សៀមរាប៖ ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា៖ ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភ ជាថវិកាសម្រាប់ការជួសជុលវត្តរាជបូណ៌ដំណាក់កាលទី៣នេះ គឺដើម្បីរួមចំណែកថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញ។
បច្ចុប្បន្ន វត្តមួយនេះអាចចាត់ទុកជាបូជនីយដ្ឋានផង និងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាបផង។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្កព្រះ សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាវត្ថុគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។
ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរក្នុងវិស័យព្រះពុទ្ធសាសនានេះឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងអភិរក្ស និងជួសជុលព្រះវិហារវត្តរាជបូណ៌ដំណាក់កាលទី៣ដែលជាដំណាក់កាលជួសជុលបញ្ចប់ក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែ ឧសភា ហើយគ្រោងនឹងបញ្ចប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខ ។
ការជួសជុលដំណាក់កាលទី៣នេះ គឺផ្តោតលើការជួសជុលជញ្ជាំង ក្បាច់ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ ព្រមទាំងពង្រឹងរចនា បថសំណង់ រូបចម្លាក់ ដែលចាស់ទ្រុឌទ្រោមឱ្យបានរឹងមាំឡើងវិញតាមបច្ចេកទេសនិងសម្ភារទំនើប ប៉ុន្តែប្រើប្រាស់វត្ថុធាតុដើមបុរាណដដែល។
កាលពីឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាធ្លាប់បានសហការជាមួយអ្នកជំនាញអ៊ីតាលីជួសជុលព្រះវិហារវត្តរាជបូណ៌ដំណាក់កាលទី១ម្ដងមកហើយ ដោយកាលណោះ ការជួសជុលបានសម្អាតសន្លឹកបង្អួច សន្លឹកទ្វារ ពុទ្ធបដិមាធំក្នុងព្រះវិហារ និងពុទ្ធបដិមាតូចៗមួយចំនួន បល្ល័ង្កព្រះ គំនូរ រចនាសម្ពន្ធ សសរ ដែលរងនូវការខូចខាត ប្រេះស្រាំ រលុប បាត់បង់ភាពដើមដោយសារផ្សែងភ្លើងរុំ ធូលីដី បរិយាកាស អាយុកាល ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់ជាដើម។ កាលពីឆ្នាំ២០១៩ វត្តរាជបូណ៌ក៏ទទួលបានការជួសជុលដំណាក់កាលទី២ ដោយបានជួលជុលដំបូលព្រះវិហារ គ្រឿងបង្គុំដំបូលដើម្បីរក្សាលំនឹង ការសម្លាប់មេរោគ និងសត្វល្អិតកុំឱ្យស៊ីសាច់ឈើ ជួសជុល សម្អាតហោជាងដែលមានចម្លាក់ក្បាច់ និងគ្រឿងលម្អដំបូលទាំងអស់ឡើងវិញទាំងស្រុង៕
Wednesday, June 03, 2020
ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ
ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ
ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០
ក្រសួងសុខាភិបាលត្រៀមវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សម្រាប់ពិនិត្យសុខ ភាពអ្នកដំណើរពីចិន និងកូរ៉េ
រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកស្រី យក់ សម្បត្ដិ បានថ្លែងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ អ្នកដំណើរមកពីក្រៅប្រទេសត្រឡប់ចូលមកកម្ពុជា មានចំនួន៦ជើងហោះហើរ ពីកូរ៉េ និងចិន តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។ លោកស្រី យក់ សម្បត្ដិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ទៀតថា «មន្ដ្រីក្រុម ការងារអន្ដរក្រសួង បានធ្វើការងារជាមួយសាលារាជធានីភ្នំពេញទៅពិនិត្យទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន កាលពីម្សិលមិញរួចហើយ ដើម្បីត្រៀមរៀបចំទទួលអ្នកដំណើរមកពីបណ្ដាប្រទេសនានា ក្នុងនោះ ក៏មានពលករខ្មែរធ្វើការនៅកូរ៉េផងដែរ ក្នុងចំណោម៦ជើង ហោះហើរនៅថ្ងៃនេះ»។
លោកស្រី បានថ្លែងបញ្ជាក់ថា «កន្លងមកនៅរាជធានីភ្នំពេញ យើងមានកន្លែងត្រួតពិនិត្យសុខភាព នៅក្នុងទ័ពអាកាស ជាប់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលមានចំនួន១០០គ្រែ និងមណ្ឌលសុខភាពនៅចាក់ អង្រែក្រោមចំនួន១០០គ្រែ ហើយសម្រាប់វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មានចំនួន២០០គ្រែ ដូចនេះយើងមានចំនួន៤០០គ្រែ សម្រាប់ទទួលអ្នកដំណើរ ដែលត្រូវមកពិនិត្យសុខភាព»។
លើសពីនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ក្នុងនោះអ្នកដំណើរជាជនជាតិខ្មែរ មិនតម្រូវឱ្យមានការបង់ប្រាក់ទេ ដោយឡែកជនបរទេស តម្រូវឱ្យគាត់បង់ថ្លៃស្នាក់នៅ និងចំណាយផ្សេងៗពេលបញ្ជូនពួកគាត់ឱ្យស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារ»។
តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិ ការក្រសួងសុខាភិបាល បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួងបានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេសមកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ មកគិតត្រឹមថ្ងៃទី០១ ខែមិថុនានេះ អ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជា ប្រមាណជាង២,០០០ នាក់ហើយ៕
សូមទស្សនាវីដេអូអប់រំ! ហេតុអ្វីយើងចាំបាច់ត្រូវពាក់ម៉ាស់?
សូមអញ្ជេីញទស្សនាវីដេអូឃ្លីបសម្រាប់សារអប់រំ ស្តីពី ការប្រេីម៉ាស់អោយបានត្រឹមត្រូវ
បទអត្ថាធិប្បាយ៖ មេដឹកនាំក្រុមប្រឆាំងក្រៅប្រទេសដាក់ផែនការវិច្ឆេទកម្មសេដ្ឋកិច្ចដើម្បីផ្តួលរំលំរដ្ឋាភិបាល!
ខណៈពេលដែលពិភពលោកស្ទើរតែទាំងមូលនិយាយជារួម និងកម្ពុជានិយាយដោយឡែក កំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ធ្ងន់ធ្ងរបំផុតមកលើទិដ្ឋភាពសេដ្ឋកិច្ច សង្គមកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់បំផុត ដោយបានដាក់ចេញនូវវិធានជាបន្តបន្ទាប់គ្រប់ជ្រុងជ្រោយដោយប្រយ័ត្នប្រយែងទៅតាមដំណាក់កាលច្បាស់លាស់បំផុតដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងបានរៀបចំដាក់ចេញផែនការជាកញ្ចប់ក្នុងការស្តារសេដ្ឋកិច្ចទាំងក្នុងពេលកំពុងជួបវិបត្តិកូវីដ១៩ និងជាមួយទស្សនៈវិស័យក្រោយវិបត្តិកូវីដ១៩។
