Wednesday, September 16, 2015

អនុប្រធានាធិបតីឥណ្ឌាបានប្រកាស ជំរុញការវិនិយោគលើ វិស័យធនធានរ៉ែ កសិឧស្សាហកម្ម និង បច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា

អនុប្រធានា​ធិបតីសា​ធារណៈរដ្ឋឥណ្ឌា ​ឯកឧត្តម​ ម៉ូហាម៉ាត់ ​ហាមីឌ​ អានសារី​  (H.E. Mohammad Hamid Ansari) និងលោកជំទាវ​ នាព្រឹកថ្ងៃទី១៦​ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​បានអញ្ជើញចូល ​ជួបពិភាក្សា​ជាមួយ ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ​សម្តេចតេជោ​នាយរដ្ឋមន្រ្តី ហ៊ុន​ សែន និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ​ ដោយមាន​ការរៀបចំទទួល​បដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅ ​និងមាន​ការត្រួតពលផង​ដែរ។ ការមក​បំពេញទស្សន​កិច្ចជាផ្លូវការ របស់ឯក​ឧត្តមអនុប្រ​ធានាធិបតី​សាធារណៈរដ្ឋ​ឥណ្ឌានៅកម្ពុជា ​លើកទី១ ​ចាប់ពីថ្ងៃទី១៥ ដល់១​៧ខែកញ្ញាឆ្នាំ​២០១៥នេះ ​គឺដើម្បីរឹត​ចំណងមិត្តភាព ​និងកិច្ច​សហប្រតិបត្តិការឲ្យ​កាន់តែស៊ី​ជម្រៅរវាង​ប្រទេសទាំងពីរ​។

នៅក្នុង​ជំនួបទ្វេភាគី ​ឯកឧត្តម ​ម៉ូហាម៉ាត់ ​ហាមីឌ ​អានសារី ​ បានបង្ហាញ​ជូនប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​អំពីផែនកា​រជំរុញពាណិជ្ជកម្ម ​ទេសចរណ៍ ​និងការជំរុញកិ​ច្ចសហប្រតិ​បត្តិការរវាងប្រ​ទេសទាំងពីរ​ ដោយសារ​នៅពេលនេះប្រ​ទេសឥណ្ឌាមាន​យន្តការមួយ ​ដែលកំពុងធ្វើឲ្យ​មានចលនា​ខ្លាំងថែមទៀត​ក្នុងការវិនិ​យោគឆ្ពោះមកទិស​ខាងកើត ​រួមមានប្រទេសក​ម្ពុជា វៀតណាម ​ឡាវ និងមីយ៉ាន់ម៉ា។ ​ដោយឡែក​នៅកម្ពុជា ​ប្រទេសឥណ្ឌានឹ​ងជំរុញការវិនិ​យោគអាទិភាព ​លើវិស័យ ​ធនធានរ៉ែ ​កសិឧស្សាហកម្ម ​និងបច្ចេកវិទ្យា​ព័ត៌មាន។ ​ទន្ទឹមនេះឯកឧ​ត្តម អនុប្រធានាធិប​តីឥណ្ឌា ​ក៏បានប្រកាស​ជូនថា ​ឥណ្ឌាបានរៀប​ចំគម្រោង ​មួយដើម្បីទ​ទួល បាន​លទ្ធផលឆាប់​រហ័សផងដែរ។​ ជាមួយកម្ពុជា ​ដែលមានទិស​ដៅជួយដល់ស​ហគមន៍ក្នុងការ​ទប់ស្កាត់ព្យា​បាល ​ជម្ងឺគ្រុនចាញ់ ​ការលើក​ស្ទួយសមត្ថភាព​ស្រ្តីលើជំនាញប​ច្ចេកវិទ្យា និងលើក​ស្ទួយសង្វាក់​ផលិតកម្មក​សិម្មរបស់កម្ពុជា។ ​ជាងនេះទៀត ​ភាគីឥណ្ឌាបាន​ជួយថវិកា៥ម៉ឺ​នដុល្លារអាមេរិ​ក សំរាប់មជ្ឈមណ្ឌល​សហគ្រិន​នៅកម្ពុជា ​និងបានប្រគល់​ជូនសាលាមិត្តភាពកម្ពុជា-​ឥណ្ឌាដល់កម្ពុជា ​ដែលទើបបានជួ​សជុល ​និងបំពាក់​បរិក្ខារួចរាល់ ហើយផ​ងដែរ។ ឯ​កឧត្តម​ ម៉ូហាម៉ាត់​ ហាមីឌ ​អានសារី ​ ក៏បានសម្តែងកា​រអគុណដល់​កម្ពុជា ដែលតែង​ជួយគាំទ្រឥណ្ឌា ​ទាំងឆាកអន្តរជាតិ​ ទាំងក្នុងតំបន់ ​និងទ្វេភាគី។ ​

ជាការឆ្លើយតប​ សម្តេចតេជោនា​យករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានសម្តែងកា​ររីករាយដែលប្រទេស​ឥណ្ឌាបានផ្តល់​គម្រោងទទួល​ផលឆាប់រហ័ស ​ដែលចាត់ទុ​កជាការ​ជួយក្នុងក្របខណ្ឌមេគង្គ-​គង្គា និងជួយ​កាត់បន្ថយគម្លាត​រវាងអាស៊ានចាស់ ​និងអាស៊ាន​ថ្មីផងដែរ។ ដោយឡែក​ ឥណ្ឌានិងកម្ពុជា ​គប្បីជំរុញទំ​ហំពាណិជ្ជកម្ម​បន្ថែមទៀត ​ទៅតាមអ្វីដែ​លភាគីទាំងពីរមាន ​ដូចជាការ​ហោះហើរត្រង់​ពីឥណ្ឌាមក​កម្ពុជាជាដើម។ ​  

