Tuesday, July 25, 2017

នាយឧត្ដមសេនីយ៍ សេង ផល្លី បើកកិច្ចប្រជុំពិភាក្សាការងារស្តីពីទណ្ឌកម្មរដ្ឋបាលចំពោះមន្ដ្រីនគរបាល និងមន្ដ្រីពន្ធនាគារ

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារ ដោយមានការចូលរួមពីតំណាងមកពីអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងគ្រប់ស្នងការ នៃស្នងការដ្ឋាននគរ​បាលរាជធានី-ខេត្ដទូទាំងប្រទេ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។


កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈចំនួន ០២គឺ៖ ទី១- ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ដ្រីនគរបាល និងមន្ដ្រីពន្ធនាគារ ជានិស្សិត សិក្ខាកាម សិស្សនាយនគរបាល ឬ សិស្សនាយនគរបាលរង ដែលបណ្ឌិត្យសភាបានលុបឈ្មោះចេញពីវគ្គសិក្សា និងទី២- ពិភាក្សាអំពីតម្រូវការសម្រាប់រៀបចំផែនការបណ្ដុះបណ្ដាលមន្ដ្រីនគរបាល និងមន្ដ្រីពន្ធនាគារ ឆ្នាំ២០១៨ របស់បណ្ឌិត្យសភានគរបាលកម្ពុជា៕





ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសទទួលស្គាល់ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថា ស្របតាមរដ្ឋធម្មនុញ្ញ

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសទទួលស្គាល់ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ និងព្រឹទ្ធសភា បានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកថាជាការប្រញាប់ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៣ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

មាត្រា ២ នៃក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបញ្ជាក់ថា សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។


សូមអានខ្លឹមសារលម្អិត របស់ក្រុមប្រឹក្សាធម្មនុញ្ញខាងក្រោមនេះ៖






(សូមទស្សនាវីដេអូ) លោក សុខ ឥសាន បកស្រាយពាក្យ «សង្គ្រោះជាតិយើង

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំទារកករណីពពោះជំនួសដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំទារកករណីពពោះជំនួសដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងស្ថានទូតទាំងអស់នៅកម្ពុជា និងថ្នាក់ដឹកនគរបាល ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងស្នើសុំកិច្ចសហប្រតិបត្តិការពីបណ្ដាស្ថានទូតនានានៅកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ខណៈដែលកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាតិនៅឡើយ។

សូមជម្រាបថា បច្ចុប្បន្ននេះនៅកម្ពុជា ពុំទាន់មានច្បាប់អនុញ្ញាតិឱ្យមានការពពោះជំនួសនោះទេ ប៉ុន្ដែករណីពពោះជំនួសនេះបានកើតឡើងនៅកម្ពុជា កាលពីឆ្នាំ២០១៦កន្លងទៅហើយក៏ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបានផងដែរ៕








សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាជូនដំណឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនអាចទទួល អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ធ្វើជាវត្ថុបញ្ចាំនោះទេ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាតំណាងឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទចំនួន ៨៧ ដែលកំពុងធ្វើប្រតិបត្តិការនៅគ្រប់រាជធានី ខេត្ត បានលើកឡើងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០១៧ថា ដោយអនុវត្តតាមការណែនាំ និងគោលនយោបាយនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅជម្រុញបរិយាប័ន្នហិរញ្ញ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មិនអាចទទួលយកនូវអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់ (ដែលជាប្រភេទលិខិត យថាភូតចេញដោយអាជ្ញាធរមានសមត្ថកិច្ច សម្រាប់បញ្ចាក់អត្តសញ្ញាណបុគ្គល) សម្រាប់ជាវត្ថុធានាក្នុងការផ្តល់ឥណទាននោះឡើយ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជាគ្រឹះស្ថានឯកជនសុទ្ធសាធ និងធ្វើប្រតិបត្តិការសំដៅទទួលបានប្រាក់ចំនេញ ហើយអតិថិជនដែលទទួលប្រាក់កម្ចី ត្រូវមានកាតព្វកិច្ចសងត្រឡប់តាមកិច្ចសន្យាកំណត់៕


ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញផ្សព្វផ្សាយពង្រឹងការងារសន្តិសុខ ស្រាវជ្រាវ បង្ក្រាបបទល្មើសធនធានធម្មជាតិ

