Friday, October 27, 2017

លោក ទូច ណារ៉ុថ ដឹកនាំកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ២០១៧

លោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំពិភាក្សាផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៧ នៅសាលប្រជុំ នាយកដ្ឋានអង្គរក្ស។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនឹងប្រព្រឹត្តទៅចំនួន០៣ថ្ងៃគឺថ្ងៃទី២០-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសការពារអធិបតេយ្យភាពកម្ពុជាដោយមិនខ្លាចទណ្ឌកម្មពីបរទេស

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាអធិបតេយ្យភាពកម្ពុជាគឺជាអាទិភាពដែលត្រូវតែការពារឱ្យបានទោះតម្លៃណាក៏ដោយបើទោះបីជាមានការគម្រាមដាក់ទណ្ឌកម្មពីបរទេសក៏ដោយនោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ផងដែរថាគ្មានអ្វីអាចបង្វែរទិសដៅនៃការបេ្តជ្ញាការពារកម្ពុជាមិនឱ្យវិលត្រឡប់ទៅកាន់អតីតកាលនៃសោកដនាកម្មកម្ពុជាដែលបំផ្លាញដោយបរទេសនោះទេ។ លោកក៏បានបង្ហាញជំហររឹងមាំក្នុងកិច្ចការការពារ និងថែរក្សា សន្តិភាព សន្តិសុខជាតិ និងវិបុលភាពសម្រាប់ប្រជាជាតិខ្មែរទាំងអស់ទោះជាតម្លៃណាក៏ដោយគឺមិនអនុញ្ញាតឱ្យកម្ពុជាវិលត្រឡប់ទៅកាន់សភាពការអាក្រក់ដូចឆ្នាំ១៩៧០ ដែលបំផ្លាញអនាគតកម្ពុជាជាច្រើនទសវត្សរ៍នោះឡើយ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី មកបញ្ជាក់ថា «សម្តេចតេជោគ្មានទ្រព្យសម្បត្តិណាទុកនៅក្រៅប្រទេសទេគឺមានតែថវិកាកសាងសាលារៀនកសាងជាតិតែប៉ុណ្ណោះ។ ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៍របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ»៕



ក្រោយធ្វើតេស្តផ្លូវការ សារធាតុគីមីក្នុងគ្រាប់បែកទម្លាក់ដោយអាមេរិក​ នៅឃុំគគីរ​ ជាប្រភេទ​ Blister agents​ គឺប៉ះពាល់​ធ្ងន់ធ្ងរ​លើសុខភាព​ប្រជាពលរដ្ឋ​

នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ថា ក្រោយធ្វើការពិសោធន៍សារធាតុគីមី ក្នុងគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះអាមេរិក ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបរកឃើញថា សារធាតុគីមីនៃអាវុធគីមីនោះ ជាសារធាតុគីមីប្រភេទ Nitrogen Mustard ដែលហៅថា Blister agents។

នាយឧត្តមសេនីយ៍ ជ័យ សុន បានបន្តថា ក្រោយធ្វើការវិភាគដោយប្រើប្រាស់ម៉ាស៊ីនវិភាគ ដែលកុម្មង់ទិញពីប្រទេសអាល្លឺម៉ង់ រកឃើញថា សារធាតុគីមីនោះ ជាប្រទេ Blister agents មិនមែនជាប្រភេទគីមី CS នោះទេ។ សារធាតុគីមីនេះ មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម។ សារធាតុគីមី Nitrogen Mustard ដែលហៅថា Blister agents គឺស្ថិតនៅក្នុងតារាងទី១ នៃសារធាតុគីមី ដែលត្រូវហាមប្រាម ដោយអង្គការ OPCW របស់អង្គការសហប្រជាតិ។

សូមជម្រាបថា គ្រាប់បែកគីមី១គ្រាប់ ក្នុងបរិវេណវត្តគគីរ ភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានមន្ត្រីជំនាញរបស់ស៊ីម៉ាក់ និងអាជ្ញាធរមីនដោះបាន ខណៈគ្រាប់បែក១៥កន្លែងផ្សេងទៀត ត្រូវបានរកឃើញ។

ពាក់ព័ន្ធគ្រាប់បែកគីមីនេះ ប្រជាពលរដ្ឋឃុំគគីរ ជិត១០០នាក់ហើយបានរងគ្រោះសារធាតុគីមី នឹងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ពួកគាត់ភាគច្រើន មានបញ្ហារមាសលើរាងកាយ និងពិបាកដកដង្ហើម។

