ក្នុងជំនួបទ្វេរភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅវិមានសន្តិភាព នាយករដ្ឋមន្ត្រីថៃ បានអះអាងថា « នឹងមិនអនុញ្ញាតឲ្យនរណាកសាងកម្លាំងនៅក្នុងប្រទេសថៃដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាបានឡើយ»។ នេះបើតាមការថ្លែងឲ្យដឹងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាឱកាសដង្ហែរអង្គកឋិនទានទៅកាន់វត្តមរតកតេជោបុរីស្វរៈ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤នេះ ខណៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីមន្ត្រី សុខ អាន ជួបសំណេះសំណាលជាមួយនាយទាហាន និងពលទាហាន នៅបញ្ជាការដ្ឋានអង្គរក្ស ដែលឈរជើងនៅទិសតំបន់ប្រាសាទព្រះវិហារ។
ទោះយ៉ាងណាក៏ដោយក៏ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងទៅកាន់កងទ័ពកម្ពុជាថា ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា ប្តេជ្ញានឹងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យប្រទេសទាំងពីរ មាននូវទំនាក់ទំនង មិត្តភាព សហការគ្នាល្អ ដើម្បីកសាងប្រទេសឲ្យជឿនលឿន រីកចំរើន ក៏ប៉ុន្តែ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន នៅបានសង្កត់ធ្ងន់ថា « អីឡូវសភាពការណ៍ចំពោះមុខបានល្អប្រសើរហើយ ប៉ុន្តែ ល្អនេះមិនមែនបានន័យថា ខាងកងទ័ពកម្ពុជាយើងមិនចាំបាច់ប្រុងប្រយ័ត្ននោះទេ គឺទោះបីជាល្អយ៉ាងនេះក្តី ប៉ុន្តែ ការប្រុងប្រយ័ត្នរបស់យើង គឺនៅតែជាការប្រុងប្រយ័ត្នខ្ពស់ជានិច្ចដដែល»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន បានបន្ថែមថា កងទ័បត្រូវតែខិតខំពង្រឹងវិន័យ ត្រូវតែខិតខំពងង្រឹងការហ្វឹកហ្វឺន ពង្រឹងបច្ចេកទេសអាវុធយុទ្ធភ័ណ្ឌសព្វបែបយ៉ាង គឺត្រូវបង្ការជានិច្ច ចំពោះសភាពការណ៍ណាមួយកើតឡើង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានចាប់ខ្លួនជនជាប់សង្ស័យចំនួន១០នាក់ ពាក់ព័ន្ធនឹងការបង្កើតកម្លាំងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដែលក្រុមមួយនេះ មានមេដឹកនាំឈ្មោះលោក សម សេរី ដែលលេចឮព័ត៌មានថា បានយកទឹកដីថៃក្នុងការបង្កើតចលនាតស៊ូមួយ ឈ្មោះថា រណសិរ្សរំដោះជាតិខ្មែរ ។ បច្ចុប្បន្នមេដឹកនាំរូបនេះ បានគេចខ្លួនទៅក្រៅប្រទេស។
ដោយឡែកជនជាប់សង្ស័យទាំង១០នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងបង្កចលាចលសង្គម។ នៅពេលនេះ ពួកគេទាំងនោះកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន រង់ចាំការបើកសវនាការកាត់ទោស៕




