Friday, October 27, 2017

ក្រសួងពាណិជ្ជកម្ម រៀបចំពិធីប្រកាស​ទទួលស្គាល់​ គណៈកម្មការ​សាខា​សមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍​

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនដល់បងប្អូនមន្រ្តីរាជការជានារីទាំងអស់ នៃក្រសួងពាណិជ្ជកម្ម។ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជាអង្គការមហាជនមួយដែលបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលនាពេលនោះ សមាគមមានឈ្មោះថា «សមាគមនារី សង្គ្រោះជាតិ» ក្រោយមកបានប្តូរឈ្មោះជាបន្តបន្ទាប់ និងកែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ។

លោកស្ត្រីបន្តថា ដោយឡែក វត្តមាននិងការរួមចំណែកទទួលខុសត្រូវ របស់បងប្អូនស្ត្រីនៅក្នុងវិស័យការងារពាណិជ្ជកម្ម វិនិយោគ គឺជាប្រការដែលមិនអាចខ្វះបាន ហើយកិច្ចការនេះគឺស្របទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ផងដែរ។ ជាការពិត ផ្អែកតាមគោលនយោបាយថ្នាក់ជាតិ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែទទួលស្គាល់ និងចាត់ទុក «ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម» ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាល ដែលក្នុងនោះរួមមាន ការអនុវត្ត «ផែនការយុទ្ធសាស្ត្រនារីរតនៈទី៣» ផងដែរ៕







No comments:

Post a Comment