Sunday, September 17, 2023

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិន សម្រេចបានសមិទ្ធផលជាក់ស្តែងថ្មីៗ ជូនជាតិមាតុភូមិ និងប្រជាជន

 (ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្ររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយសម្រេចបានសមិទ្ធផលជាក់ស្តែងថ្មីៗ បន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖






លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី


(ភ្នំពេញ)៖ នាសៀលថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣, ទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងគណៈប្រតិភូជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បន្ទាប់ពីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអភិបាល និងគណៈប្រតិភូ, សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋបាល នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ទីក្រុង និងប្រជាជនណាននីង ដែលបានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា និងបានគូសបញ្ជាក់អំពីផ្លែផ្កាដែល សម្ដេចធិបតី ទទួលបានពីការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។

ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, លោកអភិបាល បានវាយតម្លៃខ្ពស់ចំពោះ ការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមពិព័រណ៍របស់ សម្ដេចធិបតី និងគណៈប្រតិភូ ដែលនេះបញ្ជាក់អំពីការយកចិត្តទុកដាក់ និងជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះប្រទេសចិន, និយាយជារួម, និងចំពោះទីក្រុងណាននីង, និយាយដោយឡែក។ លោកអភិបាល ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវត្ថុបំណងនៃការធ្វើដំណើរទស្សនកិច្ចរបស់លោកមកប្រទេសកម្ពុជា កាលពីខែមេសាឆ្នាំ ២០២៣ គឺដើម្បីពិនិត្យមើលការរីកចម្រើន, វិបុលភាព និងវឌ្ឍនភាពរបស់កម្ពុជា ព្រមទាំងដើម្បីគោរពអញ្ជើញ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកបំពេញទស្សនកិច្ចនៅទីក្រុងណាននីង និងតំបន់ដទៃទៀត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។

លោកអភិបាល ក៏បានរំលេចបន្ថែមថា លោកបានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវសុន្ទរកថាដែល សម្ដេចធិបតី បានថ្លែងនៅក្នុងឱកាសនៃការបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ កាលពីពេលព្រឹកមិញ ហើយលោកបានឯកភាពទាំងស្រុង ចំពោះទស្សនៈវិស័យដែល សម្តេចធិបតី បានលើកឡើង។

ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល, សម្ដេចធិបតី បានអរគុណ លោកអភិបាល និងបានឯកភាពចំពោះការបញ្ជាក់របស់លោក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង, ជាពិសេស ផ្នែកពាណិជ្ជកម្ម, វិនិយោគ, កសិកម្មទំនើប, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានស្នើឱ្យលោកអភិបាល ពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមាន ដើម្បីបញ្ចប់ និងសម្រេច ប្រកបដោយផ្លែផ្កា និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
ជាការឆ្លើយតប, លោកអភិបាល បានគោរពជម្រាបជូន សម្ដេចធិបតីថា លោកនិងរដ្ឋបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការ និងខិតខំធ្វើការងារជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាផ្លែផ្កា។

នៅទីបញ្ចប់, លោកអភិបាល បានគោរពអរគុណសារជាថ្មី ចំពោះការអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចធិបតី។ លោកអភិបាល ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករឭកដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានជូនពរឱ្យ សម្តេចធិបតី និងគណៈប្រតិភូ ធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕









ប្រវត្តិប្រាសាទកោះកែរ

ប្រាសាទកោះកែរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្ស លោក។។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃដី១៦X១៦គីឡូម៉ែត្រ ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។អតីតទីតាំងរាជធានីរបស់ខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ!

នៅក្នុងឆ្នាំ៩២១ អនាគតព្រះបាទជ័យវរ្ម័នទី៤ (ដែលអ្នកស្រាវជ្រាវភាគច្រើនបានចោទព្រះអង្គថាជាក្សត្រជ្រែករាជ្យ) បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោក គគ៌្យរ (កោះកែរសព្វថ្ងៃ)។ ព្រះអង្គបាននាំយកទៅជាមួយនូវកម្រតេង ជគត ត រាជ ដែលជាវត្ថុសំខាន់សម្រាប់រាជ្យ។ ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ មានរឿងមួយដែលយើងមានការឯកភាពគ្នាបាន គឺប្រហែលជាព្រះអង្គ (ជ័យវរ្ម័នទី៤) មានបញ្ហា (ទំនាស់រាជបល្ល័ង្គ?) ជាមួយនឹងក្មួយទាំងពីររបស់ទ្រង់ ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០)គឺព្រះបាទ ហស៌វរ្ម័៍នទី១ (៩១០-៩២៣) និងព្រះបាទ៌ឥសានវរ្ម័នទី២ (៩២៣-៩២៨) ពេលដែលបិតាសោយទីវង្គត់។