ប៉ុន្តែដែលគួរឲ្យសោកស្តាយ និងឈឺចាប់បំផុតនោះ គឺទូតសហរដ្ឋអាមេរិក ដែលជាម្ចាស់គ្រាប់បែកគីមីនេះ និយាយថា គ្រាប់បែកទាំងនោះជាឧស្ម័នបង្ហូរទឹកភ្នែកប៉ុណ្ណោះ មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។

បន្ទាប់ពីទូតអាមេរិកនិយាយបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមកទាត់ចោល សំដីដ៏ឥតខ្មាសអៀននេះ ហើយសូមអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រីជំនាញរបស់អាមេរិក រួមទាំងអង្គការសហប្រជាជាតិផងដែរ ចុះទៅកាន់ទីតាំងគ្រាប់បែកគីមីនោះដោយផ្ទាល់ ហើយបើមិនជឿទៀតនោះ អាចយកដៃកាន់ និងហិតលេងក៏បាន។

ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន មេត្តាជួយចូលរួមប្រុងប្រយ័ត្ន និងជួយថែរក្សាតំបន់សុវត្ថិភាព ស្លាកសញ្ញាសំគាល់គ្រោះថ្នាក់ និងស្ថិតនៅឆ្ងាយពីគ្រាប់បែកទាំងនេះ ចៀសវាងដាច់ខាត ទៅគាល់កកាយដោយយល់ថា គ្មានគ្រោះថ្នាក់ ឬគ្រោះថ្នាក់ត្រឹមហៀរទឹកភ្នែក ព្រោះជាក់ស្តែងមន្ត្រីស៊ីម៉ាក់ គ្រាន់តែដាច់ស្រោមដៃតិចតួចក៏ពង រមាស់ពេញដៃ។

លើសពីនេះទៀត លោកក៏បានអំពាវនាវដល់អង្គការហាមឃាត់អាវុធគីមី របស់អង្គការសហប្រជាជាតិ ចុះមកត្រួតពិនិត្យ និងផ្តល់របាយការណ៍ប្រកបដោយតម្លាភាព ដើម្បីមន្ត្រីជំនាញកម្ពុជាមានវិធានការ សមស្របជួយប្រជាជន។

សូមជម្រាបថា បើតាមលោក ហេង រតនា អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះ សង្គ្រាមមានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង (ឬកំណត់ត្រា) មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន ៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន ៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕






មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្តាញអគ្គិសនីថ្មី

នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្តាញអគ្គិសនីថ្មី ដែលជាជំនួយរបស់សមាគម L@ FETT-MH និងសមាគម ESF (សមាគមអគ្គិសនីគ្មានព្រំដែន )នៃប្រទេសបារាំង ក្រោមអធិបតីភាព លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក NICOLAS Michel តំណាងសមាគម ESF នៃប្រទេសបារាំង ព្រមទាំងមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕





រដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំព្រះរាជពិធីខួបលើកទី១៣នៃការយាងគ្រងព្រះបរមរាជ្យសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

នៅក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លាពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួបលើកទី ១៣ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត បានរៀបចំព្រះរាជពិធីខួបលើកទី១៣ នៃការគ្រងព្រះបរមរាជ្យសម្បត្តិព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅសាលប្រជុំ «ក» សាលាខេត្តបន្ទាយមានជ័យ។

ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធីបារមី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕











លិខិតចៅចាក់ស្មុក៖ ក្បត់ជាតិលើក្បត់ជាតិ

ខណៈនេះទាំងទណ្ឌិត សម រង្ស៊ី កូនស្រីកឹម សុខា និងសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មា ធិការ កណ្តាលគណបក្សប្រឆាំង រួមនឹងអ្នកវិភាគឯករាជ្យក្លែងក្លាយលម្អៀងរកបក្សប្រឆាំងបាន និងកំពុងតែធ្វើ សកម្មភាពខ្លាំងក្លាដើរចលនាអន្តរជាតិដាក់សម្ពាធលើកម្ពុជាដោយបានស្នើសុំឱ្យ ប្រទេសមួយចំនួនឈប់ផ្តល់ ទិដ្ឋាការឈប់ផ្តល់ជំនួយឱ្យកម្ពុជា ឈប់វិនិយោគនៅកម្ពុជា ឈប់ទិញទំនិញពីកម្ពុជា ផ្តាច់ទំនាក់ទំនងការ ទូត និងសេដ្ឋកិច្ចជាមួយកម្ពុជា អំពាវនាវឱ្យប្រទេសជប៉ុនឈប់សាងសង់ផ្លូវថ្នល់ ស្ពាន ដល់កម្ពុជាជាដើម។

