Friday, August 30, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកឯងហ៊ានភ្នាល់ ឬមិនហ៊ានភ្នាល់? ប៉ុន្តែការចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ញាត់គុកនៅតែអនុវត្តឲ្យតែហ៊ានចូលប្រទេសកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបនឹងការលើកឡើងចុងក្រោយរបស់ទណ្ឌិត សម រង្ស៉ី ថា វាជាទង្វើគួរឲ្យអស់សំណើច និងមានចេតនាចង់គេចចេញពីការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជា តែទោះបី សម រង្ស៊ី ហ៊ានភ្នាល់ ឬមិនហ៊ានភ្នាល់ មិនសំខាន់ទេ, សមត្ថកិច្ចត្រៀមចាប់អ្នកឯងបញ្ចូលគុក បើហ៊ានចូលកម្ពុជា។ លោកបានថ្លែងដូចនេះនៅក្នុងកិច្ចសម្ភាសន៍ថ្មីមួយទៀតជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញហើយការលើកឡើងភ្នាល់របស់អ្នកឯង វាជាទង្វើគួរឲ្យអស់សំណើច និងបង្ហាញចេតនាច្បាស់ក្រឡែតចង់គេចចេញពីការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចកម្ពុជា និងជាលេសមួយមិនត្រឡប់មកកម្ពុជា, ដូច្នេះខ្ញុំសូមបញ្ជាក់ច្បាស់ៗឡើងវិញថា កម្លាំងសមត្ថកិច្ចនឹងចាប់ អ្នកឯងញាត់គុកតាមដីកាតុលាការ ក្នុងរយៈពេល២៤ម៉ោង បើក្លាហានហ៊ានចូលប្រទេសកម្ពុជា បើចាប់មិនបានទេខ្ញុំសុខចិត្តចុះចេញពីតំណែង។ អ្នកឯងគ្រាន់តែឆ្លើយហ៊ាន ឬមិនហ៊ាន ?»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្តថា «ប៉ុន្តែទោះបីអ្នកឯងហ៊ាន ឬមិនហ៊ាន មិនសំខាន់ទេ, កម្លាំងសមត្ថកិច្ចបានត្រៀមរៀបចំដើម្បីចាប់អ្នកឯងបញ្ចូលគុក ប្រសិនបើអ្នកឯងហ៊ានចូលកម្ពុជា ហើយមិនចាំបាច់ត្រូវការសងលើតម្លៃនៃការភ្នាល់ណានោះទេ»៕

No comments:

Post a Comment