Friday, August 30, 2019

ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩

នៅព្រឹកថ្ងៃសុក្រថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ទីស្ដីការគណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
១-សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់។
២-សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២។
៣-សេចក្ដីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្ដីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ(អ៊ុនកាក់ ឬ UNCAC) ជុំទី២ នៅកម្ពុជា។
៤-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៤.២.ពិធីសារទី២ ស្ដីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ។

ខាងក្រោមនេះគឺជាសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៖












លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកឯងហ៊ានភ្នាល់ ឬមិនហ៊ានភ្នាល់? ប៉ុន្តែការចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ញាត់គុកនៅតែអនុវត្តឲ្យតែហ៊ានចូលប្រទេសកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបនឹងការលើកឡើងចុងក្រោយរបស់ទណ្ឌិត សម រង្ស៉ី ថា វាជាទង្វើគួរឲ្យអស់សំណើច និងមានចេតនាចង់គេចចេញពីការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជា តែទោះបី សម រង្ស៊ី ហ៊ានភ្នាល់ ឬមិនហ៊ានភ្នាល់ មិនសំខាន់ទេ, សមត្ថកិច្ចត្រៀមចាប់អ្នកឯងបញ្ចូលគុក បើហ៊ានចូលកម្ពុជា។ លោកបានថ្លែងដូចនេះនៅក្នុងកិច្ចសម្ភាសន៍ថ្មីមួយទៀតជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញហើយការលើកឡើងភ្នាល់របស់អ្នកឯង វាជាទង្វើគួរឲ្យអស់សំណើច និងបង្ហាញចេតនាច្បាស់ក្រឡែតចង់គេចចេញពីការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចកម្ពុជា និងជាលេសមួយមិនត្រឡប់មកកម្ពុជា, ដូច្នេះខ្ញុំសូមបញ្ជាក់ច្បាស់ៗឡើងវិញថា កម្លាំងសមត្ថកិច្ចនឹងចាប់ អ្នកឯងញាត់គុកតាមដីកាតុលាការ ក្នុងរយៈពេល២៤ម៉ោង បើក្លាហានហ៊ានចូលប្រទេសកម្ពុជា បើចាប់មិនបានទេខ្ញុំសុខចិត្តចុះចេញពីតំណែង។ អ្នកឯងគ្រាន់តែឆ្លើយហ៊ាន ឬមិនហ៊ាន ?»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្តថា «ប៉ុន្តែទោះបីអ្នកឯងហ៊ាន ឬមិនហ៊ាន មិនសំខាន់ទេ, កម្លាំងសមត្ថកិច្ចបានត្រៀមរៀបចំដើម្បីចាប់អ្នកឯងបញ្ចូលគុក ប្រសិនបើអ្នកឯងហ៊ានចូលកម្ពុជា ហើយមិនចាំបាច់ត្រូវការសងលើតម្លៃនៃការភ្នាល់ណានោះទេ»៕