កិច្ចខិតខំប្រឹងប្រែងបំផ្លាញជាតិដោយមិនខ្លាចនឿយហត់របស់បក្សប្រឆាំងនេះ ក្នុងបំណងតែមួយគឺស្វែងរក ទឹកមន្តមកប្រស់គម្រោងផែនការក្បត់ជាតិខ្លួនតាមរយៈបដិវត្តន៍ពណ៌ឱ្យរស់ឡើងវិញ ជាពិសេសប៉ុនប៉ងរំដោះ មេបក្សក្បត់ជាតិ កឹម សុខា ឱ្យមានសេរីភាពវិញក្រោមលេសដើម្បីបោះឆ្នោតសេរី យុត្តិធម៌ ត្រឹមត្រូវ មានការ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ តាមពិតពួកគេព្យាយាមធ្វើជាជនរងគ្រោះនៃទង្វើក្បត់ជាតិរបស់ខ្លួន និងបន្តផែនការបំផ្លាញកម្ពុជា។
ក្រុមមន្ត្រីបក្សប្រឆាំងក្បត់ជាតិ ឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជាមិនអស់ចិត្ត ពួកគេបានព្យាយាមមក បំផ្លាញ ឆ្នាំងបាយរបស់កម្មករកម្មការិនី និងប្រជាជនខ្មែរ ដោយបានដើរជំរុញឱ្យប្រទេសមួយចំនួនដាក់សម្ពាធ នយោបាយ ការទូត សេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា។
ក្រុមមន្ត្រីទាំងនោះបាន និងកំពុងរីករាយនៅពេលដែលបរទេសមួយចំនួនបំពាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងនៃប្រទេសឯករាជ្យ និងអធិបតេយ្យមួយដូចកម្ពុជានេះ។ ដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួនពួកគេក៏ពេញចិត្តនឹងឱ្យជនបរទេសបំផ្លាញខ្មែរក្រោមរូបភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនិងមិនខ្លាចរអារក្នុងការនាំយកសោកនាដកម្មមកឱ្យជាតិ និងប្រជាជនកម្ពុជា សាជាថ្មីទៀតឡើយ។