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងបង្ក្រាបបទល្មើស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយក្រុមការងារជំនាញមកពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង មន្ទីរជំនាញ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ឯក ហុង វិណុល បានបានមានប្រសាសន៍ថា កងរាជអាវុធហត្ថដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន ក្នុងកិច្ចការបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជ័យ និងកាត់បន្ថយបានយ៉ាងច្រើននូវបទល្មើសធនធានធានធម្មជាតិ គួរកត់សម្គាល់។
ឧត្តមសេនីយ៍ឯក ហុង វិណុល បានបន្តថា កម្លាំងកងរាជអាវុធហត្ថ ត្រូវក្តាប់ព័ត៌មានរាល់សកម្មភាព បទល្មើសធនធានធម្មជាតិ ការដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ហើយគ្រប់ករណីបង្ក្រាប មន្ត្រីនគរ​បាលយុត្តិធម៌កងរាជអាវុធហត្ថ និងត្រូវប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ឬជំនាញផ្សេងៗស្ថិតក្នុងបទល្មើសខាង​លើ។ ក្នុងនោះមានទាំងការបង្ក្រាបធនធានធម្មជាតិ ព្រៃឈើ និងការឈូសឆាយរំលោភយកដីរដ្ឋ អាជីវកម្មរ៉ែ ។ល។ ឧត្តមសេនីយ៍ឯក ហុង វិណុល បានបន្ថែមថា ក្រោយការបង្ក្រាបបទល្មើសរួចមក មន្ត្រីនគរបាលយុត្តិធម៌ត្រូវចងក្រងសុំណុំរឿង ការសន្និដ្ឋានឱ្យបានត្រឹមត្រូវតាមច្បាប់ និងត្រូវចំគោលដៅនៃបទល្មើស។
គួរបញ្ជាក់ថា នៅខេត្តកំពង់ស្ពឺកន្លងមក កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហករណ៍បង្ក្រាបបទល្មើសព្រៃឈើ និងឈានទៅបិទរោងសិប្បកម្ម ដេប៉ូឈើ អាជីកម្មវិស័យព្រៃឈើខុសច្បាប់បានជាច្រើនកន្លែង ក្នុងនោះបានចាប់ខ្លួនជនសង្ស័យមួយចំនួនបញ្ជូនទៅកាន់តុលាការ និងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យតាមដីការតុលាការបន្តទៀតផងដែរ៕




អាជ្ញាធរជាតិ​អប្សរាបើក​វគ្គបណ្តុះ​បណ្តាល​មន្ត្រីបច្ចេក​​ទេសស្តីពី​ការប្រើប្រាស់​ថាមពលពន្លឺព្រះ​អាទិត្យដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព​

អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌ អង្គរ ហៅកាត់ថា ACHA បានសហការជាមួយអង្គការអ្នកកសាងសមត្ថភាព LOCAB បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីការអភិវឌ្ឍប្រកប ដោយនិរន្តរភាព ដល់បុគ្គលិកបច្ចេកទេសរបស់ខ្លួននៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ថ្ងៃព្រឹកថ្ងៃទី២៥ ខែ កក្កដាឆ្នាំ២០១៧នេះ។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានដល់មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ដែលនឹងធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុង តំបន់អង្គរ ហើយណែនាំប្រជាពលរដ្ឋអំពីផលប្រយោជន៍នៃការប្រើប្រាស់ថាមពលពន្លឺ ព្រះអាទិត្យទាំងសម្រាប់ជីវភាពរស់ប្រចាំថ្ងៃ និងមុខរបរកសិកម្មជាដើម។
លោក ហង់ ពៅ អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរ ជាតិអប្សរា មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះថា ការជំរុញឲ្យប្រជាពលរដ្ឋ ក្នុងតំបន់ អង្គរប្រើប្រាស់នូវថាមពលពន្លឺព្រះអាទិត្យ សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគាត់ គឺដើម្បីរួម ចំណែកក្នុងការថែរក្សាបរិស្ថាន ទេសភាពវប្បធម៌នៃតំបន់អង្គរ និងជាពិសេស គឺជួយ សម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ផ្ទាល់ទៀតផង។
លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង ACHA ដែលទទួបានជំនួយប្រទេសពីប្រទេសញូវហ្ស៊ីឡែន បានបង្កើតគម្រោងស្ថានីយ សាកអាគុយដោយប្រើប្រាស់បន្ទះសូឡា ជូនសហគមន៍ក្នុងតំបន់អង្គរបានចំនួនបីកន្លែង ហើយ ទី១នៅភូមិលាងដៃឃុំលាងដៃ ស្រុកអង្គរធំ មានចំនួន១២ផ្ទាំង ទី២នៅភូមិទួល ក្រឡាញ់ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី មានចំនួន១៦ផ្ទាំង និងទី៣នៅ ភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មានចំនួន១៦ផ្ទាំង។
មិនត្រឹមតែជួយដល់បញ្ហាបរិស្ថានក្នុងតំបន់អង្គរទេ ស្ថានីយទាំងនេះក៏បានជួយ សម្រួលជីវភាពប្រជាពលរដ្ឋបានច្រើន ដោយប្រជាពលរដ្ឋត្រូវចំណាយថវិកាតិចជាងការ បញ្ចូលអាគុយដោយប្រើម៉ាស៊ីនទូទៅ។ ម្យ៉ាងទៀត ថវិកាដែលទទួលបានពីគម្រោងនេះ ក៏ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់ គឺមួយផ្នែកបានទៅ ម្ចាស់ទីកន្លែង មួយផ្នែកទៀតបានទៅគណៈកម្មការគ្រប់គ្រង និងមួយផ្នែកទៀតគឺប្រើ ប្រាស់សម្រាប់ការងារក្នុងសហគមន៍ផ្ទាល់តែម្តង។ បច្ចុប្បន្ន តាមរយៈគម្រោងនេះដដែល អាជ្ញាធរជាតិអប្សរាបានផ្តល់នូវម៉ាស៊ីនដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជូនដល់ ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការបូមទឹកស្រោចស្រពដំណាំ កសិកម្មដើម្បីបង្កើនជីវភាពរស់នៅបន្ថែមទៀត៕