ទស្សនៈមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ជីករណ្តៅកប់ខ្លួនឯង

លោក សម រង្ស៊ី ធ្លាប់បានប្រកាសជាច្រើនឆ្នាំកន្លងមកនេះថា ខ្លួននឹងវិលចូលស្រុកវិញទោះត្រូវជាប់គុក ឬក៏ត្រូវអស់ជីវិតក៏ដោយ ដាច់ខាតត្រូវតែត្រឡប់មកកម្ពុជាវិញឲ្យទាល់តែបាន។ ជាអកុសលដំណឹងនៃការវិ​លត្រឡប់របស់ទណ្ឌិតរូបនេះ បានរសាត់តាមខ្យល់ជារឿយៗ តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ពោលគឺគេមិនដែ​លឃើញទណ្ឌិតរូបនេះ មកក្បែរព្រំដែនខ្មែរម្តងណាឡើយ ទាំងព្រំដែនខ្មែរ-ឡាវ ខ្មែរ-វៀតណាម និងព្រំដែនខ្មែរ-ថៃ។ ទណ្ឌិត សម រង្ស៊ី ដើម្បីចិញ្ចឹមសកម្មភាពនយោបាយរបស់ខ្លួន ក៏បានប្រកាសប្រាប់សកម្មជន និងអ្នកគាំទ្រដ៏តិចតួចស្តួចស្តើងរបស់ខ្លួនថា នឹងវិលចូលស្រុកវិញឆាប់ៗនេះ តែមិនប្រកាសកាលបរិច្ឆេទច្បាស់​លាស់ឡើយ។ មិនប្រាប់កាលបរិច្ឆេទដោយអះអាងថា ជាយុទ្ធសាស្ត្រធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាវិលវល់ ស្លន់ស្លោរ ចលាចល និងមានបញ្ហាស្មារតី។ល។ យ៉ាងនេះក្តីអ្នកវិភាគយល់ស្របថា ពិតជាយុទ្ធសាស្ត្រមែនហើយ គឺជាយុទ្ធសាស្ត្រដោះទាល់ គេចវេះមិនទទួលខុសត្រូវ ក្បត់ពាក្យសន្យាម្តងហើយម្តងទៀត កុ​ហ​ក ភូតភរ បោកប្រាស់អ្នកគាំទ្រខ្លួន។
ទំនងយល់ថា លែងសូវមានអ្នកជឿដូចមុនទៀតហើយ និងបាត់បង់ការគាំទ្រពីសកម្មជន រួមទាំងអ្នកវិភាគផង ទណ្ឌិត សម រង្ស៊ី បានប្រកាសជាថ្មីម្តងទៀត ដោយកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ចូលស្រុកវិញ ទោះកន្លងមក ខ្លួនបានបញ្ជាក់ពីការវិលចូលស្រុកថា មិនភ្លើមកជា​ប់គុកដូច កឹម សុខា ក្តី។ ការប្រកាសលើកនេះ ក៏មិនខុសគ្នានឹងការប្រកាសលើកមុនៗដែរ គឺគាត់ថា ត្រឡប់មកស្រុកខ្មែរវិញ មិនមែនឲ្យលោក ហ៊ុន សែន ចាប់ទេ គឺគាត់មកចាប់ លោក ហ៊ុន សែន ហើយគាត់នឹងបំផុសបំផុលឲ្យប្រជារាស្ត្រខ្មែរបះបោរ ឲ្យកងកម្លាំងប្រដាប់បែរចុងកាណុងទម្លាក់រដ្ឋាភិបាល ។ល។ និង។ល។
បើយើងមិនបានគិត ឬគិតមិនដល់ ស្តាប់មើលមួយភ្លែត ទណ្ឌិត សម រង្ស៊ី ដូចចូលតួមែនទែនអញ្ចឹង ក្នុងកា​រសម្តែងឆាកល្ខោនមួយឈុតនេះ ដើម្បីបោកយកលុយទស្សនកិច្ចជនដែលជាអ្នកគាំទ្រខ្លួននៅក្រៅស្រុក។ តើគាត់ សម រង្ស៊ី ចូលស្រុកវិញតាមផ្លូវណា? ផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក ឬក៏ចូលមកវិញតាមច្រករបៀង​…​? ទន្ទឹមគ្នានេះ គាត់ថា នឹងដឹកនាំកម្លាំងអ្នកគាំទ្រគាត់ ២លាននាក់ឲ្យហែរហមគាត់មកស្រុកខ្មែរវិញ។ តើចំនួន ២លាននាក់នេះបានមកពីណា បានមកពីពលករខ្មែរនៅប្រទេសថៃ ពលករនៅប្រទេសកូរ៉េ ឬក៏ពលករខ្មែរនៅប្រទេសផ្សេងៗទៀត ឬក៏អ្នកដែលបានភៀសខ្លួនទៅរស់នៅស្រុកក្រៅតាំងពីសម័យកម្ពុជាប្រជាធិបតេយ្យ និងក្នុងសម័យសង្គ្រាម…។ល។ បន្ថែមពីលើនេះ គាត់ថា នឹងមានជនបរទេសអមដំ​ណើរគាត់ម​កកម្ពុជាដែរ តែមិនដឹងថា ជនបរទេសអមដំណើរទណ្ឌិតមកដល់ស្រុកខ្មែរ ឬអមដំណើរត្រឹមជណ្តើរឡើងយ​​ន្តហោះ ហើយឲ្យ សម រង្ស៊ី និងគូកនមួយតំដរស្វាវិលមកវិញទាំងអស់សង្ឃឹម? ទោះយ៉ាងនេះក្តី គ្មានន​រណាគេជឿថា សម រង្ស៊ី និងគូកន ហ៊ានមកស្រុកខ្មែរទេ វាគ្រាន់តែជាការបោកប្រាស់សាធារណមតិ ដើម្បីចិ​ញ្ចឹមចលនានយោបាយ និងជាវិធីរៃអង្គាសប្រមូលលុយរបស់ខ្លួនប៉ុណ្ណោះ។
ទី១, សម រង្ស៊ី ថា នឹងវិលចូលស្រុកចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបំផុសឲ្យមហាជន កងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងរដ្ឋាភិបាល គឺមិនមែនមកឲ្យរដ្ឋាភិបាលដែលកំពុងរង់ចាំវត្តមានគាត់យ៉ាងអន្ទះសារនោះ ចាប់គាត់ដាក់គុកទេ។ សួរដូចឆោតថា តើមានហេ​តុផលអីដែលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ត្រូវងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាលតាមការញុះញង់របស់ទណ្ឌិតរត់ចោលគុកដែលជាជនក្បត់ជាតិតសណ្តាន សម រង្ស៊ី? ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព មានមុខរបររកទទួលទាន មានការងារធ្វើ សិស្សនិស្សិតបាននិងកំពុងទទួលបានការសិក្សាអប់រំយ៉ាងសម្បូរបែប។ បន្ថែមពីលើនេះ វត្តមានសាលាអន្តរជាតិល្បីៗក៏កំពុងមានវត្តមាននៅកម្ពុជាកាន់តែច្រើនឡើងៗ។ នេះមិនរាប់បញ្ចូលទាំងហាងទំនិញប្រេនៗ ផ្សារទំនើបៗ ច្រើនស្អេកស្កះដែលកំពុងរីកស្គុះស្គាយនៅកម្ពុជាផង។
ទី២, សម រង្ស៊ី ថា នឹងមានមនុស្ស ២លាននាក់ ហែរហមមកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ ជាការពិតមនុស្ស ២លាននាក់ គឺជាចំនួនដ៏ច្រើន តើមនុស្សដ៏ច្រើនបែបនេះ គាត់ទៅប្រមែប្រមូលបានមកពីក្រហែងណា? ឧបមាថា គាត់ប្រមូលបានមែនទៅចុះ តើពួកគេ ២លាននាក់មកស្រុកខ្មែរតាមវិធីណាដោ​យរបៀបម៉េច? គិតត្រឹមថ្ងៃនេះ គឺនៅសល់រយៈពេលប្រហែល ២ខែទៀត បើគាត់រកមនុស្សបានមកមែន គឺពួ​កគេទាំងអស់នោះត្រូវមកកម្ពុជាបណ្តើរៗចាប់ពីឥឡូវនេះទៅ ទម្រាំដល់ថ្ងៃ៩វិច្ឆិកា ក៏ប៉ុន្តែ ត្រូវគិតថា ពួកគេទាំងអស់នោះត្រូវធ្វើការងារ ឬក៏រកស៊ីចិញ្ចឹមជីវិត បើមកស្រុកខ្មែរពេលនេះ មិនដាច់បាយទៅហើយទេឬ? ឧបមាមួយទៀតថា ពួកគេទាំង ២លាននាក់ មកក្នុងថ្ងៃតែមួយ តើពួកគេមកតាមវិធីណា? បើជិះយន្តហោះ តើត្រូវការយន្តហោះប៉ុន្មានគ្រឿងដឹកពួកគេ ហើយត្រូវចុះចតនៅកន្លែងណា? បើ ២លាននាក់មកតាមផ្លូវទឹកត្រូវប្រើកប៉ាល់ប៉ុន្មានគ្រឿងដឹកពួកគេ? ជាមួយគ្នានេះ បើ ២លាននាក់មកតាមផ្លូវគោក តើត្រូវប្រើរថយ​ន្តប៉ុន្មានគ្រឿងដើម្បីដឹកពួកគេ? យ៉ាងណាក៏ដោយចុះ ទោះមកតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក ក៏ត្រូវតែចូ​លប្រទេសកម្ពុជាតាមបែបបទរដ្ឋបាល មិនមែនសម្រុកចូលដូចហ្វូងគោក្របីទេ។ និយាយឲ្យខ្លី តួលេខ ២លាននាក់ គឺជាតួលេខខ្យល់។ ជាក់ស្តែង ថ្មីៗនេះទណ្ឌិត សម រង្ស៊ី និងគូកន បានធ្វើដំណើរទៅប្រទេសមួ​យចំនួនដើម្បីស្វែងរកការគាំទ្រ ក៏ប៉ុន្តែទណ្ឌិត សម រង្ស៊ី មានការស្រងាកចិត្តខ្លាំងមែនទែននៅពេលដែលគាត់ទៅដល់ បែរគ្មានអ្នកគាំទ្រគាត់ច្រើនដូចមុនឡើយ ពោលគឺមានតែអ្នកគាំទ្រផ្កាប់មុខប៉ុន្មាននាក់ប៉ុ​ណ្ណោះ​​ ហើយដើរប៉ុន្មានប្រទេសមកនេះ រកតែលុយឲ្យថ្លៃសំបុត្រយន្តហោះ និងថ្លៃស្នាក់នៅសណ្ឋាគារមិនគ្រប់ផង តើមានមនុស្ស ២លាននាក់ឯណា មានពេលទំនេរចោលការងារ ចោលមុខរបររកស៊ី ហើយហែរហម សម រង្ស៊ី មេចលនាឧទ្ទាមប្រឆាំងក្រៅច្បាប់ ដែលជាសកម្មភាពបំពាននឹងច្បាប់របស់កម្ពុជា មកកម្ពុជាវិញនោះ។
ទី៣, លោក សម រង្ស៊ី ថា នឹងមានជនបរទេសដែលជាសមាជិករដ្ឋសភា ព្រឹទ្ធសភារបស់ប្រទេសមួយចំនួន ជូនដំណើរគាត់មកស្រុកខ្មែរ។ តើជនបរទេសទាំងនោះសុខចិត្តចោលការងារបម្រើជាតិ និងប្រជាជនរបស់គេ មកបម្រើ សម រង្ស៊ី ដែលជាមេឧទ្ទាមប្រឆាំងក្រៅច្បាប់មកកម្ពុជា ដែលជាទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងក​ម្ពុជា រំលោភអធិបតេយ្យជាតិកម្ពុជាដែលជារដ្ឋឯករាជ្យ? បើខ្ញុំមិនច្រឡំទេ ជនបរទេសទាំងនោះពិតជាបា​នគាំទ្រលោក សម រង្ស៊ី ឲ្យវិលចូលស្រុកវិញមែន គឺគាំទ្រគំនិតរបស់លោក សម រង្ស៊ី វិលចូលស្រុកខ្មែរ តែមិនបានឆ្លើយអះអាងថា ពួកគេនឹងហែរហមលោក សម រង្ស៊ី មកស្រុកខ្មែរវិញទេ ខ្ញុំមិនបានលឺទាល់តែសោះ​! គឺលឺតែពីលោក សម រង្ស៊ី និងគូកន រួមទាំងប្រព័ន្ធផ្សព្វផ្សាយប្រឆាំងលើកឡើងប៉ុណ្ណោះ។
សរុបមកវិញ ការលើកឡើងត្រួសៗខាងលើនេះ ក៏អាចបញ្ជាក់បានដែរថា លោក សម រង្ស៊ី និងគូកន មិនហ៊ានវិលចូលស្រុកវិញទេ។ ការអះអាងថា មានមនុស្ស ២លាននាក់ និងមានជនបរទេសហែរហមគាត់មកស្រុកខ្មែរ គឺជាការភូតកុហក បោកប្រាស់សុទ្ធសាធ។ តែការពិត ការកំណត់យកថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ វិ​ល​ចូលស្រុក គឺជាការជីករណ្តៅកប់សាកសពនយោបាយខ្លួនឯងទៅវិញទេ ពីព្រោះ បើ សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃទី៩វិច្ឆិកាមែន គឺមានតែខ្នោះ និងគុកប៉ុណ្ណោះស្វាគមន៍ ហើយក៏កំពុងរង់ចាំទណ្ឌិត និងគូកន យ៉ា​ងអន្ទះសារដែរ។ តែបើមិនមកវិញ ទណ្ឌិត សម រង្ស៊ី នឹងកាន់តែបាត់បង់ការគាំទ្រ និងទទួលភាពអា​ម៉ាស់​ក្នុងឆាកជីវិតនយោបាយចុងក្រោយនេះ។ ហើយទីបំផុតទៅ សូម្បីតែឈ្មោះ សម រង្ស៊ី ក៏លែងមានអ្នកនឹកនាដែរ តែផ្ទុយទៅវិញ ឈ្មោះ សម រង្ស៊ី ប្រែថា មេភូតភរ កុហក បោកប្រាស់អ្នកគាំទ្រខ្លួន៕

