អនុប្រធានាធិបតីសាធារណៈរដ្ឋឥណ្ឌា
ឯកឧត្តម ម៉ូហាម៉ាត់ ហាមីឌ អានសារី (H.E. Mohammad
Hamid
Ansari)
និងលោកជំទាវ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥នេះ បានអញ្ជើញចូល
ជួបពិភាក្សាជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយរដ្ឋមន្រ្តី
ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ
និងមានការត្រួតពលផងដែរ។ ការមកបំពេញទស្សនកិច្ចជាផ្លូវការ របស់ឯកឧត្តមអនុប្រធានាធិបតីសាធារណៈរដ្ឋឥណ្ឌានៅកម្ពុជា
លើកទី១ ចាប់ពីថ្ងៃទី១៥ ដល់១៧ខែកញ្ញាឆ្នាំ២០១៥នេះ គឺដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបទ្វេភាគី
ឯកឧត្តម ម៉ូហាម៉ាត់ ហាមីឌ អានសារី បានបង្ហាញជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា
អំពីផែនការជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ដោយសារនៅពេលនេះប្រទេសឥណ្ឌាមានយន្តការមួយ ដែលកំពុងធ្វើឲ្យមានចលនាខ្លាំងថែមទៀតក្នុងការវិនិយោគឆ្ពោះមកទិសខាងកើត រួមមានប្រទេសកម្ពុជា
វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ដោយឡែកនៅកម្ពុជា
ប្រទេសឥណ្ឌានឹងជំរុញការវិនិយោគអាទិភាព
លើវិស័យ ធនធានរ៉ែ កសិឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ ទន្ទឹមនេះឯកឧត្តម
អនុប្រធានាធិបតីឥណ្ឌា ក៏បានប្រកាសជូនថា ឥណ្ឌាបានរៀបចំគម្រោង មួយដើម្បីទទួល
បានលទ្ធផលឆាប់រហ័សផងដែរ។ ជាមួយកម្ពុជា ដែលមានទិសដៅជួយដល់សហគមន៍ក្នុងការទប់ស្កាត់ព្យាបាល
ជម្ងឺគ្រុនចាញ់ ការលើកស្ទួយសមត្ថភាពស្រ្តីលើជំនាញបច្ចេកវិទ្យា និងលើកស្ទួយសង្វាក់ផលិតកម្មកសិម្មរបស់កម្ពុជា។
ជាងនេះទៀត ភាគីឥណ្ឌាបានជួយថវិកា៥ម៉ឺនដុល្លារអាមេរិក សំរាប់មជ្ឈមណ្ឌលសហគ្រិននៅកម្ពុជា
និងបានប្រគល់ជូនសាលាមិត្តភាពកម្ពុជា-ឥណ្ឌាដល់កម្ពុជា ដែលទើបបានជួសជុល និងបំពាក់បរិក្ខារួចរាល់
ហើយផងដែរ។ ឯកឧត្តម ម៉ូហាម៉ាត់ ហាមីឌ អានសារី ក៏បានសម្តែងការអគុណដល់កម្ពុជា
ដែលតែងជួយគាំទ្រឥណ្ឌា ទាំងឆាកអន្តរជាតិ ទាំងក្នុងតំបន់ និងទ្វេភាគី។
ជាការឆ្លើយតប
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការរីករាយដែលប្រទេសឥណ្ឌាបានផ្តល់គម្រោងទទួលផលឆាប់រហ័ស
ដែលចាត់ទុកជាការជួយក្នុងក្របខណ្ឌមេគង្គ-គង្គា និងជួយកាត់បន្ថយគម្លាតរវាងអាស៊ានចាស់
និងអាស៊ានថ្មីផងដែរ។ ដោយឡែក ឥណ្ឌានិងកម្ពុជា គប្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត
ទៅតាមអ្វីដែលភាគីទាំងពីរមាន ដូចជាការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាជាដើម។
ចំណុចសំខាន់មួយទៀត ក្នុងជំនួនទ្វេភាគីនេះ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់រដ្ឋាភិបាល
ឥណ្ឌាកុំឲ្យក្រុមហ៊ុនដែលមានបំណងសាងសង់ប្រាសាទនៅឥណ្ឌា យកប្លង់ស្ថាបត្យកម្ម
អង្គរទៅសាងសង់ ព្រោះអង្គរវត្តជាអត្តសញ្ញាណ និងនិមិត្តរូបរបស់កម្ពុជា។ ភាគីឥណ្ឌាក៏បានបញ្ជាក់
ក្នុងបញ្ហានេះថា «នឹងមិនមានការសាងសង់ដូចអង្គរវត្តនោះទេ គឺអង្គរវត្តមានតែមួយទេ
គឺនៅកម្ពុជា»។
ទន្ទឹមនេះសម្តេចតេជោហ៊ុនសែន
បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលនៅក្នុងទសវត្ស ទី៨០ បានជួយស្តារនិងការពារប្រាសាទអង្គរវត្ត។
ហើយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យធំទី១ ដែលបានទទួលស្គាល់ និងជួយកម្ពុជាមុនគេក្រោយពេលរួចផុតពីរបបខ្មែរក្រហម។
ជាងនេះទៀត ឥណ្ឌាបានចូលរួមធ្វើ ជាសហប្រធានICCព្រះវិហារ និងបានផ្តល់ទឹកថ្នាំសំរាប់ការបោះឆ្នោតកន្លងមកផងដែរ។
ជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់ ឯកឧត្តមអនុប្រធានាធិបតីសាធារណៈរដ្ឋឥណ្ឌា
ទៅធ្វើទស្សនកិច្ចជា ផ្លូវការនៅប្រទេសឥណ្ឌា សម្តេចតេជោបានជំរាបជូនថា នឹងរកពេលវេលាសមស្របណាមួយ
ក្នុងការបំពេញទស្សនកិច្ចនេះ។
ក្រោយពីជំនួបទ្វេភាគី
ឯកឧត្តមម៉ូហាម៉ាត់ ហាមីឌ អានសារី និងសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុនសែន ក៏បានអញ្ជើញជាអធិបតីចុះហត្ថលេខារួមគ្នា
លើអនុស្សារណៈនៃការយោគយល់ចំនួនពីរ រវាងកម្ពុជានិងឥណ្ឌា។ ទី១.ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍
ដែលចុះហត្ថលេខា ដោយឯកឧត្តម ថោង ខុន ជាមួយឯកឧត្តម អានីល វឌ្ឍវា អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា និងទី២.កិច្ចព្រមព្រៀងស្តីពីជំនួយឥតសំណងសំរាប់
ការអនុវត្តន៍គម្រោងទទួលបានផលឆាប់រហ័ស ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការណ៍មេគង្គ-គង្គា
ដែលចុះហត្ថលេខា ដោយ ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា
និងឯកឧត្តម អានីល វឌ្ឍវា។
នៅក្នុងដំណើរទស្សនកិច្ចនេះ
ឯកឧត្តម ម៉ូហាម៉ាត់ ហាមីឌ អានសារី ក៏នឹងទៅទស្សនាសារមន្ទីរជាតិ បន្ទាប់មកនឹងទៅកាន់ខេត្តសៀមរាប
ដែលឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា នឹងទៅទស្សនាសារមន្ទីរ វាយនភ័ណ្ឌមេគង្គ-គង្គា
រួមនិងប្រាសាទអង្គរវត្តផងដែរ៕