(តូក្យូ)៖ នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប, ជប៉ុនបានធ្វើ «បដិវត្តន៍នយោបាយការបរទេស» របស់ខ្លួនចំនួន ៣លើករួចហើយ ទៅតាមរបៀបដែលបានកែប្រែប្រវត្តិសាស្ត្រ សកលលោក។ បច្ចុប្បន្ន មហាអំណាចសេដ្ឋកិច្ចលេខ៣ នៅលើពិភពលោកមួយនេះកំពុងឆ្លងកាត់ដំណាក់កាលអន្តរកាលមួយដោយតំណែងនាយករដ្ឋមន្ត្រីត្រូវផ្ទេរពីលោក Yoshihide Suga ទៅលោក Fumio Kishida។ អ្នកទាំង២ មិនមាននយោបាយខុសប្លែកគ្នាខ្លាំងនោះទេ តែអ្វីដែលសំខាន់គឺនៅត្រង់ថាជប៉ុនត្រូវបានគេមើលឃើញថា មានចេតនាឆ្ពោះទៅរក «ការធ្វើបដិវត្តន៍នយោបាយការបរទេស» ជាលើកទី៤ ដោយសារតែការកើនឡើងឥទ្ធិពលចិនក្នុងតំបន់ និងនយោបាយមិនច្បាស់លាស់របស់ សហរដ្ឋអាមេរិក។
ការធ្វើបដិវត្តន៍នយោបាយការបរទេសរបស់ជប៉ុនទាំង ៣ដំណាក់កាលកន្លងមក សុទ្ធតែជាលទ្ធផលនៃការផ្លាស់ភូមិសាស្ត្រនយោបាយសកលលោក។ ដំណាក់កាលទី១ បានកើតឡើង បន្ទាប់ពីជប៉ុនត្រូវបានបង្ខំឱ្យបើកទ្វារប្រទេសទទួលស្វាគមន៍លោកខាងលិចនៅទសវត្សរឆ្នាំ១៨៥០ ដោយនៅពេលនោះបានធ្វើឱ្យជប៉ុនក្លាយជាមហាអំណាច សេដ្ឋកិច្ច និងយោធាដែលមានសមត្ថភាពវាយគ្រប់គ្រងប្រទេសចិន និងយកឈ្នះនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។ ចំណែកឯ បដិវត្តន៍នយោបាយការបរទេសលើកទី២ បាន
កើតឡើងអំឡុងទសវត្សរឆ្នាំ១៩៣០ ដោយតាមរយៈការដួលរលំសេដ្ឋកិច្ចពិភពលោក រួមទាំងការកើនឡើងមហាអំណាចបរទេសប្រជែងផលប្រយោជន៍ជាមួយជប៉ុន នៅក្នុង ប្រទេសចិន, វាបានជំរុញឱ្យជប៉ុនជ្រើសរើសមាគ៌ាយោធាផ្ដាច់ការ, ហិង្សា និងវាទទីនិយមនៅក្នុងតំបន់អាស៊ីដែលចូលរួមចំណែកបង្កឱ្យសង្រ្គាមលោកលើកទី២ ផ្ទុះឡើង។
ការធ្វើបដិវត្តន៍នយោបាយការបរទេសលើកទី៣ គឺកើតឡើងក្រោយជប៉ុនចាញ់សង្រ្គាមលោកលើកទី២ ហើយធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់អាមេរិក។ មេដឹកនាំជប៉ុន នៅក្រោយសម័យសង្រ្គាម គ្រប់ៗរូបមិនបានអនុវត្តគោលនយោបាយការបរទេសដោយឯករាជ្យឡើយ និងថែមទាំងប្រគល់ភារកិច្ចការពារសន្តិសុខជាតិទៅឱ្យអាមេរិក ទាំងស្រុងទៀតផង ដើម្បីទទួលបានមកវិញនូវការស្ដារប្រទេសជាតិឡើងវិញក្នុងនាមជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាចូលរួមចំណែកថែរក្សាស្ថិរភាព និងសន្តិភាព ក្នុងតំបន់អាស៊ីខាងកើត។
ក៏ប៉ុន្តែសព្វថ្ងៃ សម័យកាលជប៉ុនដេកលង់លក់មិនរវល់នឹងកិច្ចការសកលលោកបានបិទបញ្ចប់ ហើយហេតុដ៏ធំចម្បង នោះគឺដោយសារតែចិន។ ការបង្កើនការធ្វើសកម្មភាព យោធារបស់ចិននៅឯតំបន់ជម្លោះដែនទឹកជាមួយជប៉ុន លើទីប្រជុំកោះ Senkaku ក្នុងតំបន់សមុទ្រចិនខាងកើត, ការគំរាមកំហែងកោះតៃវ៉ាន់ដែលត្រូវបានគេចាត់ទុកថាជា ខ្សែក្រវាត់ការពារមួយរបស់ជប៉ុន ហើយបូករួមទាំងការពង្រឹងសមត្ថភាពយោធារបស់ចិនបានបង្កជាក្ដីកង្វល់ដល់ថ្នាក់ដឹកនាំជប៉ុន ដោយខ្លាចក្រែងថាចិននឹងសងសឹកលើជប៉ុន វិញនៅថ្ងៃណាមួយ ដូច ឬអាចខ្លាំងជាងអ្វីដែលជប៉ុនធ្លាប់ធ្វើដាក់ចិននៅអំឡុងសង្រ្គាមលោកលើកទី២។