ដោយ៖ សុខ សុវណ្ណ


នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល៣ថ្ងៃ

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ០២-០៤ ខែកញ្ញា ឆ្នាំ២០១៩ ។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖




កិច្ចប្រជុំបច្ចេកទេសដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ប្រធាន-អនុប្រធាន និងសមាជិក គ្រប់ គណៈកម្មការ និងអនុកម្មការ ទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំណែនាំបច្ចេកទេស ដើម្បីឱ្យដំណើរការស្រង់បូកពិន្ទុ ដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានអនុវត្តដោយភាពត្រឹមត្រូវតាមបច្ចេកទេសស្របតាម គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើសូមបន្តគោរពបទបញ្ញត្តិ ចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចដោយការប្រុងប្រយ័ត្ន មិនត្រូវឱ្យបញ្ហាឆ្នាំមុនកើតឡើងសារជាថ្មី និងស្នើកុំប្រើប្រាស់ទូរសព្ទក្នុងករណីមិនចាំបាច់។ ជាមួយគ្នានេះដែរ បញ្ហាសុខភាពរបស់បុគ្គលិកអប់រំ ជាអាទិភាពខ្ពស់ ហេតុនេះ សូមមេត្តាមើលថែរសុខភាពឱ្យបានល្អ។ មិនតែប៉ុណ្ណោះ លោកក៏បានថ្លែងអំណរគុណដល់មន្ត្រីរាជការអប់រំគ្រប់ជាន់ថ្នាក់ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមចំណែកក្នុងការ ធ្វើឱ្យដំណើរសំណេរ និងកំណែកន្លងមកប្រព្រឹត្តទៅដោយជោគជ័យ។

សូមជម្រាប ថាដំណើរការសំណេរ និងកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ដំណើរការទៅដោយភាពរលូនគ្មានបាតុភាពគួរឱ្យកត់សម្គាល់ណាមួយកើតឡើងឡើយ៕



លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី កំពុងដើរជិតដល់មាត់ទ្វារមរណៈហើយ!