ទោះបីជាពួកគេដឹងថាប្រវត្តិសាស្ត្រកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ បង្កវិនាសកម្មយ៉ាងណាដល់កម្ពុជា ទាំងការទម្លាក់គ្រាប់បែក និងការសម្លាប់រង្គាលខ្មែរ តែពួកគេពិតជារីករាយក្នុងការខ្ចីដៃបរទេសជាពិសេស បន្តអនុវត្តផែនការខ្មៅរបស់អា មេរិកកម្ចេចសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាដោយមិនស្តាយ ស្រណោះអ្វីបន្តិចទេ។
ក្នុងការអនុវត្តផែនការក្បត់ជាតិនេះមិនមែនត្រឹមតែបក្សប្រឆាំងឡើយ ចៅហ្វាយ នាយបរទេសដែលជាមេគំនិត នៃបដិវត្តន៍ពណ៌បានរៀបចំដៃគូឱ្យបក្សប្រឆាំងដើម្បី សម្រេចផែនការក្បត់ថែមទៀតផង។ ដៃគូទាំងនោះស្ថិត សម្ងំលាក់ខ្លួននៅតាមអង្គការ ក្រៅរដ្ឋាភិបាលនានា ពួកគេបានបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តសភាពការណ៍ និងបាន ព្យាយាមចូលជិតប្រជាជន អនុវត្តផែនការបង្វែរការចាប់អារម្មណ៍ប្រជាជន ខ្សឹបដាក់ ត្រចៀកប្រជាជន ឱ្យចេះប្រឆាំង ឱ្យចេះតវ៉ានឹងរដ្ឋអំណាច តស៊ូមតិ ក្រោកឈរ បះបោរ ក្រោមរូបភាពដើម្បីអនុវត្តសេរីភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដោយមានមូលនិធិ របស់អាមេរិក ជួយគាំទ្រពីក្រោយ និងមាន មន្ត្រីបច្ចេកទេសមកបង្ហាត់បង្រៀនដល់កន្លែងថែមទៀត។មិនតែប៉ុណ្ណោះពួកគេបាន ចងសម្ព័ន្ធភាពជាមួយ ក្រុមបក្សប្រឆាំង និងបណ្តាញផ្សេងៗនៅតាម ប្រទេសនានា ដែល បានទទួលថវិកាពីអាមេរិក និងអនុវត្តផែនការ ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដូចគ្នា ដែរដូចជាចលនា ប្រឆាំងនឹងប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក់ខិន ហេ ជាដើម រហូតដល់កូនស្រី កឹម សុខា បានទៅចូលរួមតវ៉ា ដកបទពិសោធពីចលនានេះ និងត្រៀមអនុវត្តនៅ កម្ពុជាថែមទៀតផង។ តាមពិតទាំងនេះគឺជា អនុវត្តនូវផែន ការលម្អិតប្រទាក់ក្រឡាគ្នា មានលក្ខណៈជាប្រព័ន្ធរបស់គម្រោង បដិវត្តន៍ពណ៌តែប៉ុណ្ណោះ។
ប្រឈមមុខចំពោះផែនការក្បត់ជាតិ បំផ្ទុះបដិវត្តន៍របស់បក្សប្រឆាំងដោយមាន បរទេសនៅពីក្រោយខ្នងចាំបញ្ជា និងផ្គត់ផ្គង់សព្វបែបយ៉ាងនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមនឹងប្រជារាស្ត្រ ខ្មែរបានចាត់វិធានការទាន់ពេលវេលាដើម្បីគ្រប់គ្រងស្ថានការណ៍បាន និងបានកម្ទេចផែនការក្បត់ជាតិ របស់ បក្សប្រឆាំង។ ស្ថានភាពនេះគឺរាជរដ្ឋាភិបាលកម្ពុជាបានប្រើដៃម្ខាងការពារសន្តិភាព ទប់ទល់ នឹងផែនការ បដិវត្តន៍ ពណ៌បំផ្លាញសន្តិភាពបំផ្លាញប្រទេស របស់ក្រុមជនក្បត់ជាតិ ស៊ី ឈ្នួលបរទេសបំផ្លាញខ្មែរដោយបាន ចាត់វិធានការសព្វបែបយ៉ាងទាំងអស់។
ចំណែកឯដៃម្ខាងទៀតរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ឡើងកាន់ តែខ្លាំង បន្ទាប់ពីកម្ពុជាដ៏កំសត់នេះបានបាត់បង់ ពេលវេលាអភិវឌ្ឍប្រទេស របស់ខ្លួនជិតបីទសវត្សរ៍ ដោយសារ តែឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ការជ្រៀតជ្រែករបស់ បរទេស ការទម្លាក់គ្រាប់បែករបស់អាមេរិក អំពើប្រល័យ ពូជសាសន៍ និងការដាក់ទណ្ឌ កម្មសេដ្ឋកិច្ចពីបស្ចិមប្រទេសប្រឆាំង នឹងការរស់រានមានជីវិតឡើងវិញរបស់ ពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហម។