នៅពេលដែលទៅដល់ទីកន្លែងថ្មី (កោះកែរ) ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ (ឧទ្ទឹសដល់បុព្វការីជន) និងប្រាសាទប្រាង្គ (៧ថ្នាក់) សម្រាប់រាជ្យ និងឧទ្ទឹសដល់អទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) កសាងរហាល (បារាយណ៍) និងហេត្ថរចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។

បើតាមសិលាចារឹកប្រាសាទនាងខ្មៅ (ស្រុកសំរោង ខេត្តតាកែវ) និងសិលាចារឹកស្តុកកក់ធំ ព្រះបាទជ័យវរ្ម័នទី៤ បានប្រកាសខ្លួនជាសេ្តចគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ៩២៨។

យើងរកឃើញសំណង់ប្រាសាទនៅកោះកែរមានចំនួនជាង ៧០ ប្រាសាទ (រាប់ទាំងទីទួលបុរាណ)។ យោងតាមការសិក្សាស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋ (កសាងក្នុងចន្លោះឆ្នាំ៩២១-៩២៨) បន្ទាប់គឺប្រាសាទថ្មភក់(ប្រហែលចាប់ផ្តើមកសាងនៅឆ្នាំ៩២៨) និងប្រាសាទថ្មបាយក្រៀម (កសាងរវាងចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១)។

នៅក្នុងឆ្នាំ ៩៤៤ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានរើរាជធានីមកតាំងនៅតំបន់អង្គរវិញ ដោយបានកសាងប្រាសាទប្រែរូប (សម្រាប់រាជ្យ) និងប្រាសាទមេបុណ្យខាងកើត (សម្រាប់បុព្វការីជន)។

បើទោះបីជាកោះកែរស្ថិតនៅជារាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង២០ឆ្នាំក៏ដោយ ការកសាង និងការអភិវឌ្ឍន៍នៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុន និងមានប្លង់ច្បាស់លាស់ ទាំងការសាងសង់ពង្រីកទីក្រុង ការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាន និងទីកន្លែងជាច្រើនទៀត សម្រាប់ឧទ្ទឹសដល់ព្រះឥសូរ វិស្ណុ ព្រហ្ម គណេស និងទេពដ៏ទៃទៀតក្នុងជំនឿព្រហ្មញ្ញសាសនា ជាពិសេសគឺការកសាងប្រាសាទលឹង្គដែលមានទំហំធំៗ។

ក្រុមប្រាសាទកោះកែរ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ។ អាចធ្វើដំណើចេញពីទីរួមខេត្តសៀមរាប កាត់តាមផ្លូវលេខ៦៤ (២១១) ចំងាយ៧២គ.ម និងបន្តទៅតាមផ្លូវខេត្តចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។

ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨) រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើអោយប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។

ចាប់ពីឆ្នាំ១៩៧០នៅតំបន់កោះកេរ្តិ៍ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។

កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។

នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍ មាន ប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។ ស្ថាបត្យកម្មនៃតួរប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ។

ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ៣៥ម ចែកចេញជា៧ថ្នាក់ បីដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយ មានកំពស់៥ម មានផ្ទៃរាបប្រមាណ ២ម តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។

សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកេរ្តិ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តព្រះវិហារ


















សម្តេចតេជោ ហ៊ុន សែន៖ «ទឹកចិត្តឪពុក! បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែខ្ញុំនៅតែព្រួយបារម្ភពីសុវត្ថិភាពកូន ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ»


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បង្ហោះសារបញ្ជាក់ពីមនោសញ្ចេតនា ដែលជាក្តីបារម្ភរបស់សម្តេចចំពោះកូន នៅពេលដែលកូនធ្វើដំណើរចេញក្រៅប្រទេសម្តងៗ។

សម្តេចតេជោលើកឡើងថា ការបារម្ភពីកូននេះ គឺជាទឹកចិត្តឪពុក ហើយឪពុករបស់សម្តេច ក៏ធ្លាប់បារម្ភពីសម្តេចដូចគ្នា ពេលសម្តេចចេញបំពេញភារកិច្ចនៅក្រៅប្រទេសម្តងៗ។

