Tuesday, June 09, 2020

Video: បទវិភាគ ៖ បាតុកម្មហិង្សានៅអាមេរិក បង្ហាញពីភាពត្រឹមត្រូវ នៃចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ 2013-2014

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អបអរសាទរនិងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារអបអរសាទរនិងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី៩ ខែ មិថុនា ២០២០ នេះគឺកម្ពុជានិងមិត្តចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ «លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករដែលកំពុងវិនិយោគលើដំណាំស្វាយដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើនដែលមានស្វាយទុំជ្រុះចោលហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។ បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០លើផ្ទៃដី ២១,២៨៦ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យនិងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន។ លោកបន្តថា តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិននឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យបងប្អូនប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះអោយមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់អោយបានត្រឹមត្រូវដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) អោយបានល្អដែលអាចទទួលយកបាននៅក្រៅប្រទេស៕





ការអនុញ្ញាតឲ្យនាំចេញផ្លែស្វាយពីកម្ពុជាត្រង់ទៅចិន នឹងរួមចំណែកជួយសេដ្ឋកិច្ចកម្ពុជាដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩

លោក Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ការសហការគ្នារវាងកម្ពុជា និងចិន ដោយតម្រូវឲ្យកម្ពុជានាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងនូវជំងឺកូវីដ១៩ ឱ្យមានកំណើនប្រសើរឡើងវិញក្នុងពេលឆាប់ៗ។ ការលើកឡើងបែបនេះ របស់លោក Wang Wentain ធ្វើឡើងក្នុងពិធីសារស្តីពី «លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន» រវាងលោក Wang Wentain និងលោក វេង សាខុន រដ្ឋន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកអគ្គរដ្ឋទូតចិន បានថ្លែងថា «ពិធីថ្ងៃនេះនឹងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជា ហូរចូលទីផ្សារចិន ពិតណាស់ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ១៩ ឱ្យមានកំណើនប្រសើរឡើងវិញ ក្នុងពេលឆាប់ៗខណៈដែលវិស័យកាត់ដេរកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់»។

លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពី ក្តីសង្ឃឹមនិងជឿជាក់ថា តាមរយៈពិធីសារនេះវិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការ នឹងចាប់យកកាលានុវត្តភាពស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ហើយសង្ឃឹមថា ពិធីសារលើការនាំចេញផលិតផលកសិកម្មផ្សេងៗទៀត នឹងកើតមានឡើងជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ចំពោះឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់គិតគូរ និងឆ្លើយតបជាវិជ្ជមានទាន់ពេល នូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទីផ្សារចិន។ លោក សង្ឃឹម និងជឿជាក់ថា តាមរយៈការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់ របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរ ដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើន អនេកដែលកសិករម្ចាស់ចំការ និងអាជីវករនឹងទទួលបានពី ពិធីសារដ៏មានសារសំខាន់មួយនេះ។ វិស័យផលិកម្មស្វាយស្រស់ នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្ម ក្នុងស្រុកបានកាន់តែច្រើនផែមទៀត។

លោករដ្ឋមន្ត្រី វេង សាខុន បានអំពាវនាវ ឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញពេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាស ដែលកំពុងមានក្នុងដៃឱ្យបានជាប្រយោជន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថាកម្ពុជាមានឱកាសប្រកួតប្រជែង ប្រកបដោយកិត្តិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ៕




ចាប់ពីថ្ងៃទី១០-១៦ ខែមិថុនា នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំ​ណឹ​ងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២០។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធន​ធានទឹក បានបញ្ជាក់ថា នៅរយៈពេលនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរទៅតាមតំបន់។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

គណៈកម្មការកូវីដ១៩ ខេត្តកែប រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនិងរៀបចំទិសដៅអនុវត្តបន្ត