ផ្ទុយទៅវិញ មេដឹកនាំក្រុមប្រឆាំងក្រៅប្រទេស បានដាក់ឲ្យសកម្មជនរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសអនុវត្តផែនការវិច្ឆេទកម្មសេដ្ឋកិច្ចក្នុងទិសដៅបង្កើតឲ្យមានអស្ថេរភាពសង្គម ញុះញង់ និងបំផុសបំផុលឲ្យប្រជាជនមួយចំនួនដែលជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងប្រទេសឲ្យងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ហើយប្រឆាំងនឹងកាតព្វកិច្ចសងបំណុលរបស់ខ្លួនជាមួយនឹងបណ្តាមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងនោះ។ និន្នាការ ឬសេណារីយោថ្មីរបស់មេដឹកនាំក្រុមប្រឆាំងបែបនេះ គឺពិតជាចេតនាទុច្ចរិតដ៏អាក្រក់បំផុត ដើម្បីបង្ករឲ្យមានការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចកម្ពុជាទាំងស្រុងក្នុងគោលដៅអនុវត្តស្រដៀងគ្នាទៅនឹងផែនការ ៩វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ក្នុងទិសដៅផ្តួលរំលំរដ្ឋាភិបាលកម្ពុជាយ៉ាងប្រាកដ។ តើអ្វីទៅជាវិច្ឆេទកម្មសេដ្ឋកិច្ច? តើមានមូលហេតុអ្វី ដែលមេដឹកនាំក្រុមប្រឆាំងប្រើប្រាស់ឧបាយកលវិចេ្ឆទកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាល? តើការអំពាវនាវ និងបំផុសរបស់មេដឹកនាំក្រុមប្រឆាំងឲ្យប្រជាជនមួយចំនួនដែលជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុមិនបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ជាចេតនារុញច្រានឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដួលរលំឬទេ? តើនេះពិតជាអំពើវិច្ឆេទកម្មសេដ្ឋកិច្ចឬទេ?
មេដឹកនាំក្រុមប្រឆាំងផ្កាប់មុខមួយនេះ ដែលស្ទើរតែបាត់ឈ្មោះក្នុងពិភពនយោបាយអាត្មានិយមរត់ចោលស្រុក បានប្រឹងទាំងគ្មានសង្ឃឹម ព្យាយាមយកឈ្នះលើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងគ្រប់សមរភូមិចាញ់ មិនដែលឈ្នះ បន្តឆ្លៀតប្រើប្រាស់ឧបាយកលខ្មៅក្រខ្វក់បំផុតរបស់ខ្លួនជាថ្មីម្តងទៀត ក្នុងផែនការវិច្ឆេទកម្មសេដ្ឋកិច្ចលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងរឿងការខ្ចីបុលរបស់ប្រជាជនមួយចំនួន។ តើការអំពាវនាវ និងបំផុសរបស់មេដឹកនាំក្រុមប្រឆាំងឲ្យប្រជាជនមួយចំនួនដែលជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុមិនបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ជាចេតនារុញច្រានឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដួលរលំឬទេ? តើនេះពិតជាអំពើវិច្ឆេទកម្មសេដ្ឋកិច្ចឬទេ?
ជាការពិត បន្ទាប់ពីការបរាជ័យយ៉ាងអាម៉ាស់បំផុតក្នុងផែនការ ៩វិច្ឆិកា ឆ្នាំ២០១៩ មេដឹកនាំប្រឆាំង បាននិងកំពុងបន្តប្រើប្រាស់ឧបាយកលវិច្ឆេទកម្មសេដ្ឋកិច្ច ក្នុងខណៈពេលដែលប្រជាជនកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការឆ្លងរីករាលនៃមេរោគកូវីដ១៩ ដើម្បីបង្កើតឲ្យមានអស្ថេរសង្គម តាមរយៈធ្វើឲ្យវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដួលរលំ។ ក្នុងផែនការទុច្ចរិតរបស់ខ្លួន ប្រសិនបើវិស័យនេះដួលរលំនោះ ខ្លួនជឿទាំងឆ្គួតលីលាថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏នឹងត្រូវដួលរលំផងដែរ។
ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ចង់សំដៅទៅដល់ការប្រកួតប្រជែង មានន័យថាប្រកួតប្រជែងទាំងទិញចូល និងប្រកួតប្រជែងទាំងលក់ចេញ ដោយមិនមានអន្តរាគមន៍របស់អ្នកទីបីដែលជារដ្ឋនោះទេ។ ប៉ុន្តែ មិនមែនសេរីដោយមិនមានក្របខណ្ឌនោះទេដូចជាករណីវិច្ឆេទកម្មសេដ្ឋកិច្ច(Sabotage économique) ឬការលូកដៃរបស់រដ្ឋចំពោះប្រភេទទំនិញដែលជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចជា ស្រូវ អង្ករ និងប្រភេទទំនិញចាំបាច់មួយចំនួនទៀតសម្រាប់ជីវភាពប្រចាំថ្ងៃ។ ដូច្នេះ សេដ្ឋកិច្ចសេរី មានន័យថា ការធានាឱ្យមានការប្រកួតប្រជែងដោយសេរីក្នុងក្របខ័ណ្ឌនៃច្បាប់។ ក្នុងការរកស៊ីជួញដូរ ការខ្ចីបុលជាក្រិត្យក្រមធម្មតាក្នុងមុខរបរតាមបែបសេដ្ឋកិច្ចទីផ្សារ ដែលកូនបំណុលត្រូវអនុវត្តកាតព្វកិច្ចដើម ហើយកាតព្វកិច្ចនោះត្រូវបានធានាដោយកិច្ចសន្យាធានាជាមួយរូបនីតិបុគ្គល ឬរូបវ័ន្ថបុគ្គល ឧទាហរណ៍ ធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដើម។ ជាការពិត គ្មានការខ្ចីបុលណាមួយដែលមិនត្រូវសងបំណុលនោះទេ ពីព្រោះធនាគារ និងមីក្រូហិរញ្ញវត្ថុជាកន្លែងទទួលបញ្ញើរពីអ្នកផ្ញើលុយជាកន្លែងរក្សាទុកលុយមានសុវត្ថភាពដើម្បីបានការប្រាក់ ហើយធនាគារ ឬមីក្រូហិរញ្ញវត្ថុក៏បានប្រើប្រាស់ប្រាក់បញ្ញើរនោះជាប្រាក់ឥណទានផ្តល់ជាប្រាក់កម្ចីទៅឲ្យអ្នកខ្ចីដោយរំពឹងទទួលបានមកវិញនូវការប្រាក់។ ដួច្នេះនេះជាប្រតិបត្តិការសាច់ប្រាក់កម្ចីវិលជុំដែលត្រូវសងទាំងប្រាក់ដើម និងការប្រាក់ក្នុងប្រតិបត្តិការជំនួញ។ ប្រសិនបើ ការខ្ចីបុលគ្មានសងប្រាក់ដើម និងការប្រាក់នោះ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថនឹងត្រូវដួលរលំទាំងស្រុង។ តើមានប្រទេសណាគេរកស៊ីបែបនេះ? តើមានក្លែងណាខ្លះដែលមិនសងបំណុល? វាមានតែរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃទេដែលគ្មានការខ្ចីបុល ហើយក៏គ្មានការសងបំណុលដែរ។
ការរៀបចំអនុវត្តផែនការវិច្ឆេទកម្មសេដ្ឋកិច្ចកម្ពុជាតាមរយៈការធ្វើឲ្យវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុដួលរលំរបស់មេដឹកនាំក្រុមប្រឆាំង គឺជាចេតនាទុច្ចរិតដ៏អាក្រក់បំផុតក្នុងការបំផុសកំហឹងប្រជាជនមួយចំនួនដែលជាប់ជំពាក់បំណុលឲ្យងើបប្រឆាំងនឹងរដ្ឋាភិបាល និងស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដោយក្រុមប្រឆាំងញុះញង់ចោទរដ្ឋាភិបាលថា មិនបានទទួលខុសត្រូវធ្វើអន្តរាគមន៍លើបញ្ហាបំណុលរបស់ប្រជាជនមួយចំនួនដែលជាប់ជំពាក់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងនោះ។
ផ្ទុយទៅវិញ ក្នុងកាលៈទេសពិសេសនេះ រដ្ឋាភិបាលបានយល់ដឹងច្បាស់ ហើយថែមទាំងបានចាត់វិធានការដាក់ចេញជាបន្តបន្ទាប់តាមរយៈធនាការកណ្តាលកម្ពុជាដោយបានស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំអស់ជួយបន្ធូរបន្ថយលក្ខខណ្ឌសងបំណុលដោយពិនិត្យមើលតាមករណីជាក់ស្តែងនិមួយៗ ហើយធនាគារកណ្តាល ក៏បានចាត់វិធានការបន្ធូបន្ថយលក្ខខណ្ឌប្រតិបត្តិជាមួយបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថទាំងនោះវិញដែរ ដែលជាលក្ខខណ្ឌជួយគ្នាទៅវិញទៅមកក្នុងរយៈពេលខ្លីនៃវិបត្តិកើតឡើងដោយសារកូវីដ១៩នេះ។