ម្យ៉ាងវិញទៀត សន្តិសុខជាតិរបស់ជប៉ុន ក៏កំពុងប្រឈមមុខនឹងហានិភ័យផងដែរ ដោយសារតែនយោបាយមិនច្បាស់លាស់របស់សហរដ្ឋអាមេរិក។ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក TPP ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់កុំឱ្យចិនគ្រប់គ្រងសេដ្ឋកិច្ច នៅក្នុងតំបន់ទាំងមូល និងការគំរាមកំហែងដល់សម្ព័ន្ធភាពទ្វេភាគី ដោយសារនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ America First របស់លោក ត្រាំ។
លោកប្រធានាធិបតី ចូ បៃដិន បានធ្វើឱ្យទំនាក់ទំនងរវាងជប៉ុន និងសហរដ្ឋអាមេរិក ត្រឡប់ទៅរកភាពប្រក្រតីក៏ពិតមែន តែវានៅមិនទាន់គ្រប់គ្រាន់ទេ ខណៈអាមេរិករបស់ លោក បៃដិន នៅតែបន្តដើរតាមនយោបាយខ្លះរបស់លោក ត្រាំ ដោយស្ថិតនៅក្រៅកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិក ហើយក៏មិនមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការរក្សា
សមតុល្យនៃអំណាចយោធានៅក្នុងតំបន់ដែលកំពុងធ្លាក់ចុះនោះដែរ។ បែបនេះឯង ទើបជប៉ុនមិនអាចអង្គុយរង់ចាំគ្រោះថ្នាក់មកដល់ឡើយ។ នៅឆ្នាំ២០១៦ រដ្ឋាភិបាលជប៉ុន របស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ បានផ្ដួចផ្ដើមឡើងនូវគំនិតមួយដែលគេស្គាល់ជាទូទៅថា «សេរីភាព និងការបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងស្ដារឡើងវិញនូវកិច្ចសន្ទនាសន្តិសុខចុតភាគី ឬក្វាដ (Quad) ជាមួយអូស្ត្រាលី, ឥណ្ឌា និងសហរដ្ឋអាមេរិក។ អស់រយៈពេលជាច្រើន ឆ្នាំមកនេះ ជប៉ុនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមួយចំនួន ដែលអនុញ្ញាតឱ្យយោធារបស់ខ្លួនមានតួនាទីទូលំទូលាយជាងពេលណាៗទាំងអស់ផងដែរ ដោយអាចធ្វើប្រតិបត្តិការ យោធាល្បាតជាមួយសហរដ្ឋអាមេរិក នៅឯតំបន់ដែនទឹកដែលចិនកំពុងធ្វើសកម្មភាពខ្លាំង។ ថ្នាក់ដឹកនាំជប៉ុនកាលពីពេលថ្មីៗនេះ ថែមទាំងហ៊ានប្រើសម្ដីថ្លោសដាក់ចិន ដោយ និយាយចំៗថាអាចនឹងចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីការពារកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារណាមួយពីចិន។ ទីក្រុងតូក្យូក៏បានដាក់ពង្រាយមីស៊ីលប្រឆាំង នាវាចម្បាំងនៅលើកោះ Ryukyu ស្ថិតនៅក្បែរកោះតៃវ៉ាន់ ហើយម្ដងម្កាលបានអះអាងថានឹងប្រើប្រាស់នាវាមុជទឹក ដើម្បីរារាំងចិនកុំឱ្យចូលទៅកាន់តំបន់ប៉ាស៊ីហ្វិកក្នុងករណី សង្រ្គាមផ្ទុះឡើង។
