Friday, August 30, 2019

លោកទៀ បាញ់ ផ្តល់អនុសាសន៍សំខាន់៖ ទិសដៅសុខភាពល្អប្រសើរជាអនាគតសុខុមាលភាពសហគមន៍អាស៊ានកាន់តែរឹងមាំ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានចូលរួមកិច្ចប្រជុំនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរជាច្រើនទៀត។
លោក ទៀ បាញ់ តំណាងឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម ជាមួយនឹងទិសដៅសម្រាប់អនាគតនៃសុខុមាលភាពសហគមន៍អាស៊ាន គឺទាំងអស់គ្នាមានសុខភាព កាន់តែល្អប្រសើរ សូមចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គពិធី ដូចខាងក្រោម៖
ទី១៖ ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និង ជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។
ទី២៖ អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការ ផ្ទុះឡើងនៃជំងឺឆ្លង នៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានា ដែលបង្កឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុ។
ទី៣៖ អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាតនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រតាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាត, ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និង ធនធានមនុស្ស ជាពិសេសត្រូវបំពាក់បំប៉ននូវចំណេះដឹង និង ជំនាញបច្ចេកទេស សមស្របតាមនិយាមអន្តរជាតិ និង បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ភាពជឿជាក់។
ទី៤៖ អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ នៃវិស័យសុខាភិបាល, ចែករំលែកនូវព័ត៌មានចំណេះដឹងបទពិសោធន៍ បច្ចេកវិទ្យា និង បច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រនឹងតម្រូវការចាំបាច់សម្រាប់អនុវត្តរមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា នៅក្នុងប្រទេសអាស៊ាន និងនៅក្នុងតំបន់។
ទី៥៖ អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និង អន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ, ការបន្តពង្រឹងក្របខណ្ឌច្បាប់, ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប់ជាប្រចាំ,និង ការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។

ទី៦៖ អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍ និង អង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និង សកលលោក ដែលមានស្រាប់ និង បង្កើតយន្តការ ឬ គោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និង ថវិកា សម្រាប់ការទប់ស្កាត់ឱសថក្លែងក្លាយនិង អន់គុណភាព៕


No comments:

Post a Comment