ទំនាក់​ទំនងសហ​ភាពអឺរ៉ុប-ចិន នៅក្នុង​យុគសម័យ​លោក Trump​

នៅក្នុងអំឡុងពេលដែលពហុភាគីនិយមហាក់ដូចជាស្ថិតនៅក្រោមការគំរាមកំហែង ដែលទំនាក់ទំនងរវាងសហភាពអឺរ៉ុប-ចិន មិនដែលលេចចេញជាយុទ្ធសាស្រ្តរឹងមាំដូចដែលពួកគេមានសព្វថ្ងៃនេះទេ។ ចំពោះកម្រិតណាមួយនោះ ភាពជាដៃគូរវាងសហភាពអឺរ៉ុប-ចិន ប្រហែលជាមានសក្តានុពលក្នុងការរក្សាប្រព័ន្ធពហុភាគីអន្តរជាតិងើបឡើង។
សហភាពអឺរ៉ុប និងចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៣ នៅក្នុងពិភពលោក។ ខណៈពេលដែលការដឹកនាំសកលរបស់អាមេរិកបន្តត្រូវបានរុញទៅម្ខាងដោយការប្រកាសរបស់លោក Trump ដើម្បីធ្វើពហិការកិច្ចសហប្រតិបត្តិការពហុភាគី ដោយសក្តានុពលនៃភាពជាដៃគូរវាងសហភាពអឺរ៉ុប-ចិន នឹងធ្វើឱ្យមានតុល្យភាពដល់អាមេរិកនៅក្នុងស្ថាប័នពហុភាគី និងរបបដែលមិនអាចប៉ាន់ស្មានបានឡើយ។
ផ្ទុយទៅនឹងអ្នកកាន់តំណែងមុនរបស់គាត់ លោក Trump មិនជឿថា ពហុភាគីនិយមគួរតែជាកត្តាសំខាន់នៃគោលនយោបាយការបរទេសរបស់អាមេរិក។ លោក Nikki Haley ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធប្រឆាំងតែម្នាក់ឯងដើម្បីធានាសន្តិសុខនៅតំបន់អាស៊ីឦសាន និងប្រើកងកម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង។ នេះគឺជាវិធីសាស្រ្តផ្សេងគ្នាដ៏ធំធេងពីគោលនយោបាយកិច្ចការបរទេសពហុភាគីដែលបានស្នើឡើងដោយអង្គការសហប្រជាជាតិ ព្រមទាំងមកពីជំហររបស់សហភាពអឺរ៉ុប និងចិន នៃការប្រើប្រាស់ក្របខ័ណ្ឌពហុភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិផងដែរ។
គោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបឆ្ពោះទៅប្រទេសកូរ៉េខាងជើងនោះ បានគាំទ្រដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ប្រទេសចិន រួមជាមួយសហភាពអឺរ៉ុបបានស្ថិតក្នុងចំណោមអ្នកជំរុញដ៏ខ្លាំងមួយនៃកិច្ចចរចា ៦ ភាគី (Six Party Talks)។ ទោះបីជាកិច្ចពិភាក្សានេះឥឡូវបានឈានដល់ទីបញ្ចប់ក៏ដោយ ក៏ចិនស្វាគមន៍នូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការដោះស្រាយអសន្ដិសុខក្នុងតំបន់នៅអាស៊ីឦសាន ដែលជាលទ្ធភាពតែមួយគត់ ដើម្បីធ្វើឱ្យមានតុល្យភាពសម្រាប់វត្តមានយោធាអាមេរិកនៅក្នុងតំបន់នេះ។
ចំពោះបញ្ហាសំខាន់ៗនៅក្នុងនយោបាយអន្ដរជាតិ ដែលការចាត់ទុកជាមោឃៈត្រូវបានបង្កើតឡើងដោយអាមេរិក ក្នុងភាពជាអ្នកដឹកនាំសកលកំពុងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហភាពអឺរ៉ុប-ចិនតាមវិធីមួយចំនួន។ ស្ថានការណ៍នោះបាននិយាយថា វានៅតែត្រូវបានគេមើលឃើញថា តើភាពជាដៃគូយុទ្ធសាស្ត្រនឹងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីនៅពេលណាដែលអាមេរិកហាក់ដូចជាកំពុងងាកចេញពីសកលភាវូបនីយកម្មសេដ្ឋកិច្ច និងនយោបាយ។