បើគ្រាន់តែប្រកាសលែងល្បែងបិទពួន ចូលមិនចូល គឺបានធ្វើឱ្យទណ្ឌិត សម រង្ស៊ី ផុងខ្លួនស្ទើររើមិនរួចទៅហើយ ឥឡូវនេះថែមទាំងប្រកាសបបួលបុរសខ្លាំង ហ៊ុន សែន ភ្នាល់ចូលស្រុកថ្ងៃ៩វិច្ឆិកា ដាច់ខាតទៀត មានន័យថា ទណ្ឌិតរូបនេះ កំពុងតែដើរជិតដល់មាត់ទ្វារនរកមែនទែនហើយ។ ភាពគឃ្លើនជ្រុលហួសព្រំដែនរបស់ សម រង្ស៊ី នៅពេលនេះ គឺវាមិនខុសអី ពីសត្វមមាចដែលមិនខ្លាចភ្លើង ហើយខំហិចហើរប្រលែងលេងជាមួយភ្លើងនោះទេ លទ្ធផលចុងក្រោយគឺត្រូវងាប់ក្នុងភ្លើងនោះឯង។ មានអ្នកខ្លះយល់ថា មនុស្ស សម រង្ស៊ី នេះ គឺជាមនុស្សសាច់កម្ម ឬមនុស្សដែលមានបាបកម្មក្រាស់ នៅក្រៅប្រទេសសុខៗមិនចង់ បែរជាចង់រត់មករកគុក ច្រវ៉ាក់ និងដំបង។ ឱ្យតែចិត្តសឿងហ៊ានមកតាមការភ្នាល់មែននោះ កុំថាឡើយពួកហែរហម សួម្បីតែមេកើយបរទេស ក៏គ្មានលទ្ធភាពជួយ សម រង្ស៊ី បានដែរ។  មកជាន់ទឹកដីកម្ពុជាពេលណា ច្បាស់ណាស់ប្រាកដជាត្រូវជាប់ខ្នោះ និងជាប់គុកដល់ថ្ងៃស្លាប់ ហើយបើរឹងរួស មិនព្រមឱ្យសមត្ថកិច្ចចាប់ខ្លួនតាមសម្រួល សម រង្ស៊ី អាចនឹងមិនបានស្គាល់រស់ជាតិគុកផងក៏មិនដឹង គឺចំណាត់ការក្តៅរបស់អាជ្ញាធរមានសមត្ថកិច្ច អាចកើតមាននៅហ្នឹងកន្លែងតែម្តង។
ទង្វើរបស់ទណ្ឌិត សម រង្ស៊ី នៅពេលចុងក្រោយនេះ គឺស្តែងឱ្យឃើញថា បុគ្គល សម រង្ស៊ី និងបក្ខពួកកំពុងភ្លេចខ្លួនថា ភាពក្រអឺតក្រទម ច្រងេងច្រងាង អំនួតដូចក្អាត់ក្នុងក្អម និងចរឹតបែបសត្វមមាចមិនខ្លាចភ្លើង ដែលខ្លួនកំពុងតែប្រកាន់ខ្ជាប់នាពេលនេះ គឺជាសេចក្តីវិនាស​ហិនហោច និងខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់ខ្លួន និងគូកន។ សម រង្ស៊ី ធ្វើជាក្អេងក្អាងបបួល លោក ហ៊ុន​ សែន ភ្នាល់ថា « បើលោក ហ៊ុន សែន មិនជឿថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចទេ នៅពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ? »។ សម្រាប់បុរសខ្លាំង ហ៊ុន សែន វិញ ដូចគេដឹងរួចមកហើយថា លោកមិនដែលចុះញ៉ោម ជាមួយដៃគូប្រកួតឡើយ ហើយលោក ហ៊ុន សែន ក៏មិនដែលចាញ់ប្រៀបពួកជនឆបោកនយោបាយ ក្បត់ជាតិ ម្តងណាដែរ។ បុរសខ្លាំង ហ៊ុន សែន បានយល់ព្រមភ្នាល់ជាមួយ សម រង្ស៉ី «បើសិន សម រង្ស៉ី ចូលមកកម្ពុជាហើយ ចាប់មិនបានក្នុងរយៈពេល២៤ម៉ោង លោកនឹងសុខចិត្តចុះចេញពីតំណែង»។ ការប្រកាសភ្នាល់របស់លោក ហ៊ុន សែន គឺស្មើនឹងការប្រកាន់យកជំហរដ៏រឹងមាំ ដាច់ខាត គ្មានការប្រែប្រួល ទណ្ឌិតរត់ចោលគុក នឹងត្រូវបានចាប់ខ្លួនភ្លាមៗដោយគ្មានការបង្អង់ ឬយោគយល់ជាដាច់ខាត។ ដូច្នេះវាសមចិត្តរបស់ សម រង្ស៊ី ហើយ ដែលចង់ត្រឡប់មកកម្ពុជាវិញនោះ ពោលគឺមកស្លាប់ក្នុងគុក ក្នុងទឹកដីកម្ពុជា ដើម្បីសងបំណុលដែលទណ្ឌិតរូបនេះ បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផែនការបំផ្លាញប្រទេសជាតិ និងប្រជាជនខ្លួនឯង និងតែងតែរត់ចោលគុករហូតមក។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានមើលឃើញថា ជីវិតនយោបាយរបស់ សម រង្ស៊ី កំពុងតែខិតទៅរកសេចក្តីសម្លាប់ និងអន្តរាយនៅទឹកចុងក្រោយនេះហើយ។ ទណ្ឌិត សម រង្ស៊ី និងគូកននៅពេលចុងក្រោយនេះ ហាក់កំពុងតែគឃ្លើនរឹតតែខ្លាំងឡើងៗ។ អំនួត និងភាពច្រឡោមខាមក្រៅសង្វៀនរបស់ទណ្ឌិត សម រង្ស៊ី គឺប្រៀបបាននឹងការជីករណ្តៅកប់ខ្លួនឯងដូច្នេះដែរ។  នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន បានប្រកាសយ៉ាងម៉ឹងម៉ាត់ដាច់ខាត អត់ប្រែប្រួលថា «ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៉ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈពេល២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ចំពោះការភ្នាល់នេះ? បន្ថែមរឹតតែធ្ងន់ទៀតនោះ គឺការស្បថ ប្រសិនបើអ្នកណាម្នាក់ មិនគោរពលើការសន្យានៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោក ផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន? ខ្ញុំសូមឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ធ្វើជាសាក្សីចំពោះការភ្នាល់នេះ។
សាររបស់លោក ហ៊ុន សែន នៅថ្ងៃនេះ គឺរឹតតែធ្ងន់ករហើយ សម្រាប់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី។ ទោះបីជា សម រង្ស៊ី មិននិយាយចេញមក ក៏គេអាចសន្និដ្ឋានបានថា នៅពេលនេះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រាកដជាភ័យស្លន់ស្លោរ ទប់ជំហរលែងជាប់ហើយ។ សម រង្ស៊ី គិតស្មានថា ខ្លួនបបួលលោក ហ៊ុន​ សែន ភ្នាល់​ដើម្បីរាយអន្ទាក់ដាក់លោក ហ៊ុន​ សែន ប៉ុន្តែមានឯណា លោក ហ៊ុន សែន ឆ្លាតហួសពីការរំពឹងទុករបស់ទណ្ឌិតក្បត់ជាតិឆ្ងាយណាស់ លោ ហ៊ុន សែន បានបង្កើតនូវវិញ្ញាសារភ្នាល់ថ្មី ដែលធ្វើឱ្យទណ្ឌិតក្បត់ជាតិ ជាប់អន្ទាក់ វ័ណ្តក ទៅមុខក៏មិនកើត ថយក្រោយក៏មិនរួច។ ល្បែងដែល សម រង្ស៊ី កំពុងតែបង្កើត បាននឹងកំពុងរុញបុគ្គលក្បត់ជាតិរូបនេះ ឱ្យ​ដើរកាន់តែកៀកនឹងមាត់ទ្វារមរណៈហើយ៕