មូលហេតុដែលមេដឹកនាំក្រុមប្រឆាំងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាអំពើក្បត់ជាតិជាច្រើនលើច្រើនសារ បានធ្វើសកម្មភាពប្រាស់ចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍នីតិរដ្ឋ អនុវត្តសកម្មភាពបំផ្លិចបំផ្លាញសមិទ្ធផលសង្គមជាតិ ធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច តាមរយៈការផ្តួលរំលំវិស័យធនាគារនៅកម្ពុជាសារជាថ្មី។ ក៏ប៉ុន្តែ ផែនការនេះមិនអាចទៅរួចទេ ព្រោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងក្នុងពេលថ្មីៗនេះ ក្នុងវេទិការជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមអ្នកបច្ចេកទេសសាងសង់ផ្លូវនៅក្រុងព្រះសីហនុ បានថ្លែងថា ផែនការរបស់ក្រុមប្រឆាំងក្រៅប្រទេស គឺចង់ឱ្យធនាគារនៅកម្ពុជាដួលទាំងអស់។ ហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាប់ខ្លួនទាំងអស់ចំពោះជនណាដែលបម្រើឱ្យយុទ្ធនាការរបស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសចង់ឲ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ។
ដូច្នេះ ក្រុមសកម្មជនប្រឆាំងទាំងអស់មិនត្រូវយកវាសនាជាប់គុកឥតប្រយោជន៍ ដោយសារការចាញ់បោកមេដឹកនាំក្រុមប្រឆាំងឡើយ។ ព្រោះ ប្រទេសកម្ពុជាយើង បានទទួលសុខសន្តិភាពយ៉ាងពេញលេញដែលជាកាលានុវត្តភាពមាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានរីកចម្រើន។ ក្នុងកាលៈទេសៈពិសេសនេះ ប្រជាជនកម្ពុជាត្រូវតែបន្តបោះជំហ៊ានទៅមុខទៀតឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពរុងរឿង៕
ដោយ៖ ឡុង បូរិតា
ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា បញ្ជាក់ជំហរជាថ្មីអំពីឯករាជក្យ អធិបតេយ្យ អព្យាក្រឹត្យអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្តងទៀតបានអះអាងថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសណាមួយនៅតាមដែនសមុទ្រ ឬកំពង់ផែសមុទ្រឡើយ ហើយក៏មិនអនុញ្ញាតឲ្យប្រទេសណាមួយមកបោះទីតាំងមូលដ្ឋានទ័ពនៅកម្ពុជាដើម្បីប្រឆាំងជាមួយប្រទេសដទៃទៀតដែរព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ជំពូកទី១ អំពីអធិបតេយ្យ មានមាត្រាមួយចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជក្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍មិនចូលបក្សសម្ព័ន្ធ និងជារដ្ឋដែលមិនអាចបំបែកបាន។ ប៉ុន្តែផ្ទុយទៅវិញបើមានប្រទេសណាមួយចង់ចូលមកសំចត និងធ្វើសមយុទ្ធនៅកម្ពុជា គឺអាចដាក់ពាក្យស្នើសុំបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសស្វាគមន៍គ្រប់ពេល។
បើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងយ៉ាងដូច្នេះ ហើយប្រមុខដឹកនាំរដ្ឋាភិបាល ក៏បានបញ្ជាក់ជំហរអព្យាក្រឹត្យអំពីឯករាជក្យភាពរបស់ខ្លួនជារដ្ឋអធិបតេយ្យមិនចូលបក្សសម្ព័ន្ធម្តងហើយម្តងទៀត ហេតុអ្វីនៅតែមានបរទេសលើកឡើងដដែលជាដដែលថា កម្ពុជាមានមូលដ្ឋានយោធារបស់ចិននៅត្រង់នេះត្រង់នោះមិនឆ្ពោះត្រង់ណា?