សកម្មភាពទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ជប៉ុនកំពុងចាប់ផ្ដើមធ្វើឱ្យខ្លួនឯងក្លាយជាមហាអំណាចមួយក្នុងតំបន់បន្តិចម្ដងៗ ខណៈទីក្រុងតូក្យូកំពុងសហការជាមួយអាមេរិក ក្នុងការធានាឱ្យបាននូវខ្សែចង្វាក់ផ្គត់ផ្គង់, បង្កើនល្បឿននៃគំនិតច្នៃប្រឌិតរបស់បណ្ដាប្រទេសប្រជាធិបតេយ្យលើបច្ចេកវិទ្យាសំខាន់ៗដូចជាបន្ទះឈីប ព្រមទាំងការផ្ដល់ជំនួយ ហេដ្ឋារចនាសម្ព័ន្ធមានគុណខ្ពស់ទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍដើម្បីប្រជែងឥទ្ធិពលចិន។
ពិតមែនទៅ ជប៉ុនមានសង្ឃឹមថាសហរដ្ឋអាមេរិកនឹងត្រឡប់មកវិញ តែទន្ទឹមគ្នាក៏ខឹងសម្បារផងដែរចំពោះការស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន។ តួយ៉ាងដូចជាការត្រឡប់ចូល ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកវិញជាដើម។ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida កំពុងប្រឈមមុខនឹងបញ្ហាប្រឈមមួយដ៏ធំ នោះគឺរារាំងចិនកុំឱ្យចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកដែលសព្វថ្ងៃមានឈ្មោះថា CPTPP ខណៈបើកផ្លូវឱ្យតៃវ៉ាន់ចូលជាសមាជិក។ មនុស្សទូទៅ គិតថាជប៉ុននឹងមិនហ៊ានធ្វើខ្លាំងដាក់ចិន ទេ ព្រោះតែប្រយោជន៍សេដ្ឋកិច្ច។ តែបញ្ហាជម្លោះទឹកដី និងការកើនឡើងឥទ្ធិពលចិនបានកែប្រែការគិតរបស់ថ្នាក់ដឹកនាំជប៉ុន ហើយតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយសហភាពអឺរ៉ុប និងការបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ជាមួយអូស្ត្រាលី និងឥណ្ឌា វាបានបង្ហាញថាជប៉ុនកំពុងកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើចិន។
តែទោះជាបែបនេះក្ដី អ្នកជំនាញកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជា លោក Adam Liff យល់ថាការផ្លាស់ប្ដូររបស់ជប៉ុនសព្វថ្ងៃមើលទៅ វាជាការវិវត្តន៍ច្រើនជាងការធ្វើបដិវត្តន៍ដ្បិត ការចំណាយលើវិស័យការពារជាតិរបស់ជប៉ុនមានកម្រិតនៅឡើយ ហើយការពិភាក្សាពីការផលិតអាវុធនុយក្លេអ៊ែរនៅតែស្ថិតក្រោមការហាមឃាត់។ ប៉ុន្តែ អ្វីដែលគេអាច និយាយនោះគឺថាជប៉ុនបានចាប់ផ្ដើមមើលឃើញពីតួនាទីយ៉ាងសំខាន់របស់ខ្លួននៅលើឆាកអន្តរជាតិ ហើយវាក៏ជាឱកាសល្អសម្រាប់សហរដ្ឋអាមេរិកដែរ។ ពីព្រោះថាផ្អែកលើ ទីតាំងភូមិសាស្ត្រ, សេដ្ឋកិច្ច និងយោធារឹងមាំ, បច្ចេកវិទ្យាជឿនលឿន និងតម្លៃប្រជាធិបតេយ្យ, ជប៉ុននឹងក្លាយជាសម្ព័ន្ធមិត្តមិនអាចខ្វះបានរបស់សហរដ្ឋអាមេរិកនៅក្នុងស.វទី២១នេះ ដែលផ្ទុយពីចិនដែលមើលឃើញថាការឡើងនៃឥទ្ធិពលរបស់ជប៉ុនគឺជាការគំរាមកំហែង។ ដូច្នេះ ការធ្វើបដិវត្តន៍នយោបាយការបរទេសជប៉ុនមួយផ្សេងទៀត នឹងកើតមានដែរ ឬក៏យ៉ាងណា គឺវាអាស្រ័យទៅលើចិន៕
ប្រភព៖ Bloomberg (ថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១)
ដោយ៖ Fresh News