កែប៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការកូវីដ១៩ ខេត្តកែប បានដឹកនាំក្រុមការងារដើម្បីប្រជុំពិនិត្យមើលវឌ្ឍនភាពការងារកន្លងមក នឹងពិភាក្សាសម្រាប់រៀបចំទិសដៅបន្ត។ កិច្ចប្រជុំពិភាក្សានេះ បានអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក សរុបប៉ុន្មាន ៤0 រូប។
លោក អ៊ឹង ឆាយ បានមានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាគូវីតនៅតែមិនទាន់បាត់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងនៅឡើយ ហេតុនេះក្រុមការងារយើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងកិច្ចការពារការរីករាលដាលនៃជម្ងឺកូវីដ19 ឲ្យបានកំពស់ ជាក់ស្ដែងនៅខេត្តកែប មានអ្នកបានឆ្លងជំងឺនេះចំនួន០៤ករណីរួចមកហើយ ប៉ុន្តែករណីទាំងបួននេះសុទ្ធតែឆ្លងពីក្រៅប្រទេសទាំងអស់ មិនមែនឆ្លងនៅក្នុងសហគមន៍ឡើយ។
ទោះជាយ៉ាងនេះក្តី ក្រុមការងាររបស់យើង ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ទៅលើប្រជាជនដែលចំណូលស្រុក ក្នុងស្រុក និងមកពីក្រៅប្រទេស ត្រូវតែចុះអប់រំ ផ្សព្វផ្សាយ និងណែនាំអប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យរក្សាអនាម័យ លាងដៃនិងសាប៊ូ ប្រើម៉ាស់ ទឹកអាកុល ពិសេសរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោក ក៏បានបន្ថែមទៀតថា អជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ត្រូវតែក្តាប់អោយបាន និងរាយការណ៍ជាបន្ទាន់នូវរាល់ហេតុការណ៍ផ្សេងៗ និងប្រជាជនចំណូលស្រុកមកពីក្នុងឬក្រៅប្រទេស ដើម្បីក្រុមការងារមានវិធានការបន្តដើម្បីកុំអោយមានការីករាលដាលនៃជម្ងឺកូវីដ១៩ ចូលដល់សហគមន៍របស់យើង៕


ទឹកធ្លាក់អូរជាំសណ្ដោងទេសភាពធម្មជាតិដ៏ស្រស់ស្អាត អណ្ដែតប៉ះចិត្តអ្នកទេសចរណ៍មកទស្សនាច្រើន