ដោយ៖ ស ជាតិ

រួមគ្នាលើកស្ទួយគុណតម្លៃសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិឱ្យកាន់តែឧត្តុងឧត្តម សូមម្ចាស់យានយន្តគ្រប់ប្រភេទជួយរក្សាសណ្តាប់ធ្នាប់

មានកិច្ចការជាច្រើនដែលអាជ្ញាធរជាតិអប្សរាបានខិតខំបំពេញក្នុងបុព្វហេតុថែរក្សានិងលើកតម្លៃសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិឱ្យកាន់តែឧត្តុងឧត្តម។ ក្នុងនោះមានការជួសជុលប្រាង្គប្រាសាទបុរាណ ការលើកកម្ពស់បរិស្ថានធម្មជាតិ ការកសាងហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ស្ពាន និងការរៀបចំសេវាកម្មទ្រទ្រង់វិស័យទេសចរណ៍ដូចជាការរៀបចំចំណតរថយន្តជាដើម។ល។
កន្លងមក អាជ្ញាធរជាតិអប្សរា បានរៀបចំចំណតសម្រាប់យានយន្តគ្រប់ប្រភេទដែលមានបរិវេណធំទូលាយ ដែលស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើតនៃមុខប្រាសាទអង្គរវត្ត។
ការរៀបចំចំណតនេះ ទទួលបានការគាំទ្រពីសំណាក់អ្នកបើកបរយានយន្ត និងរ៉ឺម៉កកង់បីជាច្រើន ដោយពួកគេបានបង្ហាញស្មារតីចូលរួមទទួលខុសត្រូវខ្ពស់ចូលចត និងដាក់ភ្ញៀវចុះតាមទីតាំងដែលបានកំណត់។ សកម្មភាពទាំងនោះបានធ្វើឱ្យសណ្ដាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយនៅមុខប្រាសាទអង្គរវត្តមានភាពកាន់តែល្អប្រសើរ។
បើទោះជាមានយានយន្តជាច្រើនចូលចតក្នុងចំណតរថយន្តប្រកបដោយរបៀបរៀបរយយ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរាក៏សង្កេតឃើញម្ចាស់យានយន្តមួយចំនួនពុំបានចូលចត និងដាក់ភ្ញៀវចុះតាមទីតាំងកំណត់ដែរ ដែលការណ៍នេះបានបង្កឱ្យមានភាពកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់នៅមុខប្រាសាទអង្គរវត្តដោយអន្លើ។

ក្នុងគោលបំណងបញ្ជៀសភាពកកស្ទះ និងសភាពគ្មានសណ្តាប់ធ្នាប់ទាំងនេះ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឱ្យក្រុមហ៊ុនឬទីភ្នាក់ងារទេសចរណ៍ ម្ចាស់យានយន្ត មគ្គុទ្ទេសក៍ទេសចរណ៍ ចូលចតយានយន្តក្នុងចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំរួចរាល់ ដើម្បីឱ្យសណ្ដាប់ធ្នាប់នៅប្រាសាទអង្គរវត្តមានរបៀបរៀបរយ ស័ក្ដិសមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។ អាជ្ញាធរជាតិអប្សរាសង្ឃឹម និងជឿជាក់ថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕




លោកទៀ បាញ់ ផ្តល់អនុសាសន៍សំខាន់៖ ទិសដៅសុខភាពល្អប្រសើរជាអនាគតសុខុមាលភាពសហគមន៍អាស៊ានកាន់តែរឹងមាំ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានចូលរួមកិច្ចប្រជុំនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរជាច្រើនទៀត។
លោក ទៀ បាញ់ តំណាងឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម ជាមួយនឹងទិសដៅសម្រាប់អនាគតនៃសុខុមាលភាពសហគមន៍អាស៊ាន គឺទាំងអស់គ្នាមានសុខភាព កាន់តែល្អប្រសើរ សូមចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គពិធី ដូចខាងក្រោម៖
ទី១៖ ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និង ជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។
ទី២៖ អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការ ផ្ទុះឡើងនៃជំងឺឆ្លង នៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានា ដែលបង្កឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុ។
ទី៣៖ អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាតនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រតាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាត, ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និង ធនធានមនុស្ស ជាពិសេសត្រូវបំពាក់បំប៉ននូវចំណេះដឹង និង ជំនាញបច្ចេកទេស សមស្របតាមនិយាមអន្តរជាតិ និង បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ភាពជឿជាក់។
ទី៤៖ អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ នៃវិស័យសុខាភិបាល, ចែករំលែកនូវព័ត៌មានចំណេះដឹងបទពិសោធន៍ បច្ចេកវិទ្យា និង បច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រនឹងតម្រូវការចាំបាច់សម្រាប់អនុវត្តរមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា នៅក្នុងប្រទេសអាស៊ាន និងនៅក្នុងតំបន់។
ទី៥៖ អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និង អន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ, ការបន្តពង្រឹងក្របខណ្ឌច្បាប់, ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប់ជាប្រចាំ,និង ការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។