មែនទែនទៅ ពាក្យចចាមអារាមជុំវិញរឿងមូលដ្ឋានទ័ពចិននៅកម្ពុជា វាជាការប្រជែងអំណាចគ្នារវាងចិន និងសហរដ្ឋអាមេរិក ក្នុងល្បែងភូមិសាស្ត្រនយោបាយនៅឥណ្ឌូចិន។ បើមើលឲ្យច្បាស់ទៅ ការផ្សព្វផ្សាយពាក្យចចាមអារាមពីការសង់មូលដ្ឋានទ័ពចិននៅកម្ពុជា គឺធ្វើឡើងព្រោះតែអាមេរិកបារម្ភពីផលប្រយោជន៍របស់ខ្លួនឯងច្រើនជាងបារម្ភពីកម្ពុជា។ វត្តមានមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជា ប្រសិនបើមានមែននោះ វានឹងផ្ដល់ប្រយោជន៍ដល់ចិន។ ផលប្រយោជន៍នេះ មិនត្រឹមតែធ្វើឲ្យអាមេរិកខាតបង់ទេ តែវាអាចក្លាយទៅជាហានិភ័យសម្រាប់អាមេរិកថែមទៀត។ ទោះយ៉ាងនេះក្តី កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឹងម៉ាត់ម្តងហើយម្តងទៀតថា កម្ពុជា ជារដ្ឋឯករាជ្យអធិបតេយ្យ អព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ ដូច្នេះកម្ពុជា នឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួន ហើយក៏អនុញ្ញាតឲ្យមានមូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីប្រទេសដទៃដែរ លើកលែងតែក្នុងក្របខណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។
ចិន បច្ចុប្បន្នជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភលោក តាមពីក្រោយសហរដ្ឋអាមេរិកអាមេរិក។ ហើយការព្យាករណ៍គេរំពឹងថា មហាយក្សចិន នឹងឡើងមកជំនួសសហរដ្ឋអាមេរិកយកលេខ១ នៅក្នុងឆ្នាំ២០២២។ ដោយសារតែការវិនិយោគរបស់ចិនកើតមាននៅគ្រប់ទីកន្លែងលើពិភពលោក ពិសេសេការមកវិនិយោគនៅកម្ពុជា ដែលជាទីតាំងភូមិសាស្ត្រនយោបាយផង បានធ្វើឲ្យមហាអំណាចសហរដ្ឋអាមេរិក មានការព្រួយបារម្ភពីឥទ្ធិពលរបស់ចិន ដែលកំពុងស្ទុះហក់ឡើងទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងយោធា។
ដើម្បីទប់ទល់ការហក់ឡើងរបស់មហាយក្សចិន អាមេរិក បានប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងការរីកធំធាត់របស់មហាយក្សចិនក្នុងគោលដៅការពារផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយរបស់ខ្លួន ដូចជា ការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន ការដណ្តើមកាន់កាប់ទីតាំងភូមិសាស្ត្រនយោបាយដែលមិនដែលមានក្នុងប្រវត្តិសាស្ត្រសកលលោក។ ការបំផុសផ្សព្វផ្សាយពាក្យចចាមអារាម និងការប្រឌិតព័ត៌មានមិនពិតជាច្រើន វាយប្រហារទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឲ្យទៅជារឿងអសន្តិសុខផ្នែកយោធាក្នុងតំបន់ បានកើតមាននៅស្ទើរគ្រប់សារព័ត៌មានធំៗរបស់អាមេរិកកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិកបានបង្កើតព័ត៌មានក្លែងក្លាយថា ប្រទេសចិន និងកម្ពុជាបានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ ផ្តល់ឲ្យចិននូវកម្មសិទ្ធផ្តាច់មុខប្រើប្រាស់មូលដ្ឋានយោធាជើងទឹករាមនៅខេត្តព្រះសីហនុ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បដិសេធទាត់ចោលជារឿយៗ។