បាត់ដំបង៖ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាជង្រុកវប្បធម៌បេតិកភណ្ឌដ៏សំខាន់មួយរបស់កម្ពុជា។ ប្រាសាទបុរាណ វត្តអារាម សំណង់ស្ថាបត្យកម្មសម័យអាណានិគម គិរីបព៌តល្បីៗជាច្រើននៅខេត្តនេះ បានផ្ដល់នូវសក្ដានុ​ពលយ៉ាងច្រើនដល់វិស័យទេសចរណ៍។ ម្យ៉ាងវិញទៀត ទឹកដីធម្មជាតិបៃតងនាភាគខាងលិចមួយនេះ ក៏សម្បូរទៅដោយសហគមន៍អេកូទេសចរណ៍ដ៏សម្បូរបែបផងដែរ ក្នុងនោះក៏មានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ដែលកំពុងចូលរួមទាក់ទាញអន្ទងចិត្តរបស់ភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំនេះ មានទីតាំងស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមន្ទីរទេសចរណ៍ខេត្តនេះ។
ស្ថិតតាមជ្រលងភ្នំតូចធំដេរដាសក្នុងតំបន់ការពារធនធានធម្មជាតិ ទឹកធ្លាក់អូរជាំបានបង្កប់ខ្លួនសណ្ដូកកាយក្រោមម្លប់ព្រឹក្សា បង្កើតរឿងព្រេងដិតជាប់អនុស្សាវរីយ៍។ ហូរធ្លាក់ពីនាយកំពូលបុព្វតា ទឹកធ្លាក់ដ៏វែងអន្លាយនេះបានផ្ដល់នូវទេសភាពត្រជាក់ភ្នែកនែបនិត្យក្បែរវិមានរុក្ខគិរីបៃតងដ៏ស្រស់ត្រកាល។ នេះហើយជាសមិទ្ធផលធនធានធានធម្មជាតិ ដែលប្រជាសហគមន៍ខិតខំការពារអភិរក្សកន្លងមក។
ដើរសសៀតាមជ្រលងសិលាពីផ្នែកខាងក្រោមដល់ផ្នែកខាងលើ ភ្ញៀវទេសចរនឹងបានគយគន់បុប្ផាផ្កាព្រៃរីកស្រស់បំព្រងល្អគាប់ភ្នែក ក្រអូបឈ្ងុយឈ្ងប់ពេញឃានិន្ទ្រិយារម្មណ៍។ ជញ្ជាំងថ្មធំៗបញ្ឈរអមសងខាងអូរ រឹតតែធ្វើឱ្យភ្ញៀវដាក់ការសង្ស័យថា ទឹកធ្លាក់អូរជាំនេះហាក់ដូចមានគេចាំងថ្មកែច្នៃ ឬយកទៅធ្វើអ្វីមួយកាលពីសម័យមុន។ តែមិនដូច្នោះទេ ថ្វីដ្បិតជំរុំសហគមន៍នៅតំបន់នេះ គឺកើតឡើងពីធម្មជាតិសុទ្ធសាធ គ្មានកម្លាំងណាមកចាំងកែច្នៃថ្មទាំងមូលនោះឡើយ។
លោតលេងសប្បាយប្រឡែងនឹងទឹកធ្លាក់ដ៏សែនត្រជាក់ដិតជាប់ឱរា ភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាក់ជាមិនខាន។ ឡើងទៅផ្នែកខាងលើបន្តទៀត ភ្ញៀវទេសចរនឹងបានឃើញនូវអ្វីដែលគេហៅថា «វិមានទេសចរណ៍ធម្មជាតិដ៏សែនរមណីយ» ស្ថិតនៅពិតៗលើផែនពសុធា។ ទឹកធ្លាក់អូរជាំពិតជាមានផលិតផលអេកូទេសចរណ៍ដ៏ច្រើនសម្បូរបែប ហើយមិនខកបំណងទេនៅពេលដែលអ្នកមកទស្សនានៅកន្លែងនេះ។
បើតាមលោក គឹម សុង ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ បានឱ្យដឹងថា នៅឆ្នាំ២០០៨ ប្រជាពលរដ្ឋនៅឃុំកំពង់ល្ពៅបានបង្កើតជាសហគមន៍ការពារព្រៃឈើមួយ ក្រោមចំណុះក្រសួងបរិស្ថាន។ ដោយមើលឃើញពីសក្ដានុពលអេកូទេសចរណ៍នៅក្នុងតំបន់ និងទទួលបានការជួយជ្រោមជ្រែងពីក្រសួង និងមន្ទីរទេសចរណ៍ខេត្តផងនោះ ទើបនៅឆ្នាំ២០១៦ សហគមន៍ក៏បានបញ្ចូលបន្ថែមនូវសេវាកម្មទេសចរណ៍រហូតដល់ពេលបច្ចុប្បន្ន។
លោក គឹម សុង បានបន្តថា ក្រៅពីទស្សនាទឹកធ្លាក់នៅក្នុងព្រៃសហគមន៍ ភ្ញៀវទេសចរក៏អាចដើរទស្សនាក្នុងព្រៃ ឬបោះតង់កម្សាន្តនៅពេលរាត្រីបានដែរ ដោយសហគមន៍នឹងមានទទួលរៀបចំបានគ្រប់ពេល។ ក្រៅពីនេះ ភ្ញៀវទេសចរអាចដើរទស្សនាចម្ការដំណាំ និងភ្លក្សផ្លែឈើរបស់ប្រជាពលរដ្ឋ ហើយមានសេវាកម្មផ្ទះស្នាក់ និងសេវាកម្មម្ហូបអាហារផងដែរ៕




បទវិភាគ ៖ បាតុកម្មហិង្សានៅអាមេរិក បង្ហាញពីភាពត្រឹមត្រូវ នៃចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ 2013-2014

