ដោយៈ លី គាំ
នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ មេបក្សប្រឆាំងបានវិលត្រឡប់ចូលមកស្រុកវិញ
បន្ទាប់ពីធ្វើដំណើរចាកចេញពីប្រទេសអស់រយៈពេលជាងមួយសប្តាហ៍។
នៅពេលមកដល់
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក សម រង្ស៊ី
បានប្រកាសក្តែងៗ ដោយមិនខ្មាសអៀនថា
លោកបានជួបទាក់ទងជាមួយមេដឹកនាំសហគមន៍អឺរ៉ុបមួយចំនួន ហើយបានបន្ថែមទៀតថា
អ្នកដឹកនាំនៅក្រៅប្រទេសបានគាំទ្រគណបក្សសង្រ្គោះជាតិយ៉ាងច្រើន ហើយថា គេបានថ្កោលទោសគណបក្សប្រជាជនកម្ពុជា
និងរាជរដ្ឋាភិបាលថា បាននិងកំពុងតែគាបសង្កត់បក្សប្រឆាំង។
មតិជាតិអ្នកនៅក្នុងស្រុក តែងតែលាន់មាត់ថា មេបក្សប្រឆាំងរូបនេះ ឲ្យតែត្រឡប់មកពីក្រៅម្តងៗ
តែងតែប្រកាសអួតក្អេងក្អាងថា ខ្លួនបានទៅធ្វើចលនានយោបាយក្រៅប្រទេស កៀងគរអ្នកនយោបាយក្រៅប្រទេស
និងអន្តរជាតិយ៉ាងច្រើនឲ្យគាំទ្រគណបក្សរបស់ខ្លួន។ កាលពីមុនក្តី ឥឡូវនេះក្តី នរណាក៏គេដឹងដែរថា
លោក សម រង្ស៊ី បានជួបត្រឹមតែសមាជិកតំណាងរាស្រ្តមួយចំនួនដែលមាននិន្នាការជាបក្សប្រឆាំង
ឬក៏ជាអ្នកនយោបាយនៅតំបន់ដែលមានខ្មែរអណិកជនរស់នៅ ដែលគាំទ្រគណបក្សខ្លួនមួយដំបរស្វាប៉ុណ្ណោះ។
យើងសុំសួរថា តើ លោក សម រង្ស៊ី ដែលបានអួតថា
រូបលោកបានជួបនឹងមេដឹកនាំប្រទេសនៃសហគមន៍អឺរ៉ុបនោះ ពិតឬទេ? តើលោក សម រង្ស៊ី
មានបានជួបទាក់ទងជាមួយនឹងលោកជំទាវ Angela Merkel អធិការបតីនៃប្រទេសអាឡឺម៉ង់ ឬ ឯកឧត្តម David Camerone នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ឬ ឯកឧត្តម François
Hollande ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលពេលនោះ ឯកឧត្តម Hollande កំពុងតែធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក?
រឿងដែលគួរឲ្យអាម៉ាស់ ដែលមិនអាចលាក់ជិតពីក្រសែភ្នែកអ្នកនៅក្នុងស្រុកនោះ
គឺនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៤ លោក សម រង្ស៊ី បានចាកចេញពីអឺរ៉ុបមកកាន់សាធារណរដ្ឋកូរ៉េ
ក្នុងគោលបំណងកៀងគរពលករខ្មែរដែលធ្វើការនៅទីនោះឲ្យគាំទ្រគណបក្សខ្លួន
ហើយប្រឆាំងនឹងរាជរដ្ឋាភិបាល។ លោក សម រង្ស៊ី បានកុហកអាជ្ញាធរសមត្ថកិច្ចប្រទេសកូរ៉េថា
ខ្លួនមានបំណងអញ្ជើញបងប្អូនពលករខ្មែរឲ្យជួបជុំគ្នាសប្បាយរីករាយ ស្តាប់ភ្លេងរាំកំសាន្ត
តែផ្ទុយទៅវិញ លោក សម រង្ស៊ី មានបំណងកេណ្ឌពលករខ្មែរដើម្បីបំបះបំបោរក្នុងស្រុកគេនោះ
ក៏ត្រូវអាជ្ញាធរកូរ៉េបានឃើញលើគោក។ គេបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់មិនឲ្យ លោក
សម រង្ស៊ី លួចយកអធិបតេយ្យរបស់គេធ្វើនយោបាយផ្ទាល់ខ្លួននោះឡើយ។ ព័ត៌មានដែលគេទទួលបាននោះ
គឺពលករខ្មែរមួយចំនួននៅកន្លែងកើតហេតុ បានផ្ញើសារអ៊ីម៉ែលមកកាន់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា
“កងកម្លាំងសមត្ថកិច្ចកូរ៉េ បានបំបែកការជួបជុំ និងដេញ លោក សម រង្ស៊ី រត់ស្ទើរតែមិនរួចខ្លួន។
យើងសុំសួរថា ព្រឹត្តិការណ៍យ៉ាងអាម៉ាស់ដែលលើកឡើងខាងលើនេះ
តើ លោក សម រង្ស៊ី មានបានលាតត្រដាងរឿងនេះប្រាប់អ្នកសារព័ត៌មានក្នុងស្រុក និងសមាជិកគាំទ្របក្សខ្លួនដែរឬទេ?