ជាការកត់សម្គាល់ នៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រទេសចិន គឺចិនមិនដែលមានមហិច្ឆតា ឬបានដាក់នឹមអាណានិគមលើប្រទេសណាមួយឡើយ មានតែការធ្វើជំនួញជាមួយបណ្តាប្រទេសនានាប៉ុណ្ណោះ។ ផ្ទុយមកវិញ គេសង្កេតឃើញសហរដ្ឋអាមេរិក បានដាក់ពង្រាយមូលដ្ឋានយោធារបស់ខ្លួនជាច្រើននៅជុំវិញពិភពលោក ពិសេសគ្រាន់តែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានដូចជាមូលដ្ឋានទ័ពនៅជប៉ុន ហ្វីលីពីន ថៃ…ជាដើម។ល។ តើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកទាំងនេះ មិនមែនជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ទេឬ?
កាលពីឆ្នាំទៅមិញ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបជិត ១០០នាក់ ចុះទៅពិនិត្យមើលនៅទីតាំងជាក់ស្តែង ដែលអាមេរិក បានចោទប្រកាន់ជុំវិញរឿងទីតាំងមូលដ្ឋានទ័ពចិននៅកម្ពុជា។ ក្រោយការចុះពិនិត្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មិនបានរកឃើញអ្វីដែលជាការសង្ស័យរបស់សារព័ត៌មានសហរដ្ឋអាមេរិកផ្សាយឡើយ។
ការប្រឌិតព័ត៌មានក្លែងក្លាយជុំវិញរឿងមូលដ្ឋានយោធាចិននៅកម្ពុជា គឺជាព័ត៌មានបំប៉ោង បំភ្លៃ បំផ្លើស ដូចប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា ការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាគឺជាចេតនាដ៏អាក្រក់បំផុតដែលចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងដើម្បីមហិច្ឆតាដ៏ខ្មៅកខ្វក់របស់ពួកគេតែប៉ុណ្ណោះ៕
ដោយ៖ សុខ សុវណ្ណ
ក្រសួងការបរទេសកម្ពុជា ស្នើឲ្យវៀតណាមរុះរើជាបន្ទាន់ការបោះតង់យោធានៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មកប្រាប់អំពីរឿងយោធាវៀតណាមបោះតង់ នៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា នាព្រំដែនខេត្តកណ្តាល។ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើតាមរយៈអគ្គរដ្ឋទូតវៀតណាមឲ្យរុះរើតង់យោធាទាំងនោះឲ្យបានឆាប់ជាទីបំផុត។
យោងតាមសេចក្តីប្រកាសព័ត៌មាចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសបានបញ្ជាក់ថា ការកោះអញ្ជើញអគ្គរដ្ឋទូតវៀតណាមមកជួបនេះបានធ្វើឡើងដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយកម្ពុជាបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា សម្រាប់វិធានការរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមក៏បានបោះតង់យោធាចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ៕
សូមអានខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានខាងក្រោម៖
Subscribe to:
Posts (Atom)