នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី បានបង្ហាញនៅលើ Facebook ផ្លូវការ របស់សម្តេចដោយបានបញ្ជាក់ថា៖
«សូមចូលរួមសម្ពោធ សមិទ្ឋផល ស្ពានអាកាស ៥ មករា ជាមួយសម្តេចតេជោ
ហ៊ុន សែន នៅរាជធានីភ្នំពេញទាំងអស់គ្នា ! ថ្ងៃនេះសម្តេចតេជោ នឹងមាន ដំណឹងល្អៗជាច្រើនថែមទៀតសម្រាប់ជនរួមជាតិ
រួមទាំងការបញ្ចុះតម្លៃសម្រាប់ប័ណ្ណបើកបរ និង ការមិន ឲ្យបង់ថ្លៃចំពោះម្ចាស់យានយន្ត
ដែលរស់នៅតាមបណ្តោយបញ្ជរបង់លុយផ្លូវជាតិលេខ ៤»។
ស្ពានអាកាសតិចណូ ដែលស្ថិតនៅខណ្ឌទួលគោក ត្រូវបានសម្ពោធដាក់ឱ្យ
ដំណើរការផ្លូវការ នៅព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព
សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពាននេះថា «ស្ពានអាកាស ៥មករា» ដែលសម្ពោធចំថ្ងៃខួបលើកទី៤០ នៃថ្ងៃខួបអាពាហ៍ពិពាហ៍របស់សម្តេច។
លើលពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃកម្ពុជា ប្រកាសថា រាល់ប្រជាពលរដ្ឋនៅសងខាងផ្លូវជាតិលេខ៤ មិនតម្រូវឲ្យបង់សេវាសម្រាប់ការធ្វើដំណើរឆ្លងកាត់ផ្លូវនេះ
ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ តទៅ ដោយចាប់ផ្តើមអនុវត្តពីម៉ោង ០០៖០១នាទី
ចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ដែលបានផ្តល់ផលប្រយោជន៍ ក៏ដូចជាជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋនៅតាមសងខាងផ្លូវ
ជាតិផ្លូវជាតិលេខ៤ ជាង ៣ម៉ឺននាក់ផងដែរ។
ដំណឹងល្អមួយទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃកម្ពុជា ក៏បានប្រកាសបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូពី៦ម៉ឺនរៀល មកនៅត្រឹមតែ
២៥០០០រៀលប៉ុណ្ណោះ ហើយសម្តេចបានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅធ្វើប័ណ្ណបើកបរម៉ូតូ
និងប្រកាសបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមិនរាថយឡើយ។
សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ការធ្វើប័ណ្ណបើកបរម៉ូតូចាស់
ដែលមានតម្លៃ ៧៤០០០រៀល បូករួមទាំងពិនិត្យសុខភាពនោះ ពេលនេះធ្លាក់មកនៅត្រឹម
២៥០០០រៀល ហើយមិនតម្រូវឲ្យមានការប្រឡង ឬពិនិត្យសុខភាពនោះឡើយ។ តែស្នើឲ្យមានការផលិត
ស្ពតអប់រំពីច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ហើយសម្រាប់អ្នកដូរប័ណ្ណបើកបរម៉ូតូ
យកតម្លៃត្រឹម ២ម៉ឺនរៀលប៉ុណ្ណោះ។
កាដូមួយទៀតនោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
បានប្រកាសបំពេញតាមសំណូមពរម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ដោយអនុញ្ញាតឲ្យពួកគេបន្តប្រើប្រាស់រថយន្តចង្កូតស្តាំ
តែហាមដាច់ខាតមិនឲ្យបន្តនាំរថយន្តចង្កូតស្តាំចូលទៀតនោះឡើយ។
ការអនុញ្ញាតឲ្យប្រើប្រាស់រថយន្តចង្កូតស្តាំ បានធ្វើឡើងបន្ទាប់ពីម្ចាស់រថយន្តដឹកដីមានចង្កូតស្តាំប្រមាណជា៤០០គ្រឿង
បានទទូចសុំរាជរដ្ឋាភិបាលសុំត្រឹមតែបង់ពន្ធ តែមិនដូរចង្កូត។ សម្តេចតេជោ
បានហៅការអនុញ្ញាតឲ្យប្រើរថយន្តចង្កូតស្តាំនេះ គឺជាកាដូមួយសម្រាប់ឆ្នាំថ្មី
ឆ្នាំ២០១៦នេះ។
ទាំងអស់នេះហើយ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ដែលតែងតែគិតគូរពី សុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋគ្រប់រូបភាព។ នេះគ្រាន់តែជាការចាប់
ផ្តើមចូលឆ្នាំថ្មីឆ្នាំសកល ២០១៦ សម្តេចតេជោ បានផ្តល់កាដូជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា៕
អត្ថបទៈ តាំង ករុណា