ទី៦៖ អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍ និង អង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និង សកលលោក ដែលមានស្រាប់ និង បង្កើតយន្តការ ឬ គោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និង ថវិកា សម្រាប់ការទប់ស្កាត់ឱសថក្លែងក្លាយនិង អន់គុណភាព៕


លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី បើទណ្ឌិត សម រង្ស៉ី ចូលមកកម្ពុជាហើយចាប់ខ្លួនមិនបានក្នុងរយៈពេល២៤ម៉ោង


លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី
បើទណ្ឌិត សម រង្ស៉ី ចូលមកកម្ពុជាហើយចាប់ខ្លួនមិនបានក្នុងរយៈពេល២៤ម៉ោង
ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩




វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងដល់ស្រ្តីជាអ្នកដឹកនាំ»

នៅថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០១៩ វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងដល់ស្រ្តីជាអ្នកដឹកនាំ» នៅសណ្ឋាគារ គយ និងរដ្ឋាករកម្ពុជា រៀបចំដោយនាយកដ្ឋានសមភាព យេនឌ័រ នៃក្រសួងកិច្ចការនារី (កកន) ដោយមានការគាំទ្រថវិកាពីកម្មវិធីជាតិ (PB) ដែល សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី អភិបាលរងនៃគណៈអភិបាលខេត្ត លោកស្រីប្រធានមន្ទីរកិច្ចនារីខេត្តកែប ចូលរួមជាវាគ្មិន ដែលមានសមាសភាពចូលរួមជា ស្ត្រីជាអភិបាល-អភិបាលរង ក្រុង ស្រុក ខេត្តចំនួន០៩ រួមមាន៖ ខេត្តតាកែវ កំពង់ស្ពឺ ព្រះសីហនុ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងកោះកុង។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះដើម្បី ពង្រឹងសមត្ថភាពដល់ស្ត្រី ជាថ្នាក់ដឹកនាំ អំពីគន្លឹះសំខាន់ៗនៃការដឹកនាំ និងការអភិវឌ្ឍន៍នូវភាពជាអ្នកនាំ និងគ្រប់គ្រងក្នុងការចូលរួមអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសដូចមានការកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សរុបអ្នកចូលរួម៥៦នាក់ (បុរស៤នាក់)៕




កម្ពុជា-វៀតណាម ពិភាក្សាគ្នាលើផែនការលំហាត់សមសង្គ្រោះ និងគ្រោះមហន្តរាយអចិន្រ្តៃយ៍ព្រំដែនគោក

ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅសាលាស្រុកចន្រ្ទា មានរៀបចំកិច្ចប្រជុំជាមួយប្រតិភូវៀតណាម ដើម្បីពិភាក្សាលើការងារផែនការសម្រាប់ធ្វើលំហាត់សមសង្គ្រោះ គ្រោះមហន្តរាយអចិន្រ្តៃយ៍ព្រំដែនគោកព្រំដែនគោក កម្ពុជា-វៀតណាម ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ម៉ែន វិបុល អភិបាលខេត្ដស្វាយរៀង និងលោកវរសេនីយ៍ឯក ង្វៀន ហ៊ីវហ៊ុង អនុប្រធានស្នងការសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រតិភូនៃប្រទេសទាំងពីរ លោកលោកស្រី អភិបាល អភិបាលរងស្រុក កងកម្លាំងទាំង៣ប្រភេទ និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបផងដែរថា បន្ទាប់ពីចប់កិច្ចប្រជុំ លោក ម៉ឹង សំផន បានដឹកនាំប្រតិភូចុះទៅពិនិត្យទីតាំងសម្រាប់ធ្វើមណ្ឌលសុខភាព និងទីតាំងលំហាត់សមសង្គ្រោះ គ្រោះមហន្តរាយស្ថិតនៅភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀងផងដែរ៕