ពិភពលោកមួយរយៈចុងក្រោយនេះ ក្រៅពីមានការព្រួយបារម្ភ និងចាត់វិធានការណ៍នាៗ ដើម្បីការពារជំងឺកូវីដ-19 គឺមានព្រឹត្តិការណ៍ថ្មីមួយបានកើតឡើងនៅសហរដ្ឋអាមេរិកដែលអូសបន្លាយចាប់ពីថ្ងៃទី២៥ ឧសភា 2020 មក កើតចេញពីការតវ៉ាមិនសុខចិត្តពីក្រុមជនជាតិអាមេរិកស្បែកខ្មៅដែលលើកឡើងពីការរើសអើងជាតិសាសន៍រវាងជនជាតិអាមេរិកស្បែកស និងស្បែកខ្មៅ នៅក្រោយពេលដែលប៉ូលីសអាមេរិកស្បែកស៤នាក់ ចាប់បុរសជនជាតិស្បែកខ្មៅ George Floyd ដាក់ខ្នោះ ហើយផ្តួលទៅដី ដោយមានប៉ូលីសម្នាក់សង្កត់ក និង៣នាក់ទៀតសង្កត់ខ្នងរយៈពេលប្រមាណ៨នាទីរហូតបុសម្នាក់នោះដាច់ខ្យល់ស្លាប់ ។
បាតុកម្មក៏ចាប់ផ្តើមផ្ទះឡើង នៅពេលដែលគ្រួសារ សព មិនទទួលបានយុត្តិធម៌ ហើយវីដេអូនៃការស្លាប់របស់ George Floyd ត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតលើប្រព័ន្ធផ្សព្វផ្សាយ។ ប្រតិកម្មទៅលើភាពអយុត្តិធម៌នេះមិនមែនកើតមានតែនៅសហរដ្ឋអាមេរិកទេ សូម្បីតែប្រជាពលរដ្ឋនៅបណ្តាប្រទេសអ៉ឺរ៉ុបមួយចំនួនក៏ងើបឡើងបង្ហាញពីការមិនសុខចិត្តដែរ។
បាតុកម្មនៅអាមេរិកកាន់តែធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ភាពចលាចល និងភាពអនាធិបតេយ្យកើតឡើងជាបន្តបន្ទាប់រហូតស្ថានការណ៍កាន់តែអាក្រក់ ហើយរដ្ឋាភិបាលលោក Donald Trump មិនអាចគ្រប់គ្រងស្ថានការណ៍បានរហូតចេញវិធានការណ៍បង្ក្រាបគ្រប់រូបភាព។ ប្រធានាធិបតីអាមេរិកបានចេញមុខមកប្រកាស ដោយបានចេញបញ្ជាឲ្យ អភិបាលបណ្តារដ្ឋទាំងអស់ចាត់វិធានការក្តៅ ផ្តើមចេញពីការប្រើកម្លាំងឆ្មាំសន្តិសុខ ហើយបើនៅតែមិនអាចគ្រប់គ្រងស្ថានការណ៏បានទៀត គឺត្រូវប្រើកម្លាំងយោធារបស់រដ្ឋសហព័ន្ធទៅបង្ក្រាប ក៏មានដែរការប្រើប្រាស់ឆ្កែកាច និងការប្រើប្រាស់អាវុធទំនើបៗ។
ទោះបីជាមានការចាត់វិធានការក្តៅក៏ដោយ តែសកម្មភាពបាតុកម្មមិនបានធូស្រាលទេ។ គេក៏សង្កេតឃើញដែរ ការបើករថយន្តបុកបំបែកហ្វូងបាតុករ ការចាប់បាតុករចង់ផ្តួលផ្កាប់មុខទៅនឹងថ្នល់រាប់រយនាក់ ការវាយ ទាត់ ធាក់ បែកឈាម យ៉ាងឃោរឃៅពីកងកម្លាំងរបស់អាមេរិកទៅលើហ្វូងបាតុករ។