ក្តីបារម្ភរបស់សម្តេចនេះ សំដៅដល់ការបារម្ភចំពោះកូនប្រុស គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ នៅប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «ទឹកចិត្តឪពុក ! កាលមុនពេលឪពុករបស់ខ្ញុំមរណភាពទៅ គាត់តែងតែរង់ចាំខ្ញុំ ពេលខ្ញុំចេញទៅក្រៅប្រទេសម្តងៗ។ ពេលខ្លះគាត់មិនសម្រាកទេ រហូតដល់ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញ ទើបគាត់ឈប់បារម្ភ។ បើទោះជាគាត់ដឹងថា ខ្ញុំជាអ្នកដឹកនាំរដ្ឋដែលមានអំណាច តែគាត់នៅព្រួយបារម្ភពីសុខទុក្ខយើងជាកូន។

រឿងដដែលបានកើតចំពោះខ្ញុំម្តង បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន។

ខ្ញុំស្រឡាញ់កូន និងចៅដូចៗគ្នា ខ្ញុំតែងតែព្រួយបារម្ភនៅពេលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ៕

Father's heart !

Before my father passed, he was always waiting for me when I had mission abroad. Sometimes he did not rest until I got home; only then did he stop worrying. Even though he knew I was a powerful leader of the state, he was still worried about our well-being as children. The same thing happened to me now. Though I know my son is holding top power and has any means of transportation, yet I am still concerned about my son’s safety.

I love children and grandchildren alike. I am always worried every time they travel abroad.»។

សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិន កាល​ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

នៅយប់ថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់កម្ពុជា បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល​រួមពិ​ព័រណ៍​ចិន-អាស៊ាន​លើកទី២០ នៅក្នុងប្រទេសចិន ប្រកបដោយផ្លែផ្កាខ្ពស់៕




សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ ដែលបានជួយជ្រោមជ្រែង ដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ​មាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «ក្នុងនាមខ្ញុំប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក​ នៅវេលាម៉ោង​១២៖២៨នាទី​ នៅទីក្រុងរីយ៉ាដ​ ត្រូវនឹងម៉ោង១៖២៨នាទី​ នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ​ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ​ មាតុភូមិ។

រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។

On behalf of the president of the Cambodian People's Party, I would like to express my sincerest congratulations on the occasion of Cambodia's Koh Ker Temple Region listed as UNESCO’s World Heritage at the 45th session of the UNESCO World Heritage Committee in Riyadh, Saudi Arabia on 12:28 pm (Riyadh time) which is 1:28 pm in Phnom Penh on 17 September 2023.

I would like to thank the Royal Government, all relevant ministries and institutions for supporting this work to achieve great results for the motherland.

Koh Ker temple resort was the former capital of Cambodia during the reign of King Jayavarman IV during the 10th century AD in 928 until 941 AD.»៕



















សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន ប្រកបដោយផ្លែផ្កាខ្ពស់


(ភ្នំពេញ)៖ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល​រួមពិ​ព័រណ៍​ចិន-អាស៊ាន​លើកទី២០ នៅក្នុងប្រទេសចិន រយៈពេល៤ថ្ងៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​​យករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខដឹកនាំរបស់កម្ពុជា ទទួលបានផ្លែផ្កាខ្ពស់ ជាពិសេសការបន្តពូនជ្រំ​ពង្រឹង​ទំនាក់​​ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ជាមួយប្រទេស​ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោក និងលំដាប់លេខ១​នៅ​តំបន់​អាស៊ី។

ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងបេសកកម្មការងាររយៈពេល៤ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ហោះឆ្ពោះមកកម្ពុជាវិញហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមរំលឹកថា តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន កាល​ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នា២០២៣។ នេះជាការចេញដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា​ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មី។

បន្ទាប់ពីការហោះហើររយៈពេលប្រមាណជា៥ម៉ោង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ ព្រមទាំងគណៈប្រតិភូ បានហោះដល់រដ្ឋធានីប៉េកាំង ប្រទេសចិន នាពេលរសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិក្នុងរដ្ឋធានីប៉េកាំង សម្តេច​ធិបតិ និងលោកជំទាវ ទទួលបានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់របស់ចិន និងឯកអគ្គរាជទូត​កម្ពុជាប្រចាំប្រទេសចិន ក៏ដូចជាមន្ត្រីអមស្ថានទូតមួយចំនួនទៀត។