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games ២០២៣

ទីក្រុងអេហ្គល ប្រទេសស្វីស៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសហភាពអន្តរជាតិកីឡាទោចក្រយាន (Union Cycliste Internationale – UCI) ដែលជាសហព័ន្ធពិភពលោកទទួលបន្ទុកកីឡាទោចក្រយាន។ ការមកបំពេញទស្សនកិច្ចលើកនេះ គឺដើម្បីពិភាក្សាការងារក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកីឡាទោចក្រយាននៅកម្ពុជា។ ការអញ្ជើញមករបស់លោករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវបានទទួលដោយលោកស្រី អាមីណា ឡានណាយ៉ា (Amina Lanaya) អគ្គនាយករបស់ UCI និងមន្ត្រី UCI មួយចំនួនផ្សេងទៀត។
ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជម្រាបជូនលោកស្រី Amina Lanaya ថា កីឡាទោចក្រយានជាកីឡាមួយដែលមានប្រជាប្រិយភាពនៅក្នុងស្រទាប់មហាជននៅកម្ពុជា ប៉ុន្តែសម្រាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍នានា សមត្ថភាពរបស់កម្ពុជា នៅមានកម្រិតនៅឡើយ។ តែទោះជាយ៉ាងណា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៣ (SEA Games 2023) ហើយនោះជាចក្ខុវិស័យរបស់សហព័ន្ធក្នុងការពង្រឹងសមត្ថភាពដើម្បីដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍នោះ។ ក្នុងជំនួបជាមួយ UCI ក្នុងពេលនោះ លោកបានស្នើសុំឲ្យ UCI ជួយដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីសហព័ន្ធកីឡាករ អាជ្ញាកណ្ដាល ក៏ដូចជាជំនួយជាកង់ និងឧបករណ៍ដទៃទៀត។
ជាកិច្ចឆ្លើយតប លោកស្រី Amina Lanaya បានថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់ លោករដ្ឋមន្ត្រី ដោយនេះជាលើកទីមួយហើយ ដែលគណៈប្រតិភូកម្ពុជាបានមកបំពេញទស្សនកិច្ចនៅ UCI។ លោកស្រី បានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍវិស័យទោចក្រយាននៅកម្ពុជា ជាពិសេសចំពោះចក្ខុវិស័យដ៏ហ្មត់ចត់ ដើម្បីដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023។ លោកស្រីអគ្គនាយក បានជម្រាបជូនបន្ថែមថា UCI ទទួលភារកិច្ចគ្រប់គ្រងលើកីឡាប្រណាំងកង់ច្រើនប្រភេទ ដូចជា ការប្រណាំងលើដងវិថី លើផ្លូវកង់ កង់ប្រណាំងលើភ្នំ កង់ BMX ។ល។ លោកស្រីក៏បានជម្រាបជូនអំពីកម្មវិធីមួយចំនួនរបស់ UCI ដែលកម្ពុជាអាចស្នើមក UCI ក្នុងគោលបំណងពង្រឹងស្ថាប័ន សមត្ថភាពកីឡាករ ចំណេះដឹងគ្រូបង្វឹក និងអាជ្ញាកណ្ដាល ក៏ដូចជាឧបករណ៍មួយចំនួនទៀត ក្នុងគោលបំណងជួយដល់កម្ពុជាសម្រេចបានចក្ខុវិស័យរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការណែនាំរបស់លោកស្រីអគ្គនាយក ដោយការមកជួបលើកនេះ នឹងបង្កើតជាទំនាក់ទំនងយូរអង្វែងរវាងសហព័ន្ធខ្មែរកីឡាទោចក្រយាន និងសហព័ន្ធពិភពលោក UCI។ ចំពោះសំណើនានា សហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងពិនិត្យលើកម្មវិធីដែល UCI ជម្រាបជូន ដើម្បីលើកសំណើនានា សំដៅពង្រឹងបន្ថែមការអភិវឌ្ឍកីឡាទោចក្រយាន ដើម្បីអាចប្រកួតប្រជែងបានក្នុងព្រឹត្តិការណ៍ពិភពលោក និងតំបន់។ ក្រៅពីជំនួបជាមួយលោកស្រីអគ្គនាយក UCI គណៈប្រតិភូកម្ពុជាក៏បានជួបជាមួយមន្ត្រី UCI ផ្សេងទៀត រួមមានលោកស្រី បឺលីនដា ថាលីង (Belinda Tarling) ប្រធានផ្នែកអប់រំ និងគ្រប់គ្រងសមត្ថភាព និងមន្ត្រីផ្នែកទំនាក់ទំនងអន្តរជាតិរបស់ UCI ផងដែរ៕





វីដេអូ៖ លេាក ហ៊ុន សែន សុខ ចិត្ត ចុះ ចេញ ពី តំ ណែង ជា នាយក រដ្ឋ ម ន្ត្រី បេីសិនទណ្ឌិត សម រង្សុី ចូលមកកម្ពុជាហេីយចាប់ខ្លួនមិនបានក្នុងរយៈពេល២៤ម៉ោង!

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងសន្ទរកថាសំខាន់ៗ ក្នុងពិធីអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ លើទឹកដីអង្គរសៀមរាប

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី(ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរជាច្រើនទៀត។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានអោយដឹងថា៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេនដែលរួមមាន៖
១-កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន
២-កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ«លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»។
កិច្ចប្រជុំនេះបានពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖
១/ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព
២/ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព
៣/ការពង្រឹងសមត្ថភាព ក្នុងការអនុវត្ត និយ័តកម្មសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក
៤/នវានុវត្តន៍ នៃការពង្រឹងសេវាថែទាំសុខភាពក្នុងសុន្ទរកថា ដែលថ្លែងដោយ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ មានខ្លឹមសារសំខាន់ៗថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុងឧត្តម ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលប្រទេសសមាជិកអាស៊ានទាំងអស់ បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានថ្លែងថា របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ក៏ត្រូវបានពង្រីកការគ្របដណ្តប់ដល់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដល់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ០២ឆ្នាំ ដើម្បីជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតី។
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ដែលតំណាងឲ្យលោកនាយករដ្ឋមន្រ្ដី បានថ្លែងទៀតថា បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ទាំងនៅក្នុងប្រទេសតំបន់ និងសកលលោក។
បើយើងប្រើប្រាស់ឱសថអន់គុណភាពព្យាបាលជំងឺ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិត និងធ្វើឱ្យខាតបង់ថវិកាផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ។ ឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព, សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីការត្រឹមត្រូវ។
នៅក្នុងសុន្ទរថា ដែលថ្លែងដោយលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ នោះគឺបានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន០៦គឺ៖
១) ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និងជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។
២) អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការ ផ្ទុះឡើងនៃជំងឺឆ្លង នៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានា ដែលបង្កឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុ។
៣) អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាត នៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ តាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមក នូវចំណុចខ្វះខាត, ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និងធនធានមនុស្ស ជាពិសេសត្រូវបំពាក់បំប៉ននូវចំណេះដឹង និងជំនាញបច្ចេកទេស សមស្របតាមនិយាមអន្តរជាតិ និងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនប្រជាជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពជឿជាក់។
៤) អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ នៃវិស័យសុខាភិបាល, ចែករំលែកនូវព័ត៌មានចំណេះដឹងបទពិសោធន៍ បច្ចេកវិទ្យា និងបច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រ និងតម្រូវការចាំបាច់សម្រាប់អនុវត្តរួមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា នៅក្នុងប្រទេសអាស៊ាន និងនៅក្នុងតំបន់។
៥) អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំង នឹងឱសថក្លែងក្លាយ និងអន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ, ការបន្តពង្រឹងក្របខណ្ឌច្បាប់, ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប់ជាប្រចាំ និងការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។

៦) អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និងសកលលោក ដែលមានស្រាប់ និងបង្កើតយន្តការ ឬគោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកា សម្រាប់ការទប់ស្កាត់ឱសថក្លែងក្លាយ និងអន់គុណភាព៕







មេទ័ពខ្មែរ នឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹកឱ្យកាន់តែរឹងមាំ ដើម្បីការពារបូរណភាពទឹកដី និងការពារដែនសមុទ្រកម្ពុជា