របបបម្រែបម្រួលអាកាសធាតុ និងបរិយាកាសអាចជាចំណុចមួយដែលសហភាពអឺរ៉ុប និងចិនមានឆន្ទៈសហការគ្នា។ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ លោក Trump បានប្រកាសសម្រេចដក អាមេរិកចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីស។ ការរិះគន់ដ៏សុះសាយបានលេចឡើង ជាពិសេសពីអ្នកដឹកនាំនយោបាយនៅទីក្រុងព្រុចសែល និងទីក្រុងប៉េកាំងដែលភាគច្រើនត្រូវបានគេភ្ញាក់ផ្អើលដោយភាពមិនសមហេតុផល នៃការសម្រេចចិត្តរបស់លោក Trump។
ប៉ុន្តែវាគឺជាវិស័យជំនួញ និងពាណិជ្ជកម្ម ដែលក្នុងនោះភាពជាដៃគូរវាងសហភាពអឺរ៉ុប និងចិនកំពុងអភិវឌ្ឍន៍ចំណងទាក់ទងរឹងមាំបំផុត។ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ លោកស្រី Cecilia Malmstrom ប្រធានគណៈកម្មាធិការអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម បានអំពាវនាវឱ្យចិនរក្សាតួនាទីជាអ្នកដឹកនាំរបស់ខ្លួនសម្រាប់ប្រព័ន្ធពហុភាគីស្របតាមច្បាប់ និងទទួលបានជោគជ័យ ដោយ អនុលោមទៅតាមក្រមប្រតិបត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។
សហភាពអឺរ៉ុបបច្ចុប្បន្នគឺជាវិនិយោគិនដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន។ ប៉ុន្តែលោកស្រី Malmstrom បានរំលឹកឡើងវិញនូវតម្រូវការដើម្បីលើកកម្ពស់ឆ្លើយតបទៅវិញដោយសមភាពរវាងចិន និងសហភាពអឺរ៉ុប។ ខណៈពេលដែលការវិនិយោគរបស់ចិននៅក្នុងទ្វីបអឺរ៉ុបបានឈានដល់កម្រិតខ្ពស់បំផុត ដែលបច្ចុប្បន្នកម្រិតនៃការវិនិយោគទុនរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
មានដំណោះស្រាយតែមួយគត់យោងទៅតាមសហភាពអឺរ៉ុប ដែលជាកិច្ចព្រមព្រៀងទ្វេភាគីដោយយុត្តិធម៌ និងត្រឹមត្រូវ ស្តីពីការដោះស្រាយការវិនិយោគភ្លាមៗ ហើយនិងអតុល្យភាពផ្នែកពាណិជ្ជកម្មហួសហេតុរវាងប្រទេសទាំងពីរ។ វិធីសាស្រ្តនេះបង្ហាញពីគំនិតមួយរបស់សហភាពអឺរ៉ុបដែលនៅឆ្ងាយពីទស្សនៈរបស់ខ្លួនថា ជា «អំណាចបទដ្ឋាន» តម្រង់ទៅរកការអនុវត្តជាក់ស្តែង នៅពេលវាទាក់ទងទៅនឹងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងកំណែទម្រង់ទីផ្សារអន្តរជាតិ។
ទិដ្ឋភាពសំខាន់ៗនៃសហភាពអឺរ៉ុបដែលជាអំណាចបទដ្ឋាន គឺជាចំណុចស្នូលនៃសន្តិភាពលទ្ធិប្រជាធិបតេយ្យ ការគ្រប់គ្រងនីតិរដ្ឋ និងសិទ្ធិមនុស្ស ដែលបច្ចុប្បន្ននេះបានរួមរស់ជាមួយគ្នាហើយហាក់ដូចជាមានសារៈសំខាន់ចំពោះសហភាពអឺរ៉ុបដែលជាផលប្រយោជន៍សេដ្ឋកិច្ច ដូចជាការបើកចំហទីផ្សារ និងសមត្ថភាពរបស់ក្រុមហ៊ុនអឺរ៉ុប។ ដើម្បីធ្វើអាជីវកម្មដោយយុត្តិធម៌នៅប្រទេសចិន។ នៅក្នុងសុន្ទរកថារបស់លោកស្រី Malmstrom ប្រធានគណៈកម្មាធិការអឺរ៉ុប បានលើកឡើងពីការគោរពចំពោះនីតិរដ្ឋ និងសិទ្ធិមនុស្ស ដែលត្រូវបានគេចាត់ទុកថា ជាឆ្អឹងខ្នងនៃអ្នកនយោបាយទាំងអស់នៅទីក្រុងព្រុចសែល នៅពេលដែលគិតអំពីភាពជាដៃគូរវាងចិន និងសហភាពអឺរ៉ុបនោះ៕