ទោះជាយ៉ាងណា ប្រធានាធិបតីនៃប្រទេសបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ លោក Donald Trump មិនបានចាត់ទុកការបង្ក្រាបទាំងនោះជាការរំលោភសិទ្ធិបញ្ចេញមតិ រឺរំលោភសិទ្ធិមនុស្សទេ តែជាការរក្សាសណ្តាប់ធ្នាប់ ហើយក៏ជាការអនុវត្តច្បាប់ដើម្បីរក្សាសេចក្តីសុខ សន្តិភាពឲ្យប្រជាជនអាមេរិកទាំងមូល។
អ្វីដែលបានកើតឡើងនៅសហរដ្ឋអាមេរិក ក៏ជាទឡ្ហីករណ៍យ៉ាងរឹងមាំបញ្ជាក់ថា នៅកម្ពុជាកាលពីឆ្នាំ2013-2014 ការចាត់វិធានការណ៍ច្បាប់ទៅលើក្រុមជ្រុលនិយមប្រមូលកម្លាំងប្រជាពលរដ្ឋមួយចំនួនធ្វើរដ្ឋប្រហារផ្លាស់ប្តូរបប និងមេដឹកនាំស្របច្បាប់ កើតចេញពីឆន្ទៈពលរដ្ឋភាគច្រើនលើសលប់នោះ គឺជារឿងត្រឹមត្រូវបំផុត។ ដូចទៅនឹងអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែរំលឹកម្តងហើយម្តងទៀត ដាច់ខាតទោះក្នុងតម្លៃណាក៏ដោយត្រូវរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុមក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។
តាមរយៈបាតុកម្មនៅសហរដ្ឋអាមេរិក ក៏បានបង្ហាញឲ្យឃើញពីស្តង់ដារ២របស់អង្គការសិទ្ធិមនុ្សមួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយខ្លះ មិនបានរិះគន់ រឺថ្កោលទោសសហរដ្ឋអាមេរិកទាល់តែសោះ មិនថាការស្លាប់ដ៏អយុត្តិធម៌របស់ George Floyd និងការបង្ក្រាបយ៉ាងឃោរឃៅទៅលើហ្វូងបាតុករនៅសហរដ្ឋអាមេរិក តែពួកគេទាំងនោះបាន ថ្កោលទោស រិះគន់ និងផ្សព្វផ្សាយ ដដែលជាដដែលថាកម្ពុជារំលោភសិទ្ធិមនុស្ស ផ្តាច់ការអីជាដើម.ល.. ទាំងដែលចំណាត់ការរបស់ប្រមុខដឹកនាំកម្ពុជាមិនឃោរឃៅ ដូចនៅសហរដ្ឋអាមេរិកផងនោះ។
អ្វីដែលបានលើកឡើងខាងលើ គឺចង់បង្ហាញឲ្យឃើញពីភាពត្រឹមត្រូវនៃការចាត់វិធានការណ៍ច្បាប់ទៅលើជនទាំងឡាយណាដែលមានចេតនា បង្ករប្រទូសរ៉ាយ បង្កើតភាពចលាចល អនាធិបតេយ្យ មិនថាតែនៅកម្ពុជាជាប្រទេសតូចនោះទេ តែនៅបណ្តាប្រទេសអាស៉ី អ៉ឺរ៉ុប ជាពិសេសប្រទេសបិតាប្រជាធិបតេយ្យ ក៏អនុវត្តដូចគ្នាដែរ ហើយតឹងរឹងលើសបណ្តាប្រទេសផ្សេងៗផង។ ហើយក៏សូមផ្តាំទៅបណ្តាអង្គការសិទ្ធិមនុស្សមួយចំនួន និងអ្នកវិភាគសង្គមបែបជ្រុលនិយម បូករួមទាំងប្រព័ន្ធផ្សព្វផ្សាយខ្លះដែលទ្រពងបរទេស មុននឹងចាប់ផ្តើមសរសេរ រិះគន់ រឺថ្កោលទោស សូមបើកភ្នែកមើលឥរិយាបថរបស់ ប្រទេសបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផង។
អត្ថបទដោយ ៖ សេនាជំនិត





