដែរ។
នាពេលនោះ លោកតាបានបាត់បង់កូនប្រុស ២រូប គឺលោក ឌី គឹមសួ និងលោក ឌី សារ៉ុន ដោយបាត់ដំណឹងសូន្យឈឹងរហូតដល់ពេលបច្ចុប្បន្ននេះ។ លោកតាឧបាសក ឌី បូ ត្រូវបានបងប្អូនកូនចៅស្គាល់ថា ជាបុគ្គលដែលប្រកាន់ខ្ជាប់តែអំពើល្អ មានចិត្តមេត្តា ករុណា និងរស់នៅក្នុងគន្លងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ។
លោកតាតែងតែជួយជ្រោមជ្រែងសាច់ញាតិនៅពេលខ្វះខាត និងអប់រំកូនចៅឱ្យដើរតាមផ្លូវសុចរិតភាព មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ លោកតាឧបាសក ឌី បូ តែងតែដឹកនាំកូនចៅធ្វើបុណ្យសន្សំកុសលក្នុងផ្លូវព្រះពុទ្ធសាសនា ដោយរួមចំណែកកសាងវត្តអារាម ទ្រទ្រង់សាសនាតាមរយៈការធ្វើបុណ្យកថិនទាន កាន់អង្គ បញ្ចុះសីមា និងបុណ្យសាសនាជាច្រើនទៀត។
លោកតាឧបាសក ឌី បូ មានសុខភាពល្អប្រសើរ ទោះបីមានជន្មាយុជាង ១០០ ឆ្នាំហើយក៏ដោយ។ រហូតដល់ថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្រាប់តែលោកតា បានបាត់ស្មារតី និងត្រូវបាននាំមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ នៅបន្ទប់សង្គ្រោះបន្ទាន់រយៈពេល ៥ថ្ងៃ វេជ្ជបណ្ឌិតបានណែនាំឱ្យកូនចៅនាំលោកតាមកផ្ទះ ដោយសារតែលោកតាមានអាក្ការៈផ្លូវកាយប្រសើរឡើងហើយ ប៉ុន្តែលោកតា នៅតែមានស្មារតីមិននឹងនរ។
ដោយមានការមើលថែយ៉ាងយកចិត្តទុកដាក់ពីកូនចៅ លោកតាបានចាប់ផ្តើមមានកម្លាំងកំហែងឡើងវិញ។ អស់រយៈពេលជាង ២ខែ ដែលលោកតាមានសុខភាពធូរស្រាល ប៉ុន្តែជាអកុសល លោកតា បានទទួលអនិច្ចកម្មភ្លាមៗ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១៖៤៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ១០២ឆ្នាំដោយជរាពាធ នៅខ្វះតែ ៩ថ្ងៃគត់ ឈានចូលជន្មាយុគម្រប់ ១០៣ឆ្នាំ។
ការទទួលអនិច្ចកម្មរបស់លោកតាឧបាសក ឌី បូ ជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ត្រូវជាឪពុក ជីតា ជីតាទួត ជីតាលួត និងសាច់ញាតិ ប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះកូនចៅ។
សពលោកតាឧបាសក ឌី បូ ត្រូវបានកូនចៅ ចៅទួត ញាតិមិត្តជិតឆ្ងាយទាំងអស់ ប្រារព្វពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទា ៣យប់ ៤ថ្ងៃ ដោយគ្រោងនិងទៅបូជានៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ នៅទីអារាមវត្តហានជ័យ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មរណភាពលោកឧបាសក ឌី បូ ជាការបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយរបស់សម្តេច៕