ពេលអញ្ជើញដល់ប្រទេសចិន សម្តេចធិបតី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណ​ក្ខន្ធ​នៅ​ស្តូប​អនុស្សាវរីយ៍វីរបុរសចិន។ បន្ទាប់មកអញ្ជើញក្រាបបង្គំគាល់ព្រះមហាក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រី ដែលកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង។

ការកៀរគរវិនិយោគ ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និង​បង្កើតការងារជូនប្រជាពលរដ្ឋ។ ដូច្នេះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់​ប្រ​ទេស​ចិននេះ ការទាក់ទាញការវិនិយោគក៏ជារបៀបវារៈដ៏ចាំបាច់មួយសម្រាប់សម្តេចធិប​តី ហ៊ុន ម៉ាណែត ផងដែរ។

ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែ​បង្អង់​នោះ​ឡើយ ទោះបីចំណាយ​ពេល​​លើ​យន្តហោះ​ច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួប​ជា​​មួយនឹង​ក្រុម​វិ​និ​យោគធំៗ​របស់ចិនជាបន្តបន្ទាប់។ សម្តេចធិបតី បានជួបក្រុមហ៊ុនវិនិយោគធំៗរបស់​ចិនចំនួន​៤ រួមមាន៖ ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. ជាក្រុម​ហ៊ុន​វិនិយោគ​ផ្នែក​ថាមពលអគ្គសិនី, China Road and Bridge Corporation (CRBC) ជាក្រុមហ៊ុនវិនិ​យោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ជាពិសេសកំពុង​សាង​សង់ផ្លូវល្បឿន​លឿន​នៅកម្ពុជា, ក្រុមហ៊ុន China Huaneng Group ជាក្រុមហ៊ុន​ផ្នែក​ថាមពល​អគ្គិសនី និងជាក្រុមហ៊ុនបានសាងសង់វារីអគ្គិសនីសេសានក្រោម២នៅ​កម្ពុជា​ផងដែរ និងក្រុមហ៊ុន​មួយ​ទៀត គឺក្រុមហ៊ុន Huawei Technology Co., Ltd. ដែលជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យាខ្នាតយក្ស​របស់​ចិន។

ក្នុងជំនួបជាមួយក្រុមហ៊ុនធំៗរបស់ចិនទាំង៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូស​រំលេច​​​អំពី​គោល​នយោបាយពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ហើយក៏បានលើកទឹក​ចិត្តដល់​ក្រុមហ៊ុន​បន្តវិនិយោគនៅកម្ពុជា ព្រមទាំងបានស្នើឱ្យជួយបណ្តុះបណ្តាលផ្នែកអគ្គសិនី និង​បច្ចេកវិទ្យា​ឌីជី​ថល ដើម្បីពង្រីកសមត្ថភាពរបស់កូនខ្មែរលើជំនាញអគ្គិសនី និងបច្ចេកវិទ្យា​ឌីជី​ថល។ ក្នុងជំនួប​ជាមួយក្រុមហ៊ុន Huawei សម្តេចធិបតីនាយករដ្ឋមន្ត្រីចង់​ឃើញ​ក្រុមហ៊ុន​មួយ​វិនិយោគលើការ​ផលិត​សម្ភារៈគ្រឿងបង្គំអេឡិចត្រូនិកនៅកម្ពុជាផងដែរ។

នៅថ្ងៃទី១៥ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមជាមួយមេដឹកនាំ​កំពូលៗរបស់ចិនទៅតាមរបៀបវារៈនៃដំណើរទស្សនកិច្ចដូចបានគ្រោងទុក។ សម្តេចធិបតី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារដំបូងគេ គឺលោក ស៊ី ជិនពីង ប្រធា​នា​​ធិបតីចិន។

ក្នុងជំនួបនេះ លោកប្រធានាធិបតី ស៊ីន ជីនពីង បានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកប​ដោយ​ក្តីសោមនស្សរីករាយជាទីបំផុតចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាដំណើរទស្សនកិច្ចនៅប្រទេសជាមិត្តលើកដំបូងរបស់សម្តេចក្រោយឡើង​ដឹក​នាំរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះលោក ស៊ី ជីនពីង បានរំលឹកឡើងវិញនូវចំណង​មិត្តដ៏ស្អិតល្មួតរវាងកម្ពុជា និងចិន។ លោក ស៊ី ជីនពីង ក៏បានរំលឹកផងដែរថា ពីអនុស្សាវ​រីយ៍ទាំងឡាយដែលធ្លាប់បានធ្វើជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​កម្ពុជា។ លោក បានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំកម្ពុជាមួយរូប ដែលបានកសាង​យ៉ាងរឹងមាំនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន។