ទស្សនៈមិត្តអ្នកអាន៖ ផែនការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចរបស់ក្រុមឧទ្ទាមត្រូវទទួលបរាជ័យសារជាថ្មី

ដើម្បី​តែមហិច្ឆិតាអំណាច​ផ្ទាល់​ខ្លួន​ មេឧទ្ទាម​ក្រៅ​ច្បាប់​ដែល​កំពុង​រត់​គេច​ខ្លួន​នៅក្រៅប្រទេស​ នៅ​តែ​បន្ត​ន​យោបាយ​សាច់​កម្ម​ និង​ឈឺ​សាច់​ដល់​សកម្មជនរបស់​ខ្លួន​​ដែល​នៅក្នុង​ស្រុក​ដដែល​។ ទោះបី​ជា​​ខ្លួន​ឯង​មិន​ហ៊ាន​អើត​ក្បាល​មក​ប្រឈម​ផ្លូវ​ច្បាប់នៅក្នុង​ប្រទេស​​ក្តី​ ជន​ល្មោភ​អំណាចម្នាក់​នេះ​នៅតែ​ចិញ្ចឹម​ចិត្ត​​ធ្វើ​​យ៉ាង​​ណា​​មិន​ឱ្យ​ខ្មែរ​បាន​​សុខ​​ឡើយ​​​ដើម្បី​គោល​ដៅ​អំណាច​របស់​ខ្លួន​។ ក្រោយ​ពីអស់​លទ្ធភាព​ក្នុង​ការ​ស្នើ​សុំ​ជំនួយ​ពី​ចៅហ្វាយ​បរទេស​ឱ្យ​ដាក់​សំពាធតាម​រយៈ​ច្បាប់​នេះ​ ឬច្បាប់​នោះ​មក​លើ​ប្រជាជន​ខ្លួន​ឯង​​ហើយ​មិន​បាន​ទទួល​លទ្ធផល​អ្វី​នោះ​ មេឧទ្ទាម​ក្រៅច្បាប់​បាន​ប្តូរ​វិធី​ពី​ការ​សុំ​ជំនួយ​សំពាធ​ពីបរទេស​មក​ជា​វិធី​ញុះញង់​ បំផុស​បំផុល​ឱ្យ​ប្រជាពលរដ្ឋ​ងើប​បះបោរ​លើ​បញ្ហា​វិច្ឆេទកម្ម​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​កើត​ឡើង​ពីការ​បោះ​ឆ្នោត​វិញ​ម្តង​។​
គោល​​ដៅ​របស់​មេឧទ្ទាម​នេះ ​គឺ​សំដៅ​សំលាប់ជីវិត​​ប្រជាពលរដ្ឋ​ខ្មែរនៅ​ទូទាំង​ប្រទេស​​ទៅវិញ​ទេ​ នៅ​ពេល​​ដែ​ល​ស្ថាប័ន​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​មិន​ដំណើរ​ការ​គឺ​មិន​មែន​មាន​ផល​វិបាក​តែ​ប្រទេ​ស​​ជាតិ​នោះ​ទេ​។ ជាក់​ស្តែង​ នៅក្នុង​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​ដែល​គ្មាន​ការ​ចរាចរ​ក្រដាសប្រាក់​ គ្មាន​ធនាគារ​ គ្មាន​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ​ ពេល​នោះ​គឺ​គ្មាន​ទី​ផ្សារ​ដោះដូរផលិតផល​​ ប្រជា​ជន​​បាន​​ស្ថិត​​ក្នុង​ភាព​​អត់​​ឃ្លាន​​រស់​យ៉ាង​​វេទនា​ ដូច្នេះ​ហើយ​ទើប​មេឧទ្ទាម​ក្រៅ​ច្បាប់ ​បាន​ខិត​ខំ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​វិច្ឆេទ​កម្ម​​សេដ្ឋ​កិច្ច​ តាម​គំ​និត​ដ៏​ឆ្កួត​លីលា​របស់​ខ្លួន​បែប​នេះ​​​។​​ ជាផលវិបាកមក​វិញ​​ ប្រជាពលរដ្ឋមួយចំនួន​តូច​​ជាពិសេស​អតីត​សកម្មជន​បក្ស​ប្រឆាំងនៅក្នុង​ប្រទេស​​ ដែលបាន​​​ចាញ់​​​ឧបាយកល​មេឧទ្ទាម​ត្រូវ​​ជាប់​​គុគ​​​ ជាប់​ច្រវ៉ាក់​ នៅ​ពេល​ដែល​ពួក​គេ​អនុវត្ត​តាម​ផែន​ការ​របស់​មេឧទ្ទាម​គំរក់​នេះ​។​
