Friday, August 12, 2016

លោក ស្វាយ ស៊ីថា ចុះពង្រឹងការអនុវត្តការងាររបស់មន្ត្រីនៅឃុំកុមារាជា ក្នុងស្រុកបាទី ខេត្តតាកែវ

បន្ទាប់ពីបានចុះទៅបើកវេទិកាសាធារណៈជាមួយប្រជា​ពលរដ្ឋ​ កាលពីថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១៦ នៅក្នុងឃុំកុមារាជា ដើម្បីពង្រឹងការងាររបស់សមត្ថកិច្ច និង​អាជ្ញាធរមូលដ្ឋាន ពិសេស​ការជំ​រុញ​ឲ្យ​អនុវត្ត​វិធាន​ការតឹង​រឹង  ក្នុង​ការលុបបំបាត់ការសេព ប្រើប្រាស់ ​ការ​ជួញ​ដូរគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម និងបងតូចបងធំរួចមក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ លោក ស្វាយ ស៊ីថា និង​ក្រុម​ការងារ បានចុះទៅពិនិត្យមើលការអនុវត្តការងារជាក់ស្តែង នៅក្នុងភូមិមួយចំនួន នៃ​ឃុំ​កុមារាជា ជាពិសេសតាមដានការអនុវត្តការងាររបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប៉ុស្តិ៍​នគរ​បាល​ឃុំ ដែលបានធ្វើការប្តេជ្ញាចិត្តពង្រឹងការងារឱ្យបានល្អ ក្នុងវេទិកាសាធារណៈ កាលពី​ពេល​កន្លង​មក​នោះ។
ការចុះទៅជួប​ផ្ទាល់រវាងលោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស​នៃទីស្តី​ការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា ជាមួយ​ប្រជា​ពលរដ្ឋ​ និងមន្ត្រី​ពាក់ព័ន្ធ គឺលោក បាន​សម្រប​សម្រួលការងារមួយ​ចំ​នួនជាមួយ​នគរបាល​បុស្តិ៍ ជំ​រុញ​ឲ្យ​អនុវត្តឲ្យ​មាន​ប្រសិទ្ធភាព​នូវ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺត្រូវ​​ទប់​ស្កាត់ និង​បញ្ចប់​មិន​ឲ្យ​មាននូវ​ក្រុមបងតូចបងធំ នឹងអ្នកប្រើប្រាស់អាវុធខុសច្បាប់ ដែលបាន​យកឈ្មោះ​ថ្នាក់​ដឹកនាំ​មកប្រើផងដែរ។
ក្រៅពីពង្រឹងការដោះស្រាយបញ្ហាអសកម្មក្នុងឃុំ លោក ស្វាយ ស៊ីថា ក៏បានជួបសំណេះ​សំ​ណាល​ជាមួយលោកគ្រូអ្នកគ្រូ និងបានទទួលយកសំណូមពររបស់លោកគ្រូអ្នកគ្រូ សាលា​បឋម​សិក្សា​ក្រាំងពង្រ ក្នុងឃុំកុមារាជា ដែលស្នើឱ្យជួយស្តារអណ្តូងទឹកក្នុងសាលារៀននេះ ដែលនៅខ្វះ​ខាត​ថវិកាបដិភាគចំនួន ៥៥០.០០០ រៀល។ ក្រៅ​ពី​នេះ លោក ស្វាយ ស៊ីថា ក៏បានដឹកនាំ​ក្រុម​ការងារ​មួយចំនួនចុះមើលផ្លូវដែលក្រុមហ៊ុនឯកជនដឹកដីធ្វើឱ្យខូច ពិបាក​ដល់​ការ​ធ្វើ​ដំ​ណើររបស់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិច្បារមន​ ហើយដែល​បញ្ហា​នេះត្រូវ​បានប្រជាជនស្នើសុំ​ឱ្យជួយដោះស្រាយជា​បន្ទាន់ និង​បន្តចុះទៅ​ពិនិត្យ​មើលផ្លូវ និងកន្លែងបង្ហូរទឹកចេញ ក្នុងភូមិត្រពាំងផ្លុងផងដែរ។
បន្ទាប់​មក លោក ស្វាយ ស៊ីថា ក៏បានចុះសួរសុខទុក្ខ និងទទួល​យក​សំណូមពរ​ពីប្រជាជន​មួយ​ចំនួន ដូចជានៅភូមិថ្មី ភូមិត្រពាំងផ្លុង និងភូមិសេរីមានជោគ។ល។ និង​ថែម​ទាំងបាន​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់​ខ្លួន​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ​ជា​ច្រើន​គ្រួសារ ដែល​ជាកាយវិការ​ដ៏ប្រពៃ​ក្នុង​វប្បធម៌​នៃ​ការ​ចែក​រំ​លែក​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏ដូចជា​ការអនុវត្ត​នូវ​កាតព្វ​កិច្ច​ជា​ថ្នាក់ដឹកនាំ​ក្រុម​ការងារ ឬ​ក្នុង​នាមជាមន្ត្រី​ល្អជាមួយ​ប្រជាពលរដ្ឋ​​​​ ក្នុង​ស្មារតី​រួម​គ្នា​គិត រួម​គ្នា​ធ្វើ និង​រួម​គ្នា​ទទួល​ខុសត្រូវ ដើម្បី​ភាព​រីក​ចំ​រើន និងការ​លើក​កំ​ពស់​ជី​វភាព​រស់​នៅ​​របស់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។
ក្រៅ​ពី​នេះ លោក និងក្រុមការងារ បានចុះពិនិត្យមើលការងារ​ដាំដុះរបស់ប្រជាជន​ក្នុងភូមិ​ព្រៃ​ស្លែង ក្រោយពីក្រុមការងារបាន​​ចែកជូនកូនដំណាំដល់ប្រជាពលរដ្ឋ ដែលរួមមាន ដូចជា កូនម្រុំ កូនដូង​ក្រអូប និងកូន​ឬស្សី​ផ្អែមនាពេលកន្លងមក។ លោក ស្វាយ ស៊ីថា ក៏បានចុះត្រួតពិនិត្យ និង​សំណេះសំណាលការងារ ក៏ដូចជាលើកទឹកចិត្ត​ដល់ប្រជាការពារក្នុងភូមិព្រៃស្លែង ឱ្យខិតខំបំពេញ​ការងារ​របស់ខ្លួនឱ្យបានល្អ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិ និង​ថែម​ទាំង​បានជួប​ជុំ​​ពិសារអាហារ​សាមគ្គីជាមួយ​ប្រជា​ការ​ពារ​ភូមិ​ ដែល​ម្ហូប​អាហារ​ទាំង​នោះចម្អិន​ផ្ទាល់​ដោយ​ស្នាដៃក្រុម​ប្រជា​ការពារ​ភូមិ ក្នុង​បរិយាកាសរីករាយ និង​ស្និទ្ធស្នាលបំ​ផុត៕

អត្ថបទ៖ ក្រុម​ការងារ​ថ្នាក់​ជាតិចុះ​មូលដ្ឋាន​ឃុំកុមារាជា​