ក្រៅតែពីកិច្ចស្វាគមន៍ប្រកបដោយមេត្រីភាពយ៉ាងជ្រាលជ្រៅហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ស៊ី ជីនពីង ក៏បានពិភាក្សាលើកិច្ចការចាំបាច់មួយចំនួនផ្តោតទៅលើកិច្ច​សហ​ប្រតិបត្តិការទ្វេភាគីផ្តោតទៅលើបញ្ហានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​វិនិ​យោគផងដែរ។ ពាក់ព័ន្ធបញ្ហានយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តនយោបាយចិនតែមួយដោយ​មិន​មានការប្រែប្រួលនោះឡើយ។ បន្ថែមពីលើនោះប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាស​ប្រ​ឆាំង​រាល់ការជ្រៀងជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ដោយឡែកលោកប្រធានាធិបតីចិន ក៏បានបង្ហាញជំហរដ៏មុតមាំក្នុងការបន្តគោរពរាល់កិច្ច​ការផ្ទៃក្នុងរបស់កម្ពុជា។ លោកប្រធានាធិបតី ក៏បានប្តេជ្ញាចូលរួមជាមួយកម្ពុជាការពារ​រាល់​បំណងជ្រៀតជ្រែក​កិច្ចផ្ទៃក្នុងរបស់កម្ពុជា។ ជាពិសេសនឹងប្រឹងប្រែងការពារឱ្យបាននូវចំណង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងចិន ដោយមិនឱ្យអំណា​ច​ណាមួយមកបំបែកបាននោះឡើយ ដើម្បីធានារក្សានូវអត្ថប្រយោជន៍រវាងប្រទេស និងប្រជា​ជន​កម្ពុជា និងចិន។

សម្រាប់បញ្ហាតំបន់ និងពិភពលោក មេដឹកនាំកម្ពុជា-ចិន ប្តេជ្ញាបន្តគោរព និងអនុវត្តន៍តាម​ច្បាប់អន្តរជាតិដែលមានជាធរមាន។ ជាពិសេសនឹងប្រឹងប្រែងដោះស្រាយបញ្ហាទាំងឡាយ ដើម្បីរក្សាបានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ពិភពលោក ដែលជាបំណងប្រាថ្នាដ៏ចាំ​បាច់របស់មនុស្សជាតិ។

បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបជាមួយលោក ចាវ ឡឺជី ប្រធានសភាប្រជាជនចិន។ ក្នុង​ជំនួប​នេះ លោក ចាវ ឡឺជី ក៏បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងក្តីសោមនស្ស​រីក​រាយចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេសចិន។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ចាវ ឡឺជី ក៏បានពិភាក្សាទៅលើទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ហើយ​មាន​​​ជំហរដូចគ្នាក្នុងការបន្តពូនជ្រំ និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់​តែ​ល្អប្រសើរ។

បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាគំនិតឱ្យមានការផ្លាស់​ប្តូរដំណើរទស្សនកិច្ចរវាងមេដឹកនាំសភារវាងប្រទេសទាំងពីរ ជាពិសេសសមាជិកសភាវ័យ​ក្មេង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា និងសភានៃប្រទេសទាំង​ពីរ។