ចំណុចសំខាន់​មួយទៀត ​ក្នុងជំនួនទ្វេភាគី​នេះ ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​បានស្នើដល់រ​ដ្ឋាភិបាល ​ឥណ្ឌាកុំឲ្យក្រុម​ហ៊ុនដែលមាន​បំណងសាងសង់​ប្រាសាទនៅឥ​ណ្ឌា យកប្លង់ស្ថាបត្យកម្ម ​អង្គរទៅ​សាងសង់ ​ព្រោះអង្គរវត្ត​ជាអត្តសញ្ញាណ ​និងនិមិត្តរូប​របស់កម្ពុជា។ ភាគីឥ​ណ្ឌាក៏បានបញ្ជាក់ ​ក្នុងបញ្ហានេះថា ​«នឹងមិនមាន​ការសាងសង់ដូ​ចអង្គរវត្តនោះទេ ​គឺអង្គរវត្ត​មានតែមួយទេ ​គឺនៅកម្ពុជា»​។

ទន្ទឹមនេះ​សម្តេចតេជោហ៊ុនសែន ​បានថ្លែងអំណរ​គុណដល់​រដ្ឋាភិបាលឥណ្ឌា ​ដែលនៅក្នុងទសវត្ស​ ទី៨០ បានជួយ​ស្តារនិងការពា​រប្រាសាទអង្គរវត្ត​។ ហើយឥណ្ឌាជាប្រ​ទេសប្រជាធិបតេយ្យធំទី​១ ដែលបាន​ទទួលស្គាល់ ​និងជួយកម្ពុជា​មុនគេក្រោយពេ​លរួចផុត​ពីរបបខ្មែរក្រហម។ ​ជាងនេះទៀត ​ឥណ្ឌាបានចូល​រួមធ្វើ ជាសហប្រ​ធានICCព្រះវិហារ​  និងបានផ្តល់​ទឹកថ្នាំសំរាប់កា​របោះឆ្នោតក​ន្លងមកផងដែរ។​ ជាការឆ្លើយតបទៅនឹ​ងការអញ្ជើញរ​បស់ ឯកឧត្តម​អនុប្រធានាធិបតី​សាធារណៈរដ្ឋឥណ្ឌា ​ ទៅធ្វើទស្សនកិច្ចជា ​ផ្លូវការនៅប្រ​ទេសឥណ្ឌា ​សម្តេចតេជោបា​នជំរាបជូនថា ​នឹងរកពេលវេលា​សមស្របណាមួយ ​ក្នុងការបំពេញទ​ស្សនកិច្ចនេះ។ ​  

ក្រោយពីជំ​នួបទ្វេភាគី ​ឯកឧត្តម​ម៉ូហាម៉ាត់ ​ហាមីឌ ​អានសារី​ និងសម្តេចតេជោ ​នាយករដ្ឋមន្រ្តី ហ៊ុ​នសែន ​ក៏បានអញ្ជើញជាអ​ធិបតីចុះហត្ថលេខា​រួមគ្នា លើអនុស្សារណៈ​នៃការយោគយល់​ចំនួនពីរ​ រវាងកម្ពុជា​និងឥណ្ឌា។ ​ទី១.ស្តីពីកិច្ចសហប្រតិបត្តិការ​វិស័យទេសចរណ៍ ​ដែលចុះ​ហត្ថលេខា ​ដោយឯកឧត្តម​ ថោង ខុន​ ជាមួយឯកឧត្តម​ អានីល ​វឌ្ឍវា អនុរដ្ឋម​ន្រ្តីការបរទេស​ឥណ្ឌា  ​និងទី២.​កិច្ចព្រមព្រៀង​ស្តីពីជំនួយឥត​សំណងសំរាប់ ​ការអនុវត្តន៍គម្រោងទទួល​បានផលឆា​ប់រហ័ស ​ក្នុងក្របខណ្ឌកិច្ចស​ហប្រតិបត្តិការណ៍​មេគង្គ-គង្គា ដែលចុះហ​ត្ថលេខា ដោយ ​ឯកឧត្តម​ ឡុង វិសាលោ ​រដ្ឋលេខាធិកា​រក្រសួងការបរទេសក​ម្ពុជា និងឯកឧត្តម​ អានីល ​វឌ្ឍវា។ ​

នៅក្នុងដំណើ​រទស្សនកិច្ចនេះ ​ឯកឧត្តម ​ម៉ូហាម៉ាត់ ​ហាមីឌ ​អានសារី ​ក៏នឹងទៅទ​ស្សនាសារមន្ទីរជាតិ​ បន្ទាប់មកនឹង​ទៅកាន់ខេត្តសៀមរាប ​ដែលឯកឧ​ត្តមអនុប្រធានាធិបតីឥ​ណ្ឌា នឹងទៅទស្សនាសា​រមន្ទីរ​ វាយនភ័ណ្ឌមេគង្គ-​គង្គា រួម​និងប្រាសាទអ​ង្គរវត្តផងដែរ​៕







No comments:

Post a Comment