នៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤នេះ អង្គកឋិនទានសាមគ្គីក្រោមគំនិតផ្តួចផ្តើមដោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងដឹកនាំដង្ហែរអង្គឋិនទានផ្ទាល់ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ទិសប្រាសាទព្រះ វិហារ អាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋនានា បានថវិការសរុបចំនួនជាង៣៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ព្រះវិហារ មរតកតេជោបុរីស្វរៈ និងសមិទ្ធផលនានាក្នុងវត្ត។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា នេះជាកឋិនទានលើកទី៥ហើយ ដែលចាប់ពីតាំងពីការកសាងវត្តនេះមក ចាប់ពីឆ្នាំ២០១០ គឺរៀងរាល់ឆ្នាំប្រមូលបានថវិការប្រមាណជាង២០ម៉ឺនដុល្លារ រៀងរាល់ឆ្នាំ ។
បន្ទាប់ ពីប្រគេនអង្គកឋិនទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តមរតកតេជោបុរីស្វរៈរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីសមិទ្ធផលមួយចំនួននៅក្នុងភូមិធម្មជាតិ សម្តេចតេជោ ដែលទទួលបាននូវការអភិវឌ្ឍដ៏ច្រើន ដូចជា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ បំពាក់ដោយសម្ភារៈ ជាថវិការផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំនួន១ម៉ឺន៥ពាន់ដុល្លារអាមេរិក បន្ថែមទៀត ជាមួយនឹងការកសាងអគារសិក្សា អនុវិទ្យាល័យ ដែលធានាដល់ការស្នាក់នៅដល់សិស្ស ដែលជាកូនចៅរបស់យោធិន កងទ័ពនៅតំបន់ព្រំដែន ដោយកូនក្មួយទាំងនោះមានឱកាសបានទទួលនូវមុខជំនាញ ដូចជា ការដាំដុះ ការឆ្លាក់លើឈើ សម្រាប់វត្ថុអនុស្សាវរីយ៍ដើម្បីនលក់ឲ្យទេសចរណ៍ដែលមកទស្សនាប្រាសាទ ព្រះវិហារកាន់តែច្រើនឡើងៗ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនកាន់ធូរធាឡើងមួយកម្រិត ទៀត។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានឲ្យដឹងថា ចំនួនទេសចរបរទេសដែលមកទស្សនានៅកម្ពុជាក្នុងឆ្នាំ២០១៤នេះ បើប្រៀបធៀបក្នុងខែដូចគ្នា គឺមានចំនួនកើនឡើងជាង៥០ភាគរយ ដែលទៅអនាគតនឹងកើនឡើងថែមទៀត។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងព្រះសង្ឃនៅក្នុងឱកាសនេះដែរ អំពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នៅឯរាជធានីភ្នំពេញ កាលពីម្សិលមិញ អំពីថា ធ្វើយ៉ាងណាប្រទេសទាំងពីរមានត្រូវមានទំនាក់ទំនង មិត្តភាព សហការគ្នាល្អ ដើម្បីកសាងប្រទេសឲ្យជឿនលឿន រីកចំរើន និងថា ទេសចរដែលអញ្ជើញមកពីប្រទេសថៃ គឺកម្ពុជាស្វាគមន៍ឲ្យមកទស្សនា ដោយចូលតាមផ្លូវថ្មីដ៏ល្អពីខាងកម្ពុជាដើម្បីទស្សនាប្រាសាទ ព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានឲ្យដឹងថា ឯកឧត្តមប្រាយុទ្ធ ច័ន្ទអូចា ធានាថា មិនអនុញ្ញាតឲ្យនរណាកសាងកម្លាំងនៅក្នុងប្រទេសថៃ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាបានឡើយ។
ឯកឧត្តមឧត្តមនាយករដ្ឋមន្ត្រី សុខ អាន ក៏បានជម្រាបអំពីចំនួនភ្ញៀវទេសចរជាង៤លាននាក់មកកម្ពុជា ថាជាកំណើនភ្ញៀវទេសចរដ៏ខ្ពស់បំផុត គឺកើតចេញពីកត្តាស្ថិរភាពនយោបាយ ដែលត្រូវបានពិភពលោកទទួលស្គាល់ ថាកម្ពុជាពិតជាមាននូវសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ល្អពិសិដ្ឋ ហើយថា ក្រៅពីតំបន់អង្គខេត្តសៀមរាម គឺប្រាសាទព្រះវិហារ ជាតំបន់ពិសេសទី២ ដែលមានប្រាសាទ ដីមានជីវជាតិ មានរ៉ែ មានផ្សារ មន្ទីរពេទ្យ នៅតំបន់ជិតប្រាសាទ ដូចជា សាអែមជាដើម ដែលរំពឹងថា បើការគ្រប់គ្រងបានល្អ តំបន់នេះនឹងទាក់ទាញភ្ញៀវទេសចរបានច្រើនបន្ថែមទៀត ។
សូម បញ្ជាក់ថា តំបន់ប្រាសាទព្រះវិហារ មានវត្តសំខាន់ចំនួនពីរ ១ គឺវត្តនៅលើកំពូលភ្នំព្រះវិហារ ឈ្មោះ « វត្តកែវសិក្ខាតេជោគិរីស្វរៈ» និងវត្តនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឈ្មោះថា « វត្តមរតកតេជោបុរីស្វរៈ» ដែលសាងសង់ឧទ្ទិសចំពោះព្រះឥសូរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន មានសុទិដ្ឋិនិយមថា តំបន់ភូមិធម្មជាតិសម្តេចតេជោ ដែលសព្វថ្ងៃមានប្រជាពលរដ្ឋរស់នៅជាង៤ពាន់គ្រួសារ និងមានចំនួនកើនឡើង ហើយទីនេះនឹងក្លាយបុរី និងទៅជាក្រុងដ៏ទំនើប មានភ្លើង និងទឹកប្រើប្រាស់គ្រប់គ្រាន់។
ជា ចុងបញ្ចប់នៃការសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានឲ្យដឹងថា ថវិការដែលបានមកពីការរួមចំណែកនៃកឋិនទានសាមគ្គីនេះ គឺនឹងគ្រប់គ្រាន់ក្នុងការកសាងបង្ហើយព្រះវិហារ មតកតេជោបុរីស្វរៈ នេះ នៅមុនខែកក្កដា ឆ្នាំ២០១៥ខាងមុខ ដើម្បីនឹងប្រារព្ធធ្វើពិធីឆ្លង សម្ពោធព្រះវិហារថ្មី ដែលជាថ្ងៃរំលឹកនៃការចុះប្រាសាទព្រះវិហារចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ៕






No comments:
Post a Comment