ប្រភព : East Asia Forum ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧

ការបោះឆ្នោត​នៅទីម័រខាងកើត​បង្ហាញ​នូវលទ្ធផល​ប្រកៀកប្រកិតគ្នា​

គណបក្សធំពីរដែលចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររដ្ឋសភា បានទទួលលទ្ធផលប្រកៀកប្រកិតគ្នា នេះបើយោងតាមលទ្ធផលបណ្តោះអាសន្នកាលពីម្សិលមិញ ដែលជាការបង្ហាញឱ្យឃើញថា គ្មានគណបក្សណាមួយអាចមានសំឡេងគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបានឡើយ។
ការរាប់សន្លឹកឆ្នោតចេញពីការបោះឆ្នោតកាលពីថ្ងៃសៅរ៍ បានរហូតដល់ ៩០ ភាគរយបានបង្ហាញឱ្យឃើញថា គណបក្សសមាជជាតិសម្រាប់ការកសាងទីម័រឡើងវិញ ដឹកនាំដោយវរបុរសឯករាជ្យឈ្មោះ Xanana Gusmao បានទទួល ២៨ ភាគរយនៃការបោះឆ្នោតទាំងមូល ដែលកាលពីឆ្នាំ២០១២ មាន ៣៦,៧ ភាគរយ។
ហើយគណបក្ស Fretilin ដឹកនាំដោយប្រធានាធិបតី Francisco Guterres ទទួលបានប្រហែល ៣០ ភាគរយនៃសន្លឹកឆ្នោត។
គណបក្សទាំងពីរនេះ បានធ្វើជាដៃគូនៅក្នុងរដ្ឋាភិបាលចម្រុះរួចទៅហើយ ហើយសង្ឃឹមថា នឹងធ្វើដូច្នេះទៀតនៅក្នុងរដ្ឋាភិបាលដែលបង្កើតនៅពេលខាងមុខនេះ។
គណបក្សសេរីប្រជាជនថ្មីដឹកនាំដោយអតីតប្រធានាធិបតី Taur Matan Ruak និងគណបក្សប្រជាធិបតេយ្យ ដែលគណបក្សទាំងពីរនេះទទួលបានសន្លឹកឆ្នោត ១០ ភាគរយ។
មានចំនួន ២១ គណបក្សបានចូលរួមនៅក្នុងការបោះឆ្នោតនេះ នេះគឺជាការបោះឆ្នោតរដ្ឋសភាលើកដំបូង បន្ទាប់ពីការចាកចេញកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០១២។
ការបោះឆ្នោតនេះ នឹងជ្រើសរើសនាយករដ្ឋមន្ត្រី អ្នកនយោបាយដែលមានឥទ្ធិពលបំផុត។ ប្រធានាធិបតីគ្រាន់តែមានតួនាទីបែបជាប្រមុខរដ្ឋនៅក្នុងពិធីសាធារណៈតែប៉ុណ្ណោះ ប៉ុន្តែតួនាទីនេះក៏អាចជួយរក្សានូវសន្តិភាពនៅពេលដែលមានជម្លោះរវាងអ្នកនយោបាយ និងអ្នកនយោបាយ ផងដែរ។
រដ្ឋាភិបាលថ្មីនឹងប្រឈមភាពចម្បងដ៏ធំ ប្រជាជនចំនួនពាក់កណ្តាលនៅក្នុងប្រទេសនេះរស់នៅក្នុងភាពក្រីក្រ ហើយរដ្ឋាភិបាលថ្មីៗនេះមានការលំបាកដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅមនុស្សចំនួន ១,២ លាននាក់។ ក៏ដូចជាការធ្វើពិពិតកម្មនៅសេដ្ឋកិច្ច ដែលមានធនធានសំបូរបែបប្រសើរជាងការរំពឹងទុកទៅលើផ្នែកប្រេងតែមួយមុខ មេដឹកនាំត្រូវតែយល់ព្រមទៅនឹងកិច្ចព្រមព្រៀងដែនសមុទ្រថ្មីជាមួយព្រំដែនសមុទ្រថ្មីជាមួយអូស្ត្រាលី បន្ទាប់ពីការលុបចោលនៅសន្ធិសញ្ញាដែនសមុទ្រដែលកាត់តាមតំបន់អណ្តូងប្រេងកាតនេះ៕

ប្រភព : AFP ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧

អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៏ (UNAIDS) បានកោតសរសើរកម្ពុជាដែលទទួលបានជោគជ័យលើការឆ្លើយតបនឹងជំងឺអេដស៏

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងសុខាភិបាល រួមជាមួយអង្គការសហប្រជាជាតិប្រ​យុ​ទ្ធនឹងជំងឺអេដស៏ (UNAIDS) បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំអន្តរជាតិដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ និងទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង។
សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៏ (UN​AIDS) បានសម្តែងនូវការអបអរសាទរ និងកោតសរសើរកម្ពុជាដែលបានសម្រេចទិសដៅ ៩០​-៩០-៩០ ដែលជាការប្តេជ្ញាចិត្តជាសកលក្នុងការធ្វើតេស្តរកមេរោគអេដស៏ និងផ្តល់ការព្យា​បាលបីឆ្នាំមុនកាលកំណត់៕





ក្រសួងបរិស្ថាន​បើកកិច្ចប្រជុំលើ​គម្រោង​កញ្ចប់ថវិកា​ឆ្នាំ២០១៨​

ក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកិច្ចប្រជុំស្តីពីគម្រោងកញ្ចប់ថវិកាឆ្នាំ២០១៨ ដើម្បីបង្កើនប្រសិទ្ធភាព និងសុក្រឹតភាពនៃការគ្រោងកញ្ចប់ថវិការបស់ក្រសួង។ លោក ចាយ សាមិត្ត អនុរដ្ឋលេខាធិការ បានដឹកប្រជុំកម្រិតបច្ចេកទេស ដែលមានការចូលរួមពីតំណាងអង្គភាពថវិកាទាំង៥កម្មវិធី និងតំណាងអនុកម្មវិធីទាំង២៨។
សូមជម្រាបផងដែរថា ប្រធានអង្គប្រជុំ ក៏បានជំរុញដល់គ្រប់អង្គភាពថវិកាទាំងប្រាំ ត្រៀមអំណះអំណាន និងឯកសារពាក់ព័ន្ធនានាជាប្រយោជន៍សំរាប់ការពារកញ្ចប់ថវិកាដែលបានស្នើឡើង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសំណូមពរដល់គ្រប់ប្រធានអង្គភាពថវិកា និងអនុកម្មវិធីត្រួតពិនិត្យផែនការសកម្មភាព របស់ខ្លួនសម្រេចបានគោលនយោបាយរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ។
ក្រោយកិច្ចប្រជុំ លទ្ធផលនឹងត្រូវដាក់ឆ្លងកម្រិតថ្នាក់ដឹកនាំរបស់ក្រសួងបរិស្ថាន ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ដំណើរការនៃការរៀបចំផែនការថវិការរបស់ក្រសួងបរិស្ថាន ក៏បានទទួលការគាំទ្រដោយ GIZ ផងដែរ ពោលគឺការរៀបចំគម្រោងសាកល្បង ដើម្បីបញ្ជ្រៀប និងការធ្វើសមាហរណកម្មសកម្មភាពពាក់ព័ន្ធ និងការប្រែប្រួលអាកាសធាតុក្នុង គម្រោងផែនការថវិកាឆ្នាំ២០១៨ និងឆ្នាំក្រោយៗទៀត៕







