Friday, October 27, 2017

ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ និងអញ្ជើញប្រកាសបង្កើតកងពលតូចអន្តរាគមន៍ លេខ១២៨ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ

ក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញក្នុងពិធីប្រកាសបង្កើត កងពលតូចអន្តរាគមន៍លេខ ១២៨ ខេត្តស្ទឹងត្រែង និងតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាន ដែលរៀបចំឡើង ដោយយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

យោងតាមសេចក្តីប្រកាសព័ត៌មានទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ទៀតថា ក្នុងពិធីប្រកាសនោះ ក៏នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នាយទាហានប្រធានស្ថាប័ន កងឯកភាពចម្រុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ព្រមទាំងមន្ត្រីរាជការកម្លាំងប្រដាប់អាវុធ រដ្ឋបាលមូលដា្ឋនគ្រប់លំដាប់ថ្នាក់ នៅខេត្តស្ទឹងត្រែង អញ្ជើញចូលរួមផងដែរ។

សូមជម្រាបថា កងពលតូចអន្តរាគមន៍លេខ១២៨ ត្រូវបានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចបង្កើតឡើង ក្រោយពេលកងទ័ពប្រទេសឡាវ ចូលឈ្លានពានទឹកដីខ្មែរ តែត្រូវបានដកខ្លួនចេញវិញ បន្ទាប់ពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញចេញទៅជួបចរចារជាមួយភាគីឡាវ ដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ៕


No comments:

Post a Comment