រាជរដ្ឋាភិបាលបានបង្កើតឆ្នាំងបាយជូនប្រជាជនដោយសុំឱ្យបរទេសវិនិយោគនៅកម្ពុជា ទិញទំនិញពីកម្ពុជា និងផ្តល់ជំនួយដល់កម្ពុជា។ ប៉ុន្តែក្រុមបក្ស ប្រឆាំងធ្វើនយោបាយប្រឆាំងនឹងការអភិវឌ្ឍជាតិ ប្រឆាំងនឹងផល ប្រយោជន៍ជាតិ និងប្រជាជន។ ហេតុអ្វីបានក្រុមបក្សប្រឆាំងមានឈាមជ័រជាខ្មែរ ប៉ុន្តែមានចិត្តបរទេស និយមដូច្នេះ? ហេតុអ្វីមិនបម្រើខ្មែរ តែបម្រើផលប្រយោជន៍ជនបរទេស បំផ្លាញខ្មែរ ក្បត់ជាតិខ្មែរទៅវិញ? តាមពិត ពួកគេមិនគួរណា កើតជាជាជនជាតិខ្មែរឡើយ!
ទង្វើក្បត់ជាតិលើក្បត់ជាតិរបស់បក្សសង្គ្រោះជាតិមិនអាចអត់ឱនឱ្យបានឡើយពពេលនេះ ម៉ោងនេះ ពួកគេនៅតែបន្តយុទ្ធនាការបំផ្លាញខ្មែរ និងបំបែកឆ្នាំងបាយរបស់ ប្រជាជនកម្ពុជា។ បើ សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ យឹម សុវណ្ណ កូនស្រីកឹម សុខា និងមន្ត្រីបក្សសង្គ្រោះជាតិតាំងខ្លួនជាខ្មែរ គួរយកចិត្តពិត មកស្រឡាញខ្មែរ មិនមែននៅ តែលើបបូរមាត់របស់ខ្លួនឡើយ ហើយចិត្តបម្រើបរទេស បំផ្លិចបំផ្លាញខ្មែរ។ សូមកុំដើម្បី ផលប្រយោជន៍សម្រាបបក្សពួក និងក្រុមគ្រួសាររបស់ខ្លួន ហ៊ាញុះញង់ បើកដៃឱ្យបរទេស បំពាន លើខ្មែរ បំបែកបំបាក់ខ្មែរ បំផ្លាញខ្មែរ និងមាក់ងាយពលរដ្ឋខ្មែរ។ ខ្មែរគឺជា ប្រទេសដែលធ្លាប់មាន អរិយធម៌ ខ្ពង់ខ្ពស់ និងមានមោទនភាពជាតិរបស់ខ្លួនដូចអ្វីដែល កម្ពុជាកំពុងមានសព្វថ្ងៃនេះ។
ខ្មែរមានមោទនភាពដែលមានកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ។ ខ្មែរពិតជាមានមោទនភាពដែលបាន យកសន្តិភាពទាំងស្រុងដោយដៃខ្លួនឯង។ ខ្មែរមានមោទនភាព ដែលប្រែពីប្រទេសអស្ថេរភាព និងទទួលមួក ខៀវរបស់អង្គការសហប្រជាជាតិជាប្រទេសដែលបញ្ជូនទ័ពមួកខៀវទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោម ទង់អ.ស.ប។ ខ្មែរមានមោទនភាពដែលកម្រិតនៃការវិនិយោគសូន្យមកកំណើន វិនិយោគដ៏ច្រើនសម្បើម បង្កើតការងាររាប់លានជូនពលរដ្ឋខ្មែរ និងមានកំណើនសេដ្ឋ កិច្ចជាតិ និងគ្រួសារ។ ខ្មែរមានមោទនភាពដែល បានឈរស្មើមុខស្មើមាត់ជាមួយប្រទេសនានានៅលើសកលលោកក្នុងនាមជា ដៃគូស្មើសិទ្ធិ និងស្មើភាព។ ខ្មែរពិតជាមានមោទនាភាពខ្លាំងដែលប្រទេសផ្សេងៗបន្តជួបប្រទះសង្គ្រាម អស្ថេរភាពនយោបាយ អសន្តិសុខ ប៉ុន្តែកម្ពុជាពោរពេញដោយ សន្តិភាពនិងការអភិវឌ្ឍ។
ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្រោមម្លប់ដ៏ ត្រជាក់នៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះ មហាក្សត្រខ្មែរ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហនុ និងការគាំទ្រគ្របកាលៈទេសៈ របស់ប្រជាជនកម្ពុជា។
សមិទ្ធផលទាំងអស់នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល និង ប្រជាជនទូទាំងនគរ ហើយបន្តការពារសម្រាប់មនុស្សរាប់ជំនាន់ ទៅមុខទៀតដើម្បីផ្តល់ ឱកាសដល់កម្ពុជាបោះជំហានក្នុង ការអភិវឌ្ឍកសាងជាតិខ្លួនឱ្យរីកចម្រើនរុងរឿងឡើង ចាកផុតពីភាពក្រីក្រ។ គេមិនអាចនិយាយពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាព បានឡើយ នៅពេលប្រទេសមានសង្គ្រាម ហើយការអភិវឌ្ឍ ប្រទេសមួយរីក ចម្រើនមិន អាចប្រព្រឹត្តទៅក្រោមស្នូរកាំភ្លើង និងទម្ងន់នៃគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីដែល ច្បាប់ហាម ឃាត់ឡើយ។ ប្រទេសស៊ីរី និងលីប៊ីដែលរងគ្រោះដោយការផ្លាស់ប្តូរតាមបែប បដិវត្តន៍ពណ៌ជាឧទាហរណ៍ជាក់ ស្តែងដែលប្រជាជនកម្ពុជាមិនត្រូវការឡើយ។ ការរស់នៅក្នុងឈាមនិងទឹកភ្នែក ការនិរាសព្រាត់ប្រាស់ ក្រុមគ្រួសារ សោកនាដកម្មសព្វបែប យ៉ាង ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ គឺប្រជាជនខ្មែរ បានហែល ឆ្លងកាត់ឆ្អៀតឆ្អន់ហើយ។ ជាតិនិងប្រជាជនកម្ពុជាមិនត្រូវការវិនាសកម្មទាំងនេះទៀត ឡើយ។
ប៉ុន្តែបក្សសង្គ្រោះជាតិដែលឥឡូវបានក្លាយជាបក្សដែលពោរពេញដោយជន ក្បត់ជាតិនេះបានក្បត់កម្ពុជា បំផ្លាញខ្មែរ។ បើអន្តរជាតិអនុវត្តវិធានការណាប្រឆាំងនឹងប្រជាជនកម្ពុជា ប្រឆាំងនឹងដំណើរអភិវឌ្ឍកម្ពុជា និងបំផ្លាញសន្តិភាព ស្ថេរភាពជាតិ ដែលកម្ពុជា និងប្រជាជនមានពេលបច្ចុប្បន្ននេះ នោះក្រុមជនក្បត់ជាតិ ដែលពួន សម្ងំក្នុងបក្សប្រឆាំងទាំងអស់នេះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខជាតិ និងប្រជាជន។
ពួកគេក្បត់ជាតិដោយឃុបឃិតជាមួយបរទេសអនុវត្តផែនការបដិវត្តន៍ពណ៌មិនអស់ចិត្តបន្តអនុវត្តផែនការបំផ្លាញខ្មែរតាមផ្លូវត្រជាក់គឺអំពាវនាវ ឱ្យចៅហ្វាយខ្លួនបំផ្លាញ ខ្មែរ។ ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ អ្នកសេ្នហាជាតិទាំងអស់ត្រូវ ក្រោកឈរឡើងការពារជាតិការពារ ឆ្នាំងបាយខ្លួនប្រឆាំងនឹង ការបំផ្លិចបំផ្លាញរបស់បក្សប្រឆាំង និងការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ និង អធិបតេយ្យភាពដូចកម្ពុជានេះ! ជយោ! កម្ពុជា!

