ទោះបីជាប្រទេសកម្ពុជាកំពុងរងនូវផលប៉ះពាល់ខ្លះៗដោយសារវិបត្តិនៃសេដ្ឋកិច្ចសកល និងជម្ងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនៅតែបន្តការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់កម្សាន្ត និងរមណីយដ្ឋាននានានៅទូទាំងប្រទេសឱ្យមានភាពទាក់ទាញលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ។ បច្ចុប្បនេះ សកម្មភាពសាងសង់សំណង់សណ្ឋាគារ អគារខុនដូរ លំនៅដ្ឋាន និងការកែលំអរហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនៅតែបន្តជួសជុល សាងសង់ជាប្រចាំដើម្បីបម្រើដល់វិស័យទេសចរណ៍ក្រោយពេលដែលវិបត្តិនៃជម្ងឺកូវីដ១៩បានធូរស្បើយ។
ជាក់ស្តែង គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុត្រូវបានប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការដ្ឋានសាងសង់ និងចំណាយថវិកាប្រមាណជិត ៣០០ លានដុល្លារអាមេរិក និងសម្រេចការសាងសង់បានជិតរួចរាល់ជាស្ថាពរហើយ។ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះបានប្រែក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរៈកិច្ចជាពិសេសដោយធានាបាននូវគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។ ជាពិសេស គឺការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាតិក្រោយវិបត្តិជម្ងឺកូវីដ១៩។
ដោយឡែករាជរដ្ឋាភិបាល ក៏បានសម្រេចបើកការដ្ឋានគម្រោងសាងសង់ និងកែលំអរហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាបផងដែរ ដោយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅចុងឆ្នាំ២០២១ខាងមុខនេះ។ ផ្លូវក្រុងទាំង៣៨ខ្សែរនេះមានប្រវែងសរុបប្រមាណជាង៩៨គីឡូម៉ែត្រ និងត្រូវចំណាយថវិកាប្រមាណ១៥០លានដុល្លារអាមេរិក ហើយដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុម័តកញ្ចប់ថវិកាកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ។ ការសម្រេចឱ្យមានការកែលំអរហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាបនាពេលនេះក៏ជាចក្ខុវិស័យមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការជាយុទ្ធសាស្ត្រក្នុងការស្រូបយកចំនួនភ្ញៀវទេសចរ ឱ្យចូលមកទស្សនានៅខេត្តសម្បូរដោយប្រាសាទបុរាណមួយនេះកាន់តែច្រើន និងស្នាក់នៅរយៈពេលយូរ។
តាមរយៈជំនួយហិរញ្ញប្បទានពីប្រទេសកូរ៉េខាងត្បូងក្នុងការសាងសង់ផ្លូវជាតិលេខ៣ ខេត្តកំពតក៏ជាខេត្តទេសចរណ៍មួយនៅតែបន្តភាពទាក់ទាញលើគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗជាច្រើនដែលមានតម្លៃរាប់សិបលានដុល្លារផងដែរ។ ក្នុងនោះគម្រោងបណ្តាក់ទុនវិនិយោគធំៗភាគច្រើនជាការវិនិយោគទៅលើការបង្កើតតំបន់កម្សាន្តទ្រង់ទ្រាយធំរួមជាមួយនឹងការសាងសង់លំនៅដ្ឋានបែបលំហែរកាយ។ ក្នុងនោះក៏មានគម្រោងវិនិយោគ លើវិស័យបដិសណ្ឋារកិច្ចជាច្រើននៅក្នុងខេត្តកំពត ជាពិសេសគម្រោងរមណីយដ្ឋាន សណ្ឋាគារ និងបឹងហ្គាឡូ នៅតាមដងព្រែកនានារបស់ខេត្តផងដែរ។ នៅពេលដែលមានគម្រោងវិនិយោគ ផ្នែកបដិសណ្ឋារកិច្ចច្រើននៅក្នុងខេត្តនាពេលនេះ បានឆ្លុះបញ្ចាំងអំពីភាពល្អប្រសើរ និងជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងធានាបាននូវគុណភាពខ្ពស់សម្រាប់ការមកកំសាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិ។
ជារួមក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះបីជាប្រទេសកម្ពុជាកំពុងប្រឈមនឹងការប្រយុទ្ធប្រឆាំងជាមួយជម្ងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាអាចឈរជើងយ៉ាងរឹងមាំក្នុងការរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ ស្ថេរភាពសង្គម សុខសន្តិភាព និងជាពិសេសគឺខឿនការពារសុខមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសរហូតទទួលបានចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ី និងចំណាត់ថ្នាក់លេខ៣នៅលើពិភពលោកជាប្រទេស ដែលមានការគ្រប់គ្រងបានល្អជាងគេលើជំងឺកូវីដ១៩ និងផលប៉ះពាល់។ របាយការណ៍វាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានទិន្នន័យ របស់អង្គការសុខភាពពិភពលោកកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមស្តារវិស័យទេសចរណ៍នាពេលនេះពិតជាបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចក្ខុវិស័យនៃសក្តានុពលទេសចរណ៍នៅកម្ពុជា ក្រោយវិបត្តិជម្ងឺកូវីដ១៩ យ៉ាងពិតប្រាកដ ដោយហេតុថា តាមរយៈបទពិសោធន៍នៃការឆ្លងកាត់ផែនការស្តារសេដ្ឋកិច្ចឡើងវិញពេលមានវិបត្តិនាពេលកន្លងទៅ ដូចជាការរីករាលដាលនៃជំងឺសារ SARS ក្នុងឆ្នាំ២០០៣ និងវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានអនុវត្តដោយជោគជ័យ។ ម្យ៉ាងទៀត វិស័យទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយសម្រាប់បង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ហើយសម្រាប់ជម្ងឺរាតត្បាតពេលនេះវិញ វាក៏មិនមែនជាករណីខុសគ្នាប៉ុន្មានដែរពីជម្ងឺរាតត្បាតមុនៗ ដែលរាជរដ្ឋាភិបាលរំពឹងថា វិស័យទេសចរណ៍នឹងដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចជាតិឡើងវិញនាពេលដ៏ឆាប់ខាងមុខនេះ៕
ដោយ៖ សួន ចំរើន