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់ទៅភាគីអាមេរិក លោកនាយឧត្តមនាវី ដេវីត សុន ជាមេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិកថា នៅពេលខាងមុខនេះ កងយោធពលខេមរភូមិន្ទ នឹងអភិវឌ្ឍន៍កងទ័ពជើងទឹក ហើយកងទ័ពជើងទឹកកម្ពុជា នឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់ខ្លួន។
ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីនាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ត្រឡប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់អគ្គបញ្ជាការ នៃការការពារជាតិតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ រយៈ៣ថ្ងៃ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការដោយសេរី និងបើកទូលាយនូវឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលមានប្រទេសចំនួន៣២បានចូលរួម។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលខាងមុខនេះ កងយោធពលខេមរភូមិន្ទ នឹងធ្វើការអភិវឌ្ឍន៍កងទ័ពជើងទឹក ក្នុងនោះក៏មានការអភិវឌ្ឍន៍ផែ អភិវឌ្ឍន៍អ៊ូរ គឺជាកន្លែងសម្រាប់ជួសជុលថែទាំនាវាព្រោះថា ក្នុងពេលខាងមុខនេះ កងទ័ពជើងទឹក នឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់ខ្លួន អញ្ចឹងទេការធ្វើទាំងអស់នេះ គឺកងយោធពលខេមរភូមិន្ទ ជាអ្នកធ្វើដោយខ្លួនឯងសុទ្ធសាធ មិនមានប្រទេសណាជួយឡើយ គឺជារបស់កម្ពុជា មិនមែនជារបស់អ្នកណាដូចដែលប្រព័ន្ធផ្សព្វផ្សាយដែលបានលើកឡើងនោះទេ»។
ទោះយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏មិនទាន់បានបញ្ជាក់ឱ្យច្បាស់លាស់នូវចំនួននាវា ព្រមទាំងទំហំ កម្រិត និងផលិតរបស់ប្រទេសណាមួយឱ្យច្បាស់លាស់នោះទេ ចំពោះកិច្ចការអភិវឌ្ឍន៍ កងទ័ពជើងទឹក គឺរង់ចាំដល់ថ្ងៃនោះទាំងអស់គ្នានឹងដឹង។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំលើកនេះ កម្ពុជាទទួលបានលទ្ធផលជាទីគាប់ចិត្ត ជាពិសេសធ្វើឱ្យមុខមាត់របស់កងយោធពលខេមរភូមិន្ទកម្ពុជា នៅលើឆាកអន្តរជាតិ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ បានស្គាល់មេដឹកនាំ នៃអគ្គមេបញ្ជាការរបស់ប្រទេសនានា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំង៣២ប្រទេស ផងដែរ។

បន្ថែមពីនេះ កងយោធពលខេមរភូមិន្ទកម្ពុជា បានជជែកពិភាក្សាគ្នា និងស្តាប់នូវយុទ្ធសាស្ត្រផ្សេងៗ របស់ថ្នាក់ដឹកនាំកងទ័ព របស់ប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនជុំវិញ បញ្ហាសភាពការណ៍នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលផងដែរ ៕



កម្ពុជា ទទួលរងឥទ្ធិពលនៃព្យុះ Podul ជាព្យុះទី១២ ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើងជិតដល់កម្រិតត្រូវប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មី អំពីស្ថានភាពទឹកទន្លេមេគង្គ ដោយបានបញ្ជាក់ថា ដោយសារឥទ្ធិពលព្យុះទី១២ Podul ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅប្រទេសវៀតណាម ថៃ និងកម្ពុជាផងដែរ ដែលនាំឲ្យទឹកទន្លេមេគង្គបន្តហក់ឡើង ជិតដល់កម្រិតដែលត្រូវប្រុងប្រយ័ត្ន។
តាមការព្យាករបង្ហាញថា៖
* នៅស្ទឹងត្រែង ទឹកអាចឡើងដល់១០.៥០ម៉ែត្រ។
* នៅក្រចេះ ទឹកអាចឡើងដល់ ២១ម៉ែត្រ។
* នៅកំពង់ចាម ទឹកអាចឡើងដល់១៣.៥០ម៉ែត្រ។
* នៅចតុមុខ ទឹកអាចឡើងដល់ ៨ម៉ែត្រ។
* ទន្ទឹមនឹងនេះ ទឹកទន្លេនៅ (3S) ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ក៏ហក់ឡើងដែរ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ និងសូមមានវិធានការប្រមូល និងថែរក្សាទឹកទុក ដើម្បីប្រើប្រាស់នៅពេលខាងមុខ ៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រ

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សំរាប់របៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះមានដូចខាងក្រោម៖
១)សេចក្តីព្រាងច្បាប់ស្តីពីសំណង់។
២)សេចក្តីព្រាងឯកសារកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២០-២០២២។
៣)សេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ(អ៊ុនកាក់, UNCAC) ជុំទី២នៅកម្ពុជា។
៤)បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៤.២- ពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វាព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ៕











TOP NEWS: សម្តេចតេជោ ហ៊ុន សែន យល់ព្រមភ្នាល់ជាមួយ សម រង្ស៉ី «បើសិន សម រង្ស៉ី ចូលម

កម្ពុជាហើយចាប់មិនបានក្នុងរយៈពេល២៤ម៉ោង, សម្តេចសុខចិត្តចុះចេញពីតំណែង»
(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលបានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា បើសិន សម រង្ស៉ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះសម្តេចតេជោ យល់ព្រមចុះចេញពីតំណែងទេ ?
នៅព្រឹកថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន ​សែន បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងការបបួលរបស់ទណ្ឌិត សម រង្ស៉ី។​ សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៉ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈពេល ២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង។ ផ្ទុយទៅវិញប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការភ្នាល់នេះ?
ចំណុចមួយទៀតលើការស្បថ ប្រសិនបើអ្នកណាម្នាក់មិនគោរពលើការសន្យានៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់ និងសូមឲ្យ Fresh News ធ្វើជាអ្នកផ្សព្វផ្សាយលើការភ្នាល់នេះ»។
ការយល់ព្រមទទួលភ្នាល់ជាមួយទណ្ឌិត សម រង្ស៉ី នៅពេលនេះធ្វើឡើងបន្ទាប់ពីទណ្ឌិតរូបនេះ បានសរសេរបង្ហោះតាម Facebook និងគេហទំព័ររបស់ខ្លួន ជាមួយខ្លឹមសារថា៖ «បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ០៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រម ចុះចេញពីតំណែង ភ្លាមមួយរំពេចទេ នៅពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ?»៕
ប្រភពFreshnews