រឿងដែលមេបក្សប្រឆាំងរូបនេះចេញចូលៗក្រៅប្រទេសនោះ
កាលដើមឡើយគេចាប់ អារម្មណ៍បន្តិច ប៉ុន្តែក្រោយៗមក គេហាក់ដូចជាមិនសូវចាប់អារម្មណ៍
ព្រោះថា ប្រទេសជាមិត្តរបស់កម្ពុជាក្តី អង្គការសហប្រជាជាតិក្តី គឺគេគាំទ្ររាជរដ្ឋាភិបាលមួយស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ។
ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍នោះ
គឺគេបានឮសូរពីមាត់មួយទៅមាត់មួយ ក្នុងចំណោមអ្នកដឹកនាំខ្លះក្នុងជួរគណបក្សសង្រ្គោះជាតិ គេរអ៊ូរទាំថា ហេតុអ្វី លោក សម រង្ស៊ី បន្តិចទៅសហរដ្ឋអាមេរិក។
ចុងក្រោយនេះទៅការកូន។ ហើយបន្តិចទៅសហគមន៍អឺរ៉ុប ទៅស្រុកបារាំង ដើម្បីដោះស្រាយជីវិតផ្ទាល់
ឬយ៉ាងណា? ពិសេសខណៈដែលគណបក្សរបស់ខ្លួន ដែលថ្នាក់ដឹកនាំទាំងអស់
ទាំងអ្នកគាំទ្ររាប់ម៉ឺននាក់កំពុងតែវឹកវរ ហើយបាត់មេបាត់កើយ ដោយមេបែរជាគេចវេសដើរលេងសប្បាយឬទៅសម្រាកកាយ
ឬដើម្បីទៅធ្វើប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។
ថ្មីៗ តាមប្រភពព័ត៌មានចេញពីផ្ទៃក្នុងគណបក្សសង្រ្គោះជាតិបានឲ្យដឹងទៀតថា សមាជិកមួយចំនួនធំ ក្នុងចំណោមអ្នកដែលជាប់ឆ្នោតតំណាងរាស្រ្តទាំង៥៥រូប
ដែលគេរង់ចាំយ៉ាងអន្ទះសារ រង់ចាំប្រាក់បៀវត្ស។
មួយចំនួនទៀតជំពាក់លុយកាក់គេច្រើន ដោយបានចំណាយយ៉ាងក្រែលក្នុងយុទ្ធនាការបោះឆ្នោត
មានអ្នកខ្លះខិតខំតស៊ូចំណាយលុយអស់រាប់ម៉ឺន រាប់សែនដុល្លារ
តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ ហើយពុំទាន់បានទទួលជ័យលាភីនៅឡើយ។
ផ្ទុយទៅវិញ លោក សម រង្ស៊ី ក្តី លោក កឹម សុខា ក្តី ដោយពួកគេប្រមែប្រមូលថវិកាពីក្រៅ
ប្រទេសបានក្រាស់ក្រែលហើយ ដូច្នេះមេដឹកនាំបក្សនេះមិនខ្វល់ខ្វាយនឹងនរណាកើតទុក្ខនោះទេ!។
គេមិនខ្វល់នឹងការចូលរួមក្នុងសភាទេ។ ព្រោះថា ទាល់តែចូលស្បថ ផឹកទឹកសម្បត់រួចហើយចាប់ផ្តើមចូលរួមប្រជុំ
ទើបសភាអាចគឹតគូរ ផ្តល់ប្រាក់បៀវត្សឲ្យបាន។
ជាក់ស្តែងក្នុងកិច្ចប្រជុំកំពូលរវាងគណបក្សធំៗទាំងពីរ (គណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្រ្គោះជាតិ) កាលពីខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅ មេដឹកនាំគណបក្សសង្រ្គោះជាតិបាននិយាយយ៉ាងច្បាស់ថា
ខ្លួនគាំទ្រលទ្ធផលការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ហេតុអ្វីមេដឹកនាំរូបនេះ នៅក្រៅសង្វៀននិយាយច្រំដែលៗថា
ខ្លួនមិនចូលប្រជុំនៅសភាជាដាច់ខាត ដរាបណារដ្ឋាភិបាលមិនរៀបចំឲ្យមានគណៈកម្មការឯករាជ្យស៊ើបអង្កេតរឿងអ្វីដែលខ្លួនចោទថា មានភាពមិនប្រក្រតីនោះ។
មេបក្សប្រឆាំងនៅតែនិយាយច្រំដែលៗ ថា រដ្ឋាភិបាលបច្ចុប្បន្នជារាជរដ្ឋាភិបាលមិនស្របច្បាប់
ថាត្រូវតែមានការបោះឆ្នោតឡើងវិញ។ល។
តើមេដឹកនាំបក្សប្រឆាំងរូបនេះមានដែលយល់ទេថា
ខ្លួន និងថ្នាក់ដឹកនាំរបស់បក្សខ្លួនត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋធម្មនុញ្ញបែបណា?
ចំពោះមុខប្រជាពលរដ្ឋជាងបីលាននាក់ដែលបោះឆ្នោតផ្តល់ការទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាបែបណា
ពិសេស តើខ្លួនត្រូវទទួលខុសត្រូវចំពោះមុខអ្នកគាំទ្ររបស់ខ្លួនជាងពីលាននាក់
ដែលពួកគាត់សុំរស់នៅដោយសន្តិភាព ដោយសុខដមប៉ុណ្ណោះ យ៉ាងណា?
តើមេដឹកនាំបក្សប្រឆាំងគួរចាប់ផ្តើមសិក្សាពីលក្ខណសម្បត្តិរបស់មេដឹកនាំ គឺចាប់ផ្តើមពីអ្វីទៅដែលហៅថា «សច្ចភាព?»

កំណត់ចំណាំ៖
ទស្សនៈនៅក្នុងបទវិចារណកថានេះ
គឺជាទស្សនៈរបស់អ្នកនិពន្ធសុទ្ធសាធ