កម្ពុជា-អាល្លឺម៉ង់ បង្កើន​កិច្ចសហប្រតិបត្តិការ លើកា​រវិនិយោ​គ ពាណិជ្ជ​កម្ម ទេស​ចរណ៍ និងសុ​វត្ថិភា​ពស​ណ្តាប់ធ្នាប់សា​ធារណៈ​

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយ លោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។

កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងការងារវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ។ ជាពិសេសការពង្រឹងកិច្ចការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានល្អប្រសើរបន្ថែមទៀត៕






ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ប្រមាណជាង ២០០នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់មន្ត្រីអធិការកិច្ចទាំងនៅថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី ក្នុងការចុះពង្រឹង និងត្រួតពិនិត្យរាល់ដំណើរការ និងសកម្មភាពនៃការប្រកបអាជីវកម្ម និងសេវាកម្មទេសចរណ៍នានានៅទូទាំងប្រទេសឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង៕









អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពី ​សកម្មភាព​ការងារច្រក​ចេញចូលតែមួយ​ របស់មន្ទីរ​ដែនដីនគរ​រូបនីយកម្ម​ ខេត្តព្រះសីហនុ​

កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តី អំពីសកម្មភាពការងារច្រកចេញចូលតែមួយ របស់មន្ទីរដែនដីនគររូបនីយកម្ម សុរិយោដី និង សំណង់ខេត្តព្រះសីហនុ។
នាឱកាសនោះ លោក នួន ប៉ុក ប្រធានមន្ទីរដែនដី ខេត្តព្រះសីហនុ ក៏បានមាននូវចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំរួម និងការអាននូវរបាយការណ៍បូកសរុបការងារកន្លងទៅ ដែលមន្ទីរសម្រេចបានក៏ដូចជាមន្ទីរកំពុងដំណើរការបន្តការអនុវត្ត។
លោក យន្ត មីន ក៏បានអនុញ្ញាតិដល់មន្ត្រីដែលបានចូលរួម អោយលើកឡើងនូវសំនួរដែលជាចម្ងល់នានាកន្លងមកដ៏ដូចជា បញ្ហាប្រឈម និងផលប៉ះពាល់នានា ដើម្បីអោយមន្ត្រីជំនាញ ក៏ដូចជាលោកប្រធានមន្ទីរផ្ទាល់បានជ្រាប និងធ្វើការបកស្រាយភ្លាមៗ និងយកនូវបញ្ហាណាដែលមិនអាចឆ្លើយតប បានទៅធ្វើការបកស្រាយជាបន្តទៀត ក៏ដូចជារកដំណោះស្រាយជូនអោយបានសមស្រប។
លើសពីនោះ លោក យន្ត មីន ក៏បានសំណូមពរទៅមន្រ្ដីទាំងអស់ សូមឲ្យពង្រឹងឡើងវិញនូវថ្នាក់ក្រោមអង្គភាព និងរដ្ឋបាលខេត្ត ជាពិសេសនោះគឺពង្រឹងទៅលើមន្រ្ដី ដែលមិនខំយកចិត្តទុកដាក់ក្នុងម៉ោងការងារ ហើយលោកក៏បញ្ជាក់បន្ថែមទៀតថា យើងជិះទូកជាមួយគ្នាត្រូវតែកែតម្រូវជាមួយគ្នា៕






លោក លឹម គានហោ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សត្រៀមប្រឡងបាក់ឌុបទូទាំងស្រុកពញាឮ ចំនួន ៤៨៩ នាក់

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកពញាឮ ចំនួន ៤៨៩ នាក់។
បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងទទួលយកនូវសំណូមពរមួយចំនួនរួចមក លោក លឹម  គានហោ ក៏បានមានប្រសាសន៍សាកសួរបន្ថែម ដើម្បីស្វែងយល់អំពីការសិក្សា ក៏ដូចជាសុខទុក្ខរបស់ក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ។ លោក លឹម គានហោ ក៏បានផ្តល់នូវឱវាទគន្លឹះមួយចំនួននៅក្នុងការរៀនសូត្រ ត្រៀមប្រឡងនាពេលខាងមុខអោយទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះ ដើម្បីជួយសម្រាលដល់ការលំបាករបស់ឪពុក-ម្តាយសិស្សដែលត្រូវទៅប្រឡងនៅឯទីរួមខេត្ត លោករដ្ឋមន្រ្តី ក៏បានធ្វើការឧបត្ថម្ភ ដល់សិស្ស លោកគ្រូ អ្នកគ្រូ និងការិ​យាល័យអប់រំស្រុកដូចខាងក្រោម ៖ ១- ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ដែលជួយបំប៉នវគ្គពិសេសដល់សិ​ស្សត្រៀមប្រឡង ចំនួន ១៦.៥០០.០០០ រៀល  ២- ឧបត្ថម្ភសិស្សត្រៀមប្រឡង ចំនួន ៤៨៩ នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៨០.០០០ រៀល ៣- ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ចូលរួម ចំនួន ២៦ នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៥០.០០០ រៀល ៤- ឧបត្ថម្ភវិទ្យាល័យក្នុងស្រុក ចំនួន ០៥ ដោយក្នុង ០១ វិទ្យាល័យ ថវិកា ចំនួន ១.០០០.០០០ រៀល ៥- ឧបត្ថម្ភការិយាល័យអប់រំស្រុក ថវិកា ចំនួន ១.០០០.០០០ រៀល និង៦- ឧបត្ថម្ភមធ្យោបាយធ្វើដំណើរ ថវិកា ចំនួន ១.២៥៥ ដុល្លារ៕