ដោយ៖ ចៅចាក់ស្មុក


(សូមទស្សនាវីដេអូ) ការចូលរួមក្នុងពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃគឺដើម្បីសម្តែងសមានចិត្តនិងមរណទុក្ខថ្វាយនិងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាលនិងប្រជាជនថៃ

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ៖ បណ្តុំនៃចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ បម្រែបម្រួលនៃសាសនានៅកម្ពុជានាអតីតកាល

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលមានទីតាំងស្ថិតនៅ ភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវបដិមាជាច្រើនសំរាប់ទស្សនាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែល ផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។  អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងដ៏កម្រនេះក្នុងការទៅទស្សនានៅសារមន្ទីព្រះនរោត្តមសីហនុអង្គរ ហើយបើសម្រាប់កុលបុត្រខ្មែរវិញ ចំណេះដឹងទាំងនេះគឺមានតម្លៃជាទីបំផុត។

តាមរយៈការអត្ថាធិប្បាយដ៏ក្បោះក្បាយនៃមគ្គុទ្ទេក៍ប្រចាំសារមន្ទីរនេះ អ្នកទស្សនានឹងអាចទទួលបាន ចំណេះដឹងជាច្រើនពីប្រវត្តិសាស្ត្រនៃមនុស្សខ្មែរ ដែលបានរស់នៅលើទឹកដីខ្មែរតាំងពីក្នុងសម័យកាល ដ៏យូរលង់មកហើយ។ មិនតែប៉ុណ្ណោះ តាមរយៈពិព័រណ៍នេះ អ្នកទស្សនាក៏នឹងបានឃើញអំពីប្រពៃណី ទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរកាលពីជាង៣ពាន់ឆ្នាំមុន កប់សព ដាក់គ្រឿងបន្លុងជាមួយសព និងគ្រឿងអលង្ការផ្សេងៗ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកទស្សនាក៏អាចរៀនសម្គាល់នូវក្បាច់ ចម្លាក់ផ្សេងៗដែលជារចនាបថនៃចម្លាក់ក្នុងសម័យកាលសំខាន់ៗដូចជា សម័យបាភួន សម័យអង្គរ និងសម័យបាយ័នជាដើម ដែលចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈសម្គាល់ដោយឡែកខុសពីគ្នា។ ម្យ៉ាងទៀត អ្នកទស្សនាក៏នឹងអាចឃើញរូបភាពប្លែកគ្នានៃប្រភេទកុលាលភាជន៍ខ្មែរបុរាណ និងកុលាលភាជន៍បរទេស ដូចជា ចិន និងជប៉ុនជាដើម។

