Wednesday, October 30, 2024

លិខិតមិត្តអ្នកអាន៖ ប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមថែរក្សាសុខសន្តិភាពអោយបានគង់វង្ស



ជាការពិត សោកនាដកម្មនៃសង្គ្រាម បាននាំឱ្យប្រជាពលរដ្ឋធ្លាក់ក្នុងភាពអពមង្គលនៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាឃាតករដ៏ឃោរឃៅយង់ឃ្នង កាប់សម្លាប់ បំផ្លិចបំផ្លាញកម្ទេចចោលអស់នូវអ្វីៗដែលជាអត្តសញ្ញាណជាតិ អ្វីជាសមិទ្ធផលដែលបុព្វបុរសយើងបានខំកសាងបន្សល់ដោយញើសឈាម។ ក្រោយឆ្លងកាត់សង្គ្រាម អស្ថិរភាព និងរបបប្រល័យពូជសាសន៍ កម្ពុជាទំរាំបានស្គាល់រសជាតិសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺពុំមែនជារឿងងាយស្រួលនោះទេ។ 

សន្តិភាព មានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពបានផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាជនកម្ពុជាឡើងវិញ ដែលពុំធ្លាប់មានជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនសូវយល់ច្បាស់ ពីតម្លៃនៃសន្តិភាពនោះឡើយ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហិង្សា ឬភ្លើងសង្គ្រាម ទើបដឹងថាសន្តិភាពមានតម្លៃខ្លាំងកម្រិតណា។ បន្តវេនពីរាជរដ្ឋាភិបាលអាណត្តិមុន នៅអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តប្តេជ្ញាចិត្តការពារ និងលើកស្ទួយសន្តិភាពបន្ថែមទៀត ដោយហេតុថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»។ 

 ជាងនេះទៅទៀត ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុឆន្ទៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ ជាពិសេសរាជរដ្ឋាភិបាលបានបង្កើតពាក្យមួយឃ្លាថា «អរគុណសន្តិភាព» ដើម្បីអោយប្រជាពលរដ្ឋចងចាំពាក្យនេះក្នុងចិត្តគ្រប់ៗគ្នា។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងត្រូវរួមគ្នាថែរក្សា និងលើកកម្ពស់សន្តិភាពជាមួយប្រមុខរាជរដ្ឋាភិបាល ឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងដើម្បីការអភិវឌ្ឍសង្គមជាតិយើង៕ ដោយ៖ សំ ដានីរ៉ា

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅសាធារណរដ្ឋកូរ៉េ


ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅសាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ច្បាប់និងបញ្ញាសិប្បនិម្មិត៖ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់នីតិកម្មនៅអាស៊ី (Law Encounters AI : Cooperation Measures for Advancing Legal Tech in Asia)»។

តាមកម្មវិធីដែលបានគ្រោងទុក ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងថ្លែងសុន្ទរកថាក្នុងពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងថ្លែងសុន្ទរកថាក្នុងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី។ ក្រៅពីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីផងដែរ។

ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ក្នុងគោលបំណងដើម្បីគាំទ្រនូវចក្ខុវិស័យនៃការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីមួយ ជាអង្គការអន្តរជាតិមួយ សម្រាប់កិច្ចសហការផ្នែកនីតិកម្មក្នុងតំបន់អាស៊ីនៅឆ្នាំ២០៣០។ ទន្ទឹមនេះ ការចូលរួមសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហការក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាក្នុងវិស័យនីតិកម្ម ពោលគឺការធ្វើសមាហរណកម្មវិស័យបញ្ញាសិប្បនិម្មិតនិងនីតិកម្ម និងការកសាងសមត្ថភាពលើវិស័យនីតិកម្មក្នុងបរិការណ៍នៃការវិវត្តឥតឈប់ឈរក្នុងវិស័យឌីជីថលនិងបញ្ញាសិប្បនិម្មិត។

ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និង សន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ដើម្បីក្លាយជាសហស្ថាបនិកនៃក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងដើម្បីកសាង និងពង្រឹងសមត្ថភាពផ្នែកនីតិកម្មរបស់កម្ពុជាបន្ថែមទៀត ជាពិសេសលើការកសាងច្បាប់ដ៏មានប្រសិទ្ធភាព សំដៅពង្រឹងនីតិរដ្ឋ សន្តិសុខគតិយុត្ត និងសុខដុមនីយកម្មនៃប្រព័ន្ធច្បាប់កម្ពុជាជាមួយនឹងប្រព័ន្ធច្បាប់នៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងសកលលោក ដែលជាកាតាលីករដ៏សំខាន់ និងចាំបាច់សម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជានៅក្នុងដំណាក់កាលថ្មី៕