លោក សុខ ឥសាន បកស្រាយពាក្យ «សង្គ្រោះជាតិយើង»!

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានចេញមុខបកស្រាយជូនសាធារណជនឱ្យបានយល់ច្បាស់ពីពាក្យថា «សង្រ្គោះជាតិយើង» និងបានលើកឡើងថាគណបក្សប្រឆាំងនៅកម្ពុជា បាននិងកំពុងប្រើពាក្យនេះ ខុសបរិបទ និងខុសកាលៈទេសៈទាំងស្រុង។
លោក សុខ ឥសាន បានបញ្ជាក់ថា ពាក្យថាសង្គ្រោះ ឬស្រោចស្រង់ ត្រូវបានប្រើសម្រាប់តែនៅពេលណាមានអាសន្ន ទឹកដល់ច្រមុះ បើបណ្តែតបណ្តោយ គឺត្រូវស្លាប់ភ្លាម ។ ដូច្នេះ ពាក្យសង្គ្រោះ ឬស្រោចស្រង់នេះ ត្រូវប្រើនៅពេលដែលប្រទេសជាតិ និងប្រជាជនស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត មិនអាចបង្អែរបង្អង់បាន ត្រូវតែរួសរាន់ជួយជាបន្ទាន់បំផុត ទើបស្តារបាន  ដូចជានៅពេលដែលប្រទេសជាតិ និងប្រជាជនស្ថិតនៅមាត់ជ្រោះនៃគ្រោះមរណៈក្រោមរបបប៉ុល ពត បើពន្យាពេលតែមួយរយៈខ្លីនោះនឹងត្រូវសាបសូន្យអស់ជាក់ជាមិនខានឡើយ។ ហេតុនេះ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ គឺពិតជាត្រឹមត្រូវ និងស្របតាមកាលៈទេសៈ មានសំណូពរចាំបាច់ត្រូវតែរហ័សរហួនក្នុងការបង្កើត និងធ្វើសកម្មភាពជាបន្ទាន់ទើបអាចស្តារស្ថានភាពផុតពីគ្រោះមរណៈបាននៅថ្ងៃ៧មករា ១៩៧៩។  ដោយផ្អែកលើមូលដ្ឋាននេះ ទើបការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិភ្លាម ធ្វើសកម្មភាពភ្លាម មានប្រសិទ្ធភាពភ្លាម បានជ័យជំនះភ្លាម ស្រោចស្រង់សង្គ្រោះអាយុជីវិតប្រទេសជាតិ និងប្រជាជនបានទាន់ពេលវេលាភ្លាមៗយ៉ាងមានប្រ​សិទ្ធភាព ធ្វើឱ្យជាតិ និងប្រជាជនបានរស់ឡើងវិញបានទាន់ពេលវេលា សមស្របតាមសំ​ណូមពរ និងគោលបំណងរបស់ប្រជាជនទូទៅ។
លោក សុខ ឥសាន ក៏បានសម្តែងការសោកស្តាយថា ប៉ុន្តែបើក្នុងពេលប្រទេសជាតិ និងប្រជាជន បាននិងកំពុងរស់នៅយ៉ាងមានសេចក្តីសុខ សន្តិភាព ជីវភាពរស់នៅមានការវិវត្តន៍រីកចម្រើន មានការកក់ក្តៅ និងសប្បាយរីករាយមិនមានការភិតភ័យអ្វីសោះ អត់មានត្រូវការជួយសង្គ្រោះអ្វីសោះ តើចាំបាច់អ្វីប្រើពាក្យសង្គ្រោះនោះ? មិនត្រូវការសង្គ្រោះស្អីទេ បើប្រជាជនរស់នៅសម្បូរសប្បាយទៅហើយនោះ។ ដូច្នេះ ក្នុងកាលៈទេសៈសព្វថ្ងៃនេះ ដែលប្រជាជនរស់នៅដោយសុខុដុមរមនា សម្បូរសប្បាយ មានសិទ្ធិសេរីភាពបរិបូរណ៌លើគ្រប់វិស័យ ប្រជាជនកម្ពុជាមិនត្រូវការសង្គ្រោះអ្វីនោះទេ។

លោក សុខ ឥសាន ក៏បានសម្តែងយោបល់ផ្ទាល់ខ្លួនចំពោះក្រុមប្រឆាំងថា  ការប្រើពាក្យសង្គ្រោះ របស់គណបក្សប្រឆាំង គឺជាការប្រើខុសបរិបទ និងខុសកាលៈទេសៈទាំងស្រុង ប្រជាជនកម្ពុជា ពិតជាមិនត្រូវការពាក្យសង្គ្រោះជាដាច់ខាត អត់មានត្រូវការសង្គ្រោះអ្វី ពីគណបក្សប្រឆាំងនោះឡើយ៕

