Tuesday, May 28, 2019

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ

កំពង់ឆ្នាំង៖ ដើម្បីពង្រឹងនៃការអនុវត្តនៃការប្រមូលពន្ធអោយកាន់តែមានប្រសិទ្ធភាពនោះ សាខាពន្ធដារ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទិ្ធកាន់កាប់អចលនទ្រព្យដល់មន្រ្តីនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំងដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩  ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

លោក លោក វង្ស ឌីណា  ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងទៅរាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនៅឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តអស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយដើម្បីស្របតាមការរីកចម្រើន នៅកម្ពុជាក៏ដូចជានៅក្នុងបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវប្រកាសស្ដីពីការកំណត់ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដាឆ្នាំ ២០១៩ នេះតទៅ។

បើយោងតាមប្រកាសថ្មីនេះ ការកំណត់តម្លៃ គឺមិនឲ្យលើសពី ៧០% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារនៅឡើយ ក្រៅពីការធ្វើបច្ចុប្បន្នភាព តម្លៃប្រការនេះ ក៏មានការកែសម្រួលទាក់ទងទៅនឹងភូមិសាស្ត្រនានា ដោយបន្ថែមឬកែសម្រួល កំណត់ផ្លូវមេបន្ថែមតំបន់អភិវឌ្ឍន៍ ដែលទើបតែបង្កើតថ្មីជាដើម។

ថ្លែងក្នុងឧកាសនោះ លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពីការផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នេះគឺពិតជាមានសារៈសំខាន់ធ្វើឡើងក្នុងគោលបំណងអោយមន្រ្តីរាជការរបស់យើង ទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់ទទួលបាននៅចំណេះដឹងក្នុងការចែករំលែកទៅដល់មូលដ្ឋាន។ លោកបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ អោយកាន់តែស៊ីជម្រៅថែមទៀត ក្នុងនោះបានលើកឡើងនៅវិធានការបង្កើនប្រសិទិ្ធភាពក្នុងការគ្រប់គ្រង និងការប្រមូលពន្ធអោយកាន់តែកាន់តែមានតម្លាភាព អង្គសិក្ខាសាលាដែលរៀបចំនាពេលនេះ ក៏ជាផ្នែកមួយនៃកិច្ចការសំខាន់ៗដទៃទៀតរបស់សាខាពន្ធដារខេត្តក្នុងការប្រមូលពន្ធជូនរដ្ឋប្រកបដោយជោគជ័យតាមផែនការសកម្មភាពដែលក្រសួងបានកំណត់៕





លោកអ៊ុំ រាត្រី៖ ប្រទេសជាតិរីកចម្រើនវិស័យសាសនាក៏មានភាពរីកចម្រើនដើរទន្ទឹមគ្នា

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រោមម្លប់សុខសន្តិភាព និងការរីកចម្រើន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងបានគិតគូចំពោះសាសនិកឥស្លាម និងសាសនាដទៃទៀត ដោយគ្មានការរើសអើងនិន្នាការសាសនានោះឡើយ។

លោកអភិបាលខេត្តបានថ្លែងបែបនេះ នៅក្នុងឱកាសចូលរួមជាអធិបតីពិធីស្រាយបួសរ៉ាម៉ាឌន នៃសាសនាឥស្លាមខេត្តបន្ទាយមានជ័យ ជាមួយថ្នាក់ដឹកនាំគ្រួសារឥស្លាមខេត្ត មកពីបណ្តាក្រុង ស្រុក ក្នុងខេត្ត នៅម៉ាស្ទិតឌើរុសសាឡាម ភូមិរោងម៉ាស៊ីន សង្កកាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ឧសភា។

លោកអ៊ុំ រាត្រីរី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងមនោសញ្ចេតនារីករាយ និងអបអរសាទរ ជូនពរដល់គ្រួសារសាសនិកឥស្លាមទាំងអស់ ក្នុងឱកាសខែបួសរ៉ាម៉ាឌន ដែលប្រព្រឹត្តិទៅរយៈពេល ២២ថ្ងៃ និងអបអរសាទរសម្រាប់ថ្ងៃជួបជុំគ្នាក្នុងវេលាស្រាយបួល ក្នុងបរិយាសរីករាយ និងសាទរ។

លោកអភិបាលខេត្តបានបញ្ជាក់ទៅកាន់សាសនិកឥស្លាមថា ក្រោមម្លប់សុខសន្តិភាព និងការរីកចំរើន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរចំពោះសាសនិកឥស្លាម ដោយគ្មានការរើសអើងនិន្នាការសាសនានោះឡើយ។ ប្រទេសជាតិរីកចម្រើន វិស័យសាសនាក៏មានភាពរីកចម្រើន ដើរទន្ទឹមគ្នា មានភាពសុខុមនីយកម្មសាសនា មានភាពសុខុមក្នុងគ្រប់គ្រួសារ ប្រទេសជាតិមានរីកចម្រើន។

ជាមួយគ្នានោះ លោកអភិបាលក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងសាសនិកឥស្លាមទាំងអស់ដែលបានចូលរួមសកម្មភាពការងារក្នុងសង្គម ជាមួយរដ្ឋបាលមូលដ្ឋាន អាជ្ញាធរដែនដីគ្រប់ថ្នាក់ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍មូលដ្ឋាន។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានផ្តល់ថវិកាឧបត្ថម្ភ ១លានរៀល និងលោកអភិបាលក្រុងសិរីសោភ័ណថវិកាមួយចំនួនផងដែរ។

លោក ម៉ាត់ ហ៊ីម អ៊ីមាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សាសនិកឥស្លាមរស់នៅក្នុងខេត្ត មានវិហារឥស្លាម ១០ភូមិ មានសូរ៉ាវ៤ ដែលមានចំណុះគ្រួសារមានចំនួន ១៩៣៥គ្រួសារ សរុបមនុស្សរួម ៧៧៤០នាក់៕












លោក ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម និងឡាវ

លោក ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម និងឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលទទួលបាននៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ។
ការបំពេញទស្សនកិច្ចរបស់លោក ហេង សំរិន នេះធ្វើឡើងតាមការអញ្ជើញ របស់ប្រធានរដ្ឋសភានៃប្រទេសទាំង២។ ក្នុងដំណើរទស្សនកិច្ចនោះ លោកប្រធានរដ្ឋសភាកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគី និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់នៃប្រទេសទាំង២ផងដែរ ៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទ«ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជាក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ រួមមាន៖
ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន
ទី២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន។
ក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបជាមួយឥស្សរៈជនជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ហើយជាមួយគ្នានោះដែរ លោក នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ធនាគារមីហ្ស៊ូហូ (Mizuho)៕