ដោយឡែកនិយាយអំពីការបម្រែបម្រួលសាសនាវិញ អ្នកទស្សនានឹងអាចយល់ដឹងបន្ថែមទៀតពីការផ្លាស់ ប្តូរសាសនាក្នុងរជ្ជកាលសំខាន់ៗដែលបានជះឥទ្ធិពលដល់ចម្លាក់ និងសំណង់ប្រាសាទនានាក្នុងអារ្យធម៌អង្គរ តាមរយៈចម្លាក់សាសនាផ្សេងៗជាច្រើនដែលមាននៅលើជញ្ជាំងប្រាសាទ។ ផ្អែកតាមការពន្យល់និងអត្ថាធិប្បាយរបស់មគ្គុទ្ទេសក៍ យ៉ាងហោចណាស់ក៏អ្នកទស្សនាបានដឹងថា ការផ្លាស់ប្តូរសាសនានាំឲ្យមានការប្តូរទីតាំងតម្កល់បដិមាចម្បងៗនៅតាមប្រាសាទ និងរហូតដល់ជញ្ជូនយកបដិមាទាំងនោះចេញពីក្នុងប្រាសាទទៅកប់ទុកក្នុងដីចោលទៀតផង។

ដើម្បីទទួលបានទទួលយកចំណេះដឹងទាំងនេះពីសារមន្ទីរនេះ សូមអញ្ជើញទៅទស្សនានៅ សារមន្ទីព្រះសីហនុអង្គរទាំងអស់គ្នា ដោយគ្រាន់តែចំណាយប្រាក់១០០០៛ប៉ុណ្ណោះសម្រាប់ចូលទស្សនា។ តម្លៃសំបុត្រចូលទស្សនាសម្រាប់ភ្ញៀវបរទេសគឺ៣ដុល្លា ហើយក៏នឹងទទួលបានសេវាកម្មដូចគ្នាដែរ។ ពិព័រណ៍នេះ បើករៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច។

តោះ!នាំគ្នាទៅមើលសារមន្ទីព្រះសីហនុអង្គរទាំងអស់គ្នា!
















លោក ហ៊ុន សែន ផ្ញើលិខិតអបអរសាទរជូនចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនភីងដែលត្រូវបានជ្រើសតាំងសារជាថ្មីជាអគ្គលេខាធិការនៃបក្សកុម្មុយនីស្តចិន

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនភីង ដែលត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៩របស់គណបក្សកុម្មុយនីស្តចិនបោះឆ្នោតជ្រើសតាំងសារជាថ្មីជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។



ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ និងអញ្ជើញប្រកាសបង្កើតកងពលតូចអន្តរាគមន៍ លេខ១២៨ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ

ក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញក្នុងពិធីប្រកាសបង្កើត កងពលតូចអន្តរាគមន៍លេខ ១២៨ ខេត្តស្ទឹងត្រែង និងតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាន ដែលរៀបចំឡើង ដោយយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

យោងតាមសេចក្តីប្រកាសព័ត៌មានទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ទៀតថា ក្នុងពិធីប្រកាសនោះ ក៏នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នាយទាហានប្រធានស្ថាប័ន កងឯកភាពចម្រុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ព្រមទាំងមន្ត្រីរាជការកម្លាំងប្រដាប់អាវុធ រដ្ឋបាលមូលដា្ឋនគ្រប់លំដាប់ថ្នាក់ នៅខេត្តស្ទឹងត្រែង អញ្ជើញចូលរួមផងដែរ។

សូមជម្រាបថា កងពលតូចអន្តរាគមន៍លេខ១២៨ ត្រូវបានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចបង្កើតឡើង ក្រោយពេលកងទ័ពប្រទេសឡាវ ចូលឈ្លានពានទឹកដីខ្មែរ តែត្រូវបានដកខ្លួនចេញវិញ បន្ទាប់ពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញចេញទៅជួបចរចារជាមួយភាគីឡាវ ដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ៕


ក្រសួងពាណិជ្ជកម្ម រៀបចំពិធីប្រកាស​ទទួលស្គាល់​ គណៈកម្មការ​សាខា​សមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍​