(សូមទស្សនាវីដេអូ) ចៅស្រីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានមេដាយមាស ពីការប្រកួតព្យាណូ នៅប្រទេសសិង្ហបុរី

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តការិយាល័យសុខាភិបាលពោធិ៍សែនជ័យ ចុះពិនិត្យសុខភាពជូនស្ត្រីដែលមានជំងឺមាត់ធំ

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ហែម ចាន់យុទ្ធី ប្រធានរិយាល័យសុខាភិបាលប្រតិបត្តិពោធិ៍សែនជ័យ រួមនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ការិយាល័យសុខាភិបាលពោធិ៍សែនជ័យ បានចុះទៅពិនិត្យសុខភាពជូន អ៊ុស្រីឈ្មោះ ចែម ប៉ុក អាយុ៥៧ឆ្នាំ នឹងប្តីឈ្មោះ ឆាន សារ៉ន អាយុ៦៧ ដែលមានជម្ងឺកំពុងស្នាក់នៅផ្ទះជួលនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំក្រសាំង
ខណ្ឌពោធិ៍សែនជ័យ។
តាមរយៈការពិនិត្យ ឃើញថាស្ថានភាពសុខភាពរបស់អ៊ុស្រី គឺធម្មតា ចំណែកឯបបូរមាត់គាត់រីកធំចាប់ពីគាត់អាយុ១០ឆ្នាំ ប៉ុន្តែគ្មានដំបៅ និងគ្មានការឈឺចាប់ទេ។
អ៊ុស្រី ចែម ប៉ុក ធ្លាប់បានទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរ៉ុស្សី) ម្ដងហើយដោយ គ្រូពេទ្យមិនអាចវះកាត់បានទេ ដោយហេតុខ្លាចវារីកធំជាងហ្នឹង។
ក្នុងឱកាសនោះដែរ លោក ហែម ចាន់យុទ្ធី បានជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល ជូនដល់អ៊ុស្រី ចែម ប៉ុក និងក្រុមគ្រួសារសំរាប់ដោះស្រាយជីវភាពផងដែរ៕






រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម​ ជំរុញឲ្យ​មន្រ្តីកាំកុងត្រូល​ទាំងអស់​ ទប់ស្កាត់​ទំនិញក្លែងក្លាយ​ ខូចគុណភាព​

ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារត្រួតពិនិត្យទំនិញ នីហ័រណ អាហរ័ណ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា បើតាមរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរណ័-អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សម្រាប់ឆមាសទី១ ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងរយៈពេលនេះទំនិញក្លែងក្លាយ ខូចគុណភាព ផុតកំណត់រយៈពេល ប្រើប្រាស់ ដែលដាក់លក់តាមផ្សារចំនួន ៩២១ផ្សារ ទូទាំងប្រទេសបានចំនួន១២,៩១៣គីឡូក្រាម ហើយយកមកកម្ទេចចោល។
ក្នុងរបាយការណ៍ បានបញ្ជាក់ថា ការចុះពិនិត្យផ្សារនៅតាមបណ្ដារាជធានី និងខេត្ត ក្នុងប្រទេសត្រូវបានផ្ដោតលើសកម្មភាពរួមមាន ធ្វើតេស្ដិ៍បឋមរកសំណល់ថ្នាំសំលាប់ សត្វល្អិត (ពិសេសលើបន្លែ និងផ្លែឈើស្រស់) ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំកសិកម្ម ពុំស្របនឹងការតម្រូវក្នុងផលិតផល និងសំណល់សារធាតុគីមី ក្នុងផលិតផលម្ហូបអាហារ (សារធាតុបន្ថែម សារធាតុគីមីហាមឃាត់ លោហធាតុពុល ព្រមទាំងយកគំរូមកវិភាគនៅមន្ទីរពិសោធន៍ផងដែរ។
លើសពីនោះ ក៏មានការត្រួតពិនិត្យអនាម័យ និងរបៀបនៃការរៀបចំដាក់តាំងលក់ផលិតផល (ម្ហូបអាហារ និងសារធាតុគីមី ថ្នាំកសិកម្ម…) ត្រួតពិនិត្យកម្រិតជាតិ អ៊ីយ៉ុងដែលមាននៅក្នុងអំបិល ត្រួតពិនិត្យសុពលភាពនៃការប្រើប្រាស់ (ថ្ងៃ-ខែ-ឆ្នាំផលិត ឫថ្ងៃ-ខែ-ឆ្នាំផុតកំណត់ប្រើប្រាស់) និងស្លាកសញ្ញាលើសសំបកវេចខ្ចប់។
លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យមន្រ្តីកាំកុងត្រូលទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការទប់ស្កាត់ ហើយយកទៅដុតកម្ទេចចោល តែត្រូវមានការចូលរួមពីព្រះរាជអាជ្ញា និងថ្នាក់ដឹកនាំខេត្តផងដែរ។

បើតាមមន្រ្តីកាំកុងត្រូល នៅខែសីហាខាងមុខ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងទទួលបានរថយន្តពិសោធន៍ចល័តមួយគ្រឿងទៀត ដើម្បីពិនិត្យសាំងនៅតាមស្ថានីយ៍ប្រេង ឥន្ទនៈផងដែរ៕