បន្ទាប់ពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតី និងប្រធានសភា​ប្រជា​ជនហើយនោះ នៅរសៀលថ្ងៃដដែលនោះ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បាន​រៀប​ចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត។ ពិធីបដិសណ្ឋារកិច្ចជាផ្លូវការត្រូវបានធ្វើឡើងនៅមហាវិមានប្រជាជនចិន កម្រាលព្រំពណ៌ក្រហមដ៏វែងអន្លាយ ជាមួយកងកិត្តិយសជាច្រើនរូប ត្រូវបានរៀបចំទទួល​បដិ​សណ្ឋារកិច្ចដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុង​ប្រទេស​ចិន។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចប្រកបដោយមហាកិត្តិយសនោះទៅ សម្តេចធិបតី ហ៊ុន ម៉ា​​ណែត និងលោកនាយករដ្ឋមន្ត្រី លី ឈាង បានជួបពិភាក្សាការងារទ្វេភាគី។ ក្នុងជំនួប​ពិ​ភាក្សានោះ បានផ្តោតទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងលើទិដ្ឋ​ភាពនយោ​បាយ សេដ្ឋកិច្ច និងសង្គម។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង បានបន្ត​រក្សា​យ៉ាងរឹងមាំ និងខ្លាំងក្លាថែមទៀត លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំង​ឡាយ​។ ជាពិសេសនឹងបន្តប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ​យោគ ដែលជាប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេស និងប្រជាជន។

បន្ទាប់ពីកិច្ចពិភាក្សាការងារទ្វេភាគីនោះទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និ​ង​លោក លី ឈាង បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារ​សំខាន់ៗ​រហូតដល់ទៅ១៥។ ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាដោយមន្ត្រីជាន់ខ្ពស់​នៃប្រទេសទាំងពីរ។​​

ឯកសារទាំង១៥នោះ រួមមានផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម​កម្ពុជា​-ចិន ក្នុងយុគសម័យថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤-២០២៨) និងកិច្ចសហប្រតិបត្តិការស្តីពី «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា», «ច្រករបៀងមច្ឆា និងអង្ករ», ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តា​ឡី​ស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍។

ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បាន​អញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាល និងពិសារអាហារសាមគ្គី ដែលរៀបចំដោយអ្នកវិនិ​យោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា។ ក្នុងវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​លើកបង្ហាញនយោបាយមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការវិនិយោគ ជា​ពិសេសរាជរដ្ឋាភិបាលផ្តល់កិច្ចគាំពារខ្ពស់ចំពោះវិស័យឯកជន ដែលរាជរដ្ឋាភិបាល​ចាត់​ទុកជាដៃគូដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍន៍ជាតិ។

ក្នុងន័យនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ច​របស់​ចិ​ន អញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ សម្តេច​ធិបតី បានធានាអះអាងថា ការវិនិយោគនៅកម្ពុជានឹងទទួលបានផ្លែផ្កា និងការរីកចម្រើន។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា។ លុះព្រឹកថ្ងៃទី១៦ ខែកញ្ញា សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈ​ប្រតិភូ ហោះតាមជើងយន្តហោះពិសេសរបស់កម្ពុជាលេខ០០១ ឆ្ពោះទៅកាន់ទីក្រុងណាន​នីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០។

អញ្ជើញដល់ទីក្រុងណានីង សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបលោក លាវ នីង (Liu Ning) លេខាធិការ​បក្ស​តំបន់​ស្វយ័តក្វាងស៊ី ដើម្បីសម្តែងការគួរសម និងពិភាក្សាលើ​ការងារ​មួយ​ចំនួន។

ក្នុងជំនួបនោះ លោកលេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី បានជម្រាប​សម្ដេច​​ធិបតី ហ៊ុ​ន ម៉ាណែត អំពីសក្តានុពល ឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័ត​ក្វាង​ស៊ី ព្រមទាំងអំពីកិច្ច​សហប្រតិបត្តិការដែលតំបន់ស្វយ័ត​ បានធ្វើជាមួយប្រទេសកម្ពុជា និង​កំពុងស្វែងរកលទ្ធ​ភាព​បន្ថែមផ្សេងទៀត។ លោក លាវ នីង បានបញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់​ស្វ​យ័តក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យ​ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះ​បណ្តាលធន​ធាន​មនុស្ស។


សម្ដេចធិបតី ហ៊ុ​ន ម៉ាណែត បានថ្លែងអំណរគុណចំពោះព័ត៌មានទាំងឡាយពាក់ព័ន្ធ​កិច្ច​សហ​ប្រតិបត្តិការដែលតំបន់ស្វយ័ត បានធ្វើជាមួយប្រទេសកម្ពុជា។ សម្ដេចធិបតី ក៏បាន​វាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់​តំបន់​ស្វយ័ត ដែលប្រៀប​បី​ដូចជាចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន។


ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យតំបន់ស្វយ័តក្វាងស៊ី ពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែមលើផ្នែក​ពាណិជ្ជ​កម្ម ការវិនិយោគ ផ្ដល់ការគាំទ្រ​ដល់​ផលិត​ផលកសិកម្មកម្ពុជា ការផ្តល់សេវា​ថែទាំ​សុខភាពសាធារណៈ ជំរុញអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើង​ហោះហើរត្រង់រវាងតំបន់ស្វយ័តក្វាងស៊ី និងប្រទេសកម្ពុជា។


សម្តេចធិបតី ក៏ស្នើឱ្យលោកលេខាធិការបក្ស ពិនិត្យលទ្ធភាពពន្លឿនដំណើរការ​នៃការ​រៀប​ចំ​នីតិវិធី​ចុះ​អនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាង​សង់​សួន​ឧស្សា​ហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោត​ការ​​យក​ចិត្ត​ទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។


តបនឹងអ្វីដែលសម្តេចធិបតីបានលើកឡើង, លោក លាវ នីង បានជម្រាបថា លោកនឹង​ពិនិត្យលទ្ធភាពបង្កើនជើង​ហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់​ប្រទេស​កម្ពុជា ដោយលោកនឹង​ចាប់​ផ្តើម​ពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា។


នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុង​ពិធី​បើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង និង​មេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនទៀត។ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើក​ទី២០ ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយ​ភាព​សុខ​ដុម និងវាសនាតែមួយ» នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញឡើងថ្លែង​សុន្ទរ​កថា​គន្លឹះផងដែរ។


ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីបញ្ហាមួយចំនួនបង្ក​ឡើងជំងឺកូវីដ-១៩។ សម្រាប់សម្តេចធិបតី ជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយ របស់មនុស្សជាតិត្រូវបានធ្លាក់ចុះ។ បន្ថែមពីលើនោះ ក្នុងឆ្នាំ២០២១ និង២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩ ផ្ទុះឡើង​ទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានាសន្តិសុខផ្នែក​សង្គម​-សេដ្ឋកិច្ច​របស់ប្រជាជនលើពិភពលោក។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បច្ចុប្បន្នពិភពលោកកំពុងតែជួប​ប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជាការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខ​ស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ ឆ្លើតតបនឹងបញ្ហាទាំងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចការធ្វើពាណិជ្ជកម្មដើរតួនាទីសំខាន់ ក្នុង​កា​រ​ចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹងផ្អែក​ទៅ​វិញ​ទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។


សម្តេចធិបតីបន្តថា ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិ​សុខ​​សេដ្ឋកិច្ចពិភពលោកនោះទេ។ ក្នុងន័យនេះ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់​ដែល​អាចបង្ហាញឧទាហរណ៍ដល់ពិភពលោក ពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹង កិច្ច​សហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគី​និយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។


ស​ម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹង​កិច្ច​សហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្ដបើក​ច្រក​ទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹង​សមត្ថភាព​ផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញ​សកម្ម​ភាព វិនិយោគទៅវិញទៅមក។ បន្ថែមពីនេះ ចិន និងអាស៊ានក៏ត្រូវពង្រឹងការគាំទ្រផ្នែក​បច្ចេក​ទេស ជាពិសេសទាក់ទងនឹងអនុលោមភាព នៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍ បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី។


បន្ទាប់ពីបានអញ្ជើញបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ហើយនោះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញកាត់ខ្សែបូរ​សម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ផលិតផលរបស់ខ្មែរ ដែលរៀបចំតាំង​បង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង។


នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ ផលិតផលរបស់ខ្មែរជាច្រើនត្រូវបានយកទៅតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ មានដូចជា អង្ករ ម្រេច គ្រប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ គ្រឿងអលង្ការ ក្រណាត់ និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្មជាច្រើនទៀត។


ពិព័រណ៍ចិន-អាស៊ាន គឺជាឱកាសមួយក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្មែរ និងដើម្បី​ស្វែង​រក​ដៃគូចិន​ ក្នុងការចែកចាយនៅទីផ្សារក្នុងប្រទេសចិន។ សម្តេចធិបតី ហ៊ុន ម៉ាណែត មាន​ក្តី​រំភើបរីករាយ និងលើកទឹកចិត្តបងប្អូនពាណិជ្ជករ និងអ្នកវិនិយោគចូលរួមជំរុញ​ការនាំ​ចេញ​ផលិតផលកសិកម្មខ្មែរឱ្យកាន់តែច្រើន ដើម្បីជួយដល់កសិកឱ្យមានជីវភាព​កាន់តែ​ប្រសើឡើង។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ក្រុមការងារ​ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំ​យក​ផលិតផលរបស់កម្ពុជា​ មកតាំងបង្ហាញដល់សាធារណជនក្នុងកម្មវិធី «ពិព័រណ៍ចិន-អាស៊ានលើកទី២០»។


សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃ​តំបន់ស្វយ័តក្វាងស៊ី ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ​ និងយកចិត្ត​ទុក​ដាក់​ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់​ក្រុមការ​ងារ​ពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុង​កម្ម​វិធីពិព័រណ៍​អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធ​ផល​ល្អប្រសើរ។


សម្តេចធិបតី បានលើកឡើងថា កិច្ចការនេះ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យ​បានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញ​ទៀត ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើន​ទំហំពា​ណិជ្ជកម្ម​ចិន​-អាស៊ាន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើង​ចេញពី​វិបត្តិនៃជំងឺកូវីដ-១៩។


បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យ លោក ឡាន ធានលី (Lan Tianli) អភិបាលខេត្តក្វាងស៊ីខេត្តក្វាងស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។


មុននឹងអញ្ជើញដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ដែលធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៉ីផងដែរ។


កិច្ចប្រជុំនេះធ្វើឡើង ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារ បើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។


នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់កម្ពុជា កិច្ចព្រមព្រៀងអាសិប ពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជា ក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថាការចាប់ផ្តើមចរចា និងចូលជាធរមានរបស់អាសិប បានកើតឡើងក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ពោលគឺក្នុងឆ្នាំ២០១២ និង២០២២។ សម្រាប់ក្របខណ្ឌតំបន់ អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុត លើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។


សម្តេចធិបតី លើកឡើងដែរថា ជាមួយនឹងភាពមិនប្រាកដប្រជាសកលកាន់តែខ្លាំងក្លាឡើង នាពេលបច្ចុប្បន្ន តួនាទីរបស់អាសិប រឹតតែមានសារៈសំខាន់ក្នុងការពង្រឹងទំនុកចិត្ត លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។


ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈមួយចំនួន ដូចខាងក្រោម៖


ទី១៖ ខ្ញុំជឿជាក់ថា ប្រទេសសមាជិកទាំងអស់មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដូច្នេះអាស៊ាន និងចិន ចាំបាច់ត្រូវពង្រឹងភាពធន់នៃកិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហមានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ នៅតែជាដំណោះស្រាយរួម ដែលសមស្របបំផុតសម្រាប់យើងទាំងអស់គ្នា។


ទី២៖ ក្រៅពីពាណិជ្ជកម្មទំនិញ យើងក៏គួរផ្តោតការយកចិត្តទុកដាក់លើការជំរុញពាណិជ្ជកម្មសេវាកម្ម និងពាណិជ្ជកម្មឌីជីថលផងដែរ។ ខ្ញុំមើលឃើញសក្តានុពលពីសហថាមពល រវាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។ សម្រាប់ពាណិជ្ជកម្មឌីជីថល ក្នុងពេលដែលយើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ខ្ញុំយល់ថាយើងចាំបាច់ត្រូវប្រមើលពីតួនាទីរបស់អាសិបនៅក្នុងក្របខណ្ឌនេះផងដែរ ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលឱ្យមានវិសាលភាពកាន់តែទូលំទូលាយ។


ទី៣៖ យើងត្រូវទទួលស្គាល់ថា វិស័យឯកជន គឺជាតួអង្គគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ចឱ្យបានទូលំទូលាយទៅដល់ប្រជាជន។ ដូច្នេះយើងត្រូវបន្តបញ្ជ្រាបពីសារៈសំខាន់របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញនិងគាំទ្រលទ្ធភាពរបស់ពួកគេក្នុងការចូលរួមអនុវត្តអាសិប ជាពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម។


ទី៤៖ យើងគួរចាប់ផ្តើមពន្លឿនការបញ្ចប់នីតិវិធី សម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗថែមទៀត និងគិតគូរពីការពង្រីកសមាជិកភាព។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដែលមានសក្តានុពល។


ទី៥៖ ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិប មានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជកម្មពហុភាគី។ ក្នុងន័យនេះ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលនឹងជួយឱ្យសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួចអាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន៕