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនដល់បងប្អូនមន្រ្តីរាជការជានារីទាំងអស់ នៃក្រសួងពាណិជ្ជកម្ម។ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជាអង្គការមហាជនមួយដែលបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលនាពេលនោះ សមាគមមានឈ្មោះថា «សមាគមនារី សង្គ្រោះជាតិ» ក្រោយមកបានប្តូរឈ្មោះជាបន្តបន្ទាប់ និងកែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ។

លោកស្ត្រីបន្តថា ដោយឡែក វត្តមាននិងការរួមចំណែកទទួលខុសត្រូវ របស់បងប្អូនស្ត្រីនៅក្នុងវិស័យការងារពាណិជ្ជកម្ម វិនិយោគ គឺជាប្រការដែលមិនអាចខ្វះបាន ហើយកិច្ចការនេះគឺស្របទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ផងដែរ។ ជាការពិត ផ្អែកតាមគោលនយោបាយថ្នាក់ជាតិ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែទទួលស្គាល់ និងចាត់ទុក «ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម» ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាល ដែលក្នុងនោះរួមមាន ការអនុវត្ត «ផែនការយុទ្ធសាស្ត្រនារីរតនៈទី៣» ផងដែរ៕







(សូមទស្សនាវីដេអូ) ទស្សនវិភាគ៖ គោរពឆន្ទៈរាស្ត្រដើម្បីជាតិ ផ្ទុយពីបោកយកឆន្ទៈរាស្ត្រ ដើម្បីក្បត់ជាតិបម្រើបរទេស

(សូមទស្សនាវីដេអូ) ចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សាសង្កាត់ដំរីជាន់ខ្លា ខេត្តកំពង់ធំ៣នាក់ ប្រកាសសុំចូលរួមជាមួយគណបក្សប្រជាជន

(សូមទស្សនាវីដេអូ)៖ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីខួបលើកទី១៣នៃការយាងគ្រងរាជសម្បត្តិ

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្លែងថាយុទ្ធនាការទិញផលិតផលខ្មែរនឹងជួយដាស់តឿនស្មារតីខ្មែរយើងឱ្យនិយមប្រើផលិតផលខ្មែរជាអតិបរមា

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈ រដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងខ្លាំងថា «យុទ្ធនាការទិញផលិ​តផលខ្មែរ» នឹងក្លាយជាមធ្យោបាយថ្មីមួយជួយដាស់តឿនស្មារតីខ្មែរយើងឱ្យនិយមប្រើផលិត​ផលខ្មែរជាអតិបរមា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីតំណាងលោកនា​យករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរក្នុងឱកាសយុទ្ធ​នាការទិញផលិតផលខ្មែរ នៅបរិវេណមជ្ឈមណ្ឌលវិមានសុភមង្គល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មដែលបានរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ» នេះបានល្អប្រសើរដែលជាឱកាសដ៍ល្អនិងសមស្របមួយសម្រាប់ជំរុញពលរដ្ឋយើងឱ្យនិយមប្រើផលិតផលខ្មែរ។

លោក ប៊ិន ឈិន ក៏បានរម្លឹកផងដែរថា ការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ានតាំងពីខែមករា ឆ្នាំ ២០១៥ ជាឱកាសដែលមានវិសាលភាពពង្រីកទីផ្សារនាំចេញសម្រាប់ផលិតផលយើងផង តាមរយៈការតភ្ជាប់ពាណិជ្ជកម្មរវាងកម្ពុជានិងអាស៊ាន។ ក៏ប៉ុន្តែជាមួយគ្នានេះដែរ រោងចក្រ សហគ្រាស សិប្បកម្ម និងផលិតកម្មទាំងឡាយនៅកម្ពុជា នឹងជួបប្រទះនូវការប្រកួតប្រជែងថ្មីមួយដែលមានលក្ខណៈកាន់តែខ្លាំងនិងកាន់តែលំបាកជាងមុនពីសំណាក់ប្រទេសនានាក្នុងអាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានសង្កត់ធ្ងន់ថា ដោយសារការដឹកនាំត្រឹមត្រូវប្រកប​ដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបធ្វើឱ្យមានការកើនឡើងនូវទំហំពាណិជ្ជកម្មប្រកបដោយចីរភាព មានគោលនយោបាយច្បាស់លាស់ យកចិត្តទុកដាក់ ជំរុញគាំពារវិនិយោគ និងធុរកិច្ចក្នុងប្រទេស ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារព្រមទាំងចាត់ទុកវិស័យឯកជនជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យដែលទាំងអស់គ្នាមើលឃើញសព្វថ្ងៃនេះ៕