បច្ចុប្បន្ន​ ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ពិភព​លោក​ទាំង​មូល​​រួម​​និង​ប្រទេស​កម្ពុជា​ផង ​កំពុង​ទទួល​រង​នូវ​ផល​​ប៉ះ​ពាល់​ដោយ​សារ​កា​រ​ឆ្លង​រីករាលដាលនៃជំងឺកូវីដ១៩ វិបត្តិ​នៃ​វិស័យ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​គឺ​ពិត​ជា​បានជះឥទ្ធិពលយ៉ាងអាក្រក់​មក​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជាយ៉ាង​ពិត​ប្រាកដ​។ ប៉ុន្តែ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជាជំហ៊ាន​ៗ​ ដោយ​​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​បន្ត​បន្ទាប់​ គ្រប់​ជ្រុង​ជ្រោយ​ ដោយប្រយ័ត្នប្រយែងទៅតាមដំណាក់កាលច្បាស់លាស់បំផុត ដើម្បី​រក្សា​ស្ថេរភាព​ម៉ា​ក្រូសេ​ដ្ឋកិច្ច​ជាតិ​ និង​បាន​រៀបចំ​ដាក់​ចេញ​នូវ​ផែនការ​ជា​កញ្ចប់​ក្នុង​ការ​ស្តារ​សេដ្ឋ​កិច្ច​​ទាំង​​ក្នុង​ពេល​កំពុង​ជួប​វិបត្តិ​កូវី​ដ១៩​ និង​ជា​មួយ​ទស្សនៈ​វិស័​យ​ក្រោយ​ពេល​អស់​មាន​វិបត្តិ​កូវីដ១៩​។​ ទន្ទឹម​នឹង​នេះ​ ប្រជាពលរដ្ឋ​ទូទៅ​ក៏​ត្រូវ​ចូល​រួម​តស៊ូ​លំបាក​ទាំង​អស់​គ្នា​ជាមួយបញ្ហា​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​នេះ​ផង​ដែរទើ​ប​យើង​អាច​ឆ្លង​ផុត​នៅក្នុង​ដំណាក់​កាល​ដ៏​លំបាក​នេះ​។​ ​
ផ្ទុយ​ទៅ​វិញ​ មេឧទ្ទាម​ក្រៅ​ច្បាប់​បែរ​ជា​បន្ត​ឆ្លៀត​ឱកាស​នេះ​ប្រើប្រាស់​នូវ​ឧបាយកល​ខ្មៅ​កខ្វក់​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​​ក្នុង​ផែន​ការ​ធ្វើ​វិច្ឆេទ​កម្ម​សេដ្ឋកិ​ច្ច​លើ​វិស័យ​ធនា​គារ​ និង​មីក្រូ​ហិ​រញ្ញវត្ថុ​​ក្នុង​រឿង​បំណុល​​ឥណទាន​​របស់​ប្រជាជន​មួយ​ចំនួន​ទៅ​វិញ​។ ទង្វើ​នេះ គឺ​ពិត​ជា​ចេតនា​ទុច្ចរិត​ដ៏​អាក្រក់​បំផុត​ ដើម្បី​បង្ករ​ឲ្យ​មាន​ការ​ដួល​រលំ​លើ​វិស័យ​សេ​​ដ្ឋកិច្ច​​ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​​ ដែល​គោលដៅ​នេះ​គឺ​ ដូច​គ្នា​ទៅ​នឹង​ផែន​ការ​​ថ្ងៃ​៩​វិច្ឆិកា​ ឆ្នាំ​២០​១៩​កន្លង​ទៅ​ដើម្បី​ផ្តួ​ល​រំ​លំរាជ​រ​ដ្ឋាភិបាល​​។
ទោះជាយ៉ាង​ណា​ មហិច្ឆិតា​ផ្លាស់​ប្តូរ​ និង​ផ្តួល​​រំលំ​​របស់​មេឧទ្ទាម​ក្រៅ​ច្បាប់​ ដែល​កំពុង​រត់​ចោល​ស្រុក​​នេះ​នឹង​គ្មាន​ទទួល​បាន​​លទ្ធផល​នោះ​ឡើយ​ ដោយ​ហេតុ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​តែ​រស់​នៅ​ក្នុង​សុខ​សន្តិភាព​ ទោះ​បី​ជា​ពេល​នេះ​យើង​កំពុង​ជួប​នូវ​ការ​លំបាក​បន្តិច​ក៏ពិត​មែន​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​កម្ពុជា​​ទាំង​អស់​​មិន​ចង់​ជួប​ប្រទះ​នូវ​វិបត្តិ​សង្គម​ ឬ​សង្គ្រាម​ ឬ​ការ​ងើប​បះបោរ​ ឬកុប្បកម្មតវ៉ា​​ជ្រួល​ច្របល់​ដូច​ករណី​ដែល​កំពុង​កើត​មាន​នៅសហរដ្ឋ​អាមេរិក​រាល់​ថ្ងៃ​នោះ​ទេ​។ យើង​សុខ​ចិត្ត​ទ្រាំ​លំបាក​មួយ​រយៈ​ពេល​​ខ្លី​ ប៉ុន្តែ​នៅពេល​ដែល​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​បាន​ឆ្លង​ផុត​ យើង​នឹង​អាច​កសាង​សេដ្ឋកិច្ច​ជាតិ​យើង​ឱ្យ​មាន​ដំណើរ​​ការ​វិវត្តកាន់​តែ​រីក​ចំរើន​ជាង​មុន​​។ ប្រជាពលរដ្ឋ​កម្ពុជា​ពិត​ជាបាន​ដឹង​យ៉ាង​ច្បាស់​ថា​ មេ​ឧទ្ទាម​​ដែល​​កំពុង​​រត់​​គេចខ្លួន​​ និង​​​ក្រុមអ្នក​​នយោ​បាយ​ជ្រុល​និយមទាំង​នោះ​​​គឺ​ជា​ក្រុម​ដែល​មាន​ចិត្ត​ជា​ទេ​វទត្ត​មាត់ជាទេ​វតា ជា​​ក្រុម​​អ្នក​​នយោបាយ​​ដែល​​មាន​វប្បធម៌​​ក្បា​ល​​មិន​ជាប់មេឃ ជើង​​មិន​ជាប់​ដី​​ តែង​ប្រើ​តែ​នយោបា​យ​ឈឺ​សាច់​ សាប​ព្រួស​ទុក្ខ​ទោស​ចំពោះ​ប្រជាពលរដ្ឋ​ ជាពិសេស​ចំពោះ​សកម្មជន​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​គ្មានស្រាកស្រាន្តដើម្បី​តែមហិច្ឆិតាអំណាចបុគ្គល និងក្រុមខ្លួនតែប៉ុណ្ណោះ។​
ជារួម​ ផែន​ការ​ធ្វើ​វិច្ឆេទ​កម្ម​សេដ្ឋកិ​ច្ច​លើ​វិស័យ​ធនា​គារ​ និង​មីក្រូ​ហិ​រញ្ញវត្ថុចង់​ឱ្យ​វិស័យ​ធនា​គារ​នៅ​កម្ពុជា​ដួល​រលំ​ទាំងអស់​​​​​របស់​មេឧទ្ទាម​ក្រៅច្បាប់ ​ដែល​កំពុង​រត់​គេច​ខ្លួន​ឯក្រៅប្រទេស​នោះ​ នឹង​ត្រូវ​ទទួល​បរាជ័យ​ជាថ្មី​ទៀត​ ពី​ព្រោះ​ផែន​ការ​នោះ​ត្រូវ​បាន​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​បាន​ដឹង​មុន​រួច​ជា​ស្រេច​​ហើយ​ ហើយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏បាន​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់ដោយ​មិនលើក​លែង​​ចំពោះ​ជនណា​ដែល​បំរើ​​ឱ្យ​យុទ្ធនាការធ្វើ​វិច្ឆេទកម្មសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​មេឧទ្ទាម​ក្រៅច្បាប់​ដែល​ចង់​ឲ្យ​វិស័យ​ធនាគារ​​ទាំង​អស់​នៅ​កម្ពុជា​ដួល​រលំ​នេះ​​ផង​​ដែរ​​​​៕​
 ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់​នៅ​ខេត្ត​សៀម​រាប)​